កំពង់ស្ពឺ: ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (CANCIPO) ​កំពុង​រៀបចំ​បណ្ដឹង​ប្ដឹង​មន្ត្រី​ក្រុមប្រឹក្សា​ឃុំ​ត្រពាំងជោរ​ម្នាក់​ទៅ​សាលាដំបូង​ខេត្ត​កំពង់ស្ពឺ ករណី​ញុះញង់​ពលរដ្ឋ​ជាង​ ១០០ ​នាក់​ ឲ្យ​តវ៉ា​រំលោភ​យក​ដី​របស់​​ពលរដ្ឋ​ ១៦ ​គ្រួសារ​ផ្សេងទៀត​នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ​។

លោក ជា ហ៊ាន ប្រធាន​អង្គការ​ ACNCIPO ​បាន​ឲ្យ​ដឹង​កាលពី​ម្សិលមិញ​ថា លោក​កំពុង​រៀបចំ​ពាក្យបណ្ដឹង​មួយ​ប្ដឹង​លោក សន សឹម ជំទប់​ទី​ ១ ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ជុំវិញ​ការ​នៅ​ពី​ក្រោយខ្នង និង​ញុះញង់​ឲ្យ​ពលរដ្ឋ​ជាង​ ១០០ ​នាក់​តវ៉ា​រំលោភ​យក​ដី​ចំនួន​ ១២០ ​ហិកតា ​ដែល​ជា​របស់​ពលរដ្ឋ​ចំនួន​ ១៦ ​គ្រួសារ​ផ្សេងទៀត​នៅ​ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់​។

លោក​បាន​បន្តថា ដីព្រៃ​ចំនួន​ ១២០ ​ហិកតា​នេះ ​ជា​ដី​ដែល​ឆ្វៀល​ចេញ​ពី​ដីព្រៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​សម្រាប់​ចែកជូន​ពលរដ្ឋ​ចំនួន​ ១៦ ​គ្រួសារ ​ដែល​រង​ផលប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ស្ករស​ (​ភ្នំពេញ​ស៊ូហ្គ័រ​)​។ ប៉ុន្ដែ​ដី​នេះ​មិនទាន់​មាន​ការប្រើប្រាស់​ដាំ​ដំណាំ​ ឬ​អាស្រ័យផល​ទេ ដោយ​កំពុង​មាន​ព្រៃ​របោះ​តូចៗ​ដុះ​នៅលើ​ដី​នោះ​។

លោក ជា ហ៊ាន បាន​បញ្ជាក់ថា​៖ «​បងប្អូន​ពលរដ្ឋ​ ១០០ ​នាក់ ​សុំ​ឲ្យ​ខ្ញុំ​ដកខ្លួន​ថយ​ចេញ​ពី​ការចាប់​រានទន្ទ្រាន​ដីព្រៃ​ដែល​មន្ត្រី​ជំនាញ​កាត់​ចែក​ពលរដ្ឋ​ ១៦ ​គ្រួសារ​។ ខ្ញុំ​បាន​ពន្យល់​បងប្អូន​ដែល​មក​តវ៉ា​ការពារ​ដី​នេះ​ថា ប្រសិនបើ​គេ​ចាប់ខ្លួន គឺ​គេ​មិនមែន​ចាប់​អ្នក​នៅក្រោយ​ខ្នង​ទេ គឺ​ចាប់​បងប្អូន​ហ្នឹងហើយ​ដែល​បាន​ប្រព្រឹត្ត​បទល្មើស​ជាក់ស្តែង​។ អ៊ីចឹង​ឈប់​តវ៉ា​ទៅ​ប្រគល់​ដី​ហ្នឹង​ឲ្យ​គេ​វិញ​ទៅ​»​។

លោក គិន ផល្លា អាយុ​ ៤៥ ​ឆ្នាំ​តំណាង​ពលរដ្ឋ​ចំនួន​ ១៦ ​គ្រួសារ​រស់នៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ បាន​ថ្លែងថា លោក​ពិតជា​មាន​ការភ្ញាក់ផ្អើល​យ៉ាងខ្លាំង​នៅពេល​ឃើញ​ពលរដ្ឋ​ចំនួន​ជាង​ ១០០ ​នាក់​ផ្សេងទៀត​មក​តវ៉ា​ទាមទារ​ដី​របស់​ពួកលោក​​ខណៈ​រាជរដ្ឋាភិបាល​បាន​កាត់​ឆ្វៀល​ពី​តំបន់​អភិរក្ស​ភ្នំ​ឱរ៉ាល់​ប្រគល់​ឲ្យ​ពលរដ្ឋ​ចំនួន​ ១៦ ​គ្រួសារ​តាំងពី​ឆ្នាំ​ ២០១៣ ​មក​នោះ​។

លោក​បន្តថា ដីព្រៃ​ចំនួន​ ១២០ ​ហិកតា​ត្រូវ​បាន​អាជ្ញាធរ​ពាក់ព័ន្ធ​កាត់​ចែក​ពលរដ្ឋ​ជា​ថ្នូរ​នឹង​ការដោះដូរ​ដី​ដែល​មាន​ផលប៉ះពាល់​ជាមួយ​ក្រុមហ៊ុន​ភ្នំពេញ​ស៊ូហ្គ័រ ប៉ុន្ដែ​ដី​នេះ​ត្រូវ​ទុក​នៅ​ទំនេរ ដោយ​ពុំទាន់​អាស្រ័យផល​អ្វី​ទេ​។ កាលពី​ថ្ងៃទី ១៧ ខែ​មីនា ពលរដ្ឋ​ចំនួន​ ១៦ ​គ្រួសារ​បាននាំគ្នា​ទៅធ្វើ​របង​ព័ទ្ធ​ដី​នោះ​ក៏​ស្រាប់​តែ​មាន​ពលរដ្ឋ​ជាង​ ១០០ ​នាក់មក​តវ៉ា ហើយ​អះអាង​ថា​ជា​ដី​របស់​ពួកគាត់​។

លោក​បញ្ជាក់ថា​៖ «​ដី​ពួកខ្ញុំ​នេះ​​មានការ​ដឹងឮ​ពី​អាជ្ញាធរ​មូលដ្ឋាន អាជ្ញាធរខេត្ត និង​មាន​ឯកសារ​បញ្ជាក់​សម្គាល់​ក្បាលដី​ច្បាស់លាស់ តែ​គ្រាន់តែ​ដី​ហ្នឹង​ពួក​ខ្ញុំ​មិនទាន់​បាន​អាស្រ័យផល ដោយសារ​មាន​ព្រៃឈើ​តូចៗ​ពិបាក​ភ្ជួរ​រាស់ ទាល់តែ​ជួល​ត្រាក់ទ័រ​គេ​មក​ជួយ​ភ្ជួរ ទើប​អាច​អាស្រ័យ​ផល​បាន​»​។

លោក អ៊ឹម សន មេភូមិ​ស្រែ​កិន ឃុំ​ត្រពាំងជោរ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ដី​ ១២០ ​ហិកតា​នេះ​ពិតជា​របស់​ពលរដ្ឋ ១៦ គ្រួសារ​នោះ​មែន​ដោយ​អាជ្ញាធរ​ស្រុក និង​ខេត្ត​បាន​សម្រេច​កាត់​ឆ្វៀល​ចេញ​ពី​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ដើម្បី​ចែកជូន​ពួកគាត់ ព្រោះ​ពួកគាត់​ជា​អ្នក​រងគ្រោះ​ជាមួយ​ក្រុមហ៊ុន​ស្ករស​។

លោក​បន្តថា លោក​បាន​ទទួល​ដំណឹង​ពី​ការតវ៉ា​ទាមទារ​នេះដែរ ដោយ​ពលរដ្ឋ​ទាំង​ជាង​ ១០០ ​នាក់​នេះ​មាន​មួយ​ចំនួន​មកពី​ខេត្តព្រៃវែង ស្វាយរៀង កំពង់ចាម បាត់ដំបង និង​ជា​អ្នករស់នៅ​ក្នុង​មូលដ្ឋាន​នោះ​មួយ​ចំនួន​ទៀត​។ ពួកគាត់​ជា​អ្នក​ចំណាកស្រុក​ដែល​មក​ប្រកបការងារ​នៅ​តំបន់​នោះ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ដឹង​ត្រូវ​ដោះស្រាយ​យ៉ាងណា​ទេ រង់ចាំ​ថ្នាក់លើ​គេ​ចាត់ចែង​ទៅ ខ្ញុំ​មន្ត្រី​តូចតាច​ទុក​លទ្ធភាព​ឲ្យ​ថ្នាក់លើ ព្រោះ​បើ​ខ្ញុំ​ចេញ​មុខ​ដោះស្រាយ​ក៏​ភាគី​ទាំង​សងខាង​មិន​ស្ដាប់​សម្ដី​ខ្ញុំ​ដែរ​។ អ៊ីចឹង​ខ្ញុំ​គ្រាន់តែ​ដឹង​​ប៉ុណ្ណឹង ហើយ​រឿង​អ្នកណា​នៅ​ពីក្រោយ​ខ្នង​ការតវ៉ា​នេះ ខ្ញុំ​អត់​ដឹង​ទេ​»​។

លោក សន សឹម ជំទប់​ទី​ ១ ​ឃុំ​ត្រពាំង​ជោរ​ដែល​រង​ការ​ចោទប្រកាន់​ថា នៅ​ពីក្រោយ​ការតវ៉ា​ និង​ញុះញង់​ឲ្យ​ពលរដ្ឋ​រំលោភ​យក​ដី​នោះ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណី​នេះ​បានទេ​កាលពី​ម្សិលមិញ​។

លោក ទេព ណែម មេឃុំ​ត្រពាំងជោរ​បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​ទទួល​បាន​ដំណឹង​ពី​ការតវ៉ា​នេះដែរ ប៉ុន្ដែ​លោក​មិនបាន​ទៅដល់​ទីតាំង​ដី​នោះទេ ព្រោះ​លោក​ជាប់​​រវល់​ប្រជុំ​នៅ​សាលាស្រុក​ឱរ៉ាល់​។

ដី​ទាំងនោះ​ពិតជា​ដី​របស់​ពលរដ្ឋ​ ១៦ ​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ពី​ក្រុមហ៊ុន​ស្ករស​មែន​។

លោក​បន្តថា​លោក សន សឹម ជំទប់​ទី​ ១ ​ឃុំ​ត្រពាំង​ជោរ​​ពិតជា​អ្នកពាក់ព័ន្ធ​ការតវ៉ា​នេះ ព្រោះ​កន្លងមក​មាន​ការចរចា​គ្នា​លួច​ទិញ-លក់​ដី​នៅ​តំបន់​ខាងលើនេះ ប៉ុន្ដែ​លោក​មិនបាន​​ចាប់អារម្មណ៍​ថា ជា​ដី​របស់​ពលរដ្ឋ​ ១៦ ​គ្រួសារ​នេះ​ទេ​។ លោក សន សឹម ប្រហែល​ជា​អ្នក​ញុះញង់​ពីក្រោយ​ខ្នង​ឲ្យ​មាន​ការតវ៉ា​បែបនេះ​។

លោក​បញ្ជាក់ថា​៖ «​រឿង​របស់​​លោក សន សឹម ឲ្យ​គាត់​ដោះស្រាយ​ខ្លួន​គាត់​ទៅ​ខ្ញុំ​អត់​ដឹង​ទេ បើ​មាន​អ្នកណា​គេ​ចង់​ប្ដឹង​ឲ្យ​គេ​ប្ដឹងទៅ​ព្រោះ​គាត់​ហ្នឹង​ជាប់​ពាក់ព័ន្ធ​រឿង​ដី​ហ្នឹងហើយ ខ្ញុំ​អត់​មាន​កាន់ជើង​មន្ត្រី​ខិលខូច​អ៊ីចឹង​ទេ​»​។

លោក មួង ធី អភិបាលស្រុក​ឱរ៉ាល់​មិនអាច​ស្វែងរក​ប្រភព​ដើម្បី​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បានទេ​កាលពី​ម្សិលមិញ​។

រីឯ​លោក នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​ក៏​មិនទាន់​អាចទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណីនេះ​បានដែរ ដោយសារ​ទូរស័ព្ទ​របស់​លោក​មិនមាន​អ្នក​ទទួល​កាលពី​-​ម្សិលមិញ​៕