ភ្នំពេញៈ ​ប្រធា​នា​ធិប​តី​ស្រី​លង្កា​ ​លោក​ ​ម៉ៃ​ទ្រី​ប៉ា​ឡា ​ស្រ៊ី​សេនា​ ​(Maithripala Sirisena) ​នឹង​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ ៤ ​ថ្ងៃ ​ចាប់​ពី​ថ្ងៃ​ទី​ ៧ ​ដល់​ទី​ ១០​​ ខែ​សីហា ​តាម​ការ​អញ្ជើញ​របស់​ព្រះ​ករុណា​ព្រះ​បាទ សម្តេច​ព្រះ​ប​រម​នាថ​ ​ន​រោ​ត្តម​ សី​ហមុ​នី​ ​ព្រះ​មហា​ក្សត្រ​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា។​

​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ក្រសួង​ការ​បរទេស​ ​និង​សហ​ប្រតិ​បត្តិ​ការ​អន្តរ​ជាតិ​ កាល​ពី​ថ្ងៃ​អង្គារ បាន​បញ្ជាក់​ថា​៖​ «​ទស្ស​ន​កិច្ច​លើក​ដំបូង​មក​កាន់​កម្ពុជា​របស់​ឯក​ឧត្តម​ ​ម៉ៃ​ទ្រី​ប៉ា​ឡា ​ស្រ៊ីសេ​នា​ នៅ​ពេល​នេះ​នឹង​រួម​ចំណែក​យ៉ាង​សំ​ខាន់​ដល់​ការ​ពង្រឹង​ចំណង​មិត្ត​ភាព​ ​និង​ពង្រីក​កិច្ច​សហ​ប្រតិ​បត្តិ​ការ​នៅ​ក្នុង​វិស័យ​សេដ្ឋ​កិច្ច​ ពាណិជ្ជ​​កម្ម​ និង​វប្ប​ធម៌​ ​រវាង​កម្ពុ​ជា ​និង​ស្រី​លង្កា​»​។​

​យោង​តាម​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​​ដដែល​នេះ​បាន​ឱ្យ​ដឹង​ថា​ ​លោក​ ម៉ៃ​ទ្រី​ប៉ា​ឡា ​ស្រ៊ី​សេនា​ ​នឹង​ចូល​គាល់​ព្រះ​ករុណា ព្រះ​មហា​ក្សត្រ​នៃ​ព្រះ​រាជា​ណា​​ចក្រ​កម្ពុជា​ ​នៅ​ក្នុង​ព្រះ​បរម​រាជ​វាំង។​ ​លោក​ប្រធា​នា​ធិប​តី​ រូប​នេះ​ក៏​នឹង​ជួប​ប្រជុំ​ទ្វេភា​គី​ ជា​មួយ​លោក​នា​យក​រដ្ឋ​មន្ត្រី​ ​ហ៊ុន​ ​សែន​ ​ហើយ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ទ្វេភា​គី​​នៅ​ក្នុង​វិស័យ​ជា​ច្រើន​នឹង​ត្រូវ​លើក​យក​មក​ពិភា​ក្សា​ដើម្បី​ពង្រឹង​ថែម​ទៀត​នូវ​ចំណង​មិត្ត​ភាព​រវាង​ប្រទេស​ទាំង ​២​ ​ដែល​បាន​ចង​ភ្ជាប់​គ្នា​យ៉ាង​ជ្រាល​ជ្រៅ​តាម​រយៈ​ព្រះពុទ្ធ​សាស​នា​។​ ​

​សេច​ក្តី​ប្រ​កាស​ព័ត៌​មាន​ ​បញ្ជាក់​ថា​៖​ ​«​ថ្នាក់​ដឹក​នាំ​ទាំង​ ២ ​ក៏​នឹង​ធ្វើការ​ផ្លាស់​ប្តូរ​ទស្សនៈ​គ្នា​លើ​បញ្ហា​តំបន់​ និង​អន្តរ​ជាតិ​ ​ដែល​ជា​ការ​ព្រួយ​បារម្ភ ​និង​ផល​ប្រ​យោជន៍​រួម​ផង​ដែរ​»។​

​លោក ​ហ៊ុន​ ​សែន​ ​និង​លោក​ ​ម៉ៃ​ទ្រី​ប៉ា​ឡា ​ស្រ៊ីសេ​នា​ នឹង​ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​មួយ​ចំនួន​ផង​ដែរ​។​ ​

​លោក​ ​គិន​ ​ភា ​ប្រធាន​​វិទ្យា​ស្ថា​ន​ទំនាក់​ទំនង​អន្តរ​ជាតិ​នៃ​រា​ជប​ណិ្ឌត្យ​សភា​កម្ពុជា ​និង​ជាអ្នក​វិភាគ​បញ្ហា​នយោ​បាយ​ ​បាន​ឲ្យ​ដឹង​ថា ​ទស្សន​កិច្ច​នេះ​ គឺ​ជា​ចំណុច​ចាប់​ផ្តើម​ដ៏​ល្អ​មួយ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង ​២​ ។ ​កន្លង​មក ​ការ​ផ្លាស់​ប្តូរ​ទស្សន​កិច្ច​រវាង​កម្ពុជា ​និង​ស្រី​លង្កា​ក្នុង​កម្រិត​ថ្នាក់​ជាតិ​ មិន​សូវ​មាន​ជា​ធំដុំ​នោះ​ទេ​ ​គឺ​មាន​ម្តង​ក្នុង​ឆ្នាំ ២០០៦ ​ដែល​នាយក​រដ្ឋ​មន្ត្រី​ស្រី​លង្កា​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា។ ​ចាប់​តាំង​ពី​នោះ​មក​ ​មិន​ឃើញ​មាន​ដំណើរ​ទស្ស​នកិច្ច​ទៀត​​ទេ។​ ​ប្រធា​នាធិ​ប​តី​ស្រី​លង្កា​កា​ល​ពីមុន​ ក៏​មិន​ដែល​មក​បំពេញ​ទស្សន​កិច្ច​នៅ​កម្ពុជា​ដែរ​ ​ហើយ​មេ​ដឹក​នាំ​កម្ពុ​ជា​ក៏​មិ​ន​ដែល​ធ្វើ​ទស្សន​កិច្ច​ទៅ​កាន់​​ប្រទេស​នេះ​ដែរ។​

លោក​ ​គិន​ ​ភា ​បញ្ជាក់​ថា​៖​ ​«​យើង​អាច​និយាយ​ថា​ជា​ចំណុច​លេច​ធ្លោ​នៃ​ទំនាក់​ទំនង​រវាង​ប្រទេស​ទាំង​ ២ ហ្នឹង​ក្នុង​ក្រប​ខ័ណ្ឌ​នៃ​បរិបទ​ថ្មី។ ​ទាក់​ទង​ជា​មួយ​នឹង​ទំហំ​ពាណិជ្ជ​កម្ម​រវាង​​ប្រទេស​ទាំង ​២ យើង​មើល​ទៅ​ វា​អត់​មាន​អី​ជា​ដុំ​កំភួន​ទេ។ ​ក៏​ប៉ុន្តែ ​គ្រាន់​តែ​លក្ខណៈ​ដូច​គ្នា​ហ្នឹង​ត្រង់​ប្រទេស​យើង​ទាំង​ ២ ​ហ្នឹង​ វា​មាន​ការ​កាន់​ព្រះពុទ្ធ​សាស​នា​ដូច​គ្នា​» ​​។​

តែលោក​ថា​ វា​អាច​​ជា​សញ្ញា​មួយ​ល្អ​ក្នុង​ក្រប​ខ័ណ្ឌ​កិច្ច​សហ​ប្រតិ​បត្តិ​ការ​ និង​ការ​ផ្តោត​ការ​គាំ​ទ្រ​ឱ្យ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​កិច្ច​ការ​តំបន់​ ​និង​អន្តរ​ជាតិ​ ព្រោះ​​​ប្រទេស​ទាំង​ ២ ស្ថិត​នៅ​ក្នុង​ស្ថាន​ភាព​នយោ​បាយ​ និង​សេដ្ឋ​កិច្ច​ប្រ​ហាក់​ហែល​គ្នា​ និង​អាច​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក​ក្នុង​ករណី​ចាំ​បាច់​។

លោក​ ​មាស​ ​នី​ អ្នក​វិភាគ​នយោ​បាយ​ បាន​ឲ្យ​ដឹង​ដែរ​ថា​​បំណង​សំខាន់​គឺ​គ្រាន់​តែ​ការ​រឹត​ចំណង​ការទូ​ត​ធម្ម​តា​តាម​រយៈ​ការ​អញ្ជើញ​របស់​ព្រះ​ករុណា​ព្រះ​មហាក្ស​ត្រ​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា។​ ​ទិដ្ឋ​ភាព​មួយ​ទៀត​ឃើញ​ថា​ ​សព្វ​ថ្ងៃ​នេះ​ប្រ​ទេស​ ស្រី​លង្កា ​ក៏​កំពុង​ទទួល​រង​ការ​រិះគន់​ជា​បន្ត​បន្ទាប់​ពី​បស្ចិម​ប្រទេស​ទាក់ទង​នឹង​​ឥទ្ធិពល​ប្រទេស​ ចិន​ ដែរ ។ ​

លោក​​ថា​៖​ ​«​យើង​មើល​ចរន្ត​នៃ​ការ​ប្រាស្រ័យ​ទាក់​ទង​គ្នា​រវាង​ប្រទេស​មួយ​ចំនួន​ ដូច​ជា​ កម្ពុជា​-ស្រី​លង្កា​ ​ហើយ​នឹង​កម្ពុជា​ជា​មួយ​នឹង​ប្រទេស​ តួក​គី​ ដែល​សុទ្ធ​តែ​ជា​ប្រទេស​​កំពុង​តែ​​ទទួល​រង​នូវ​កា​ររិះ​គន់​ពី​បស្ចិម​ប្រទេស​ទាក់​ទិន​នឹង​ភូមិ​សាស្ត្រ​នយោ​បាយ​ក្នុង​តំប​ន់​»​ ៕