កំពង់​ស្ពឺៈ ប្រធាន​អង្គការ​អភិរក្ស​ធនធាន​ធម្មជាតិ​ និងសត្វព្រៃ លោក ជា ហ៊ាន ដែល​សកម្ម​ក្នុង​ការ​ធ្វើ​សកម្ម​ភាព​ទប់​ស្កាត់​បទ​ស្មើស​ព្រៃ​ឈើ​ ពាក់​ព័ន្ធ​នឹង​មន្ត្រី​មួយ​ចំនួន​ ត្រូវបាន​ស្ត្រី​ម្នាក់​ ដាក់​ពាក្យ​ប្ដឹង​ទៅ​កាន់​ស្នងការ​រដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ ដោយ​ចោទ​ប្រកាន់​​ពីបទ ​«រំលោភ​​​លើ​កម្មសិទ្ធិ ឯក​ជន​ស្រប​ច្បាប់» ​។

លោក សម ស័ក្ដិ ប្រធាន​ការិយា​ល័យ​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់ នៃ​ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត​កំពង់​ស្ពឺ បាន​និយាយថា លោក​ជា ហ៊ាន ត្រូវ​បាន​ស្ត្រី​ម្នាក់​ឈ្មោះ សៀង សា​ម៉េន អាយុ​ ៤៦​ ឆ្នាំ រស់​នៅ​ភូមិ​-ឃុំខ្ពប​តាងួន​ ស្រុក​ស្ទឹង​ត្រង់​ខេត្ត​កំពង់​ចាមប្ដឹង ចោទ​ប្រកាន់​ថា​ បាន​រារាំង​និង​ទប់​ស្កាត់​ ដល់​ដំណើកាឈូសឆាយពង្រាប​ដី កម្មសិទ្ធិ​ស្រប​ច្បាប់​របស់​គាត់ ដើម្បី​​ដាំដំណាំ​ផ្សេង​ៗ សម្រាប់​បង្កើន​ប្រាក់​ចំណូល​ក្នុងជីវ​ភាព​គ្រួសារ ។​

យោង​តាម​ពាក្យ​​បណ្ដឹង​របស់​អ្នកស្រី សៀង សាម៉េន កាលពី​ថ្ងៃ​ទី​ ១៣ ខែ​ មិថុនា ឆ្នាំ ​២០១៨ ដែល​បាន​​​ប្ដឹង​​​ទៅ​ការិយា​ល័យ​ព្រហ្ម​ទណ្ឌ​កម្រិត​ធ្ងន់ ​នៃ​ស្នងការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់​ស្ពឺ បានរៀប​រាប់​ថា កាលពី​ដើមខែ​មិថុ​នា ឆ្នាំ ២០១៨ លោក ជា ហ៊ាន បាន​ចុះ​ហាមឃាត់​ការឈូស​ឆាយ​ដី កម្ម​សិទ្ធស្រប​ច្បាប់​​របស់​គាត់​ នៅចំណុច​ភូមិ​ស្រែកិន ​ឃុំ​ត្រពាំង​​ជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់​ស្ពឺ ដើម្បី​ដាំ​ដំណាំ​ ដោយ​អះ​អាង​ថា ដីនោះ​ជាដី​ព្រៃ​ ដែល​គ្រប់​គ្រង​ដោយ​ក្រុម​បរិស្ថាន។

អ្នកស្រី​ សាម៉េន បាន​បញ្ជាក់​នៅ​ក្នុង​ពាក្យ​បណ្ដឹង​នោះ ​ថា៖«គាត់​[ជា ​ហ៊ាន]មិនបាន​ប្រាប់​ថា ​គាត់​ជានរណា មក​ពី​ណា …ហើយ​លិខិត​បេសក​កម្មការ​ពារ​បរិស្ថាន ​ក៏មិន​បាន​បង្ហាញ​នាង​ខ្ញុំ​ដែរ។ ទង្វើ​ទាំង​នេះ​ ស្ដែង​ឡើង​កើត​ជាបទ​ល្មើស​ពិត​​ប្រាកដ និង​បាន​ធ្វើ​ឲ្យ​ប៉ះ​ពាល់​សេចក្ដី​ថ្លៃ​ថ្នូរ និង ផល​ប្រយោជន៍​របស់​នាង​ខ្ញុំ​យ៉ាង​ធ្ងន់​ធ្ងរ» ។

លោក ស័ក្ដិ​បានបញ្ជាក់​ថា៖«នៅពេល​នេះ ក្រុម​កម្លាំង​សមត្ថ​កិច្ច​យើង​ កំពុង​ធ្វើ​ការ​អង្កេត​ និង​ប្រមូល​ភស្ដុ​តាងពី​ជនដែល​ពាក់​ព័ន្ធ ដើម្បី​កសាង​សំណុំ​រឿង​តាម​នីតិវិធី​ច្បាប់​»។

ជុំវិញ​បណ្ដឹង​ចោទ​ប្រកាន់​នេះ លោក ជា ហ៊ាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ លោក​ពុំមានក្ដី​ព្រួយកង្វល់​អ្វី​នោះ​ទេ ប៉ុន្តែ​បាន​ក្រើន​រំលឹក​ឲ្យ​លោក​រឹត​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន ថែម​ទៀត ក្នុង​ការ​ចុះ​ពង្រឹង​ការ​អនុវត្ត​ច្បាប់​។

លោក បញ្ជាក់​ថា៖«​គាត់​អះអាង​ថា​ ដី​នោះ ​គាត់​ទិញ​ពី​ប្រជាពល​រដ្ឋ ប៉ុន្តែ​អ្វីដែល​យើង​រក​ឃើញ​ គឺ​ដីនោះ ​ជាដីព្រៃ​ដែល​ព្រះរាជ​ក្រិដ្ឋ​ បានកំណត់​ជាតំបន់​ការពារ​ធនធាន​ធម្មជាតិ។ នៅ​ពេល​នេះ ​យើង​កំពុង​ប្រមូល​ភស្ដុង​តាងបន្ថែម ​ដើម្បី​កសាង​សំណុំ​រឿង​ឡើង​ទៅ​តុលាការ ​ប្រឆាំង​ចំពោះ​ជន​ដែល​បាន​កាប់​ទន្ទ្រាន​ដី​ព្រៃ​របស់​រដ្ឋ យក​ទៅ​លក់​ឲ្យ​ឯកជនខុសច្បាប់»។

បើតាម​លោក ហ៊ាន ឯកសារទិញ​លក់​ ដែល​អ្នកស្រី សាម៉េន បាន​អះអាង​ថា​ ទើប​នឹង​ទិញ​ពី​ប្រជាពលរដ្ឋ​នៅ​ក្នុង​តំបន់​នោះ គឺ​ជាឯកសារ​«មិន​ស្រប​ច្បាប់​» ដោយ​លោក​អះអាង​ថា អាជ្ញាធរភូមិ​ ឃុំ​ មួយចំនួន ​មានការ​ឃុប​ឃិត​លួចទន្ទ្រាន​ដីព្រៃ​ក្នុង​តំបន់​ការ​ពារ​ធនធាន​ធម្ម​ជាតិ​ភ្នំ​ឱរ៉ាល់ ដោយ​ខុស​ច្បាប់ ​យក​ទៅ​លក់​បន្តឲ្យ​ឯក​ជន​ដោយ​ខុស​ច្បាប់​ថែម​ទៀត៕