ភ្នំពេញៈ ​ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​( គ.ជ.ប​) ​បាន​ប្រកាស​ថា ទោះ​សង្គម​ស៊ីវិល​មិន​ចូលរួម​សង្កេតការណ៍​បោះឆ្នោត ហើយ​អ្នក​ទៅ​បោះឆ្នោត​មាន​តិច​ជាង​ ៥០ ​ភាគរយ​ក៏​លទ្ធផល​នៅ​តែ​ទទួល​យក​បាន​តាម​ច្បាប់​កំណត់ ខណៈ​អ្នកវិភាគ​យល់​ឃើញ​ផ្ទុយ​ពី​នេះ​។

លោក ស៊ិក ប៊ុនហុក ប្រធាន (​គ.ជ.ប​) បាន​ថ្លែង​ដូច​នេះ​កាលពី​ព្រឹក​ម្សិលមិញ​ក្នុង​កិច្ចប្រជុំ​ជាមួយ​ភាគី​ពាក់ព័ន្ធ​នៅ​ស្នាក់ការ គ.ជ.ប ក្នុង​ក្រសួង​មហាផ្ទៃ ដើម្បី​ផ្សព្វផ្សាយ​ពី​ដំណើរការ​រៀបចំ​ការបោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​។

ដោយ​លើក​យក​មាត្រា​​ ១០ ​នៃ​ច្បាប់​បោះឆ្នោត​មក​សំអាង​លោក ប៊ុនហុក បាន​ថ្លែង​ថា​៖ «​សហគមន៍​ ឬ​អង្គការ​ក្រៅ​រដ្ឋាភិបាល​អាច​បញ្ជូន​តំណាង​របស់​ខ្លួន​ឲ្យ​មក​សង្កេតការណ៍​បោះឆ្នោត ខ្លួនឯង​អាច​តើ​។ ពាក្យ​អាច​នេះ​បាន​ន័យ​ថា បញ្ជូន​មក​ក៏​បាន​មិន​បញ្ជូន​មក​ក៏​បាន​។ មិនមែន​ឯង​មិន​បញ្ជូន​មក​អាច​ទៅ​មិន​រួច​ឯណា​? វា​អត់​មាន​។ ច្បាប់​មិន​បាន​ចែង​ថា​ត្រូវ​តែ​មាន​អ្នក​សង្កេតការណ៍​នោះ​ទេ​»​។

ទន្ទឹម​នឹង​នេះ​លោក​ក៏​បាន​រិះគន់​ពី​បំណង​អាក្រក់​របស់​អង្គការ​ក្រៅ​រដ្ឋាភិបាល​មួយ​ចំនួន​ផង​ដែរ​។

លោក​បាន​បញ្ជាក់​ថា​៖ «​ម្យ៉ាង​ទៀត​ក្នុង​ចំណោម​អង្គការ​ក្រៅ​រដ្ឋាភិបាល​ក៏​មាន​អ្នក​មាន​បំណងល្អ អ្នក​មាន​បំណង​អាក្រក់ បើ​ពួក​អាក្រក់​គេ​មិន​ចូលរួម​ទេ តែ​ក៏​មាន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ល្អ​គេ​ចូលរួម​ដែរ​។ បើ​អ៊ីចឹង​កុំ​ចាត់​ទុក​ថា​ខ្លួនឯង​ហ្នឹង​ពិសេស​»​។

ចំពោះ​ចំនួន​មនុស្ស​ចេញ​ទៅ​បោះឆ្នោត​វិញ​លោក​ថ្លែង​ថា មិន​ថា នៅ​កម្ពុជា​ ឬ​នៅ​ទ្វីប​អឺរ៉ុប​ទេ មិន​មាន​ច្បាប់​ណា​ដែល​ចែង​ថា អ្នក​ទៅ​បោះឆ្នោត​តិច​ធ្វើឲ្យ​លទ្ធផល​មិន​អាច​ទទួល​យក​បាន​នោះ​ទេ​។

លោក​ថា​៖ «​គ្មាន​ទេ​ពីព្រោះ​រដ្ឋធម្មនុញ្ញ​អត់​បាន​ចែង​អំពី​ចំនួន​ភាគរយ​រឿង​ទៅ​ចូលរួម​ហ្នឹង​ទេ​។ នៅក្នុង​រដ្ឋធម្មនុញ្ញ​គេ​ឆ្លើយ​គឺ​វា​គ្មាន​ឥទ្ធិពល​អី​ដែល​ពាក់ព័ន្ធ​នឹង​ការមិន​ចូលរួម​ការបោះឆ្នោត​នោះ​ទេ ទាំង​ការជ្រើសរើស​ប្រធានាធិបតី​របស់​បារាំង ទាំង​ការ​បោះឆ្នោត​ទាំងអស់ គេ​អត់​មាន​គិត​ពី​រឿង​ការចូលរួម​នោះ​ទេ សុទ្ធតែ​ទទួល​យក​បាន​ទាំងអស់​»​។

ជាមួយ​គ្នា​នេះ​លោក​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ចេញ​ទៅ​បោះឆ្នោត​ដោយ​បាន​ថ្លែង​ថា​៖ «​អត្រា​នៃ​ការចូលរួម​បោះឆ្នោត ទោះ​ជា​មិន​ដល់​ ៣០ ​ភាគរយ​ក៏ដោយ អត់​មាន​សិទ្ធិ​បដិសេធ​ទេ​។ ​អ៊ីចឹង​ច្បាប់​ស្រុក​យើង ទាំង​រដ្ឋធម្មនុញ្ញ​មិន​មាន​ចែង​ពាក់ព័ន្ធ​នឹង​រឿង​ហ្នឹង​ទេ ហើយ​ខ្មែរ​ក៏​មិន​ទម្លាប់​មិន​ចូលរួម​បោះឆ្នោត​ទេ​...​គេ​តែងតែ​ទៅ​ចូលរួម​ការបោះឆ្នោត​ទាំង​នៅ​ថ្នាក់ឃុំ​ទាំង​នៅ​ថ្នាក់ជាតិ​ដើម្បី​ជ្រើសរើស​អ្នក​ដឹកនាំ​ប្រទេស​ទាំង​នៅ​មូលដ្ឋាន​»​។

ប្រធាន គ.ជ.ប អះអាង​ថា​លោក​បម្រើការ​ដោយ​អព្យាក្រឹត​គឺ​ធ្វើ​យ៉ាង​ណា​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​មាន​ឈ្មោះ​ក្នុង​បញ្ជី​ត្រឹមត្រូវ ហើយ​សំឡេងឆ្នោត​ពួកគេ​ត្រូវ​បាន​រាប់​ដោយ​យុត្តិធម៌​បំផុត​។

ទោះ​យ៉ាង​ណា​លោក​បាន​ឆ្លៀត​រិះគន់​លើ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​រំលាយ​ដោយសារ​ការឃុបឃិត​ជាមួយ​បរទេស​។

លោក ស៊ិក ប៊ុនហុក ថ្លែង​ថា​៖ «​គ្មាន​អ្នកណា​មួយ​មក​នាំ​ឲ្យ NEC ថា​ទាល់​តែ​ប្រឆាំង​ភាគច្រើន​ចូលរួម​បាន​ស្របច្បាប់​គ្មាន​ទេ យក​មក​ច្បាប់​ណា​និយាយ​របៀប​ហ្នឹង ហើយ​គេ​សរសេរ​ទៀត គណបក្ស​ហ្នឹង​​គេ​រំលាយ​ទៅ​តាម​សាលដីកា​តុលាការ​កំពូល​ទៅ​ទៀត គ្មាន​ជា​គណបក្ស​នយោបាយ​ផង​ឲ្យ​ទៅ​ទទួល​មក​ចុះ​ឈ្មោះ​បោះឆ្នោត​កើត​? ​ហេតុ​អី​បាន​គេ​រំលាយ​? ​បើ​ខ្លួន​អត់​បាន​ប្រព្រឹត្ត​ល្មើស​ច្បាប់​ក្រម​ព្រហ្មទណ្ឌ​ទេ​ធ្វើ​ម៉េច​គេ​រំលាយ​យើង​? ហេតុ​តែ​គេ​រំលាយ​មកពី​យើង​ល្មើស​ច្បាប់​។ អត់​ត្រូវ​ជាមួយ​រដ្ឋធម្មនុញ្ញ​គេ​ឲ្យ​ខិតខំ​ប្រើ​សិទ្ធិ​របស់​យើង​ដើម្បី​ធានា​សិទ្ធិ​យើង ឲ្យ​គោរព​ច្បាប់ តែ​អត់​គោរព​ច្បាប់​ទៅ​ឃុបឃិត​ជាមួយ​បរទេស​»​។

លោក​បន្ត​ថា​៖ «​បើ​រដ្ឋធម្មនុញ្ញ​ឲ្យ​អ៊ំ​ធ្វើ​របៀប​ហ្នឹង ឲ្យ​ឯករាជ្យ អព្យាក្រឹត កុំ​ឲ្យ​ប្រកាន់​​បក្ខពួក​ឲ្យ​អ៊ុំ​ទៅ​ប្រកាន់​អ្នក​ណា​កើត​? មិនមែន​អ៊ំ​ចេញ​ពី​ CPP ​ត្រូវ​តែ​លម្អៀង​ទៅ​ CPP លួច​សន្លឹក​ឆ្នោត​សម្រាប់ CPP ឯ​​ណា​កើត​?»​។

លោក​បាន​រិះគន់​មន្ត្រី​បក្ស​បក្ស​ប្រឆាំង​ដោយ​មិន​លើក​ចំ​ឈ្មោះ​ថា​៖ ««​ដើរ​មើល​ងាយ​ជាតិ​សាសន៍​គ្នាឯង​ហ្នឹង ស្មានតែ​ទៅ​ជាតិ​សាសន៍​គេ គេ​សរសើរ​ថា អូ អា​នេះ​ចេះ​មើលងាយ​ជាតិ​សាសន៍​គ្នា​វា វា​ស្រឡាញ់​អញ​ជាង​ជាតិ​សាសន៍​វា​។ ដេក​ទៅ​»​។ លោក​បន្ត​ថា​៖ «​ចំណេញ​ស្អីហ្នឹង ចំណេញ​ស្អី​?...» ។

ទោះ​យ៉ាង​ណា​លោក​បណ្ឌិត ឡៅ ម៉ុងហៃ អ្នកវិភាគ​នយោបាយ​បាន​ហៅ ការរិះគន់​គណបក្ស​នយោបាយ​ពី​សំណាក់​ប្រធាន​ គ.ជ.ប ថា​កំពុង​បង្ហាញ​ពី​ការបាត់បង់​អព្យាក្រឹតភាព​ផ្នែក​នយោបាយ ហើយ​ជា​លទ្ធផល​ធ្វើឲ្យ​បាត់បង់​ភាព​គួរ​ឲ្យ​​ជឿជាក់​បាន​របស់​លោក និង​របស់​ស្ថាប័ន គ.ជ.ប​។

ចំពោះ​ការឃ្លាំមើល​ការបោះឆ្នោត​លោក ម៉ុង ហៃ យល់​ថា​ប្រសិន​បើ​អ្នក​សង្កេតការណ៍​បោះឆ្នោត​ឯករាជ្យ​មិន​មាន​វត្តមាន​ទេ ការបោះឆ្នោត​នឹង​ខ្វះ​ភាពស្រប​ច្បាប់​៖ «​ការបោះឆ្នោត​បែប​នេះ​ខ្វះ​ភាព​ស្រប​ច្បាប់ ហើយ​លទ្ធផល​នៃ​ការបោះឆ្នោត​មិនគួរ​ឲ្យ​ជឿជាក់​បាន​»​។

ស្រដៀង​គ្នា​នេះ​លោក ហង្ស វិទូ អ្នកវិភាគ​ម្នាក់​ទៀត​យល់​ថា​ការ​បោះឆ្នោត​ដែល​គ្មាន​អ្នក​សង្កេតការណ៍​ឯករាជ្យ ធ្វើឲ្យ​ការបោះឆ្នោត​មិន​ប្រព្រឹត្ត​ទៅ​ដោយ​ត្រឹមត្រូវ សេរី​ និង​យុត្តិធម៌​។ ប៉ុន្តែ​លោក​លើក​ទឹក​ចិត្ត​ឲ្យ​អង្គការ​ទាំងនោះ​ចូលរួម​សង្កេតការណ៍​។

លោក​ថ្លែង​ថា​៖ «​អង្គការ​សង្គម​ស៊ីវិល​ដូចជា​ខុមហ្វ្រែល​ និង​អង្គការ​ផ្សេង​ទៀត​ដែល​ធ្វើការ​ទាក់ទង​នឹង​ការបោះឆ្នោត គួរតែ​បញ្ជូន​ក្រុម​ការងារ​ទៅ​ស៊ើបអង្កេត​ក្នុង​ការ​បោះឆ្នោត​»​។

លោក​យល់​ថា​អ្នក​នយោបាយ​ខ្មែរ​ក៏ដូចជា គណបក្ស​ប្រជាជន​កម្ពុជា​មិន​ខ្វល់​រឿង​ឈ្នះ​ដោយ​កិត្តិយស​ ឬ​ដោយ​ការប្រកួត​ប្រជែង​ទេ​សំខាន់​គឺ​ជ័យជម្នះ​ជា​រឿង​ទី​ ១ ដែល​ត្រូវ​ធ្វើ​។ ​«​កន្លងមក​គណបក្ស​ប្រជាជន​កម្ពុជា ជាពិសេស​អ្នក​នយោបាយ​ខ្មែរ​ទាំងអស់​គាត់​មិន​សូវ​ជា​ខ្វល់​ឈ្នះ​ដោយ​យុត្តិធម៌​ ឬ​មិន​យុត្តិធម៌​ទេ​។ ភាគច្រើន​អ្នក​នយោបាយ​ខ្មែរ​យក​ឈ្នះ​សិន​ចាំ​គិត​ទៀត​។ ​ពេល​ក្រោយ​ទៅ​អ្នក​ណា​ទទួលស្គាល់​ ឬ​មិន​ទទួល​ស្គាល់​គាត់​មិន​សូវ​ខ្វល់​ទេ​។ មិន​ត្រឹមតែ​សម័យ​តេជោ ហ៊ុន សែន ទេ តាំងពី​សម័យ​មុនៗ ខ្មែរ​យើង​អស់​ទឹក​អស់​ដី​គឺ​ដោយសារ​រឿង​អត់​ខ្វល់​ហ្នឹង​ហើយ គឺ​ឈ្លោះ​គ្នា​ហែកហួរ​គ្នា​អ៊ីចឹង​ទៅ​ដើម្បី​ឈ្នះ​-ចាញ់ រហូត​ដល់​ទៅ​កាប់​ចាក់​គ្នា ឬ​កាត់ទឹក​កាត់​ដី​ឲ្យ​គេ​។ គ្រាន់តែ​រឿង​រំលាយ​គណបក្ស​មួយ​ និង​រឿង​បោះឆ្នោត វា​ជា​រឿង​​តូចតាច​ទេ​»៕