
អតីតបុគ្គលិកបម្រើការនៅព្រលានយន្តហោះខេត្តសៀមរាបជាប់ចោទលួចទ្រព្យសម្បត្តិអ្នកដំណើរ។ រូប ហ្វេសប៊ុក
សៀមរាបៈ ប្រធានសហភាពការងារកម្ពុជាលោក អាត់ ធន់ បានស្នើឱ្យក្រសួងយុត្តិធម៌ អន្តរាគមន៍ទៅតុលាការខេត្តសៀមរាបឱ្យដោះលែងកម្មករបម្រើការនៅព្រលានយន្តហោះចំនួន ៦ នាក់ ជាសកម្មជនសហជីពដែលត្រូវបានចោទប្រកាន់ និងឃុំខ្លួនអស់រយៈពេល ៦ ខែ ដោយគ្មានការស៊ើបអង្កេតឱ្យបានច្បាស់លាស់ និងមានភ័ស្ដុតាងត្រឹមត្រូវសម្រាប់ដាក់បន្ទុក។ ប៉ុន្តែមន្ត្រីថាករណីនេះ ភាគីចុងចោទត្រូវតវ៉ាតាមផ្លូវច្បាប់តាមរយៈមេធាវី បើយល់ថាការចោទមិនត្រឹមត្រូវ។
លោក អាត់ ធន់ បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា បុគ្គលិកបម្រើការងារនៅព្រលានយន្តហោះអន្តរជាតិខេត្តសៀមរាបទាំង ៦ នាក់ ដែលត្រូវបានខាងថៅកែក្រុមហ៊ុនខេមបូឌាអ៊ែរផត (Cambodia Airport) ប្ដឹងពីបទលួចអីវ៉ាន់របស់ភ្ញៀវគឺដោយសារតែមានការរើសអើងចំពោះកម្មករទាំងនេះ។ ព្រោះក្រុមសហជីពនាំគ្នាប្រឆាំងជំទាស់ក្រុមហ៊ុនដែលចង់ឱ្យបុគ្គលិកប្ដូរមកធ្វើការងារជាពហុជំនាញ។
លោកបន្តថា តុលាការខេត្តសៀមរាបបានសម្រេចចោទប្រកាន់ និងឃុំខ្លួនពួកគេអស់រយៈពេលប្រហែល ៦ ខែមកនេះ គឺធ្វើឡើងខុសនីតីវិធី ហើយការចោទប្រកាន់របស់តុលាការតាំងពីដំបូងមកធ្វើឡើងដោយគ្មានការស្រាវជ្រាវរកឃើញភ័ស្ដុតាងឡើយ ក្រៅតែពីទទួលបានពាក្យបណ្ដឹងពីថៅកែក្រុមហ៊ុន។
លោកបញ្ជាក់ថា៖ «គេខឹងពួកគាត់ ដោយសារពួកគាត់ជាអ្នកជំទាស់ទៅនឹងថៅកែក្រុមហ៊ុនដែលចង់ឱ្យក្រុមកម្មករធ្វើការងារពហុជំនាញដែលធ្វើអ៊ីចឹងក្រុមកម្មករអត់យល់ព្រម។ កន្លងមកកម្មករម្នាក់ធ្វើការងារតែ [តាម] ជំនាញ តែថៅកែចង់ឱ្យកម្មករម្នាក់គឺទៅធ្វើការងារច្រើនមុខជំនាញ។ កន្លងមកយើងស្នើសុំឱ្យទៅរកភ័ស្ដុតាង តើអ្នកណាជាអ្នកបាត់កាបូបហើយបាត់អ្វីខ្លះ ប៉ុន្តែអត់មានការបង្ហាញទេ»។
កាលពីថ្ងៃទី ២៦ ខែមីនា សហភាពការងារកម្ពុជាបានដាក់លិខិតសុំអន្តរាគមន៍ទៅក្រសួងយុត្តិធម៌ ដើម្បីជួយឲ្យដោះលែងសកម្មជនសហជីពទាំង ៦ នាក់ និងស្នើសុំឱ្យមានការធ្វើអធិការកិច្ចមន្ត្រីតុលាការខេត្តសៀមរាបដែលពាក់ព័ន្ធនឹងសំណុំរឿងនេះទៅតាមផ្លូវច្បាប់។
ក្នុងលិខិតសរសេរថា៖ «រហូតមកដល់ពេលនេះគឺមានរយៈពេលជាង ៦ ខែហើយ សាលាដំបូងខេត្តសៀមរាបនៅតែបន្តឃុំខ្លួនសកម្មជនសហជីពទាំង ៦ នាក់។ ជាគោលការណ៍ច្បាប់ ការឃុំខ្លួនគឺមានរយៈពេល ៤ ខែក្នុងករណីរឿងក្ដីមានភាពស្មុគស្មាញ តុលាការអាចស្នើសុំឃុំខ្លួនបន្តបាន។ ប៉ុន្តែករណីនេះគ្រាន់តែជាការចោទប្រកាន់រឿងលួចប៉ុណ្ណោះ ហើយមិនមានភាពស្មុគស្មាញនោះទេ។ នេះជាការដាក់សម្ពាធធ្ងន់ធ្ងរលើជនជាប់ឃុំដែលជាជនរងគ្រោះ»។
បុគ្គលិកបម្រើការងារនៅព្រលានយន្តហោះទាំង ៦ នាក់ មានឈ្មោះ សុខ សុខន ឈ្មោះ សុវណ្ណ វីរៈ ឈ្មោះ រុន រ៉ា ឈ្មោះ ឌុល សុវណ្ណ ឈ្មោះ រិទ្ធ សារៃ និងឈ្មោះ អេង ផៃ។ ពួកគេត្រូវបានកងកម្លាំងសមត្ថកិច្ចឃាត់ខ្លួន និងបញ្ជូនទៅកាន់តុលាការកាលពីថ្ងៃទី ២៩ ខែសីហាពាក់ព័ន្ធការលួចចាក់ឆ្កឹះកូនសោ ឬ រូតវ៉ាលិសយកលុយ និងទ្រព្យសម្បត្តិរបស់ភ្ញៀវទេសចរ។
ជុំវិញបញ្ហានេះលោក យិន ស្រាង មន្ត្រីនាំពាក្យសាលាដំបូងខេត្តសៀមរាប ថ្លែងថា សំណុំរឿងរបស់សកម្មជនសហជីពទាំង ៦ នាក់នេះ គឺត្រូវបានតុលាការសម្រេចបញ្ជូនទៅជំនុំជម្រះនៅថ្ងៃទី ២៣ ខែ មេសា ឆ្នាំ ២០២០ ខាងមុខ។ លោកបញ្ជាក់ថា សំណុំរឿងនេះត្រូវបានធ្វើឡើងតាមនីតិវិធីត្រឹមត្រូវ។
លោកបន្ថែមថា មេធាវីរបស់អ្នកទាំង ៦ នាក់ គួរតែមកដាក់ភ័ស្ដុតាងដោះបន្ទុកក្នុងសំណុំរឿងដើម្បីតតាំងនៅពេលបើកសវនាការតាមនីតិវិធីនាពេលខាងមុខ ជាជាងការស្នើសុំកិច្ចអន្តរាគមន៍ពីក្រសួងយុត្តិធម៌។
លោកថា៖ «តាមធម្មតា គេមានភ័ស្ដុតាងត្រឹមត្រូវហើយ បានគេបញ្ជូនរហូតទៅដល់ក្រុមប្រឹក្សាជំនុំជម្រះ ហើយនៅពេលគេដាក់កម្មវិធីជម្រះហើយ អ៊ីចឹងរាល់ការចោទប្រកាន់ គេមាននីតិវិធី និងភ័ស្ដុតាងដាក់បន្ទុកហើយ»។
លោក ជិន ម៉ាលីន មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌លើកឡើងថា មេធាវីសកម្មជនសហជីពទាំង ៦ នាក់ គួរតែធ្វើការតវ៉ាតាមនីតិវិធីច្បាប់ ប្រសិនបើតុលាការធ្វើការចោទប្រកាន់មិនបានត្រឹមត្រូវ។ លោកបញ្ជាក់ថា គ្មានអ្នកណាម្នាក់អាចអន្តរាគមន៍ចំពោះសេចក្ដីសម្រេចរបស់តុលាការបានឡើយ។
លោកថ្លែងថា៖ «វាជាសមត្ថកិច្ចរបស់តុលាការក្នុងការកំណត់បទល្មើស និងចោទប្រកាន់ដោយផ្អែកទៅតាមអង្គហេតុ និងអង្គច្បាប់ទៅលើអំពើល្មើសផ្សេងៗ ហើយប្រសិនបើគាត់យល់ថា ការចោទប្រកាន់នេះមិនត្រឹមត្រូវ មិនមានភ័ស្ដុតាង មិនមានមូលដ្ឋានគ្រប់គ្រាន់ គាត់អាចធ្វើការតវ៉ាតាមនីតិវិធីច្បាប់តាមរយៈមេធាវីទៅ។ មិនអាចមានអ្នកណាម្នាក់ទៅអន្តរាគមន៍ការសម្រេច ឬដំណើរការខាងនីតិវិធីរបស់តុលាការបានទេ»៕