ភ្នំពេញៈ ក្នុងគម្រប់ខួបលើកទី៥៣ ថ្ងៃទី ៨ សីហា ដែលជាថ្ងៃបង្កើតអាស៊ាន ប្រមុខការទូតកម្ពុជា លោក ប្រាក់ សុខុន បានផ្ញើសារអបអរសាទរថ្ងៃបង្កើតសមាគមអាស៊ាន ដោយបានលើកឡើងពីកាលានុវត្តភាពនៃការអភិវឌ្ឍ និងភាពរីកចម្រើនរបស់ប្រទេសកម្ពុជា និងការវិវឌ្ឍឈានទៅមុខរបស់អាស៊ានប្រកបដោយជោគជ័យ។
សារអបអរសាទរអាស៊ានចេញកាលពីថ្ងៃទី ៨ សីហា របស់ឧបនាយករដ្ឋមន្ត្រី និង ជារដ្ឋមន្ត្រីការបរទេសកម្ពុជាលោក ប្រាក់ សុខុន សរសេរថាថ្ងៃទី ៨ សីហា ជាការប្រារព្ធខួបលើកទី៥៣ ឆ្នាំ នៃការបង្កើតអាស៊ានក្រោមស្រមោលនៃវិបត្តិសកលផ្ទួនៗដែលបណ្តាលមកពីជំងឺរាតត្បាតកូវីដ ១៩ និងការប្រឈមមុខដាក់គ្នាដ៏តានតឹងរវាងប្រទេសមហាអំណាច។
សារលិខិតបន្តថា៖ «នៅពេលដែលអាស៊ានត្រូវបានបង្កើតឡើងនៅឆ្នាំ ១៩៦៧ សង្គ្រាមត្រជាក់បានជះឥទ្ធិពលពាសពេញពិភពលោក ហើយតំបន់របស់យើងក៏ញាំញីទៅដោយសភាពការណ៍តានតឹង។ ចាប់តាំងពីការបង្កើតនោះមក អាស៊ានបានវិវឌ្ឍឈានទៅមុខប្រកបដោយជោគជ័យ ត្រចះត្រចង់ ហើយបានពង្រីកទាំងទំហំ និងវិសាលភាពគ្របដណ្តប់របស់ខ្លួន»។
ផ្តើមចេញពីបំណងប្រាថ្នាការពារ និងលើកកម្ពស់ការអភិវឌ្ឍប្រកបដោយសន្តិភាពក្នុងតំបន់អាស៊ានបានទទួលជោគជ័យក្នុងការបង្ការទប់ស្កាត់ការឡើងកម្តៅពីការប្រឈមមុខដាក់គ្នា និងការបង្ការជម្លោះនានាមិនឲ្យរីករាលដាលក្លាយទៅជាសង្គ្រាមតាមរយៈមធ្យោបាយសន្តិភាព និងការទូត។
សារលិខិតក៏បញ្ជាក់ដែរថា៖ «ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន កម្ពុជាបានបញ្ចប់សង្គ្រាមស៊ីវិលរបស់ខ្លួនទាំងស្រុងក្នុងឆ្នាំ ១៩៩៨ និងបានក្លាយជាសមាជិកចុងក្រោយរបស់គ្រួសារអាស៊ានក្នុងឆ្នាំ ១៩៩៩»។
លោក ប្រាក់ សុខុន លើកឡើងក្នុងលិខិតថា ធម្មនុញ្ញអាស៊ានដែលបានចូលជាធរមានកាលពីថ្ងៃទី ១៥ ធ្នូ ឆ្នាំ ២០០៨ បានផ្តល់ឲ្យអាស៊ាននូវមូលដ្ឋានគ្រឹះថ្មីមួយទៀតសម្រាប់ការបោះជំហានប្រកបដោយស្ថិរភាពឆ្ពោះទៅកាន់ការបង្កើតសហគមន៍អាស៊ាននៅឆ្នាំ ២០១៥។ ជាមួយនឹងការដាក់បញ្ចូលកម្ពុជាជាសមាជិករបស់ខ្លួន អាស៊ានមានវិសាលភាពគ្របដណ្តប់លើប្រទេសទាំង ១០ ដែលមានចរិតលក្ខណពិសេសដោយឡែករបស់ខ្លួន និងពោរពេញដោយភាពចម្រុះទាំងផ្នែករចនាសម្ព័ន្ធសង្គម សេដ្ឋកិច្ច និងនយោបាយ។
លោកបន្តថា៖ «ហើយនេះជាអ្វីដែលយើងគ្រប់គ្នាលើកឡើងថាជា «ឯកភាពក្នុងភាពចម្រុះ» ដែលនេះជាកត្តារួមចំណែកដ៏សំខាន់ដល់ភាពធន់របស់អាស៊ាន និងស្មារតីរួបរួមគ្នាដ៏ជ្រាលជ្រៅ»។
លក្ខណសម្បត្តិដ៏ពិសេសមួយរបស់អាស៊ាន គឺអភិក្រមផ្អែកលើគោលការណ៍កុងសង់ស៊ីសដែលធានាបានថា ប្រទេសសមាជិកអាស៊ានទាំងអស់មានសំឡេងមួយស្មើៗគ្នា មិនថាប្រទេសនោះធំ ឬតូច ឬមានសេដ្ឋកិច្ចខ្លាំង ឬខ្សោយនោះទេ។
អ្នកវិភាគបញ្ហានយោបាយ និងសង្គម លោក ឯម សុវណ្ណារ៉ា ថ្លែងពីម្សិលមិញថា អាស៊ានជាអង្គការក្នុងតំបន់មួយដែលមានការចាប់អារម្មណ៍ខ្លាំងពីប្រទេសតំបន់អឺរ៉ុប និងប្រទេសមួយចំនួនលើសកលលោក។ ក្នុងនោះអាស៊ានបានដាក់ចេញនូវគោលការណ៍គ្រឹះ ឬហៅថា សសរស្ដម្ភចំនួន ៣ ចំណុចរួមមាន នយោបាយ សន្ដិសុខ និងវប្បធម៌ សេដ្ឋកិច្ច។
លោកថា សសរស្ដម្ភទាំង ៣ ត្រូវបានគេមើលឃើញថា គោលដៅទាំង ៣ នេះក្រុមសមាជិកអាស៊ាននៅមិនទាន់បានអនុវត្តជោគជ័យទាំងស្រុងនៅឡើយទេ។ មានន័យថា គំនិតផ្ដួចផ្ដើមធ្វើសមាហរណកម្មឲ្យក្លាយជាសហគមន៍អាស៊ានកាលពីឆ្នាំ ២០១៥ គឺត្រូវបានពន្យារពេលរហូតដល់ឆ្នាំ ២០២០ ទៅហើយ ទើបតែទទួលបានជោគជ័យសមាហរណកម្មសេដ្ឋកិច្ចមួយប៉ុណ្ណោះ។ ប៉ុន្ដែបញ្ហានយោបាយ និងសន្ដិសុខមិនទាន់អាចធ្វើបាននៅឡើយ ដោយសារអង្គការតំបន់មួយនេះនៅមានភាពមិនសូវស៊ីចង្វាក់គ្នា ឬមិនមានចិត្តរួមគ្នាតែមួយ។
លោកថា៖ «ជាក់ស្ដែងបញ្ហានៅសមុទ្រចិនខាងត្បូង ដែលមានវៀតណាម ហ្វីលីពីន ម៉ាឡេស៊ី និងប្រ៊ុយណេ កំពុងតតាំងជាមួយចិនរឿងទំនាស់ដែនសមុទ្រនេះ។ រីឯកម្ពុជា និងឡាវហាក់មានជំហរទោរទៅខាងចិន ចំពោះ ៤ ប្រទេសផ្សេងទៀតកំពុងឈរមើលចាំទទួលយកផលប្រយោជន៍ពីចិន និងភាគីទំនាស់»។
លោកបន្តថា៖ «កម្ពុជាហាក់មានភាពឯកា ក្រោយពីកើតរឿងកាលពីថ្ងៃទី ៥ ឬ៦ ខែកក្កដា ឆ្នាំ ១៩៩៧ ដោយសារកម្ពុជាចូលអាស៊ានក្រោយគេ ហើយនៅមានបញ្ហាបែបនេះទៀត។ ក្រោយមកកម្ពុជាចាប់ផ្ដើមអនុវត្តគោលនយោបាយទាក់ទងការបរទេសដែលធ្វើឲ្យស្ដារមុខមាត់បានឡើងវិញខ្លះ ប៉ុន្ដែអ្វីដែលកម្ពុជាទទួលបានពីអាស៊ាន គឺហាក់ដូចជា ទទួលបានផលតិចតួចណាស់ មិនដូចនូវអ្វីដែលយើងចង់បានទេ»។
លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណិ្ឌត្យសភាកម្ពុជា និងជាអ្នកវិភាគបញ្ហានយោបាយថ្លែងថា ការឯកភាព និងការអនុវត្តគោលនយោបាយសសរស្ដម្ភទាំង ៣ របស់អាស៊ានហាក់ដូចជាមានការលំបាកខ្លះ ដោយសារការចូលពាក់ព័ន្ធខ្លាំងពីប្រទេសមហាអំណាចចិន និងសហរដ្ឋអាមេរិកជុំវិញសមុទ្រចិនខាងត្បូង និងការប្រកួតប្រជែងភូមិសាស្ត្រនយោបាយ។
លោកថា ប្រទេសក្នុងអាស៊ានមួយចំនួនកំពុងជាប់ពាក់ព័ន្ធទំនាស់ដែនសមុទ្រចិនខាងត្បូងជាមួយប្រទេសចិន រីឯសហរដ្ឋអាមេរិកដែលជាមហាអំណាចក្រៅតំបន់ក៏ព្យាយាមភ្ជាប់ខ្លួនមកដែរ ដោយលើកទឹកចិត្តរដ្ឋដែលមានទំនាស់ដែនសមុទ្រជាមួយចិន ព្រមទាំងបញ្ជូននាវាមុជទឹក ឬកងទ័ពជើងទឹកមកក្បែរសមុទ្រចិនខាងត្បូងដែលជាការគំរាមកំហែងចិន។
លោកថា៖ «ខ្ញុំគិតថាកម្ពុជាបានជួយអាស៊ានច្រើន និងក៏ទទួលបានផលប្រយោជន៍ ច្រើនពីអាស៊ានដែរ។ កម្ពុជាជួយអាស៊ានគឺព្យាយាមសម្របសម្រួលបណ្ដាប្រទេសមួយចំនួនដែលមានទំនាស់ជាមួយចិន និងសម្របសម្រួលទំនាស់ក្នុងតំបន់ដែរ ហើយចំពោះផលប្រយោជន៍កម្ពុជាបានទទួលទំហំសេដ្ឋកិច្ចច្រើន និងធ្វើឲ្យមានការទាក់ទាញប្រទេសនៅតំបន់អឺរ៉ុប»៕