កំពង់ស្ពឺៈ ប្រធាន​អង្គ​ការ​អភិ​រក្ស​ធន​ធាន​ធម្ម​ជាតិ​ និង ​សត្វ​ព្រៃ លោក ជា ហ៊ាន នៅ​ព្រឹក​ថ្ងៃ​ទី ​១៥​ សីហា​​នេះ ​បាន​ចូល​បំភ្លឺ​នៅ​តុលា​ការ​ខេត្ត​ កំពង់​ស្ពឺ ជុំវិញ​បណ្ដឹង​ចោទ​ប្រ​កាន់​របស់​​អ្នក​ស្រី សៀង សា​ម៉េន ពី​បទ «បរិ​ហារ​កេរ្តិ៍ និង ​រារាំង​ដំណើ​ការ​ឈូស​ឆាយ​​ពង្រាប​ដី​កម្ម​សិទ្ធិ​ឯក​ជន​ស្រប​ច្បាប់»តាម​ដី​កា​កោះ​របស់​លោក​ព្រះ​រាជ​អាជ្ញា​រង​ តុង​ រតនា ​។ នេះ​បើតាម​​លោក ឡោ គីម ហ្គិច មេធា​វី​ការ​ពារ​លោក ជា​ហ៊ាន​។

លោក​ ហ្គិច​ បាន​ថ្លែង​ថា​ កាល​ពី​ដើម​ខែ​មិថុនា កូនក្ដី​របស់​លោក គឺ លោក​ ជា​ ហ៊ាន រួម​ជាមួ​យ​មន្ត្រី​ឧទ្យា​នុរក្ស​ដែន​ជម្រក​សត្វ​ព្រៃ​ភ្នំ​ឱ​រ៉ាល់បាន​ចុះទៅ​ទប់​ស្កាត់​សកម្ម​ភាព​​ឈូស​ឆាយ​​ដីព្រៃរបស់​ក្រុម​ការ​ងារ​អ្នក​ស្រី សៀង សាម៉េន នៅ​ចំណុច​ ថ្ម​បាំង​ ស្ថិត​ក្នុង​ភូមិ ​ស្រែ​កិន ​ឃុំ​ ត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ​ ដោយ​សំអាង​ថា ​ដី​ព្រៃ​ក្នុង​តំបន់​នោះ​ស្ថិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ ភ្នំ​ឱរ៉ាល់ ហើយ​ថា​សកម្ម​ភាព​ឈូស​ឆាយ​នោះ​​ជា​អំពើ​ល្មើស​ច្បាប់​។

ប៉ុន្តែ​ អ្នក​ស្រី ​សៀង សា​ម៉េន ដែល​ជា​ម្ចាស់​បណ្ដឹង​បាន​អះអាង​ថា ​ជាដី​របស់​គាត់ដែល​បាន​ទិញ​ពី​​ពលរដ្ឋ​​ក្នុង​តំបន់​នោះ​ដោយ​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញាធ​រ​ភូមិ​ឃុំ​យ៉ាង​ត្រឹម​ត្រូវ​។

លោក ​ហ្គិច បានប​ញ្ជាក់​ថា៖​«ចំពោះ​ករណី​នេះ​កូ​នក្ដីខ្ញុំ បាន​ចូល​បំភ្លឺ​តុលា​ការ និងបានភ្ជាប់​ជាមួយ​វត្ថុ​តាង​មួយ​ចំនួន​ដល់តុលាការរួចហើយ»។

បើ​តាម​ការ​អះ​អាង​របស់​លោក ​ហ្គិច ឯក​សារ​ដែល​ជា​វត្ថុ​តាង​ទាំង​នោះ​សុទ្ធ​តែ​បង្ហាញ​ថា​ ទី​តាំង​ដែល​កូន​ក្ដី​របស់​លោក គឺ លោក ជា ហ៊ាន និង ក្រុម​ការងារ​បាន​ចុះ​ធ្វើ​ការ​ហាម​ឃាត់​នោះ ​ពិត​ជា​ដីព្រៃ​ដែល​ស្ថិត​ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃភ្នំ​ឱរ៉ាល់​ដែល​ស្ថិត​ក្រោម​ការ​គ្រប់​គ្រង​របស់​ក្រសួង​បរិ​ស្ថាន​មិន​មែន​ជា​ដី​ចម្ការ​ដូច​អ្វី​ដែល​អ្នក​ស្រី សៀង សា​ម៉េន​ ម្ចាស់​បណ្ដឹង​ ក្នុង​សំណុំ​រឿង​នេះ អះ​អាង​នោះ​ទេ​។

ជា​មួ​យគ្នា​នេះ​ផង​ដែរ លោក ជា ហ៊ាន ដែលរង​បណ្ដឹង​ចោទ​ប្រកាន់​ពី​បទ​បរិហារ​កេរ្តិ៍​និងរារាំង​ដល់​ការ​ឈូស​ឆាយ​ដីដើម្បី​ដាំ​ដុះ​ផល​ដំណាំ​ក្នុង​ចម្ការ​ឯក​ជន​ស្រប​ច្បាប់របស់​អ្នក​ស្រី សៀង សាម៉េន នោះ​បាន​ថ្លែង​បន្ទរ​ថា៖​ «ខ្ញុំ​រីក​រាយ​ក្នុង​ការ​ចូល​បំភ្លឺ​ដល់​​តុលា​ការ​ព្រោះ​ខ្ញុំ​មាន​ភ័ស្ដុ​តាង​គ្រប់​គ្រាន់​នៅ​ក្នុង​ការ​តតាំង​នៅ​ក្នុង​រឿង​ក្ដី​នេះ​»។​

ទោះ​ជា​បែប​ណា​ក្ដី ​នៅ​ក្នុង​សំណុំ​រឿង​នេះ តំណាង​អយ្យ​ការ​សាលា​ដំបូង​ខេត្ត​កំពង់​ស្ពឺ លោក តុង រតនា បាន​អះ​អាង​ថា លោក​កំពុង​អនុវត្ត​នីតិ​វិធី​ក្នុង​ការ​ស៊ើប​សួរ​ដល់​ភាគី​ពាក់​ព័ន្ធ​មួយ​ចំនួន​ទៀតមុន​ពេល​សម្រេច​ថា​នឹង​ត្រូវ​បញ្ជូន​សំណុំ​រឿង​នេះ ទៅ​ឲ្យ​​ចៅ​ក្រម​ស៊ើប​សួរ​បន្ត​ស៊ើប​ក្ដី​នេះ​ឬ​មួយ​ត្រូវ​បង្វែ​រ​សំណុំ​រឿង​ទៅ​ឲ្យ​គណ​កម្មការដោះ​​ស្រាយ​វិវាទ​ដី​ធ្លី​ខេត្តជា​អ្នក​ដោះ​ស្រាយ​ខណៈ​ម្ចាស់​បណ្ដឹង​ក្នុង​សំណុំ​រឿង​នេះ​គឺ​លោក​ស្រី សៀង សាម៉េន បាន​បញ្ជាក់​ច្បាស់​នៅ​ក្នុង​បណ្ដឹង​របស់​​ខ្លួន​ថា​ដី​នោះ​គាត់​បាន​ទិញ​ពី​​ពល​រដ្ឋ​និង​មាន​ការ​ទទួល​ស្គាល់​ពី​អាជ្ញា​ធរ​ភូមិ​ ឃុំ ហើ​យ​គាត់​ត្រូវ​ការ​អភិ​វឌ្ឍ​ដីនោះដើម្បី​ដាំ​ដុះ​ដំណាំ​ហូប​ផ្លែ​សម្រាប់​បង្កើន​ប្រាក់​ចំណូល​គ្រួសារ​។

គួរ​បញ្ជាក់​ថា​ កាល​ពី​ថ្ងៃ​ទី​១០​ ខែ​កក្កដា​ ឆ្នាំ​២០១៨ ​ក្រុម​អធិ​ការ​កិច្ច​ក្រសួង​បរិស្ថាននិងមន្ទីរ​បរិស្ថាន​ខេត្ត​កំពង់​ស្ពឺ​បាន​សម្រេច​ដក​ហូត​ដី​ព្រៃ​ទំហំ​២០​ហិកតានៅ​ចំណុច​ភូមិ​ស្រែ​កិន ឃុំ​ត្រពាំង​ជោរ ស្រុក​ឱរ៉ាល់ ដែល​បុគ្គល​ឈ្មោះ ​គុល​ វិចិត្រ​ បាន​កាប់​រាន​ទន្ទ្រាន​កាន់​កាប់​ដោយ​ខុស​ច្បាប់​កាល​ពី​កន្លង​ទៅ​ថ្មីៗ​នេះមក​ទុក​ជាស​ម្បត្តិរ​ដ្ឋវិ​ញ។​ជាមួ​យ​គ្នា​នេះ​ក្រសួង​បាន​ព្រមាន​ចាត់​វិធាន​ការ​ច្បាប់​យ៉ាង​តឹង​រ៉ឹង​បំផុត​ដល់​បុគ្គល​ទាំង​ឡាយ​ណា​ដែល​បាន​កាប់​ទន្ទ្រាន ​កាន់​កាប់​ និង​ទិញ​ លក់​ដីព្រៃ​ ដោយ​ខុស​ច្បាប់ក្នុង​តំបន់​ដែន​ជម្រក​សត្វ​ព្រៃ​ទាំង​អស់​នៅទូ​ទាំង​​ព្រះ​រាជា​ណា​ចក្រ​កម្ពុជាដោយ​គ្មាន​ការ​លើក​លែង​៕