ពោធិ៍សាត់ៈ សកម្មជន​ព្រៃឈើ​លោក ជា ហ៊ាន នឹង​ដាក់​លិខិតស្នើ​ឲ្យ​ក្រសួង​បរិស្ថាន​ចុះ​ស៊ើបអង្កេត​ចំពោះ​នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល និង​នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​នៅ​សប្តាហ៍​ក្រោយ​ដោយ​អះអាងថា មន្ត្រី​ទាំង​ ២ ​រូប​​ ឃុបឃិត​គ្នា​ឲ្យ​ឈ្មួញ​កាប់​ និង​ដឹកជញ្ជូន​ឈើ ប៉ុន្ដែ​មន្ត្រី​តម្រូវ​ឲ្យ​លោក​ដាក់​ភ័ស្តុតាង​បន្ថែម​។

លោក​ ជា ហ៊ាន ប្រធាន​អង្គការ​ប្រឆាំង​អំពើ​ពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) ​ប្រាប់​ពី​ម្សិលមិញ​ថា លោក​បាននិង​កំពុង​រៀបចំ​លិខិត​ដាក់​ជូន​លោក​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួង បរិស្ថាន ស្នើឲ្យ​លោក​ចាត់​មន្ត្រី​ជំនាញ​ចុះ​ស៊ើបអង្កេត និង​ធ្វើ​អធិការកិច្ច​លើ​លោក​ ជា យុទ្ធា នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្តាល និង​លោក​ ឡុង ស៊ី នាយក​ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​។ ព្រោះ​ពួកគាត់​ទាំង​ ២ ​នាក់​បាន​បើកចំហ​ឲ្យ​ឈ្មួញ​ខិលខូច​កាប់ និង​ដឹកជញ្ជូន​ឈើ​ចេញ​ពី​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។

លោក​បញ្ជាក់ថា​៖ «​មន្ត្រី​ទាំង​ ២ ​នាក់​នេះ​បាន​ប្រព្រឹត្ត​អំពើ​ពុករលួយ​ដោយ​គ្មាន​វិធានការ​ទប់ស្កាត់ បណ្ដែតបណ្ដោយ​ឲ្យ​ជន​ប្រព្រឹត្ត​បទល្មើស​ចូល​កាប់​ឈើ ដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​អភិរក្ស​ឧទ្យាន​ជាតិ​ភ្នំក្រវាញ​។ ពួកគាត់​មិន​បង្ក្រាប​បទល្មើស​គាត់​មាន​ចេតនា​សមគំនិត​ជាមួយ​ឈ្មួញ ហើយ​ខ្ញុំ​គ្រោង​ដាក់សំណើ​ ១ ​នៅ​សប្ដាហ៍ ក្រោយ​នេះ​ទៅ​រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​ឲ្យ​ស៊ើបអង្កេត​ទៅលើ​បុគ្គល​ទាំង​ ២ ​នាក់​»​។

លោក​ថា ប្រសិន​បើ​លោក​ សាយ សំអាល់ គ្មាន​វិធានការ​ទៅលើ​មន្ត្រី​ទាំង​ ២ ​នាក់​ទេ លោក​នឹង​ដាក់​ពាក្យបណ្ដឹង​ ១ ​បន្ថែម​ទៀត​ទៅ​តុលាការ​ស្នើ​ឲ្យ​ចាត់​វិធានការ​លើ​ករណីនេះ​។ ម្យ៉ាងទៀត​ពួកគាត់​ទាំង​ ២ ​នាក់​មិន​ដែល​សហការ​ជាមួយ​អង្គការ​លោក​ទេ ដោយ​បិទបាំង​ព័ត៌មាន​ជាច្រើន​ជុំវិញ​បទល្មើស​ព្រៃឈើ​នៅក្នុង​ដែន​សមត្ថកិច្ច​មន្ត្រី​ទាំង​ ២ ​នាក់​។

មន្ត្រី​ទាំង​ ២ ​រូប​គឺ​លោក​ ជា យុទ្ធា និង​លោក ឡុង ស៊ី ពី​ម្សិលមិញ​មិន​ទាន់​អាច​ស្វែងរក​ប្រភព​ទាក់ទង​សុំ​ការបញ្ជាក់​ជុំវិញ​ការចោទប្រកាន់​របស់​លោក​ ជា ហ៊ាន នេះ​ទេ​។

លោក​ ប៉ាន់ មរកត ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តពោធិ៍សាត់​ថ្លែង​ពី​ម្សិលមិញ​ថា ការលើកឡើង​របស់​លោក ជា ហ៊ាន គឺជា​រឿង​មិន​ពិត និង​គ្មាន​មូលដ្ឋាន​ច្បាស់លាស់​។ លោក​ថា មន្ត្រី​ឧទ្យានុរក្ស​បាន​សហការ​ជាមួយ​អង្គការ​ជាតិ និង​អន្តរជាតិ​ជាច្រើន​ក្នុង​ការអភិរក្ស​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ឧទ្យានជាតិ​ជួរ​ភ្នំក្រវាញ​ខាងត្បូង​។

លោក​បន្តថា កិច្ចសហការ​ជាមួយ​អង្គការ​ទាំងនោះ​បាន​ចុះបង្ក្រាប​បទល្មើស ជាច្រើន​ករណី និង​រៀបចំ​របាយការណ៍​ទៅ​ថ្នាក់លើ​ជា​ហូរហែ​។ ប៉ុន្ដែ​អង្គការ​របស់លោក​ជា ហ៊ាន មិន​ដែល​មក​សហការ​ជាមួយ​មន្ត្រី​ឧទ្យានុរក្ស​ទេ ដោយ​គ្រាន់តែ​ចោទប្រកាន់​មន្ត្រី​ប៉ុណ្ណោះ​។

ចំពោះ​ការលើកឡើង​ពី​បទល្មើស​នេះ លោក​មិន​បាន​ដឹងថា លោក ជា ហ៊ាន លើក​យក​បទល្មើស​ពី​កន្លែង​ណា​មក​និយាយ​ទេ​។ លោក​បញ្ជាក់ថា​៖ «​ការដែល​គាត់​ចង់​ស្នើឲ្យ​ក្រសួងបរិស្ថាន​ចុះ​ធ្វើ​អធិការកិច្ច​មកលើ​មន្ត្រី​ទាំង​ ២ ​នាក់​នេះ ខ្ញុំ​មិនមាន​មតិ​អ្វី​ទេ ស្រេច​តែ​គាត់​ទៅ អាស្រ័យ​លើ​ថ្នាក់លើ​សម្រេច​ទេ​។ ខ្ញុំ​ថា មុន​នឹង​គាត់​ចោទប្រកាន់​មន្ត្រី​ណា​ម្នាក់ គួរតែ​គាត់​ចុះ​មក​ផ្ទាល់ ហើយ​សាកសួរ​ព័ត៌មាន​ឲ្យ​ច្បាស់​សិន​»​។

លោក​ នេត្រ ភក្ត្រា រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​ថ្លែង​ពី​ម្សិលមិញ​ថា លោក​សុំឲ្យ​លោក ជា ហ៊ាន ជួយ​រក​ភ័ស្តុតាង​បន្ថែម​ឲ្យ​បាន​ច្រើន​ជាង​នេះ ដើម្បី​អាច​បញ្ជាក់​ថា បុគ្គល​ទាំង​ ២ ​នាក់​ពិតជា​ជាប់​ពាក់ព័ន្ធ​អំពើ​ពុករលួយ​មែន​។ ប្រសិន​បើ​គាត់​មាន​ភ័ស្តុតាង​ច្បាស់លាស់​ស្នើសុំ​ឲ្យ​គាត់​ដាក់​ពាក្យ​បណ្តឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​តែម្តង​ដែល​នេះ​គឺជា​ការអនុវត្ត​តាមច្បាប់​។

លោក​ថា​៖ «​បើ​គាត់​មាន​ឈ្មោះ និង​ភ័ស្តុតាង​ដែល​បញ្ជាក់​ថា បុគ្គល​ទាំងនោះ​មាន​ជាប់​អំពើ​ពុករលួយ​មែន បើ​គ្រាន់​តែ​ជា​ការនិយាយ និង​គ្រាន់តែ​បង្ហាញ​រូបភាព​មិន​ទាន់​មាន​មូលដ្ឋានគ្រឹះ​ច្បាប់​រឹងមាំ ដើម្បី​អនុវត្ត​វិធានការ​ច្បាប់​ឡើយ​»​។

ទោះយ៉ាងណា​លោក​ ជា ហ៊ាន ម្សិលមិញ​ថ្លែងថា លោក និង​មន្ត្រី​ឧទ្យានុរក្ស​ភ្នំឱរ៉ាល់​សរុប​ជាង​ ១០ ​នាក់ ​បាន​ចុះ​ល្បាត​ក្នុង​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ចាប់ពី​ថ្ងៃទី​ ១៥-១៧ ឧសភា​ដោយ​ក្រុម​លោក​បាន​ជួបប្រទះ​បទល្មើស​ការដឹកជញ្ជូន​ឈើ​តាម​គោយន្ត​ជាច្រើន​គ្រឿង​។ ជនល្មើស​បាន​ទម្លាក់​ឈើ​ចេញពី​គោយន្ត​រួច​បាន​បើកបរ​គោយន្ត​រត់គេចខ្លួន​ដោយ​បន្សល់ទុក​ឈើហុប​ចំនួន​ ៥០ ​ដុំ​ (​ប្រវែង​ចន្លោះ​ពី​ ៣ ទៅ​ ៥ ​ម៉ែត្រ​)​។

លោក​ថា ឈើ​ទាំងនេះ​ត្រូវ​បាន​ក្រុម​ឈ្មួញ​កាប់ និង​ដឹក​ចេញ​ពី​តំបន់​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់ ឧទ្យាន​ជាតិ​ជួរ​ភ្នំក្រវាញ​កណ្ដាល និង​ភ្នំក្រវាញ​ខាងត្បូង​ខេត្ត​ពោធិ៍សាត់​។ ក្រុម​ឈ្មួញ​ទាំងនោះ​គ្រោង​ដឹក​បន្ត​ទៅ​លក់​នៅ​តាម​រោង​ម៉ាស៊ីន​នានា​នៅ​ខេត្ត​កំពង់ស្ពឺ​ដោយ​ឆ្លងកាត់​ស្នាក់ការ​រដ្ឋបាល ព្រៃឈើ​ជាច្រើន​កន្លែង​យ៉ាង​រលូន​៕