ភ្នំពេញៈ ប្រធានមជ្ឈមណ្ឌលកំចាត់មីនកម្ពុជា CMAC លោក ហេង រតនា កាលពីថ្ងៃទី ៣ ខែ មីនា ឆ្នាំ ២០២១ បានអំពាវនាវជាថ្មីម្ដងទៀតដល់ពលរដ្ឋឱ្យបញ្ឈប់ការរុករាន និងឈូសឆាយដីទាំងប្រថុយប្រថាននៅក្នុងតំបន់ដែលមានសំណល់គ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះសល់ពីសង្គ្រាម បើទោះជាធ្លាប់ធ្វើទាហាន ហើយមានបទពិសោធខ្លះក្នុងការដោះ និងដាក់មីនក៏ដោយ។
លោកបានថ្លែងថា៖ «ការឈូសឆាយ និងរុករានដីតំបន់មានសំណល់គ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះដោយភាពប្រថុយប្រថាននឹងបង្កគ្រោះថ្នាក់ស្លាប់ ឬរងរបួសដល់ខ្លួនឯង និងអ្នកដទៃព្រមទាំងខាតបង់ទ្រព្យសម្បតិ្តផងដែរ»។
បើតាមលោក រតនា កាលពីថ្ងៃទី ១ ខែ មីនា ឆ្នាំ ២០២១ ក្រុមមន្ត្រីជំនាញនៃកងឯកភាពកំចាត់មីនទី៦ បានប្រទះឃើញគ្រាប់មីនតោនចំនួន ១ គ្រាប់ ត្រូវបានគេយកមកចងព្យួរលើមែកឈើក្បែរផ្លូវលំមួយនៅក្នុងតំបន់ប្រាសាទក្រហមសែនជ័យ ឃុំព្រះប្រឡាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ ហើយនៅក្បែរគល់ឈើនោះមានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលជាសំណល់នៃសង្គ្រាមមួយចំនួនទៀត។
លោកបានបន្តថា បន្ទាប់មកក្រុមមន្ត្រីជំនាញក៏បានសាកសួរប្រមូលព័ត៌មានពីគ្រាប់ទាំងនោះ ស្រាប់តែមានអ្នកភូមិ ៤-៥ នាក់ បានអួតប្រាប់មន្ត្រីជំនាញថាគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌទាំងនោះគឺពួកគាត់ប្រមូលមកពីក្នុងដីចម្ការដែលទើបរុករានថ្មី ព្រោះកន្លងមកពួកគាត់ធ្លាប់ធ្វើទាហាន និងចេះដាក់ និងដោះមីននេះផងដែរ។
លោក រតនា បានបញ្ជាក់ថា មិនតែប៉ុណ្ណោះ ក្រុមអ្នកភូមិទាំងនោះថែមទាំងបាននិយាយចំអកដាក់ក្រុមមន្ត្រីជំនាញនៃកងឯកភាពកំចាត់មីនទី៦ ថា ពួកគាត់យកគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះមកព្យួរ និងដាក់ក្បែរគល់ឈើជាប់ផ្លូវបែបនេះ គឺដើម្បី «កុំឱ្យក្រុមមន្ត្រីជំនាញ CMAC ពិបាករាវរក...គ្រាន់តែជួយយកទៅកម្ទេចចោលបានហើយ»។
លោកបានបន្តថា ទន្ទឹមនឹងនេះក្រុមអ្នកភូមិទាំងនោះនៅបានអះអាងទៀតថា ដីចម្ការរុករានថ្មីរបស់ពួកគាត់គ្មានបញ្ហាគ្រាប់មីនកប់ក្នុងដីទៀតទេ។ ក៏ប៉ុន្តែក្រុមមន្ត្រីជំនាញមិនពឹងផ្អែកតែលើព័ត៌មានផ្ទាល់មាត់របស់អ្នកភូមិប៉ុន្មាននាក់នេះទេ។ ផ្អែកលើគ្រាប់ដែលអ្នកភូមិរុករកឃើញ និងយកមកចងព្យួរទាំងនោះគឺជាភ័ស្ដុតាងមួយដែលបង្ហាញថា «តំបន់នោះជាតំបន់ចម្ការមីនយ៉ាងពិតប្រាកដ»។
ដោយមិនបង្អង់យូរក្រុមមន្ត្រីនៃកងឯកភាពកំចាត់មីនទី៦ របស់មជ្ឈមណ្ឌលកំចាត់មីន CMAC ដែលមានជំនាញ និងឧបករណ៍បច្ចេកទេសទំនើបច្បាស់លាស់ក៏បានចាប់ផ្តើមបើកផ្លូវសុវត្ថិភាពរាវចូលក្នុងតំបន់ដីខាងលើក៏បានប្រទះឃើញគ្រាប់មីនតោនកប់ក្នុងដីចំនួន ២, គ្រាប់កាំភ្លើងប្រភេទ ៦០ ម.ម ចំនួន ៥, គ្រាប់ឡង់ (AT67) ចំនួន ៤ និងគ្រាប់មីនប្រឆាំងមនុស្ស (Mine type 69) ចំនួន ១ ថែមទៀត។ នេះបើតាមលោក ម៉ិញ ស្រ៊ន ប្រធានកងឯកភាពកំចាត់មីនទី ៦ កាលពីថ្ងៃទី ៣ មីនា។
លោក ស្រ៊ន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា នៅពេលពួកគាត់ឃើញដូច្នោះក៏បានលើកដៃអេះក្បាល និងបន្ទោសគ្នាទៅវិញទៅមកថា «ប្រាប់ហើយកុំឱ្យអួតអាងពេក ប្រយ័ត្នសល់ផ្ទុះងាប់ ឥឡូវសល់មែន» រួចពួកគាត់ក៏បាននាំគ្នាដើរគេចចេញទៅបាត់។
លោកបានបន្តថា៖ «តំបន់នោះពិតជាតំបន់ចម្ការមីនដែលនៅមិនទាន់បានបោសសម្អាតបាន ១០០ ភាគរយនោះទេ»។
ជាមួយគ្នានេះលោក ហេង រតនា បានរំឭកថា ផ្ទៃដីចម្ការមីន និងគ្រាប់មិនទាន់ផ្ទុះសំណល់ពីសង្គ្រាមអាចមានសុវត្ថិភាពល្អបានលុះត្រាតែមានការបោសសម្អាតដោយប្រើសម្ភារបច្ចេកទេសសមស្របមាននីតិវិធីត្រឹមត្រូវ និងមានការត្រួតពិនិត្យច្បាស់លាស់ទើបធានាសុវត្ថិភាពបាន ១០០ ភាគរយ៕