
ជនជាតិដើមភាគតិចប្រមូលផ្តុំគ្នានៅទីតាំងដីជម្លោះ។ រូបថត សហការី
មណ្ឌលគិរីៈ លោក ម៉ៅ ចំរើន ប្រធានមន្ទីរដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តមណ្ឌលគិរីបានបដិសេធចំពោះការចោទប្រកាន់ដែលថាលោកបានសហការជាមួយភាគីម្ខាងទៀត ដើម្បីរំលោភយកដីរបស់ជនជាតិដើមភាគតិច។
យោងតាមពាក្យបណ្ដឹងមួយចុះថ្ងៃទី ១១ ខែឧសភា ដែលមានផ្ដិតមេដៃពីជនជាតិដើមភាគតិចជាង ៣០ នាក់ រស់នៅភូមិពូទ្រូ ឃុំសែនមនោរម្យ ស្រុកអូររាំងអះអាងថាកាលពីថ្ងៃទី ៨ ខែឧសភា លោក ម៉ៅ ចំរើន បានចុះទៅគំរាម និងបង្ខំប្រជាពលរដ្ឋឲ្យចូលរួមវាស់វែងដីរបស់ពួកគាត់ដែលកំពុងមានវិវាទជាមួយលោក សាន សូត្រ ដើម្បីកាត់ដីឱ្យបុគ្គលរូបនេះ។
ពាក្យបណ្តឹងបន្តថា លោក ម៉ៅ ចំរើន បានគំរាមកាត់ដីទាំងនោះដែលមិនមានពលរដ្ឋដាំដំណាំទៅឱ្យភាគីឈ្មោះ សាន សូត្រ ហើយសម្រាប់ដីចម្ការនឹងចេញប្លង់រឹងមកឱ្យពលរដ្ឋ ទាំងដីនោះនៅកំពុងបន្តដោះស្រាយនៅផ្លូវតុលាការនៅឡើយ។
ពាក្យបណ្ដឹងសរសេរថា៖ «យើងខ្ញុំបានបដិសេធថា យើងខ្ញុំធ្វើចម្ការវិលជុំហើយមានដីកប់សព និងដីសែនព្រេនថែមទៀតផង ដូច្នេះមិនអាចឱ្យលោកប្រធានមន្ទីរ សម្រេចចិត្តចែកដីឱ្យលោក សាន សូត្រ បានទេ បើលោក សាន សូត្រ ទិញដីពីណា វាស់ដីនោះឱ្យលោកសូត្រទៅមិនអាចដើរចង្អុលយកដីរបស់ជនជាតិដើមភាគតិចបែបនេះស្រេចតែចិត្តនោះទេ»។
ក្រុមពលរដ្ឋបានបន្ថែមទៀតថា បន្ទាប់ពីការគំរាមពលរដ្ឋលោក ម៉ៅ ចំរើន បានដឹកនាំមន្ត្រីមន្ទីរ និងមានការចូលរួមពីក្រុមកម្មកររបស់លោក សាន សូត្រ ផងបានចុះទៅវាស់វែងនៅលើដីកំពុងមានវិវាទ ហើយបង្កឱ្យមានការឈ្លោះទាស់ទែងគ្នាស្ទើរតែមានការវាយតប់គ្នា នៅពេលមានពលរដ្ឋចេញតវ៉ា ហើយអាជ្ញាធរបានហាមឃាត់។
ប៉ុន្តែលោក ម៉ៅ ចំរើន បានប្រាប់ភ្នំពេញប៉ុស្ដិ៍នៅថ្ងៃទី ១៧ ខែឧសភា ថា លោកពុំបានគំរាមកំហែងប្រជាពលរដ្ឋឡើយដោយលោកអះអាងថា មានមនុស្សមួយក្ដាប់តូចកំពុងប្រើប្រាស់ពលរដ្ឋជនជាតិដើមភាគតិចទាំងនេះ ដើម្បីព្យាយាមបង្ខូចកិត្តិយសរបស់លោក។ ប្រធានមន្ទីររូបនេះបន្តថា ការចុះទៅវាស់វែងនោះគឺដោយសារមានការនិយាយគ្នាត្រូវរ៉ូវជាមុនរវាងតំណាងប្រជាពលរដ្ឋគឺអ្នកស្រី ថុក ថៃអូន។ លោកបន្ថែមថា អ្នកស្រី ថៃអូន បាននិយាយថា ពលរដ្ឋគឺចង់បានតែដីចម្ការដែលកំពុងធ្វើប៉ុណ្ណោះដោយឱ្យលោកជួយសម្របសម្រួលជាមួយខាងភាគីលោកសូត្រ ដើម្បីបញ្ចប់ទំនាស់នេះ។
លោកថា៖ «ដើម្បីខ្ញុំមានមូលដ្ឋានចរចាជាមួយខាងលោក សាន សូត្រ ខ្ញុំត្រូវមានទិន្នន័យច្បាស់លាស់ថា គ្រួសារណាមានដីប៉ុន្មានហិកតា។ តំណាងប្រជាពលរដ្ឋអ្នកស្រី ថុក ថៃអូន បានទៅនិយាយជាមួយប្រជាពលរដ្ឋ ហើយបានឯកភាពគ្នាក៏កំណត់ថ្ងៃចុះវាស់វែងដោយចែកភារកិច្ចគ្នា គឺអ្នកស្រី ថុក ថៃអូន អញ្ជើញប្រជាពលរដ្ឋចូលរួមវាស់វែង ចំណែកខាងលោកបានអញ្ជើញអាជ្ញាធរចូលរួម។ «លុះពេលចុះទៅដល់ទីតាំងបែរជាពុំឃើញអ្នកស្រី ថុក ថៃអូន មកជួបក្រុមការងារទេ ប៉ុន្តែមានគេនិយាយថា ឃើញគាត់នៅពូទ្រូក្រោមនិយាយជាមួយប្រជាពលរដ្ឋកុំឲ្យចូលរួមវាស់វែងទៅវិញ»។
ភ្នំពេញប៉ុស្ដិ៍ មិនអាចទាក់ទងសុំការបំភ្លឺពីលោក សុក សេរ៉ា អ្នកនាំពាក្យសាលាខេត្តមណ្ឌលគិរីលោក សៀក មុន្នី អភិបាលស្រុកអូររាំង និងលោកស្រី ថ្វាន់ ត្រែល មេឃុំសែនមនោរម្យព្រមទាំងលោក សាន សូត្រ បានទេ ដោយសារទូរស័ព្ទអ្នកខ្លះពុំមានអ្នកទទួល និងខ្លះទៀតមិនអាចទាក់ទងបាន។
លោក អ៊ាង ម៉េងលី អ្នកសម្របសម្រួលសមាគមអាដហុកខេត្តមណ្ឌលគិរីថ្លែងថា ការរកដំណោះស្រាយចំពោះវិវាទដីធ្លីនេះគឺបានអូសបន្លាយពេលយូរមកហើយ ហើយតាមការឃ្លាំមើលរបស់អាដហុកកន្លងមកគឺភាគីម្ខាងទៀត ដែលមានវិវាទដីធ្លីជាមួយពលរដ្ឋបានរកលេសគេចវេះមិនចូលដោះស្រាយ នៅពេលមានការកោះហៅពីរដ្ឋបាលស្រុក។
លោកបន្តថា ប្រសិនបើមានការប្រើប្រាស់តួនាទី និងអំណាចទៅដោះស្រាយអំពីវិវាទដីធ្លីនេះដោយមិនធ្វើការដោះស្រាយតាមផ្លូវតុលាការនោះនឹងធ្វើឱ្យវិវាទនេះនឹងបន្តអូសបន្លាយយូរថែមទៀត។ លោកថា៖ «ខ្ញុំគិតថា សមត្ថកិច្ចតុលាការ គឺគាត់មានសិទ្ធិក្នុងការសម្រេចឱ្យមន្ត្រី ឬស្ថាប័នពាក់ព័ន្ធណាមួយ ដើម្បីរកឱ្យឃើញវិវាទហ្នឹងកើតឡើងដោយសារអ្វី។ ប៉ុន្តែខាងមន្ទីរដែនដី តើគាត់មានការអនុញ្ញាតពីតុលាការដែរឬទេ ហើយប្រសិនបើមានការអនុញ្ញាតពីតុលាការ អាហ្នឹងជារឿងមួយសមហេតុផលក្នុងការដោះស្រាយវិវាទ ថាតើអ្នកណាខុសអ្នកណាត្រូវ?»៕