ភ្នំពេញៈ ប្រធានរដ្ឋសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​លោក​ ហេង ​សំរិន ​នៅ​រសៀល​ថ្ងៃទី​ ១១ ខែ​មករា ឆ្នាំ​ ២០២០ ​ខាងមុខនេះ​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​ទៅ​ចូលរួម​កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ២៨ នៃ​វេទិកា​សភា​អាស៊ីប៉ាស៊ីហ្វិក​ហៅ​កាត់​ថា APPF នៅ​ទីក្រុង​កង់បេរ៉ា ប្រទេស​ អូស្ត្រាលី​។ ​នេះ​បើតាម​លោក ឡេង ប៉េងឡុង អគ្គលេខាធិការដ្ឋាន​រដ្ឋសភា​កាលពី​ថ្ងៃ​ពុធ​។

លោក ប៉េងឡុង បាន​ឲ្យ​ដឹងថា កិច្ចប្រជុំ​ប្រចាំឆ្នាំ​លើក​ទី​ ២៨ របស់ APPF ​នេះ​នឹង​ប្រព្រឹត្ត​ទៅក្នុង​រយៈពេល ៣ ​ថ្ងៃ​គិត​ចាប់ពី​ថ្ងៃទី​ ១៣ ដល់​ថ្ងៃទី​ ១៥ ខែ​ មករា ឆ្នាំ​ ២០២០ ខាងមុខនេះ​។ ​លោក​បាន​បន្តថា លោក ឈាង វុន ប្រធាន​គណៈកម្មការ​កិច្ចការបរទេស​សហប្រតិបត្តិការ​អន្តរជាតិ ឃោសនាការ និង​ព័ត៌មាន​នៃ​រដ្ឋសភា​ព្រមទាំង​គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​មួយ​ចំនួន​ទៀត​នឹង​អញ្ជើញ​ចូលរួម​អមដំណើរ​លោក​ ហេង សំរិន ទៅ​ចូលរួម​ក្នុង​កិច្ចប្រជុំ​នោះ តប​តាម​ការអញ្ជើញ​របស់​ប្រធាន​ស្ថាប័ន​នីតិប្បញ្ញត្តិ​ប្រទេស​អូស្ត្រាលី​។

លោក​បាន​បញ្ជាក់ថា​៖ «​សម្តេច​អគ្គមហាពញាចក្រី ហេង សំរិន នឹង អញ្ជើញ​ឡើង​ថ្លែង​សុន្ទរកថា​ក្នុង​ពិធី​បើក​កិច្ចប្រជុំ​ជា​ផ្លូវការ​ក្នុងនាម​សម្តេច​ធ្លាប់​ធ្វើជា​ប្រធាន​ APPF លើក​ទី​ ២៧ ​កាលពី​ដើម​ឆ្នាំ​ ២០១៩ នៅពេល​ដែល​សភា​ប្រទេស​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​ប្រចាំឆ្នាំ​ APPF​។ ជាមួយ​គ្នា​នេះ​សម្តេច​ក៏​នឹង​អញ្ជើញ​ឡើង​ថ្លែង​បទអន្តរាគមន៍​ចែករំលែក​បទពិសោធ​​ពី​ការដឹកនាំ និង​ការរៀបចំ​កិច្ចប្រជុំ APPF លើក​ទី​​ ២៧ ​នៅក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ប្រតិបត្តិ​ផងដែរ​»​។

បើតាម​លោក ប៉េងឡុង ក្នុង​អំឡុងពេល​ចូលរួម​កិច្ចប្រជុំ​នេះ​លោក ហេង សំរិន គ្រោង​ជួបពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ​សមភាគី​ប្រធានរដ្ឋសភា​ប្រទេស​អូស្រា្តលី និង​ទទួល​ជួប​សវនាការ​ជាមួយ​ថ្នាក់ដឹកនាំ​សភា​ប្រទេស​ជា​មិត្ត​មួយចំនួន​ទៀត​ក្នុងការ​ពង្រឹង​ពង្រីក​ចំណងមិត្តភាព​កិច្ចសហប្រតិបត្តិការ​វិស័យ​ការទូត​សភា​កម្ពុជា​នៅលើ​ឆាក​អន្តរជាតិ​ទាំង​ក្របខ័ណ្ឌ​ពហុភាគី និង​ទ្វេភាគី​។

ចំណែក​សមាជិក​គណៈប្រតិភូ​ដទៃទៀត​នឹង​ចូលរួម​កិច្ចប្រជុំ​តាម​គណៈកម្មាធិការ​ជាច្រើន​របស់​ APPF ​ដែល​មាន​ដូចជា គណៈកម្មាធិការ​នយោបាយ​ និង​សន្តិសុខ គណៈកម្មាធិការ​សេដ្ឋកិច្ច គណៈកម្មាធិការ​សមាជិក​សភាស្ត្រី និង​គណៈកម្មាធិការ​ប្រកាស​រួម​នឹង​គណៈកម្មាធិការ​សហប្រតិបត្តិការ​តំបន់​ជាដើម​។

លោក ប៉េង ឡុង បាន​បន្តថា គណៈប្រតិភូ​ជាន់ខ្ពស់​សភា​កម្ពុជា​នឹងធ្វើ​មាតុភូមិនិវត្តន៍​មក​ប្រទេស​កម្ពុជា​វិញ​នៅ​ថ្ងៃទី​ ១៧ ខែ​ មករា ឆ្នាំ ​២០២០​។

វេទិកាសភា​អាស៊ីប៉ាស៊ីហ្វិក​ “The Asia Pacific Parliamentary Forum” ផ្តួចផ្តើម​បង្កើតឡើង​ដោយ​អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន​គឺ​លោក​ Yasuhiro Nakasone ក្នុង​ឆ្នាំ​ ១៩៩៣ ក្នុង​គោលបំណង​ប្រមូលផ្តុំ​សភា​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ជួបប្រជុំ​ប្រចាំឆ្នាំ​ដើម្បី​ដោះស្រាយ​បញ្ហា​រួម ជំរុញ​សុខសន្តិភាព និង​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ក្នុង​តំបន់ និង​សកលលោក​។

អង្គការ​សភា​មួយ​នេះ​មាន​សមាជិក ២៧ ​ប្រទេស​រួមមាន​ អូស្រា្តលី កម្ពុជា ចិន ជប៉ុន សាធារណរដ្ឋ​កូរ៉េ ម៉ុងហ្គោលី សហព័ន្ធរុស្ស៊ី ឥណ្ឌូនេស៊ី ឡាវ​ម៉ាឡេស៊ី ហ្វីលីពីន សិង្ហបុរី ថៃ វៀតណាម ហ្វ៊ីជី មីក្រូណេស៊ី នូវែលសេឡង់ ប៉ាពូអាស៊ីនូវែលហ្គីណេ ប្រជុំ​កោះ​ម៉ារសល កាណាដា ស៊ីលី កូឡុំប៊ី ម៉ិកស៊ិក ប៉េរូ សហរដ្ឋអាមេរិក អេក្វាឌ័រ កូស្តារីកា​។

សូមបញ្ជាក់ថា​សភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ចូល​ជា​សមាជិក​​នៃ​វេទិកាសភា​អាស៊ីប៉ាស៊ីហ្វិក​នៅក្នុង​ឆ្នាំ​ ១៩៩៥ និង​បាន​ធ្វើ​ម្ចាស់​ផ្ទះ​រៀបចំ​កិច្ចប្រជុំ​ប្រចាំឆ្នាំ APPF លើក​ទី​ ២៧ កាលពី​ខែ​មករា ឆ្នាំ ​២០១៩ នៅ​ខេត្ត​សៀមរាប ៕