ភ្នំពេញៈ ក្រសួង​សុខាភិបាល ​ដាក់​ដំណើរការ​ប្រព័ន្ធ​មន្ទីរ​ពេទ្យ​ឌីជីថល​ ជា​លើក​ដំបូង​ ឈ្មោះ​ថា «ពេទ្យយើង» ជា​ផ្លូវការ​ពី​ម្សិលមិញ​ នៅ​ក្នុង​ទីតាំង​មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង​ បន្ទាប់​ពី​ទទួល​បាន​ជោគជ័យ​នូវ​ការ​ដាក់​ឲ្យ​ដំណើរការ​សាកល្បង​រយៈពេល​មួយខែ​កន្លង​មក​ ដែល​ជំហាន​បន្ទាប់​ទៀត​នោះ ​នឹង​ត្រូវ​អនុវត្ត​នៅ​មន្ទីរពេទ្យ​មិត្តភាព​ខ្មែរ-សូវៀត ​មុន​នឹង​ឈាន​ទៅ​បំពាក់​បច្ចេកវិទ្យា​នេះ​ទូទាំង​ប្រទេស។

លោក ​ម៉ម ប៊ុនហេង ​រដ្ឋមន្ដ្រី​ក្រសួង​សុខាភិបាល ​ថ្លែង​ក្នុង​ពេល​​ចុះ​ពិនិត្យ​ប្រព័ន្ធ​មន្ទីរពេទ្យ​ឌីជីថល​នៅ​មន្ទីរ​ពេទ្យ​ព្រះ​អង្គឌួង ​ពី​ម្សិលមិញ​ថា ​ក្រសួង​កំពុង​អភិវឌ្ឍន៍ ​និង​គ្រប់គ្រង​មន្ទីរ​ពេទ្យ ​ដោយ​ប្រើប្រាស់​ប្រព័ន្ធ​អេឡិច​ត្រូនិក ​តាមរយៈ​ប្រព័ន្ធ​មន្ទីរ​ពេទ្យ​ឌីជីថល​ថ្មី​នេះ​ទូទាំង​ប្រទេស។ ​

លោក​បញ្ជាក់ថា​៖ «ឥឡូវ​យើង​ធ្វើពេទ្យ​[អង្គឌួង]នេះជា​គំរូ​មួយ​សិន ​ដោយសារតែ​មន្ទីរពេទ្យ​នេះ ​ងាយស្រួល ​ព្រោះ​មាន​បច្ចេក​វិទ្យា​អេឡិច​ត្រូនិក​រួច​ហើយ​ ដូច្នេះ​ការ​ដំឡើង​ប្រព័ន្ធ​មន្ទីរ​ពេទ្យ​ឌីជីថល​នេះ ​គឺ​រឹតតែ​ងាយ ស្រួល​ទៀត។ យើង​នឹង​ពង្រីក​ទៅកាន់​មន្ទីរ​ពេទ្យ​ផ្សេងៗ​ទៀត ​ហើយ​បើ​យើង​ធ្វើបាន​គ្រប់​មន្ទី​រពេទ្យ​ទាំងអស់ ​ដែល​យើង​ហៅថា ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​អេឡិចត្រូនិក​ទូទាំង​ប្រទេស​នេះ ​គឺ​វា​កាន់តែ​ងាយស្រួល​ថែម​ទៀត»។

លោក​បន្ថែមថា​៖ «ដូច្នេះ​យើង​កំពុង​ពិគ្រោះ​គ្នា ​ជាមួយ​អ្នក​ជំនាញ ​ចង់​ឲ្យ​ពេទ្យ​ណា​ជា​ជំហាន​បន្ទាប់ ដែល​ងាយស្រួល ​និង​គ្រូពេទ្យ​ធ្លាប់​ប្រើ​ប្រាស់​គ្រឿង​អេ​ឡិច​ត្រូនិក​រួចហើយ ​ហើយ​កំពុង​ពិចារណា ​ចំពោះ​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ​-សូ​វៀត ​បន្ទាប់មក​បន្ត​ពង្រីក​ទៅ​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​ទៀត»។

លោក​ ម៉ម ប៊ុនហេង ក៏បាន​អះអាង​ដែរ​ថា ​ក្រសួង​កំពុង​ពិចារ​​ណា​លើ​កញ្ចប់​ថវិកា​របស់​រដ្ឋ ​និង​រៀបចំ​ផែនការ​ថវិកា ​ដើម្បី​ដាក់ជូន​រដ្ឋាភិបាល ​ដើម្បី​អនុម័ត​ថវិកា​សម្រាប់​បម្រើឲ្យ​វិស័យនេះ​ ទូទាំង​ប្រទេស​ និង​ជា​ដំណាក់កាល ​តាម​ដែល​អាច​ធ្វើ​ទៅ​បាន។ ​

លោក​ថា​ មុននឹង​ឈានទៅ​ដំណើរ​ការ​ប្រព័ន្ធ​នេះ​ទូទាំង​ប្រទេស​ គឺ​ត្រូវ​បណ្តុះបណ្តាល​ដល់​បុគ្គលិក​ពេទ្យ​ជាមុន​សិន​ ពី​របៀប​ប្រើប្រាស់​បច្ចេកវិទ្យា ​ឱ្យ​ស្រប​ទៅតាម​ស្តង់ដា​តែ ១ នៅ​គ្រប់​មន្ទីរពេទ្យ​ទាំងអស់។

លោក​ថ្លែងថា​៖ «ដើម្បី​ផ្ដល់​ភាព​ងាយ​ស្រួល​ដល់​អ្នកជំងឺ ​យើង​ធ្វើ​កាត ឬ​បណ្ណ​សុខភាព​ជូន​​ពួកគាត់ ​ដោយ​កាន់តែ​កាត ​ឬ​បណ្ណ​នេះ​ទៅជា​មួយ ​ទោះ​ទៅ​មន្ទីរពេទ្យ​ណា​ក៏ដោយ ​មន្ទីរ​ពេទ្យ​នឹង​ដឹង​ពី​ប្រវត្ដិ​នៃ​ជំងឺ​របស់​អ្នក ជំងឺ​ម្នាក់ៗ។ ​ដូច្នេះ​ពេល​គាត់​មក​ពិនិត្យ​លើក​ក្រោយ ​យើង​នឹង​ដឹង​ពី​ប្រវត្ដិ​អ្នក​ជំងឺ ​ងាយស្រួល​តាមដាន​ថា ​អ្នកជំងឺ​ ឈឺ​អ្វី។ កាលបរិច្ឆេទ​មក​ពេទ្យ​ពេលណា ​បញ្ជូន​ទៅ​កន្លែង​ណា ​ម៉ោង​ប៉ុន្មាន ​ផ្តល់​ឱសថ​អ្វីខ្លះ ​ដែល​នេះ​ជា​ភាព​ងាយស្រួល​មួយ ដល់​គ្រូពេទ្យ ​ក្នុងការ​ពិនិត្យ​ព្យាបាល​អ្នកជំងឺ​ បាន​លឿន​រហ័ស ​និង​មាន​គុណ​ភាព។ តែ​ពេលនេះ ​បណ្ណ​សុខភាព​នេះ ​យើង​ប្រើ​បាន​តែ​នៅ​ពេទ្យ​ព្រះអង្គ​ឌួង​តែប៉ុណ្ណោះ»។

លោកម៉ម ប៊ុនហេង ចូលរួម​សម្ពោធប្រព័ន្ធមន្ទីរពេទ្យឌីជីថល​​ ម្សិលមិញ។ គីម ម៉ារីតា

លោក​ស្រី ប៉ុង លីម​សាន ​ស្ថាប​និក​ និង​ជា​នាយិកា​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្វឺ​ស វី​ម៉ិ​ន​ថេ​ច អេស៊ា (First Womentech Asia Co., LTD) ដែល​បង្កើត​ប្រព័ន្ធ​មន្ទីរពេទ្យ​ឌីជីថល​ «ពេទ្យ​យើង» បាន​ប្រាប់ថា​ ប្រព័ន្ធ​គ្រប់គ្រង​ពេទ្យ​ឌីជីថលនិង​ទំនើប​ជា​ប្រព័ន្ធ​ឌីជី​ថល​មួយ​ដែលមាន​កម្មវិធី​គ្រប់គ្រង​មន្ទីរពេទ្យ​គ្រប់​កម្រិត​ទាំង​មន្ទីរ​ពេទ្យ​ឯកជន ​និង​រដ្ឋ​។ គឺ​គ្រប់​គ្រង​តាម ​Online និង Offline (All in one plate form) ​លើ​ប្រតិបត្តិការ​ទាំងមូល​របស់​មន្ទីរពេទ្យ​ ដូចជា​ EMR (កំណត់​ត្រា​អ្នកជំងឺ) ​Para Clinic ​គ្រប់គ្រង​ស្ដុក​ឱសថ​កាលបរិច្ឆេទ​ប្រើប្រាស់​​ថ្នាំ។ ចរន្ត​ប្រើប្រាស់​ឱសថ ​កាលបរិច្ឆេទ​ជួប​ពេទ្យ ​កញ្ចប់​សេវា​ព្យាបាល​ ធានា​រ៉ាប់រង​ របាយ​ការណ៍​ពិនិត្យ​សុខភាព ​គណនេយ្យ​លំហូរ​សាច់ប្រាក់​ និង​​ធនធាន​មនុស្ស។

លោកស្រី​បន្តថា ​មុននឹង​ដាក់​ឲ្យ​ដំណើរ​ការនៅក្នុង​មន្ទីរពេទ្យ​ព្រះអង្គ​ឌួង​នេះ ​គឺ​វា​ត្រូវបាន​ដាក់​ឲ្យ​ដំណើរការ ​និង​គ្រប់គ្រង​ដោយ​ជោគជ័យ​នៅ​តាម​មន្ទីរពេទ្យ​ឯកជន​ជិត​ ១០០ កន្លែង​​មក​ហើយ។​

ចំពោះ​គម្រោង​ដែល​ក្រសួង​សុខាភិបាល​ប្រកាស​ប្រតិបត្តិ​ប្រព័ន្ធ​នេះ​ទូទាំង​ប្រទេស​ គឺជា​រឿង​ប្រសើរ​ ដោយ​អះអាងថា​លោកស្រី​បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​សហការ។

លោកស្រី​បញ្ជាក់ថា​៖ «ខ្ញុំ​ចង់​ឲ្យ​ម៉ូ​ដែល​ពេទ្យ​ទាំងអស់ ​យក​គំរូ​តាម​ពេ​ទ្យ​ព្រះ​អង្គឌួង ​ហើយ system ​របស់​យើង​គឺ​បាន​បង្កើត​រួច​ជា​ស្រេច​ហើយ ​សម្រាប់​ដំណើរការ​នៅតាម​មន្ទីរពេទ្យ​ទូទាំង​ប្រទេស ​និង​គ្រប់​កម្រិត។ ​អ្វីដែល​សំខាន់​ឲ្យ​មន្ទីរ​ពេទ្យ​នោះ​អាច​ប្រើប្រាស់​ប្រព័ន្ធ​នេះ​បាន​គឺ​គាត់​ត្រូវមាន​ឯកភាពគ្នា​ និង​សហ​ការគ្នា​ផ្ទៃ​ក្នុង​ នោះ​នឹង​អាច​ធ្វើ​ទៅបាន​ បើ​ទោះជា​ស្ថាប័ន​តូច​ក៏ដោយ​ ធំ​ក៏ដោយ»។

លោក ​លូ លី​ឃាង​ នាយក​មន្ទីរ​ពេទ្យ​ព្រះអង្គ​ឌួង ​លើក​ឡើងថា​ បន្ទាប់ពី​មន្ទីរពេទ្យ​ព្រះ​អង្គឌួង ​ប្រើ​ប្រាស់​នូវ​ប្រព័ន្ធ​គ្រប់គ្រង​បែប​ឌីជីថល​នេះ​ បានធ្វើ​ឲ្យ​ការគ្រប់​គ្រង​ទិន្នន័យ​សុខភាព​របស់​អ្នកជំងឺ ​កាន់តែ​ងាយស្រួល​ រហ័ស ​និង​ច្បាស់លាស់។

លោក​បន្តថា​ ក្នុង​រយៈពេល​ ១ ខែ​ ចាប់តាំង​ពី​ដាក់​ដំណើរការ​សាកល្បង​ រហូត​ដល់​ប្រកាស​ជា​ផ្លូវការ​នេះ ​មន្ទីរពេទ្យ​បានទទួល​ពិនិត្យ​អ្នកជំងឺ​រាប់​​ពាន់​នាក់ ​និង​ផ្តល់​បណ្ណ​សុខ​ភាព​ជូន​ដល់​អ្នកជំងឺជិត ២​ ពាន់​កាត។

លោក​ថ្លែងថា​៖ «ប្រព័ន្ធ​ហ្នឹង ​ចែក​ព័ត៌មាន​គ្នា​ហ្មង ​យើង​ចែក​ទៅកាន់​គ្រប់​ផ្នែក ​ត្រូវតែ​ដឹង​បញ្ហា​របស់​អ្នកជំងឺ​ ឲ្យ​តែ​នៅក្នុង​មន្ទីរ​ពេទ្យ​ព្រះ​អង្គ​ឌួង ​គឺ​ភ្ជាប់​ទាំងអស់ ​មិន​ថា​ផ្នែក​ច្រមុះ ​បំពង់ក ​ត្រចៀក ​ភ្នែក ​ធ្មេញ ​និង​រោគ​ស្ត្រី ​ក៏​យើង​ដឹង​ប្រវត្តិ។ ​វា​ងាយស្រួល​តាំងពី​គ្រប់គ្រង​រដ្ឋបាល​ ហិរញ្ញវត្ថុ ​បច្ចេកទេស​បាន​ទាំងអស់»។

អ្នកស្រី​ ហាក់ លាង​ហៃ ​អាយុ​ ៣៦ ឆ្នាំ​ អ្នក​ជំងឺ​ម្នាក់​មកពី​ខេត្ត​កណ្តាល​ ដែល​ទើប​ទទួល​កាត​ពី​មន្ទីរ​ពេទ្យ​​ បង្ហាញ​អារម្មណ៍​របស់​ខ្លួន​ថា​៖ «លឿន​អ៊ីចឹង ​យើង​អរ មក​ពេទ្យ​ខ្លាច​តែយូរៗ​ពេក ​ព្រោះ​ធ្លាប់តែ​យូរ ដល់​មកដល់​លឿន​អ៊ីចឹង​ ខ្ញុំ​សប្បាយ​ចិត្ត ​មិន​ហត់​នឹង​រង់​ចាំ​យូរ ​ខាត​ពេលវេលា ​ខាត​ការងារ។ បើ​ពេទ្យ​ផ្សេង​លឿន​អ៊ីចឹង​ដែរ ​មិន​ដឹង​ល្អ​យ៉ាងណា»។

​អ្នកស្រី​ឃ្លាំង​ យឿន​ អាយុ ៥២ ឆ្នាំ ​អ្នកជំងឺ​​មក​ពី​ខេត្ត​តាកែវ ​និយាយ​​ដែរ​ថា​៖ «ខ្ញុំ​ឃើញថា ​នៅ​ពេល​​ប្រើ​ប្រព័ន្ធ​នេះ ​សេវា​អី​លឿន ​ហើយ​ពេទ្យ​គេ​រាក់ទាក់​ទៀត»៕