កំពង់ស្ពឺៈ ប្រធាន​អង្គការ​ប្រឆាំង​អំពើពុករលួយ​ទប់ស្កាត់​ការបំផ្លាញ​ធនធាន​ធម្មជាតិ​ និង​ការពារ​សិទ្ធិ​ពលរដ្ឋ​ (ACNCIPO) លោក ជា ហ៊ាន ដាក់​លិខិត​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​ថ្ងៃនេះ​សុំ​ឲ្យ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាលខេត្ត​កំពង់ស្ពឺ​ដកហូត​ដី​ជាង​ ១៥០ ​ហិកតា​ ពី​ក្រុម​ឈ្មួញ​ទុកជា​សម្បត្តិ​រដ្ឋ​វិញ​។ លោក​ថា មាន​ឈ្មួញ​លួច​លក់​ដីព្រៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​។

លោក​ ជា ហ៊ាន ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា លោក​កំពុង​រៀបចំ​សរសេរ​លិខិត​ ១ ​ច្បាប់​ដាក់​ទៅ​លោក ស ខេង រដ្ឋមន្ត្រី​ក្រសួង​មហាផ្ទៃ​នៅ​ថ្ងៃទី​ ២២ ខែកញ្ញា​ នេះ ​ស្នើសុំ​ជួយ​អន្តរាគមន៍​ទៅ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ ដើម្បី​ដកហូត​ដីព្រៃ​ដែន​ជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​ជាង​ ១៥០ ​ហិកតា ​ពី​លោកស្រី​ សៀង សាម៉េន ទុក​ជា សម្បត្តិ​រដ្ឋ​វិញ​។ ទីតាំង​ដីព្រៃ​នេះ​ស្ថិតនៅ​ភូមិ​ស្រែកិន ឃុំ​ត្រពាំងជោរ ស្រុក​ឱរ៉ាល់ ខេត្ត​កំពង់ស្ពឺ​។

លោក​បន្តថា លោកស្រី សៀង សាម៉េន បាន​ឃុបឃិត​គ្នា​ជាមួយ​អាជ្ញាធរ​លួច​លក់​ដីព្រៃ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​កាលពី ២ ​សប្ដាហ៍​កន្លង​ទៅ​នេះ បន្ទាប់ពី​លោកស្រី​បាន​ដឹកនាំ​បក្ខពួក​ឈូសឆាយ រំលោភ​យក​កាលពី​ឆ្នាំ​ ២០១៨​។ ប៉ុន្ដែ​កាលនោះ​លោក​បាន​ប្ដឹងទៅ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ឲ្យ​ដកហូត​ដី​នេះ​ម្ដង​រួចមកហើយ​។ ស្រាប់តែ​ថ្មីៗ​នេះ លោកស្រី​បាន​លួច​លក់​ដី​ទំហំ​ ១៥០ ​ហិកតា​ ទៅ​ឲ្យ​ឈ្មួញ​ផ្សេងទៀត​ដោយ​មិន​គោរព​តាម​ដីកា​ដកហូត​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។

លោក​ ជា ហ៊ាន បញ្ជាក់​ថា​៖ «​ខ្ញុំ​សូម​ស្នើ​ឲ្យ​ក្រសួងមហាផ្ទៃ និង​ភាគី​ពាក់ព័ន្ធ​បើក​ការស៊ើបអង្កេត​អ្នក​នៅ​ពីក្រោយ​ខ្នង​ការលក់​ដីព្រៃ​ក្នុង​តំបន់​អភិរក្ស​នៅ​ភូមិ​ស្រែកិន​នេះ​។ ពោលគឺ​ខ្ញុំ​សុំ​ប្ដឹង​ឲ្យ​មោឃភាព​រាល់​លិខិត​កាន់កាប់ និង​ទិញ​លក់​ដីព្រៃ​តំបន់​នោះ​ដោយ​ខុសច្បាប់​ទាំងអស់ ហើយ​ដីព្រៃ​នេះ​ត្រូវ​រក្សា​ទុកជា​សម្បត្តិ​របស់​រដ្ឋ​ដដែល និង​សុំឲ្យ​ដាំ​ដើមឈើ​ឡើងវិញ​។ រីឯ​ជនល្មើស​ត្រូវតែ​ផ្ដន្ទាទោស​តាមច្បាប់​ស្ដីពី​តំបន់​ការពារ​ធម្មជាតិ​»​។

មេឃុំ​ត្រពាំង​ជោរ​លោក ទេព ណែម ថ្លែង​ពី​ម្សិលមិញ​ថា លោក​បានឃើញ​លិខិត​ទិញ-លក់ និង​ផ្ទេរកម្មសិទ្ធិ​ដីធ្លី​នេះ​ដែល​មាន​ចុះហត្ថលេខា​ទទួល​ពី​មេភូមិ​ស្រែកិន​លោក​ អ៊ឹម សន ប៉ុន្ដែ​លោក​មិនបាន​ចុះហត្ថលេខា​ទទួលស្គាល់ ឬ​អនុញ្ញាត​ឲ្យ​មាន​ការទិញ​លក់​ទេ ដោយ​ទុក​លិខិត​នោះ​នៅ​រដ្ឋបាល​ឃុំ​ត្រពាំង​ជោរ​នៅ​ឡើយ​។ ព្រោះ​ដី​តំបន់​នេះ​ការពារ​ដោយ​ព្រះរាជក្រឹត្យ និង​មាន​ដីកា​ដកហូត​ពី​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ទៀតផង​។

លោក​បញ្ជាក់ថា​៖ «​ខ្ញុំ​មិនបាន​អនុញ្ញាត​ឲ្យ​ទិញ​លក់​ទេ ព្រោះ​ជា​ដី​រដ្ឋ​ដែល​ការពារ​ដោយ​ព្រះរាជក្រឹត្យ និង​មាន​ដីកា​ដកហូត​ពី​ខេត្ត​ទៀត​។ អ៊ីចឹង​ខ្ញុំ​អត់​ហ៊ាន​ស៊ីញេ​ទិញ​លក់​ដី​អី​ទេ ឥឡូវ​លិខិត ហ្នឹង ខ្ញុំ​បាន​បង្កក​ទុកចោល​នៅ​សាលាឃុំ​ត្រពាំង​ជោ​ហើយ មិនមាន​ការទិញ​លក់​អ្វី​ទៀត​ទេ​»​។

លោក​ អ៊ឹម សន មេភូមិ​ស្រែកិន​និយាយ​ពី​ម្សិលមិញ​ថា លោក​ធ្លាប់​បានដឹង​ពី​ការទិញ​លក់​ដីព្រៃ​តំបន់​ភ្នំ​ឱរ៉ាល់​កាលពី​ឆ្នាំ​ ២០១៨ ​មែន ប៉ុន្ដែ​ថ្មីៗ​នេះ​លោក​មិន​បាន​ចុះហត្ថលេខា​ឲ្យ​លោកស្រី​ សៀង សាម៉េន ទៀត​ទេ​។ ពោលគឺ​ថ្មីៗ​នេះ​លោក​មិន​បាន​ចុះហត្ថលេខា​ទិញ​លក់​ដី​នៅ​តំបន់​នេះ​ទេ​។

លោក​ថា​៖ «​កាលពី​ឆ្នាំ​ ២០១៨ កន្លងមក​ខ្ញុំ​ធ្លាប់​ដឹង​អ៊ីចឹង​មែន គឺ​គេ​នាំគ្នា​ទិញ​លក់​ដី​ហ្នឹង តែ​ឥឡូវនេះ​អត់​មាន​ទេ​។ ខ្ញុំ​អត់​ហ៊ាន​ស៊ីញេ​ទេ ព្រោះ​ការពារ​ដោយ​ព្រះរាជក្រឹត្យ​ទុកជា​តំបន់​ការពារ​របស់​រដ្ឋ​ជា​យូរ​ឆ្នាំ​ហើយ​»​។

លោកស្រី​ សៀង សាម៉េន ត្រូវជា ភរិយា លោក អ៊ូ សំរេចចេស្ដា ដែល​ត្រូវបាន​គេ​ស្គាល់​ថា ជា​មន្ត្រី​យោធា​មិន​អាច​ទាក់ទង​សុំ​ការបំភ្លឺ​បាន​នៅ​ឡើយ​ទេ​ពី​ម្សិលមិញ​។

តាម​ដីកា​ស្ដីពី​ការបដិសេធ និង​ដកហូត​ដីព្រៃ​ជាង​ ១៥០ ​ហិកតា​ នៅ​ដែនជម្រក​សត្វព្រៃ​ភ្នំ​ឱរ៉ាល់​របស់​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​ចុះថ្ងៃទី​ ២៦ តុលា ឆ្នាំ​ ២០១៨ ​បានប្រកាស​បដិសេធ និង​ដកហូត​ដីព្រៃ​ឈើ​ដែល​បាន​កាប់រាន ដុត ឈូសឆាយ និង​ហ៊ុមព័ទ្ធ​កាន់កាប់ ដើម្បី​វាត​យក​ដី​ធ្វើជា​កម្មសិទ្ធិ​សរុប​ជាង​ ១៥០ ​ហិកតា ​នៅ​ទីតាំង​ខាងលើ​នេះ​។ បទប្បញ្ញត្តិ​ទាំងឡាយ​ណា​ដែល​មាន​ខ្លឹមសារ​ផ្ទុយ​នឹង​ដីកា​នេះ​ត្រូវ​ទុក​ជា​និរាករណ៍​៕