ភ្នំពេញៈ ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុង​ស្រុក​បាន​វាយប្រហារ​ទៅ​លើ​មន្ត្រី​តាមដាន​ការបោះឆ្នោត​លោក គល់ បញ្ញា តាមរយៈ​ការចេញ​ផ្សាយ​លិខិត​អនាមិក​មួយ ទៅ​ការីនិពន្ធ​ដោយ​ចោទប្រកាន់​ថា​លោក​ បញ្ញា ប៉ុនប៉ង​បង្ក​ចលាចល​ក្នុង​អំឡុង​ការបោះឆ្នោត​ឆ្នាំ​ ២០១៣ និង ២០១៧ និង​កំពុង​ប៉ុនប៉ង​បង្ក​ចលាចល​ម្តង​ទៀត​នៅ​ពេល​លោក​និយាយ​ទៅ​វិទ្យុ​អាស៊ីសេរី​កាលពី​សប្តាហ៍​មុន​អំពី​បញ្ហា​ភាព​ស្រប​ច្បាប់​សម្រាប់​ការបោះឆ្នោត​នៅ​ក្នុង​ខែ​កក្កដា​ខាង​មុខ​។

លោក បញ្ញា ដែល​ដឹកនាំ​អង្គការ ខុមហ្វ្រែល ដែល​ជា​អង្គការ​ឃ្លាំមើល​ការ​បោះឆ្នោត និង​ជា​ប្រធាន​អង្គការ Anfrel ដែល​ជា​អង្គការ​ថ្នាក់​តំបន់​បាន​ថ្លែង​ទៅ​កាន់​វិទ្យុ​អាស៊ីសេរី​កាលពី​យប់​ថ្ងៃ​សុក្រ​ដោយ​អះអាង​ថា ការបោះឆ្នោត​ជាតិ​ខែ​កក្កដា​ខាង​មុខ ខ្វះ​ភាព​យុត្តិធម៌ ហើយ​ថា​អង្គការ​អន្តរជាតិ​ដូចជា ក្រុមប្រឹក្សា​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិ និង​សហភាព​អន្តរសភា​បាន​ថ្លែង​ថា វា​ត្រូវការ​ឲ្យ​មាន​ការ​ចូលរួម​ពី​គណបក្ស​សង្គ្រោះ​ជាតិ​ដើម្បី​ឲ្យ​មាន​ការ​បោះឆ្នោត​ស្រប​ច្បាប់​។

ខណៈ​មិន​បំភ្លឺ​ថា​តើ​អង្គការ​ណា​ដែល​លោក​កំពុង​តំណាង​លោក បញ្ញា ថ្លែង​ថា ការប្តេជ្ញា​ចិត្ត​មួយ​នឹង​ត្រូវការ​ធ្វើឲ្យ​មាន​នា​ ២-៣ ​សប្តាហ៍​ខាង​មុខ​អំពី​ថា​តើ​ត្រូវ​បញ្ជូន​អ្នក​តាមដាន​ការបោះឆ្នោត​ឬ​អត់​។ «​យើង​នឹង​មើល​ថា​តើ​មាន​ការ​ប្រកួត​ប្រជែង​ដោយ​យុត្តិធម៌​ឬ​អត់ ហើយ​ថា​ដំណើរការ​នេះ​ធានា​នូវ​ការប្រកួត​ប្រជែង​។ យើង​នឹង​មើល​ហើយ​សម្រេច​លើ​បញ្ហា​នេះ​»​។

សារព័ត៌មាន Fresh News និង Swift News បាន​ចេញ​ផ្សាយ​លិខិត​មួយ​ពី​ «​ប៉ូល ពានរិន (Pol Peanrin)» ដោយ​អះអាង​ថា​លោក បញ្ញា កំពុង​ព្យាយាម​បន្ទុច​បង្អាក់​ការបោះឆ្នោត​នាពេល​ខាង​មុខ​ហើយ​ការ​ជ្រើសរើស​យក​គាត់​ទៅក្នុង​ក្រុម​ប្រឹក្សាភិបាល​នៃ​អង្គការ Anfrel គឺជា​ការផ្តល់​រង្វាន់​ចំពោះ​ការបន្ទុច​បង្អាក់​ដំណើរការ​បោះឆ្នោត​នាពេល​កន្លង​មក​។

លិខិត​បន្ត​ថា​៖ «Anfrel នឹង​ប្រារព្ធ​កិច្ចប្រជុំ​មួយ​នៅ​ទីក្រុង​បាងកក​នា​ខែ​មេសា ដើម្បី​រៀបចំ​គម្រោង​អគតិ​មួយ ដើម្បី​ធ្វើ​ឲ្យ​ប៉ះពាល់​ការបោះឆ្នោត​នៅ​កម្ពុជា ហើយ​លោក បញ្ញា នឹង​ព្យាយាម​ធ្វើ​ឲ្យ​មាន​ការ​ផ្លាស់ប្តូរ​ចំពោះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បច្ចុប្បន្ន​»​។

លោក បញ្ញា និង​អង្គការ Anfrel មិន​អាច​ទាក់ទង​សុំ​អត្ថាធិប្បាយ​បាន​ទេ​កាលពី​ម្សិលមិញ​។

លោក​ កន សាវ៉ាង មន្ត្រី​សម្រប​សម្រួល​ផ្នែក​តាមដាន​របស់​អង្គការ​ខុមហ្វ្រែល មិន​បាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ការលើក​ឡើង​របស់​លោក បញ្ញា ទេ ដោយ​ថ្លែង​ថា ការលើក​ឡើង​នោះ​ជា​មតិ​ផ្ទាល់​ខ្លួន​របស់​លោក ប៉ុន្តែ​បាន​ច្រាន​ចោល​ការចោទ​ប្រកាន់​ថា​អង្គការ​បាន​ប្រព្រឹត្ត​ខុស​តាមរយៈ​ការតាមដាន​ការបោះឆ្នោត​កន្លង​មក​។ លោក​ថ្លែង​ថា​៖ «​ជា​លក្ខណៈ​បច្ចេកទេស​ប្រសិន​បើ​អ្នក​ឃើញ​អ្វី​មួយ​មិន​ស្រប​ទៅ​នឹង​សិទ្ធិ និង​សេរីភាព តើ​យើង​ត្រូវ​តែ​និយាយ​ថា​យល់​ស្របៗ​? នោះ​មិន​អាច​ទៅ​រួច​ទេ​»​។

លោក សុខ ឥសាន អ្នក​នាំពាក្យ​គណបក្ស​ប្រជាជន​ថ្លែង​ថា​​ លោក បញ្ញា លម្អៀង​ទៅ​រក​គណបក្ស​ប្រឆាំង​បង្កើត​ឲ្យ​មាន​អង្គការ​សម្ព័ន្ធ​តាមដាន​ការបោះឆ្នោត​ឈ្មោះ​ «​បន្ទប់​ស្ថានការណ៍​» ​ដើម្បី​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​។ សម្ព័ន្ធ​នេះ​ត្រូវ​បាន​រិះគន់​យ៉ាង​ខ្លាំង​នាពេល​កន្លង​មក​ចំពោះ​ការរិះគន់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត និង​នីតិវិធី​បោះឆ្នោត​ដែល​ប្រើប្រាស់​ក្នុង​អំឡុង​ការបោះឆ្នោត​ឆ្នាំ ២០១៣៕ PS