ភ្នំពេញៈ លោក ប៊ុនញ៉ាំង វរជិត ប្រធានាធិបតីឡាវ និងជាអគ្គលេខាធិការនៃគណៈកម្មាការមជ្ឈិមបក្សប្រជាជនបដិវត្តន៍ឡាវនឹងដឹកនាំគណៈប្រតិភូមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេល ២ ថ្ងៃចាប់ពីថ្ងៃទី ០៩ និងទី ១០ ខែកុម្ភៈ ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការរវាងប្រទេសជិតខាងទាំងពីរលើគ្រប់វិស័យ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
ការអញ្ជើញមកបំពេញទស្សនកិច្ចរបស់លោក ប៊ុនញ៉ាំង វរជិតនេះធ្វើឡើងតបតាមការអញ្ជើញរបស់ព្រះបាទនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។ បើយោងតាមសេចក្តីប្រកាសព័ត៌មានចេញកាលពីថ្ងៃទី ៦ ខែកុម្ភៈក្នុងអំឡុងពេលទស្សនកិច្ចនេះលោក វរជិត នឹងចូលក្រាបបង្គំគាល់ ព្រះករុណា ព្រះបាទ សម្តេចព្រះនរោត្តមសីហមុនីនៅព្រះបរមរាជវាំង និងមានជំនួបដោយឡែកពីគ្នាជាមួយលោក សាយ ឈុំ ប្រធានព្រឹទ្ធសភា លោក ហេង សំរិន ប្រធានរដ្ឋសភា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់ថា៖ «ដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ប៊ុនញ៉ាំង វរជិត នឹងជាព្រឹត្តិការណ៍ដ៏មានអត្ថន័យជ្រាលជ្រៅបន្ថែមទៀត ដើម្បីពង្រឹងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងយូរអង្វែងក៏ដូចជា រឹតចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេស និងប្រជាជនដែលជាអ្នកជិតខាងល្អទាំង ២ ឲ្យកាន់តែប្រសើរឡើងថែមទៀត»។
អ្នកនាំពាក្យក្រសួងការបរទេសលោក កុយ គួង បានបដិសេធផ្តល់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក ប៊ុនញ៉ាំង វរជិត។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រអតីតគណបក្សសង្គ្រោះជាតិថ្លែងថា ដំណើរទស្សនកិច្ចនេះជាផ្នែកមួយនៃការពង្រឹង និងពង្រីកទំនាក់ទំនង និងដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងកម្ពុជា និងឡាវ។ លោកបញ្ជាក់ថា៖ «វាជាការខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា និងសាធារណរដ្ឋប្រជាមានិតឡាវក្នុងការពង្រឹងទំនាក់ទំនងដែលយើងបានឃើញកាលពីលើកមុនសម្តេចនាយក និងមន្ត្រីជាន់ខ្ពស់បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសនេះដើម្បីពង្រឹងនិងពង្រីកទំនាក់ទំនងទ្វេភាគី»៕