ភ្នំពេញៈ ប្រធាន​អង្គការ​សុខភាព​ពិភពលោក (WHO) ​លោក ត្រេដូស អាដហាណូម ហ្គីប្រ៊ីយេស៊ុស បាន​ផ្ញើលិខិត​មួយ​មក​លោក ហ៊ុន សែន ដើម្បី​អរគុណ​ដែល​បាន​អនុវត្តតាម​ការណែនាំ​របស់ WHO និង​កោតសរសើរ​កិច្ចប្រឹងប្រែង​របស់​កម្ពុជា​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ​ ១៩​។

ការផ្ញើ​លិខិត​នេះ​ស្រប​ពេលដែល​កម្ពុជា​កំពុង​ព្យាយាម​ទប់ស្កាត់​កុំឱ្យ​មាន​រលក​ទី​ ២ ​នៃ​ការឆ្លង​ជំងឺ​កូវីដ​ ១៩​។ លិខិត​របស់​ប្រធាន WHO ដែល​ក្រសួងការបរទេស​យក​មក​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​បាន​បញ្ជាក់ថា លោក ត្រេដូស អាដហាណូម ហ្គីប្រ៊ីយេស៊ុស បាន​ថ្លែង​អំណរគុណ​ចំពោះ​ការបង្ហាញ​សមានចិត្ត ការគាំទ្រ និង​ការប្ដេជ្ញាចិត្ត​របស់​លោក​ ហ៊ុន សែន កាលពី​ថ្ងៃទី​ ២០ ខែ​មេសា ក្នុង​ការបន្ត​អនុវត្តតាម​ការអំពាវនាវ​របស់ WHO ដើម្បី​ចូលរួម​ក្នុង​កិច្ចខិតខំ​ប្រឹងប្រែង​ជា​សកល​កាត់បន្ថយ​ទំហំ​នៃ​ផលប៉ះពាល់ និង​ការបញ្ឈប់​ការរាតត្បាត​នៃ​ជំងឺ​កូវីដ​ ១៩​។

លិខិត​សរសេរ​ថា​៖ «​ខ្ញុំ​មាន​សេចក្ដី​សោមនស្ស​រីករាយ​ដែល​រាជរដ្ឋាភិបាល​កម្ពុជា​បាន​ចាត់វិធានការ​យ៉ាង​ម៉ឺងម៉ាត់​ក្នុង​ការប្រតិបត្តិ​ផែនការ​យុទ្ធសាស្ដ្រ​ប្រុងប្រៀប​ទុក​មុន និង​ផែនការ​ឆ្លើយតប​នឹង​ជំងឺ​កូវីដ​១៩​ជា​សកល​របស់​អង្គការ​សុខភាព​ពិភពលោក​។ ខ្ញុំ​សូម​ឆ្លៀតឱកាស​នេះ ធ្វើការ​កោតសរសើរ កិច្ចខិតខំ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុង​ការទប់ស្កាត់​ជំងឺ​រាតត្បាត​ជាពិសេស​កោតសរសើរ​ចំពោះ​បុគ្គលិក​សុខភាព​សាធារណៈ​នៅ​ជួរមុខ​ដែល​កំពុង​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ​១៩»​។

លោក ត្រេដូស ក៏បាន​បង្ហាញ​ការគាំទ្រ​ចំពោះ​ភាពដឹកនាំ​នយោបាយ​ការចូលរួម និង​តួនាទី​របស់​លោក ហ៊ុន សែន ដោយ​បញ្ជាក់ថា អង្គការ​សុខភាព​ពិភពលោក​កម្រិត​សកល តំបន់ និង​ជាតិ​បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​បន្ត​ការងារ​ជាមួយ​រដ្ឋាភិបាល និង​ដៃគូ​ធំៗ​នានា​ក្នុង​ការប្រយុទ្ធ​ប្រឆាំង​នឹង​ជំងឺ​កូវីដ​ ១៩​។ ប្រធាន WHO រូបនេះ​បញ្ជាក់​ទៀត​ថា ការចូលរួម និង​សាមគ្គី​គ្នា​នឹង​ទទួលបាន​ជោគជ័យ​លើ​ជំងឺ​រាតត្បាត​មួយ​នេះ​។

ជំងឺ​កូវីដ​ ១៩ បាន​ផ្ទុះឡើង​លើក​ដំបូង​នៅក្នុង​ប្រទេស​ចិន​កាលពី​ខែធ្នូ ឆ្នាំ​ ២០១៩ និង​បាន​រាលដាល​ដល់​ប្រទេស​នៅ​ទូទាំង​ពិភពលោក​ចំនួន ២១៧ ប្រទេស​ខណៈ​កម្ពុជា​បាន​រកឃើញ​ជំងឺ​នេះ​លើកដំបូង​កាលពី​ខែកុម្ភៈ​។ គិត​មកដល់​ពេល​នេះ​កម្ពុជា​បាន​រាយការណ៍​មាន​អ្នក​ឆ្លង​ជំងឺ​នេះ​ចំនួន​ ១២៤ ​នាក់​ ក្នុងនោះ​ ១២២ នាក់ ​ត្រូវ​បាន​ព្យាបាល​ជាសះស្បើយ ខណៈ​នៅ​សល់​ ២ ​នាក់​ទៀត​ គឺជា​ករណី​ថ្មី​ដែល​ទើប​រកឃើញ​នៅ​ថ្ងៃទី​ ២១ និង​ថ្ងៃទី​ ២២ ខែឧសភា​។

ក្រសួងសុខាភិបាល​កម្ពុជា​បញ្ជាក់​ថា ថ្វីដ្បិត​មាន​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​ ១៩​ ជាង​ ៩៨% ត្រូវបាន​ព្យាបាល​ជាសះស្បើយ​ឡើងវិញ និង​ពុំមាន​អ្នកស្លាប់ ហើយ​ករណី​ភាគច្រើន​លើសលប់​គឺ​បាន​នាំចូល​ពី​ក្រៅប្រទេស ប៉ុន្តែ​កម្ពុជា​ត្រូវតែ​បន្ត​ប្រកាន់យក​ការប្រុងប្រយ័ត្ន​ជាប់​ជានិច្ច ចំពោះ​ការ​ប្រឈម​នឹង​រលក​ទី​ ២ នៃ​ការចម្លង​ជាពិសេស​គឺ​ការចម្លង​នៅក្នុង​សហគមន៍​។

កាលពី​ថ្ងៃ​ម្សិលមិញ​ទំព័រ​ហ្វេសប៊ុក​លោក ហ៊ុន សែន បាន​លើកឡើង​ថា ដើម្បី​ចៀសវាង​កើតមាន​វិប្បដិសារី កម្ពុជា​មិន​ត្រូវ​ធ្វេសប្រហែស និង​មើលស្រាល​ស្ថានភាព​បច្ចុប្បន្ន ដោយសារ​មាន​អ្នក​ឆ្លង​តិចតួច​នៅក្នុង​ប្រទេស​ឡើយ ហើយ​ត្រូវតែ​បង្កើន​ការយក​ចិត្ត​ទុកដាក់​ខ្ពស់​ក្នុង​ការត្រៀម​ទប់ស្កាត់​គ្រប់​ពេលវេលា ចំពោះ​ការកើតមាន​រលក​ទី​ ២ ​នៃ​ជំងឺ​កូវីដ​ ១៩​។ លោក ហ៊ុន សែន ​បន្ត​អំពាវនាវ​ឱ្យ​រួមគ្នា​ទប់ស្កាត់​ការឆ្លង​រាតត្បាត​ជំងឺឆ្លង​នេះ​នៅ​ទូទាំង​ប្រទេស ដោយ​ស្ដាប់​តាម​សេចក្ដីណែនាំ​របស់​ក្រសួងសុខាភិបាល​ហើយ​ដើម្បី​ការពារ​មនុស្ស​ជា​ទីស្រឡាញ់​នៅក្នុង​គ្រួសារ​គឺ​ពលរដ្ឋ​ម្នាក់ៗ​ត្រូវតែ​រក្សា​អនាម័យ​រៀងៗ​ខ្លួន​។

ទំព័រ​ហ្វេសប៊ុក​លោក​នាយករដ្ឋមន្ត្រី​សរសេរ​ថា​៖ «​មកទល់​ពេល​នេះ​មិនទាន់​មាន​ថ្នាំ​ព្យាបាល​កូវីដ​១៩​នៅឡើយ​ទេ​។ ដូច្នេះ​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវតែ​ពាក់​ម៉ាស់​ហើយ​ត្រូវ​ដុសលាង​សម្អាត​ដៃ​ជាប្រចាំ​ដោយ​ទឹក​អាល់កុល ឬ​ជែល​សម្លាប់​មេរោគ​។ ត្រូវ​ខ្ទប់មាត់​ជាមួយ​ក្រមា ឬ​ម៉ាស់ ឬ​ខ្ទប់​ដោយ​ដៃ​នៅពេល​ក្អក ឬ​កណ្តាស់ ជាពិសេស​នៅក្នុង​ចំណោម​ក្រុមមនុស្ស​ច្រើន ឬ​ទីប្រជុំជន​នានា​ដូចជា​ទីផ្សារ ភោជនីយដ្ឋាន និង​ទីកន្លែង​ធ្វើការ​ជាដើម​»​។

ដើម្បី​ការពារ​កុំឱ្យ​មាន​រលក​ទី​ ២ ​នៃ​ការឆ្លង​នេះ​គឺ​រដ្ឋាភិបាល​បាន​ចាប់ផ្ដើម​ឱ្យ​អ្នកដំណើរ​ទាំងអស់​ទាំង​ពលរដ្ឋ​ខ្មែរ និង​បរទេស​ដែល​ទើប​វិលត្រឡប់​ពី​ក្រៅប្រទេស​ត្រូវ​បញ្ជូនទៅ​មណ្ឌល​រង់ចាំ​បន្ទាប់ពី​ចុះ​ពីលើ​យន្តហោះ​ភ្លាម ដើម្បី​យក​សំណាក​ទៅ​ធ្វើ​តេស្ដ និង​រង់ចាំ​លទ្ធផល​ពី​វិទ្យាស្ថាន​ប៉ាស្ទ័រ​។

ក្រសួង​សុខាភិបាល​បញ្ជាក់​ថា ក្នុងករណី​រកឃើញ​អ្នកដំណើរ​ណា​ម្នាក់​ឆ្លង​ជំងឺ​នេះ គឺ​អ្នក​រួមដំណើរ​ជាមួយ​ផ្សេងទៀត​ត្រូវ​បញ្ជូន​ទៅធ្វើ​ចត្តាឡីស័ក​នៅតាម​ទីតាំង​ដែល​កំណត់​ដោយ​រដ្ឋាភិបាល​ហើយ​ចំពោះ​ជើង​ហោះហើរ​ដែល​រក​មិនឃើញ​មាន​អ្នកឆ្លង​គឺ​អ្នកដំណើរ​ទាំងអស់​ត្រូវ​អនុញ្ញាត​ឱ្យ​ធ្វើ​ចត្តាឡីស័ក​នៅតាម​ផ្ទះ​។ ពីថ្ងៃ​ម្សិលមិញ​ភ្នំពេញប៉ុស្ដិ៍​មិន​អាច​សុំ​ការបញ្ជាក់​បន្ថែម​ពី​លោកស្រី ឱ វណ្ណឌីន និង​លោកស្រី យក់ សម្បត្តិ ដែល​ជា​អ្នកនាំពាក្យ​ក្រសួង​សុខាភិបាល​បានទេ​ដោយសារ​លេខ​ទូរស័ព្ទ​ជាប់រវល់​៕