ភ្នំពេញៈ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយ​នីស្ដ និង​ជា​ប្រធាន​រដ្ឋ​នៃ​សាធា​រណ​រដ្ឋ​សង្គម​និយម​វៀតណាម លោក ង្វៀង ហ្វ៊ូជុង (Nguyen Phu Trong) នឹង​ដឹកនាំ​គណៈ​ប្រតិភូ​ជាន់​ខ្ពស់​មក​បំពេញ​ទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​កម្ពុជា​ចាប់​ពី​ថ្ងៃ​ទី ២៥ ដល់​ថ្ងៃទី ២៦ ខែ​កុម្ភៈ ឆ្នាំ ២០១៩ ជា​ការ​ឆ្លើយតប​តាម​ការ​អញ្ជើញ​ពី​ព្រះមហា​ក្សត្រ​កម្ពុជា ព្រះបាទ​សម្ដេច​ព្រះ​បរមនាថ នរោត្តម សីហមុនី។ នេះ​បើ​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​ក្រសួង​ការបរទេស​កម្ពុជា​កាល​ពី​ថ្ងៃ​ទី ២០ ខែ​កុម្ភៈ។

តាម​សេចក្ដីប្រកាស​ព័ត៌មាន ក្នុង​ដំណើរ​ទស្សនកិច្ច​រយៈពេល ២ ថ្ងៃនេះ លោក ង្វៀង ហ្វ៊ូជុង នឹង​ចូល​គាល់​ព្រះ​ករុណា​ព្រះបាទ​សម្ដេច​ព្រះបរម​នាថ នរោត្តម សីហមុនី និង​សម្ដេច​ព្រះមហា​ក្សត្រី នរោត្តម មុនីនាថ សីហនុ ព្រះ​វររាជ​មាតា​ជាតិ​ខ្មែរ​មុន​នឹង​ចូល​ទៅ​ថ្វាយ​បង្គំ​សម្ដេច​ព្រះមហា​សង្ឃរាជ​ទាំង ២ គណៈ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។ ក្រៅ​ពី​នោះ​លោក​ក៏​នឹង​ជួប​ជាមួយ​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា លោក ហេង សំរិន ប្រធាន​រដ្ឋសភា និង​ចូលរួម​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក្នុង​ពិធី​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​ចំនួន​ផង​ដែរ។

លោក ផៃ ស៊ី​ផាន មន្ត្រី​នាំពាក្យ​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់​ទុក​ទស្សនកិច្ច​របស់​ថ្នាក់​ដឹកនាំ​កំពូល​វៀតណាម​នេះ​ថា​ជា​ការ​បង្ហាញ​ពី​ភាព​វិជ្ជមាន​លើ​កិច្ច​សហការ​គ្រប់​វិស័យ​រវាង​កម្ពុជា-វៀតណាម​ ជាពិសេស​គឺ​ការរក្សា​ស្ថិរភាព និង​សន្ដិភាព​តាម​ព្រំដែន ខណៈ​ការ​បោះ​បង្គោល​ព្រំដែន​នៃ​ប្រទេស​ទាំង ២ ជិត​បញ្ចប់។

លោក​ថា៖ «មាន​ភាព​វិជ្ជមាន​យើង​រក្សាបាន​កិច្ចសហការ និង​ការ​ថែរក្សា​សន្ដិភាព​រវាង​ប្រទេសទាំង ២ ហើយ​យើង​បាន​រក្សា​បាន​សន្ដិភាព​នៅ​តាម​ព្រំដែន»។

ទោះជា​យ៉ាងណា លោក មាស នី អ្នកសិក្សា​ស្រាវជ្រាវ​សង្គម​បាន​កត់​សម្គាល់​ថា មួយរយៈ​ពេល​ចុង​ក្រោយ​នេះ​មាន​រូបភាព​បង្ហាញ​ច្បាស់​ថា​ប្រទេស ​វៀតណាម ​ហាក់​មាន​ឥទ្ធិពល​លើ​កម្ពុជា ក្រោយ​ពី​មាន​ការ​បង្កើត​ឱ្យ​មាន​ស្ដូប​មិត្តភាព​កម្ពុជា-វៀតណាម ​នៅ​តាម​ខេត្ត​ក្រុង​របស់​កម្ពុជា​ដែល​លោក​យល់​ថា​ជា​ការ​បង្ហាញ​នូវ​ការ​ដឹង​គុណ​ខ្លាំង​ពេក​លើ​វៀតណាម។

លោក មាស នី បារម្ភ​ថា ការបង្ហាញ​ពី​ភាព​ដឹងគុណ​ខ្លាំង​បែបនេះ​អាច​ធ្វើ​ឱ្យ​កម្ពុជា​មាន​គ្រោះ​ថ្នាក់​ដោយសារ​ធ្វើ​ឱ្យ​មាន​លំហូរ​ជន​ជាតិ​វៀតណាម​ខុស​ច្បាប់​បន្ថែម​ទៀត​ដែល​ហាក់​មិន​ខុស​ពី​ប្រវត្តិសាស្ត្រ​ក្នុង​សម័យ​ព្រះបាទ ជ័យ​ជេដ្ឋា​ទី ២ ដែល​កាល​នោះ ព្រះអង្គ​ដឹង​គុណ​វៀតណាម​ខ្លាំង​ពេក​ហើយ​បាន​អនុញ្ញាត​ឱ្យ​ជនជាតិ​វៀតណាម​ចូល​មក​តាំង​លំ​នៅ​លើ​ទឹកដី​កម្ពុជា​ក្រោម​បណ្ដោះ​អាសន្ន ប៉ុន្តែ​ក្រោយ​មក​ពលរដ្ឋ​វៀតណាម​ក៏​ទទួល​សិទ្ធិ​ស្រប​ច្បាប់ និង​កំពុង​រស់​នៅ​និង​កាន់​កាប់​ដល់​សព្វថ្ងៃ។

លោក​ថា៖ «សម្រាប់​កម្ពុជា ខ្ញុំ​គិតថា​គឺ​អាស្រ័យ​លើ​សមត្ថភាព​របស់​អ្នក​ដឹកនាំ ប្រសិន​បើ​អ្នក​ដឹកនាំ​មាន​សមត្ថភាព​ធ្វើឱ្យ​សេដ្ឋកិច្ច​រឹងមាំ ហើយ​ជា​អ្នក​ដឹកនាំ​មិន​រណប និង​មិន​ដឹង​គុណ​គេ​ខ្លាំង​ពេក អាហ្នឹង​យើង​អាច​បន្សាប​ឥទ្ធិពល​នោះ​បាន»។

ខុសពី​លោក មាស នី លោក គិ​ន ភា ប្រធាន​វិទ្យាស្ថាន​ទំនាក់​ទំនង​អន្តរជាតិ​កម្ពុជា​នៃ​រាជ​បណ្ឌិត្យ​សភា​កម្ពុជា​លើក​ឡើង​ថា កម្ពុជា-វៀតណាម ​គឺជា​ទំនាក់​ទំនង​ធម្មតា ហើយ​ថា ការ​ពង្រឹង​និង​ពង្រីក​ទំនាក់​ទំនង​ក្នុង​នាម​ជា​ប្រទេស​មាន​ព្រំដែន​ជាប់​គ្នា​គឺមាន​សារៈ​សំខាន់​បំផុត​ទាំង​ទៅ​លើ​នយោបាយ សន្ដិសុខ និង​ការ​ដោះដូរ​ពាណិជ្ជកម្ម។

លោក គិ​ន ភា បន្តថា ថ្វី​ដ្បិត​រឿងរ៉ាវ​ប្រវត្តិសាស្ដ្រ​កំពុង​ធ្វើឱ្យ​ពលរដ្ឋ​កម្ពុជា​មួយ​ចំនួន​បារម្ភ​ពី​អធិបតេយ្យ​ក្ដី ប៉ុន្តែ​ការ​សាង​សង់​ស្ដូប​អនុស្សាវរីយ៍​កម្ពុជា-វៀតណាម​ នៅ​កម្ពុជា​គ្រាន់​តែ​ជា​ការ​ចងចាំ​ប្រវត្តិសាស្ដ្រ​ប៉ុណ្ណោះ​មិន​មែន​បង្ហាញ​ពី​ការ​ដឹង​គុណ​ខ្លាំង​ពេក​ឡើយ ព្រោះ​ភាគី​ទាំង ២ តែង​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក ហើយ​តាម​សច្ចភាព​ប្រវត្តិសាស្ដ្រ​ប្រទេស​ វៀតណាម​ អាច​បង្រួប​បង្រួម​គ្នា​បាន​ក៏ដោយ​សារ​មាន​ការ​ជួយពី​កម្ពុជា​ផង​ដែរ។

លោក​ថា៖ «ក្នុង​បរិបទ​សង្គ្រាម​ឥណ្ឌូចិន​ដែល​វៀតណាម​ប្រឆាំង​សហរដ្ឋ​អាមេរិក​យើង​ឃើញ​ថា​កាល​ដែល​វៀតណាម​អាច​រំដោះ​ប្រទេស​របស់​ខ្លួន​បង្រួប​បង្រួម​ប្រទេស​របស់​ខ្លួន​បាន ប្រសិន​បើ​គ្មាន​ការជួយ​ពី​កម្ពុជា​ទេ​វៀតណាម​ក៏​អត់​អាច​បង្រួប​បង្រួម​ប្រទេស​បាន​ដែរ អាហ្នឹង​ជា​សច្ចភាព​ប្រវត្តិសាស្ដ្រ​ដែល​វៀតណាម​ក៏ត្រូវ​ដឹង​គុណ​កម្ពុជា​វិញ​ដែរ ហើយ​កម្ពុជា​ត្រូវ​ទទួល​ស្គាល់​ថា​វត្តមាន​កងទ័ព​វៀតណាម​នៅ​កម្ពុជា​ក្នុង​ឆ្នាំ ១៩៧៨-១៩៧៩ ដែល​ឈាន​ដល់​ការ​រំលំ​របប​ខ្មែរ​ក្រហម​ប្រល័យ​ពូជ​សាសន៍​អាហ្នឹង​គឺ​ជាការ​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»។

លោក គិ​ន ភា បញ្ជាក់ថា ពិភពលោក​បច្ចុប្បន្ន​ស្ថិតក្នុង​សកលភាវូប​នីយកម្ម​ដែល​គ្រប់​ប្រទេស​តែង​អាស្រ័យ​គ្នា ដូច្នោះ​មិន​គួរ​ដេក​ឱប​ប្រវត្តិសាស្ដ្រ​ហើយ​បង្កើត​ការ​ឈឺ​ចាប់​នាំ​ឱ្យ​ស្អប់​ជាតិ​សាសន៍​ណាមួយ​ឡើយ។

ផ្ទុយទៅវិញ​គួរតែ​ខំប្រឹង​ពង្រឹង​ទំនាក់ទំនង​ពាណិជ្ជកម្ម និង​ធ្វើ​យ៉ាង​ម៉េច​ឱ្យ​មានការ​ស្ងប់ស្ងាត់​តាម​ព្រំដែន​ទើប​ប្រសើរ​ជាង។

រីឯ​លោក ផៃ ស៊ី​ផាន ក៏បាន​បញ្ជាក់ដែរថា កម្ពុជា​មិនអាច​លុប​ចោល​ប្រវត្តិសាស្ដ្រ​ដែល​កងទ័ព​វៀតណាម​ចូលរួម​ជាមួយ​កងទ័ព​រណសិរ្ស​សង្គ្រោះ​ជាតិ របស់​លោក ហេង សំរិន និង​លោក ហ៊ុន សែន ដើម្បី​រំដោះ​ប្រទេស​ជាតិ​បាន​ឡើយ ហើយ​កម្ពុជា​ក៏​ត្រូវ​បាន​គេ​ទទួល​ស្គាល់​ថា​មិន​បាន​ស្ថិត​ក្រោម​ឥទ្ធិពល​របស់​ប្រទេស​វៀតណាម​ឡើយ។

លោក​ថា៖ «ព្រោះ​យើង​មាន​រដ្ឋសភា​របស់​យើង​ច្បាស់លាស់ យើង​មាន​តុលាការ​របស់​យើង យើង​មាន​ព្រះមហា​ក្សត្រ​របស់​យើង​ដែល​ស្ថិត​នៅ​ក្រោម​នីតិរដ្ឋ​របស់​យើង ហើយ​ដោយសារ​កម្ពុជា​មាន​គណបក្ស​ប្រឆាំង យើង​មិន​មាន​ឯក​បក្ស​ឯណា»។

ដោយឡែក​កាលពី​ថ្ងៃ ២០ កុម្ភៈ​ទីភ្នាក់ងារ​សារ​ព័ត៌មាន​វៀតណាម​ក៏បាន​ចុះ​ផ្សាយ​ដែរ​ថា​ទំនាក់​ទំនង​ការទូត​រវាង​កម្ពុជា-វៀតណាម ​ដែល​បង្កើត​ឡើង​កាល​ពី​ថ្ងៃទី ២៤ ខែ​មេសា ឆ្នាំ ១៩៦៧ តែង​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ​ជាន់​ខ្ពស់​ប្រទេស​ទាំង ២ ធ្វើ​ទស្សនកិច្ច​ទៅ​វិញ​ទៅ​មក​រួមទាំង​ផ្លាស់ប្ដូរ​ទស្សនកិច្ច​ថ្នាក់​រដ្ឋមន្ត្រី និង​វិស័យ​ឯកជន​ផង​ដែរ។ សារ​ព័ត៌មាន​នេះ​បន្ថែម​ថា លោក ង្វៀង ហ្វ៊ូជុង នឹង​ទៅ​ទស្សនកិច្ច​នៅ​ឡាវ នា​ថ្ងៃទី ២៤-២៥ មុន​មក​ដល់​កម្ពុជា៕