កំពង់ស្ពឺ: ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) លោក​ ជា ហ៊ាន បាន​ស្នើឲ្យ​មន្ត្រី​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​សហការ​ចុះ​បិទ​ច្រក​ដឹកឈើ​​នៅ​តំបន់​ដែនជម្រក​សត្វព្រៃ​​ភ្នំ​ឱរ៉ាល់ តំបន់​អភិរក្ស​ជួរ​ភ្នំ​ក្រវាញ​កណ្ដាល និង​ខាងត្បូង​ខណៈ​បទល្មើស​កក្រើក​ឡើងវិញ​ជា​អ្វី​ដែល​មន្ត្រី​ខេត្ត​ស្វាគមន៍​ក្នុង​កិច្ចសហការ​នេះ​។

តាម​លិខិត​ស្នើសុំ​របស់​លោក ជា ហ៊ាន ចុះ​ថ្ងៃទី​ ៣១ ខែមីនា ដែល​ភ្នំពេញ​ប៉ុស្ដិ៍​ទទួល​បាន​ពី​ម្សិលមិញ​ឲ្យ​ដឹងថា ACNCIPO ​បាន​ចុះ​ស៊ើបអង្កេត​នៅតាម​ស្នាក់ការ​នីមួយៗ​ដូចជា ស្នាក់ការរង​អូរត្រាវ​,​ ស្រែកិន​,​ ភ្នំ​តូច​,​ ទឹកពុះ​,​ ខ្សាល់ និង​ស្នាក់​ការរង​មួយ​ចំនួន​ទៀត​នៅ​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ភ្នំក្រវាញ​ខាងត្បូង​ឃើញ​ថា​នៅតែ​មាន​សកម្មភាព​ដឹកជញ្ជូន​ឈើដុល ឈើ​អារ តាមរយៈ​គោយន្ត រទេះគោ និង​រថយន្ត ដោយ​ដឹក​កាត់​តាម​ស្នាក់​ការរង​​នីមួយៗ​ជាហេតុ​ធ្វើឲ្យ​បាត់បង់​ព្រៃឈើ​នៅក្នុង​តំបន់​អភិរក្ស​។

បើតាម​លិខិត​ដដែល សកម្មភាព​កាប់បំផ្លាញ​ព្រៃឈើ​ក្នុង​តំបន់​អភិរក្ស​នោះ​គឺ​ស្ថិតនៅ​ព្រំប្រទល់​ស្រុក​ថ្មបាំង និង​ស្រុក​ស្រែអំបិល ខេត្ត​កោះកុង ជាមួយ​ស្រុក​ក្រវាញ និង​ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់ ដោយ​ដឹក​ឆ្លង​​ខេត្ត​កំពង់ស្ពឺ កាត់​តាម​ស្នាក់ការរង​នីមួយៗ​ខាងលើនេះ​។

លិខិត​បញ្ជាក់ថា​ «​ដូច្នេះ​ចាប់ពី​ថ្ងៃ​ទី​ ២ ខែ មេសា ឆ្នាំ​ ២០២០ ​នេះ​អង្គការ ACNCIPO នឹង​ចុះ​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​ដែល​ប្រចាំការ​នៅតាម​ស្នាក់ការ​នីមួយៗ​ ដើម្បី​​បិទ​ច្រក​ដឹកឈើ​ចេញ​ពី​តំបន់​អភិរក្ស​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​តំបន់​អភិរក្ស​ជួរ​ភ្នំក្រវាញ​ខាងត្បូង ដើម្បី​ជំរុញ​ឲ្យ​មន្ត្រី​ឧទ្យានុរក្ស​បរិស្ថាន​អនុវត្ត​ច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​»​។

លោក ជា ហ៊ាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​បានដាក់​លិខិត​នេះ​ទៅ​ដល់​មន្ទីរ​បរិស្ថាន​ខេត្ត​កំពង់ស្ពឺ​រួចហើយ​កាលពី​ល្ងាច​ថ្ងៃទី​ ៣១ ​ខែ​មីនា ដើម្បី​សុំ​ឲ្យ​ចុះ​បិទ​ច្រក​ទាំងអស់​នៅ​តាម​តំបន់​ទាំងនោះ​។ ប្រសិន​បាន​ជួប​បទល្មើស​លោក​នឹង​សហការ​ជាមួយ​មន្ត្រី​អនុវត្ត​ច្បាប់​ស្ដីពី​ព្រៃឈើ​តែម្ដង​។

លោក​បន្តថា បន្ទាប់ពី​បិទ​ច្រកចេញចូល​ដែន​ជម្រក​សត្វព្រៃ​នីមួយៗ​រួច ក្រុម​ការងារ​លោក និង​មន្ត្រី​ឧទ្យានុរក្ស​នឹង​ចុះ​ល្បាត និង​បង្ក្រាប​នៅក្នុង​តំបន់​នោះ​ដើម្បី​ស្រាវជ្រាវ និង​ស្វែងរក​ជន​ប្រព្រឹត្តល្មើស​ព្រៃឈើ​នេះ​។ លោក​ថា មួយរយៈ​ចុងក្រោយ​នេះ​សកម្មភាព​ដឹកជញ្ជូន​ឈើ​បាន​ចាប់ផ្ដើម​កក្រើក​ឡើង​វិញ ខណៈ​មន្ត្រី​កំពុង​រវល់​រឿង​ប្រឆាំង​ជំងឺ​កូវីដ ១៩​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនទាន់​ដឹងថា មន្ត្រី​ឧទ្យានុរក្ស​ដែល​នៅ​ប្រចាំការ​តាម​ប៉ុស្ដិ៍​ស្នាក់ការ​នីមួយៗ​ហ្នឹង​សហការ​ជាមួយ​ពួកខ្ញុំ​បាន​កម្រិត​ណា​ទេ ព្រោះ​ខ្ញុំ​ទទួល​ដំណឹង​ថា ក្រុមការងារ​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​កោះហៅ​មន្ត្រី​គាត់​ប្រជុំ​ពី​បញ្ហា​សំណើ​របស់​​ខ្ញុំ​នេះ តែ​ខ្ញុំ​មិនដឹង​ថា គាត់​ប្រជុំ​រឿង​លាក់បាំង​បទល្មើស​ ឬ​ប្រជុំ​ជួយ​បង្ក្រាប​បទល្មើស​ខ្ញុំ​ទេ ចាំមើល​ស្ថានភាព​ជាក់ស្ដែង​សិន​។

ចំពោះ​ច្រកចេញចូល​តាម​ស្នាក់ការ​ទាំងអស់​នេះ ខ្ញុំ​មិនទាន់​ដឹង​ច្បាស់​ទេ តែ​យ៉ាងណា​ខ្ញុំ​បាន​ត្រៀមកម្លាំង​ខ្ញុំ​ចំនួន​ ៣ ​នាក់​រួចរាល់​ហើយ ដើម្បី​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​»​។

លោក ឯម សុគន្ធ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​ពី​ករណី​នេះ​បានទេ​កាលពី​ម្សិលមិញ ខណៈ​លោក នៅ ណាក់ អនុប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តកំពង់ស្ពឺ និង​លោក ហ៊ុល ម៉ារ៉ា នាយ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ភ្នំពេញ​ប៉ុស្ដិ៍​ទូរស័ព្ទ​ចូល​តែ​ពុំមាន​អ្នកទទួល​។

លោក វ៉ី សំណាង អភិបាល​ខេត្ត​កំពង់ស្ពឺ​បាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​ស្វាគមន៍​ចំពោះ​សង្គម​ស៊ីវិល​ណា​ដែល​មាន​បំណង​ជួយ​ការពារ​សម្បត្តិ​ធម្មជាតិ ព្រោះ​វា​ជា​សម្បត្តិ​រួម​របស់​ពលរដ្ឋ​កម្ពុជា​ទាំងមូល​។ ប៉ុន្ដែ​លោក​ជំរុញ​ឲ្យ​អង្គការ​សង្គម​ស៊ីវិល​ទាំងអស់ គិតគូរ​ពី​ការងារ​របស់​ខ្លួន ដើម្បី​ចៀសវាង​ការរំលោភសិទ្ធិ​មន្ត្រី ឆ្លៀត​ឱកាស​កេងចំណេញ​ ឬ​មានបំណង​មិន​សមរម្យ​អ្វីមួយ​។

លោក​បន្តថា កន្លងមក​មន្ត្រី​ជំនាញ​បាន​បង្ក្រាប​ជា​ហូរហែ​ព្រមទាំង​មាន​របាយការណ៍​ជាច្រើន​ជុំវិញ​បទល្មើស​ព្រៃឈើ​។ ដូច្នេះ​លោក​ចង់​ឲ្យ​មាន​ការចូលរួម​បន្ថែមទៀត​ដើម្បី​ការពារ​ព្រៃឈើ និង​សម្បត្តិ​ធម្មជាតិ​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​យល់ថា ការបង្ក្រាប​បទល្មើស​នានា​គឺ​យើង​ត្រូវការ​កម្លាំង​មនុស្ស​ចូលរួម និង​មធ្យោបាយ​ដឹកជញ្ជូន​ត្រូវ​មាន​លុយ របប​អាហារ និង​សម្ភារ​មួយចំនួន​ទៀត​សម្រាប់​ធ្វើ​សកម្មភាព​បង្ក្រាប​ជនល្មើស​ច្បាប់ ប៉ុន្ដែ​មន្ត្រី​យើង​ចំនួន​មាន​កម្រិត មធ្យោបាយ​ដឹកជញ្ជូន​មាន​កម្រិត ហើយ​​ថវិកា​ក៏​មាន​កំណត់​ដែរ​។ អ៊ីចឹង​យើង​ទាមទារ​ឲ្យ​មាន​ការចូលរួម​ពី​វិស័យ​ឯកជន និង​អង្គការ​សង្គម​ស៊ីវិល​ដើម្បី​ថែរក្សា​ព្រៃឈើ​យើង​»៕