បន្ទាយមានជ័យៈ លោក អាង ណារិទ្ធ ត្រូវបានតែងតាំងជាប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យជំនួសលោក ប្រាក់ ប៉ូលី ក្រោយពីក្រុមអធិការកិច្ចរបស់ក្រសួងនេះបិទបញ្ចប់ការស៊ើបអង្កេតទៅលើព័ត៌មានរិះគន់ពីរឿងពុករលួយ និងបក្ខពួកនិយម។
លោក សេង ឡូត អគ្គនាយករដ្ឋបាលនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានថ្លែងនៅក្នុងលិខិតជូនដំណឹងថា៖ «ខ្ញុំស្នើឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តចាត់ចែងរៀបចំពិធីប្រកាសចូលកាន់តំណែងប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យត្រូវនឹងថ្ងៃទី ១៧ ខែកញ្ញា ២០១៩»។
ការប្រកាសចូលកាន់តំណែងថ្មីធ្វើឡើងបន្ទាប់ពីលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបង្កើតក្រុមការងារចុះធ្វើអធិការកិច្ចលើលោក ប្រាក់ ប៉ូលី ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី ៣០ ខែកក្កដា ឆ្នាំ ២០១៩។
យោងតាមប្រភពមន្ត្រីដែលសុំមិនបញ្ចេញឈ្មោះបានឲ្យដឹងថា ការអធិការកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ធ្វើឡើងបន្ទាប់ពីមានការផ្សាយព័ត៌មានតាមបណ្តាញសង្គមថា លោកបានជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ និងបក្ខពួកនិយមពាក់ព័ន្ធនឹងបញ្ហាដីធ្លី។
លោក សោម ចាន់គា អ្នកសម្របសម្រួលនៅសមាគមសិទ្ធិមនុស្សអាដហុកបានថ្លែងថាករណីការដោះដូរតំណែងនេះវាអាចពាក់ព័ន្ធការធ្វើអធិការកិច្ចរបស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ដោយសារតែកន្លងមកមានប្រជាជនដែលមានបញ្ហាដីធ្លីបានធ្វើការតវ៉ាជាច្រើនដងដែលលោក ប៉ូលី បានចេញលិខិតឯកសារមិនប្រក្រតីមួយចំនួន។
លោក ចាន់គា ថ្លែងថា៖ «យើងឃើញថាគាត់មានចេញលិខិតផ្សេងៗបើទោះបីជាដីនោះមានទំនាស់ក៏ដោយ គាត់ចេញទៅឲ្យភាគីដែលមានលុយមានអំណាច ខណៈពេលដែលប្រជាពលរដ្ឋដែលកាន់កាប់បែរជាមិនទទួលបានលិខិតទៅវិញ»។
លោក ប្រាក់ ប៉ូលី បានបដិសេធការចោទប្រកាន់នេះដោយអះអាងថាបញ្ហាដីដែលមិនទាន់បានកាត់ជូនប្រជាពលរដ្ឋចំនួន ៥ គ្រួសារនោះ ដោយសារតែពួកគាត់បានទៅចង្អុលដីខុសទីតាំងដែលអនុក្រឹត្យបានចេញ។ លោក ប្រាក់ ប៉ូលី ថ្លែងថា៖ «មិនបានប្រឆាំងអនុក្រឹត្យរបស់រាជរដ្ឋាភិបាលទេ»៕