ប្រធាន​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​ក​ម្ពុជា (CHRC)​ លោក​ កែវ រ៉េមី ​ប្រាប់​ទៅ​តំណាង​ការិយា​ល័យ​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ថា ​ការងារ​ចាំ​បាច់​ដែល​ត្រូវ​ធ្វើ​នៅ​ពេល​នេះ​ គឺ​រួម​គ្នា​គាំទ្រ​សិទ្ធិ​រស់​រាន​មាន​ជីវិត​របស់​ពលរដ្ឋ ​ដែល​កំពុង​ប្រឈម​នឹង​ទឹក​ជំនន់ ​និង​កូវីដ ១៩ ​មិន​មែន​ជួប​ជុំ​តវ៉ា​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​ទេ។

ការ​ថ្លែង​ដូច្នេះ​ធ្វើ​ឡើង​កាល​ពី​ថ្ងៃ​ទី​ ២ ​វិច្ឆិកា នោ​ពេល​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​ក​ម្ពុជាជួប​ជាមួយ​លោក ​Pradeep Wagle ​តំណាង​ការិយា​ល័យ​ឧត្តម​ស្នងការ​អង្គការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​(OHCHR) ​ដើម្បី​ពិភាក្សា​លើ​កិច្ច​សហ​ប្របត្តិការ​រវាង​ស្ថាប័ន​ទាំង​ ២ និង​អំពី​ការ​វិវត្តន៍​នៃ​ស្ថានការណ៍​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។ នេះ​បើ​តាម​លោក​ជិន ម៉ាលីន ​អ្នក​នាំ​ពាក្យ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​ក​ម្ពុជា។

លោក​ ជិន​ ម៉ាលីន ​ថ្លែង​ដូច្នេះ​ថា​៖«គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​ក​ម្ពុជាបាន​បង្ហាញ​ថា អ្វី​ដែល​យើង​ត្រូវ​រួម​គ្នា​ធ្វើ​នៅ​ពេល​នេះ​មិន​មែន​នាំ​គ្នា​មក​ឆ្លៀត​ឱកាស​ធ្វើ​ការ​ជួប​ជុំ​តវ៉ា​បង្ក​ភាព​ចលាចល​ក្នុង​សង្គម​ទេ។ ប៉ុន្តែ​គួរ​តែ​រួមគ្នា​ជួយ​ដល់​ប្រជា​ពលរដ្ឋ​ដែល​កំពុង​ត្រូវ​ការ​ជំនួយ​ក្នុង​ពេល​ដែល​មាន​ទឹក​ជំនន់​ផង ​ជំងឺ​កូវីដ​ផង។ នេះ​គឺ​ជា​ការ​ជួយ​គាំទ្រ​សិទ្ធិ​សំខាន់​របស់​ពលរដ្ឋ​គឺសិទ្ធិ​រស់​រាន​មាន​ជីវិត និង​សិទ្ធិ​ផ្នែក​សេដ្ឋកិច្ច ទាំង​ក្នុង​ពេល​ទឹក​ជំនន់ និង​ក្រោយ​ទឹក​ជំនន់»។

លោក​បន្ត​ថា​៖ «គាត់​មាន​ការ​ឯកភាព​ គាំទ្រ​អ្វី​ដែល​ត្រូវ​ធ្វើ​ជា​អាទិភាព។ គាត់​ថា ​គាត់​បាន​ចូលរួម​ធ្វើកិច្ច​ការ​ទាំង​អស់​ហ្នឹង​ដែរ តាម​រយៈ​បណ្ដាញ​របស់​អង្គការ​សហប្រជាជាតិ ​ដូច​ជា​បានចុះ​ទៅ​តាម​ពន្ធនាគារ​នា​ពេល​ទឹកលិច ​និង​បាន​ជួយ​ឧបត្ថម្ភ​ជា​សម្ភារ​ គ្រឿង​ឧបភោគ​បរិភោគ​ដល់​ពន្ធនាគារ»។

បើ​តាម​មន្ត្រី​នាំពាក្យ​រូបនេះ ​លោក ​Pradeep Wagle​ បាន​សាក​សួរ​ពាក់​ព័ន្ធ​នឹង​ការ​ចាប់​ខ្លួន​សកម្មជន​នយោបាយ ​និង​សកម្ម​ជន​បរិស្ថាន​ប៉ុន្តែ​លោក​មិន​បាន​រិះ​គន់​ឬ​បង្ហាញ​ក្ដី​បារម្ភ​អ្វី​ដែរ។ ទោះ​យ៉ាង​ណា ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា​បាន​បង្ហាញ​ប្រាប់​ទៅ​លោក​ Pradeep Wagle ថា ​វិធានការ​ផ្លូវច្បាប់​លើ​ការ​ចាប់​ខ្លួន​ទាំង​នោះ ​ដើម្បី​រក្សា​សុខ​សន្តិភាព ​ស្ថិរភាព ​និង​សណ្ដាប់​ធ្នាប់​សង្គម​ តាម​រយៈ​ការទប់​ស្កាត់​ការតវ៉ា​ដែល​មាន​ចេតនា​ទុច្ចរិត ​មាន​អង្គការ​ចាត់​តាំង​ខុស​ច្បាប់​នៅ​ពី​ក្រោយ»។

លោក ​Pradeep Wagle បាន​ថ្លែង​ប្រាប់​តាម​អ៊ីមែល​ កាល​ពី​ថ្ងៃ​ទី ៤​ វិច្ឆិកា​ ថា ​ការិយា​ល័យ​ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា​ បាន​ធ្វើ​ការ​ជាមួយ​ក្រុម​ការងារ​អង្គការ​សហ​ប្រជាជាតិ​នៅ​កម្ពុជា​ រដ្ឋាភិបាល ​និង​អ្នក​ពាក់​ព័ន្ធ​ផ្សេង​ទៀត​ដោយ​រួម​គ្នា​ស្វែង​រក​ដំណោះ​ស្រាយ​និង​ការ​ឆ្លើយ​តប​បន្ទាន់។​ ចាប់​ផ្ដើម​ពី​ការ​ពិនិត្យ​លើ​តម្រូវ​ការ​អាទិភាព​ និង​ការ​ឆ្លើយ​តប​ដែល​ពាក់​ព័ន្ធ​តាម​រយៈ​យន្តការ​ដែល​មាន​ស្រាប់។ លោក​ថា ក្រុម​ការងារ​របស់​អង្គការ​សហប្រជាជាតិ​បាន​ធ្វើ​ទស្សនកិច្ច​ទៅ​ពន្ធនាគារ​ចំនួន ៣ នៅ​ភ្នំពេញ​ ដើម្បី​វាយ​តម្លៃ​ពី​ស្ថានភាព​ពន្ធនាគារ និង​អ្នក​ជាប់​ឃុំ ដែល​រងគ្រោះ​ធ្ងន់ធ្ងរ​ដោយ​ទឹក​ជំនន់។

ពាក់​ព័ន្ធ​នឹង​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា ​លោក Pradeep Wagle ថ្លែង​ថា​៖«ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ពិភាក្សា​តាមបែប​ស្ថាបនា​ពាក់​ព័ន្ធ​នឹង​ការវិវត្តន៍​ថ្មីៗ​នៃ​បញ្ហា​សិទ្ធិ​មនុស្ស ​និង​ផ្លូវ​ច្បាប់។ ឧត្តម​ស្នង​ការ​អង្គ​ការ​សហ​ប្រជា​ជាតិ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​នឹង​បន្ត​ធ្វើ​ការ​ជាមួយ​គណៈ​កម្មា​ធិការ​សិទ្ធិ​មនុស្ស​កម្ពុជា ​និង​រដ្ឋាភិបាល​កម្ពុជា ​ដើម្បី​ធានា​បាន​ថា​ សិទ្ធិ​របស់​ពលរដ្ឋ​របស់​ខ្លួន​ត្រូវ​បាន​គោរព»។

ក្រៅ​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​លោក ​កែវ រ៉េមី ​និង​លោក​ Pradeep Wagle​ បាន​ពិភាក្សា​គ្នា​អំពី​ការ​រៀប​ចំ​សេច​ក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ​ ការ​រៀប​ចំ​ប្រព័ន្ធ​ទិន្ន​ន័យ​ជាតិ​តាម​ដាន​ការអនុវត្ត​អនុសាសន៍​របស់​អង្គការ​សហ​ប្រជា​ជាតិ។ ​សេចក្តី​ព្រាង​ច្បាប់​ស្តី​ពី​ការ​បង្កើត​ស្ថាប័ន​សិទ្ធិ​មនុស្ស​ជាតិ ​កំពុង​ស្ថិត​ក្នុង​ដំណាក់​កាល​ពិគ្រោះ​យោបល់​ជា​មួយ​គ្រប់​ភាគី​ពាក់​ព័ន្ធ ដោយ​មាន​ការ​ចូល​រួម​គាំ​ទ្រ​ពី​ OHCHR ​និង​អូស្រ្តាលី​តាម​រយៈ​អង្គការ​ Asia Pacific Forum។ នេះ​បើ​តាម​លោក​ជិន ម៉ាលីន។

លោក ​Pradeep Wagle ​ថ្លែង​ថា ​OHCHR ធ្វើ​កិច្ច​ការ​នេះ​ជាមួយ​កម្ពុជា​ ដើម្បី​ធានា​ថា ​ច្បាប់​នេះ​បាន​ឆ្លង​កាត់​ការ​ពិគ្រោះ​យោបល់​ប្រកប​ដោយ​បរិយាប័ន្ន ​និង​តំណាង​ឲ្យ​ទស្សនៈ​ទំលំ​ទូលាយ​ពី​គ្រប់​ផ្នែក​នៃ​សង្គម​កម្ពុជា​ ដើម្បី​ឱ្យ​ច្បាប់​នេះ​សម​ស្រប​ទៅ​នឹង​ស្តង់ដា​អន្តរជាតិ ​ជា​ពិសេស​គោល​ការណ៍​ទីក្រុង​ប៉ារីស​ របស់​អង្គការ​សហ​ប្រជា​ជាតិ។

ដោយ​ឡែក​ការ​រៀបចំ​ប្រព័ន្ធ​ទិន្ន​ន័យ​ជាតិ​តាម​ដាន​ការ​អនុវត្ត​អនុសាសន៍​របស់​អង្គការ​សហ​ប្រជា​ជាតិ​វិញ ​លោក​ជិន ម៉ាលីន ​ថ្លែង​ថា​ ក្រុមម​ការងារ​របស់​ CHRC បាន​ជួប​ជាមួយ​ក្រុម​ការងារ​ OHCHR នា​ពេល​ថ្មីៗ​នេះ​ ដើម្បី​ពិនិត្យ​និង​ពិភា​ក្សាគ្នា​អំពី​លទ្ធភាព​នៃ​កិច្ច​សហ​ប្រតិ​បត្តិការ​ក្នុង​ការរៀបចំ​ប្រព័ន្ធ​ទិន្ន័យ​នេះ​នៅ​កម្ពុជា​ ប៉ុន្តែ​ប្រព័ន្ធ​នេះ​មិន​ទាន់​ត្រូវ​បាន​បង្កើត​ជា​ផ្លូវ​ការ​នៅ​ឡើយ៕