ភ្នំពេញៈ សង្គម​ស៊ីវិល និង​មន្ត្រី​រដ្ឋាភិបាល ​និយាយថា ​Child Helpline ដែល​ផ្តល់​ការ​ប្រឹក្សា​យោបល់​ដោយ​មិន​គិតថ្លៃ​តាម​ប្រព័ន្ធ​ទូរស័ព្ទ ​ក្នុង​​ ២៤ ម៉ោង បាន​ជួយ​កុមារ និង​យុវជន​កម្ពុជា ឲ្យ​ពួកគេ​ក្លា​ហាន​ហ៊ាន​បង្ហាញ​បញ្ហា​ក្នុង​ចិត្ត​ ព្រោះ​ភាគ​ច្រើន​នៃ​ពួកគេ ​កំពុង​ប្រឈម​នឹង​បញ្ហា​ផ្លូវ​ចិត្ត ​ផ្តើមចេញពី​ការ រំលោភ​បំពាន​ក្រោម​រូបភាព​ផ្សេងៗ ​ដែល​មិន​ហ៊ាន​និយាយ​ចេញ។

បើតាម​របាយការណ៍​អង្គការ​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ ​ឲ្យ​ដឹងថា ​យ៉ាង​ហោច​​មាន​កុមារ ​និង​យុវវ័យ​អាយុ​ក្រោម ​២៥ ឆ្នាំ ​ជាង ៣ ០០០ នាក់​ ក្នុង​មួយខែៗ ​បាន​ស្វែងរក​សេវា​ប្រឹក្សា​យោបល់​ពី​បណ្តាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា​ តាមរយៈ​ប្រព័ន្ធ​ទូរស័ព្ទ​លេខ ១២៨០ ​ខណៈ​ប្រព័ន្ធ​នេះ​ទទួល​បានការ​ហៅចូល​ចន្លោះ​ពី ១ ម៉ឺន ​ទៅ ​១២ ០០០ នាក់​ ក្នុង ១ ខែ។

លោក ​ស៊ាន សុខផៃ ​នាយកប្រតិបត្តិ​អង្គការ​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា ​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា​ Child Helpline ​នៅតែ​ទទួល​បានការ​ហៅ​ចូល​ជាច្រើន​ពី​សំណាក់​កុមារ និង​យុវជន ​បន្ទាប់ពី​ដាក់​ដំណើរការ​តាំងពី​ឆ្នាំ ២០០៧ មក ​ហើយ​កុមារ ​និង​យុវជន​ទាំងនោះ​ ហ៊ាន​បង្ហាញ​បញ្ហា​ផ្លូវចិត្ត​របស់​ពួកគេ​ តាមរយៈ​ប្រព័ន្ធ​នេះដើម្បី​​ឲ្យ​មាន​ការ​ជួយ​ទប់​ស្កាត់​បាន​ទាន់​ពេលវេលា។

តាម​ការវាយតម្លៃមួយ​កាលពី​ឆ្នាំ ២០០៧ បាន​រកឃើញថា​ កុមារ ​និង​យុវជន​កម្ពុជា​ គួរតែ​ទទួលបាន​សេវា​ក្នុងការ​ពិភាក្សា​តាម​ទូរស័ព្ទ​ដោយ​ឥតគិត​ថ្លៃ ​សម្រាប់​ជួយ​ពួកគេ​ឲ្យ​ទទួល បាន​ការពិគ្រោះយោបល់​ក្នុងការ​ផ្តល់​ទាំង​ការគាំទ្រ​ផ្លូវ​ចិត្ត ​និង​ព័ត៌មាន​ ដើម្បី​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើការ​សម្រេច​ចិត្ត​ដោយ​ខ្លួនគេ​ផ្ទាល់ ឬ​ប​ញ្ជូន​ទៅ​អង្គការ​ដៃគូ​ដែល​សមរម្យ​ក្នុង​ការ​ទទួលបាន​សេវា​ដោយផ្ទាល់​ដូចជា​អាហារ ​ជម្រក ​ថ្នាំពេទ្យ ​ឬ​ការ​ណែនាំ​ផ្លូវ​ច្បាប់។ នេះ​បើ​តាម​របាយការណ៍​អង្គការ​បណ្ដាញ​ទូរស័ព្ទ​ជំនួយ​កុមារ​កម្ពុជា។

លោក​ សុខ​ផៃ ​និយាយថា ​ឆ្លងកាត់​ការផ្តល់​ការប្រឹក្សា​យោបល់​ តាម​រយៈ​តម្រូវការ​នេះ ​បញ្ហា​ដែល​កុមារ និង​យុវជន​អាយុ​ក្រោម​ ២៥ ឆ្នាំ ​កំពុង​ប្រឈម ​ក៏ដូចជា​បង្ហាញ​ចេញមក​ ជុំវិញ​បញ្ហា​រំលោភ​បំពាន​ផ្លូវភេទ ​បញ្ហា​ជំងឺ​ អំពើ​ហិង្សា ​និង​ការរើស​អើង​ ជាពិសេស​នោះ​គឺ​បញ្ហា​ផ្លូវចិត្ត ​ទាំង​ក្នុង​កម្រិត​ធ្ងន់ធ្ងរ​ និង​ស្រាល។

លោក​បន្តថា​៖ «នៅពេលដែល​គាត់​បង្ហាញពី​បញ្ហា​ទំនាក់ទំនង​ជាមួយ​មិត្ត​ភក្តិ​ សាច់ញាតិ​អីហ្នឹង​ បាន​លេចចេញ​ជា​រឿង​អី​ផ្សេង​ទៀត ​នៅពេល​គាត់​ទុកចិត្ត​ក្រុមប្រឹក្សា​យោបល់​ គឺ​យើង​ឃើញ​មាន​បញ្ហា​បង្កប់​ជាច្រើន​ទៀត​របស់​ពួក​គាត់។ ពាក់ព័ន្ធ​នឹង​កុមារ ​គឺ​ភាគច្រើន​លើ​អំពើ​ហិង្សា​គាត់​តេ​មក​ច្រើន​ ២ ទៅ​ ៣០០​ ករណី​ អី ​អ៊ី​ចឹ​ង​ទៅ​ ចំណែក​ពាក់ព័ន្ធ​រឿង​ស្ត្រី និង​ក្មេងស្រី ​គឺ​បញ្ហា​ការរើសអើង ​ក្នុង​មួយឆ្នាំៗ ​៣០០ ទៅ ៤០០​ ករណី ​ហើយ​បញ្ហា​ផ្លូវចិត្ត​អី​វិញ គឺ​ជាង ១ ពាន់​ករណី​ឯណោះ​ តេ​ចូល​មក»។

លោក​បញ្ជាក់ថា​៖ «ជាទូទៅ​ កុមារ និង​យុវជន​ គឺ​ពួកគាត់​ ចង់​មាន​មនុស្ស​ម្នាក់ស្តាប់​គាត់ ​អាច​និយាយ​ជាមួយ​បាន​ មិន​បន្ទោស​គាត់ ​មិន​ស្តី​ឲ្យ​គាត់ ​ដែល​ភាគច្រើន​គាត់​ចង់បាន​អ៊ីចឹង ​ដូច្នេះ​លេខ Helpline នេះ ​គឺ​ជួយ​គាត់​បាន ព្រោះ​បើ​គាត់​និយាយ​មិត្តភក្តិ​ ឪ​ពុក​ម្តាយ​សាច់ ញាតិ ​អ្នកខ្លះ​ គាត់​អត់​ចេះ​វិធី​​គាំទ្រ​ផ្លូវចិត្ត ​មានតែ​ការបន្ទោស​ថែម ​ធ្វើ​ឲ្យ​ក្មេង កាន់​តែ​ពិបាក »។

អ្នក​ប្រឹក្សា​យោបល់​ម្នាក់​ក្នុង​ប្រព័ន្ធ​ Helpline ១២៨០ ដែល​សុំប្រើ​ត្រឹមតែ​ឈ្មោះ​វិចិត្រ ​បាន​និយាយថា​ ​ចំនួន​អ្នក​តេ​មក ដើ​ម្បី​ស្វែងរក​សេវា​ប្រឹក្សា​យោបល់ ​គឺ​នៅតែមាន​ចំនួន​ច្រើន​ដដែល ​តែដោយសារ​ក្រុម​ការងារ មាន​ចំនួន​តិច ​មិនអាច​ទទួល​ទាន់ពេលវេលា ​អតិថិជន​ខ្លះ​ ត្រូវ​បាន​ខកខាន​ ក្នុងការ​ស្វែងរក​ការផ្តល់​ការប្រឹក្សា​យោបល់​នេះ។

លោក វិចិត្រ ​បាន​បន្តថា​ ជាទូទៅ​កុមារ ​និង​យុវជន​ តែងតែ​មានរឿង​លាក់​ក្នុង​ចិត្ត មិន​ព្រម​និយាយ​ចេញ​មក​ក្រៅ​នោះទេ​ ព្រោះតែ​ពួកគេ​ មានការ​ខ្មាសអៀន​ ដូច្នេះ​ដើម្បី​ដោះស្រាយ​បញ្ហា​ទាំងនេះ ​លោកចង់​ឲ្យ​កុមារ ​និង​យុវជន​ទាំងអស់​ មាន​ភាព​ក្លាហាន ​ហ៊ាន​និយាយ​ការពិត ​តាមរយៈ​លេខ​ Helpline នេះ។

លោក​បញ្ជាក់ថា៖ «យើង​ធានា​ការសម្ងាត់ ១០០ % ចំពោះ​រឿងរ៉ាវ​ដែល​ពួកគាត់​ បាន​និយាយ​ចេញ ហើយ​ទទួលយក​ការប្រឹក្សា​យោបល់​តាមរយៈ​ប្រព័ន្ធ​នេះ​ ព្រោះតែ​ពួកយើង ​មុននឹង​ចូលខ្លួន​ជា​អ្នកផ្តល់​ប្រឹក្សា​យោបល់​ គឺ​សុទ្ធតែ​ទទួល​បាន​ការបណ្តុះបណ្តាល​ជំនាញ​ត្រឹមត្រូវ។ ​នៅពេល​ពួកគេ​ តេ​ចូល​ដំបូង​ ពួកគេហាក់​មាន ​ភាព​ខ្លាច ​តែ​ការបន្ត​ការ​សន្ទនា​យូរ​ទៅ ​ទើប​ពួកគេ​ព្រម​ប្រាប់​រឿង​ក្នុង​ចិត្ត​ទាំងអស់ ​ហើយ​យើង​ព្យាយាម​ជួយ​ដោះស្រាយ ​តាមរយៈ​បច្ចេកទេស​របស់​យើង»។

អ្នកប្រឹក្សា​យោបល់​រូបនេះ ​​បន្ថែម​ថា​ ដោយសារតែ​ការធ្វើការ​ជា​រៀងរាល់​ថ្ងៃ ​មើលឃើញ​ពី​បញ្ហា​ប្រឈម​របស់​កុមារ និង​យុវជន​កាន់តែ​ច្រើន​ ដែល​ត្រូវការ​សេវា​ផ្តល់​ប្រឹក្សា​យោបល់​នេះ។ ​លោក​ចង់​ឲ្យ​ដៃគូ​ពាក់ព័ន្ធ ​ជាពិសេស​រដ្ឋាភិបាល​ ចូលរួម​គាំទ្រ​បន្ថែម​ទៀត​ ដើម្បី​ឲ្យ​ការបម្រើ​សេវាកម្ម​នេះ បាន​កាន់តែ​ល្អ ​សម្រាប់​ជួយ​ដល់​កុមារ​ និង​យុវជន​កម្ពុជា ​ឲ្យ​ពួកគេ​ គេច​ផុតពី​ហានិភ័យ​ទាំង​នេះ។

យុវតី​ម្នាក់​ដែលមាន​ឈ្មោះ​ នាថ ​អាយុ ២១ ឆ្នាំ ​ដែល​ធ្លាប់​ទទួលបាន​ការប្រឹក្សា​យោបល់​ពី​ប្រព័ន្ធ​ទូរស័ព្ទ Helpline​ នេះ បាន​និយាយប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា ​ក្រោយ​ជួប​បញ្ហា​ការ គំរាមកំហែង​តាម​ប្រព័ន្ធ​អីុន​ធឺ​ណិ​ត ​កាលពី​អំឡុង ​ឆ្នាំ ២០១៥ ខ្លួន ​ក៏​សម្រេចចិត្ត​តេ​ទៅ​លេខ helpline នេះ ​ដើម្បី​សុំ​ការប្រឹក្សា​យោបល់។

ក្រោយ​ទទួលបាន​ការ​ប្រឹក្សា​ និង​ជួយ​តាមរយៈ​អង្គការ​នេះ​ នាង​​បញ្ជាក់ថា ​បញ្ហា​របស់​ខ្លួន ក៏​ត្រូវបាន​ដោះស្រាយ​បញ្ចប់ ​ហើយ​ស្ថានភាព​ផ្លូវចិត្ត​ ដែល​រងគ្រោះ​ពី​ការគំរាមកំហែង ​ដែល​មិន​ហ៊ាន​និយាយ​ចេញ ​ក៏បាន​ធូរស្រាល។

ដោយ​ទទួលបាន​ការប្រឹក្សាយោបល់​ និង​ជួយសង្គ្រោះ​ដោយ​ជោគជ័យ​បែបនេះ ​នាថ ​ចង់​ឲ្យ​កុមារ ​និង​យុវជន​ទាំង​អស់​ គួរ​ជ្រើស​រើសយក​វិធីសាស្ត្រ​តាមរយៈ​ប្រព័ន្ធ helpline នេះ។

នាង​និយាយ​ថា៖ «ខ្ញុំ​គិតថា​ល្អ ​បើ​យុវជន​កម្ពុជា​ គាត់​មាន​ភាព​ក្លា​ហាន​ក្នុងការ​ប្រាប់​ពី​បញ្ហា​រប​ស់គាត់។ តែ​ខ្ញុំ​មិន​ដឹងថា​ កុមារ ​និង​យុវជន​កម្ពុជា ​គាត់​ហ៊ាន​ឬ​អត់? ​តែ​សម្រាប់​ខ្ញុំ​ បាន​ធ្វើ​រួចហើយ»។

លោក​ស្រី​ ញ៉េប​ សុភាព​ អគ្គ​លេខាធិការ​នៃ​អគ្គ​លេខាធិការដ្ឋាន​ក្រុមប្រឹក្សា​ជាតិ​កម្ពុជា​ដើម្បី​កុមារ​នៃ​ក្រសួង​សង្គមកិច្ច​ អតីត​យុ​ទ្ធជន ​និង​យុវ​នីតិ​សម្បទា បាន​និយាយថា ​កន្លងទៅ​ក្រសួង​តែងតែ​យកចិត្ត​ទុកដាក់និង​គាំទ្រ​យ៉ាង​ពេញ​ទំហឹង​ ខណៈ​ក្រសួង​តែងតែ​ប្រជុំ​ពិនិត្យ​លើ​សំណើ ​និង​បញ្ហា​របស់​កុមារ​ និង​យុវជន ​ដែល​បានបង្ហាញ​ក្នុង​ប្រព័ន្ធ​នេះ។ ​បញ្ហា​ទាំងនេះ ​ក៏​ជា​របាយការណ៍​សំខាន់​មួយ​សម្រាប់​ក្រសួង​ ក៏ដូចជា​រដ្ឋាភិបាល​ រៀបចំ​ផែនការ​ឲ្យ​បាន​ត្រឹមត្រូវ ដើម្បី​ចូលរួម​ទប់ស្កាត់​បញ្ហា​ជា​អាទិភាព ​ដែល​កើត​មាន​លើ​ពួកគេ។

លោកស្រី​បញ្ជាក់ថា​៖ «ការធ្វើ​របស់​យើង​ក៏​មិនទាន់​បាន​ពេញចិត្ត ​ឬ​ឆ្លើយតប​ទេ ​តែ​យើង​ក៏​ប្តេជ្ញាចិត្ត​ក្នុងការ​គាំទ្រ​ដែរព្រោះ​វា​ល្អ ​ដែល​អាចជួយ​កុមារ ​និង​យុវជន​កម្ពុជាឲ្យ​មាន​ភាព​ក្លា​ហាន​ក្នុងការ​បង្ហាញ​ទុក្ខ​វិបត្តិ​របស់​ពួកគេ​ចេញមក​ ដើម្បី​ឲ្យ​ពួក​យើង​បាន​ជួយ​ពួកគេ»។

បើតាម​អង្គការ Child Helpline ​កុមារ ​និង​យុវជន​ ក្រៅពី​អាច​ស្វែងរក​សេវា​ប្រឹក្សា​យោបល់​តាម​ប្រព័ន្ធ ១២៨០ ​ដោយ​មិន​អស់ថ្លៃ​ក្នុង ​២៤ ម៉ោង​ ក៏​​អាច​​​ទាក់ទង​តាម​គេហទំព័រ​របស់​អង្គការ​៕