ក្រចេះ: ប្រធាន​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ក្រចេះ​លោក សុខ គីរីរត្ន កាលពី​ម្សិលមិញ​បាន​ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ទៅលើ​ប្រជាសហគមន៍​ភូមិ​អូរត្រូន ទាំង​ឡាយ​ណា​ដែល​លួចលាក់​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុសច្បាប់​។

ការព្រមាន​នេះ​បាន​ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ក្រុម​មន្ត្រី​ជំនាញ​នៃ​មន្ទីរ​រ៉ែ និង​ថាមពល​ខេត្ត​ក្រចេះ​ចុះ​ប្រតិបត្តិ​ការស្រាវជ្រាវ​នៅ​តំបន់​អូរត្រូន ឃុំ​ក្បាលដំរី ស្រុក​សំបូរ ហើយ​បាន​រកឃើញ​មាន​ករណី​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ដោយ​ខុស​ច្បាប់​នៅក្នុង​តំបន់​នោះ​ចំនួន​ ៥ ​ទីតាំង​។

លោក សុខ គីរីរត្ន បាន​ថ្លែង​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ឲ្យ​ដឹង​ថា ថ្វី​ដ្បិត​ទីតាំង​លួច​ធ្វើ​អាជីវកម្ម​រ៉ែ​មាស​ទាំង​​ ៥ ​កន្លែង​នោះ​ជា​អាជីវកម្ម​មាន​លក្ខណៈ​ជា​គ្រួសារ ដោយ​ទីតាំង​នីមួយៗ​មាន​ម៉ាស៊ីន​កិន​ដី​រ៉ែ​មាស​មួយ ម៉ាស៊ីន​បូមទឹក ឬ​ដី​រ៉ែ​មាស​ពី​ក្នុង​អណ្ដូងរ៉ែ​មាស​មួយ និង កញ្ច្រែង​រែង​មាស​មួយ ប៉ុន្តែ​វា​ជា​សកម្មភាព​ល្មើស​នឹង​ច្បាប់​ដែល​ចាំបាច់​ត្រូវ​ធ្វើការ​ហាមឃាត់ និង​ធ្វើការ​រុះរើ​ជា​បន្ទាន់​។

លោក គីរីរត្ន បាន​បញ្ជាក់​ថា​៖ «​យើង​បាន​ទុក​ពេល​ឲ្យ​ពួកគាត់​មួយ​សប្ដាហ៍ ពោល​គឺ​មុន​ថ្ងៃទី​ ២៣ ខែ​តុលា ឆ្នាំ​ ២០១៨ នេះ​ពួកគាត់​ត្រូវ​រុះរើ​ឲ្យ​អស់​នូវ​ឧបករណ៍ និង​សម្ភារ​ដែល​បម្រើ​ឲ្យ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​ខុស​ច្បាប់ បើ​ពុំ​នោះ​យើង​នឹង​ចាត់​វិធានការ​ទៅ​តាម​ផ្លូវ​ច្បាប់​»​។

បើ​តាម​លោក គីរីរត្ន កាលពី​ចុង​ខែ​កញ្ញា ឆ្នាំ​ ២០១៧ ​បន្ទាប់ពី​មាន​ឧប្បទ្ទវហេតុ បាក់​រណ្ដៅ​ដី​ធ្វើ​អាជីវកម្ម​រ៉ែ​មាស សង្កត់​កម្មករ​ស្លាប់ និង របួស​ជា​បន្តបន្ទាប់​រហូត​ដល់​ ៥ ​នាក់​តុលាការ​ខេត្ត​ក្រចេះ​បាន​សម្រេច​ឲ្យ​ក្រុមហ៊ុន​ចិន​ឈ្មោះ​ Xing Yuan Kanng Yeak និង ប្រជា​សហគមន៍​ភូមិ​អូរត្រូន បញ្ឈប់​ជា​បន្ទាន់​នូវ​ការធ្វើ​អាជីវកម្ម​រ៉ែ​មាស​នៅក្នុង​តំបន់​នោះ​។ ប៉ុន្តែ​សកម្មភាព​ទាំងនេះ​បាន​ផ្ទុះ​កក្រើក​ឡើង​វិញ​គួរ​ឲ្យ​​កត់សម្គាល់​ចាប់​តាំងពី​ថ្ងៃ​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ត្រូវ​បាន​បញ្ចប់​កាលពី​មួយ​សប្ដាហ៍​មុន​។

តំណាង​ប្រជាពលរដ្ឋ​នៅក្នុង​សហគមន៍​ភូមិ​អូរត្រូន លោក សុខ យឿន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃ​ម្សិលមិញ​ថា អ្នកភូមិ​មិន​បាន​ជីក​អណ្ដូងរ៉ែ​មាស​ថ្មី​នោះ​ទេ​គឺ​ពួកគេ​គ្រាន់​តែ​នាំ​គ្នា​ទៅ​បូម ឬ ជីក​កាយ​យក​អាចម៍ដី​រ៉ែ​មាស​ពី​ក្នុង​អណ្ដូងរ៉ែ​មាស​ចាស់ៗ​របស់​ក្រុមហ៊ុន​ចិន​មួយ​ដែល​ស្ថិត​នៅ​ក្នុង​ភូមិ​របស់​ពួកគាត់​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន​ចិន​នោះ​គេ​ឈប់​ដំណើរការ​ជាង​មួយ​ឆ្នាំ​មក​ហើយ​។

លោក សុខ យឿន តំណាង​ប្រជាពលរដ្ឋ​រូប​នេះ​បាន​ថ្លែង​បន្ត​ថា​៖ «​អ្នកភូមិ​យើង​មិន​បាន​ជីក​អណ្ដូងរ៉ែ​មាស​ថ្មី​នោះ​ទេ យើង​ធ្វើ​វា​តាម​បែប​លក្ខណៈ​គ្រួសារ ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​របស់​ពួកយើង​ជា​ជាង​ធ្វើ​ចំណាកស្រុក​ទៅ​រក​ការងារ​ដោយ​ប្រថុយប្រថាន​នៅ​តាម​បណ្ដា​ខេត្ត​នានា​ ឬ​ក្រៅ​ប្រទេស​ដែល​អាច​ប្រឈម​នឹង​គ្រោះថ្នាក់​។ តែ​ឥឡូវ​នេះ​ខាង​មន្ត្រី​ជំនាញ​មកពី​មន្ទីរ​រ៉ែ​ និង​ថាមពល​ខេត្ត គេ​បាន​ចុះ​មក​ហាមឃាត់ និង​ឲ្យ​ពួកយើង​ចុះ​កិច្ចសន្យា​បញ្ឈប់​សកម្មភាព ជីក​កាយ ឬ បូម​យក​ដី​រ៉ែ​មាស​មក​ធ្វើ​អាជីវកម្ម​រែង​យក​មាស​ជា​បន្ត​ទៅ​ទៀត​។ អ៊ីចឹង​ពួកយើង​គ្មាន​ជម្រើស​អ្វី​ក្រៅ​តែ​ពី​ឈប់​រក​មុខរបរ​នេះ ហើយ​នាំ​គ្នា​ទៅ​ស្វែងរក​ការងារ​ផ្សេងៗ​នៅ​តាម​បណ្ដា​ខេត្ត​នានា​​នោះ​ទេ​»៕