ភ្នំពេញៈ លោកឧបនាយករដ្ឋមន្ត្រី ហោ ណាំហុង បានស្តីបន្ទោសឯកអគ្គរាជទូត និងអគ្គកុងស៊ុលខ្មែរនៅបរទេសថាទៅធ្វើការគ្រាន់តែដើម្បីសន្សំប្រាក់ និងបានណែនាំឲ្យមន្ត្រីទាំងនោះត្រូវបង្កើនការជួយដល់ពលករ និងផ្តល់សេវាឲ្យបានទាន់ពេលវេលាដល់ពលរដ្ឋខ្មែរនៅក្រៅ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានព្រមានដកឯកអគ្គរាជទូតណាដែលមិនសកម្មនឹងការងារ។
នៅក្នុងកិច្ចប្រជុំជាមួយឯកអគ្គរាជទូតអគ្គកុងស៊ុលខ្មែរទាំងអស់នៅក្រសួងការបរទេសកាលពីថ្ងៃសៅរ៍លោក ណាំហុង បានថ្លែងថា៖ «រយៈកន្លងមកខ្ញុំសូមអធ្យាស្រ័យនិយាយគ្នាឲ្យចំៗទៅឯកអគ្គរាជទូតយើងនៅបរទេសហាក់ដូចជាទៅសម្រាប់តែសន្សំលុយមានភាពស្រួលមានអ្នកធ្វើបាយ មានអ្នកបើកឡានកន្លែងស្នាក់នៅល្អ ការងារតិចសូមអធ្យាស្រ័យខ្ញុំសូមនិយាយឲ្យត្រង់»។
កិច្ចប្រជុំនេះធ្វើឡើងក្រោយពីមានការព្រមានពីសំណាក់លោក ហ៊ុន សែន កាលពីក្នុងឱកាសសន្និបាតលើកទី ៣៩ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជាកាលពីថ្ងៃទី ១០ ខែមករា ឆ្នាំ ២០១៦ ដោយលោកនាយករដ្ឋមន្ត្រីបានក្រើនរំឭក និងបន្ទោសដល់មន្រ្តីមិនបោះបង់ទម្លាប់អាក្រក់គឺឯកអគ្គរាជទូតខ្មែរណាដែលមិនសកម្មក្នុងការផ្តល់សេវាដល់ពលរដ្ឋខ្មែរនៅក្រៅប្រទេសត្រូវតែដកយកមកក្នុងប្រទេសវិញ។
យោងតាមលទ្ធផលការងារប្រកាសដោយក្រសួងការបរទេសបានឲ្យដឹងថាលោក ហោ ណាំហុង ស្នើឲ្យឯកអគ្គរាជទូតខ្មែរ និងអគ្គកុងស៊ុលទាំងអស់យកចិត្តទុកដាក់លើការងារដូចជាត្រូវតាមដានសភាពការណ៍ក្នុងប្រទេសពិសេសគឺ Facebook និង Website របស់លោកនាយករដ្ឋមន្ត្រី និងក្រសួងការបរទេសកម្ពុជា។
ត្រូវយកចិត្តទុកដាក់ការការពារ និងជួយឲ្យបានជាអតិបរមានូវរាល់បញ្ហារបស់ពលរដ្ឋខ្មែរពិសេសគឺពលករទាំងស្របច្បាប់ និងមិនស្របច្បាប់នៅប្រទេសថៃនៅកូរ៉េហើយនិងបញ្ហាស្រ្តីខ្មែរនៅប្រទេសម៉ាឡេស៊ី និងប្រទេសចិនដូចជាត្រូវបន្តជំរុញឲ្យអាជ្ញាធរថៃផ្តល់ប័ណ្ណការងារ និងទិដ្ឋាការស្នាក់នៅដល់ពលករខ្មែរដោះស្រាយរាល់ការរំលោភបំពានផ្សេងៗរបស់និយោជកមកលើពលករខ្មែរផ្តល់ការគាំទ្រផ្នែកច្បាប់ និងការផ្តល់មេធាវីក្នុងករណីឡើងតុលាការ ការទាមទារសំណងផ្សេងៗ និងសម្រួលការធ្វើមាតុភូមិនិវត្តន៍ជាដើម។
នៅប្រទេសកូរ៉េត្រូវបន្តចុះសួរសុខទុក្ខពលករហើយដោះស្រាយនូវរាល់បញ្ហាដែលពលករជួបប្រទះ។ សម្រាប់នៅប្រទេសចិនវិញត្រូវបន្តសហការជាមួយអាជ្ញាធរចិនជួយសង្គ្រោះ និងរៀបចំការធ្វើមាតុភូមិនិវត្តន៍របស់ស្រ្តីខ្មែរដែលរងគ្រោះដោយសារការជួញដូរស្រ្តី។ ចំណែកនៅ ម៉ាឡេស៊ី ត្រូវបន្តការការពារផលប្រយោជន៍ស្រ្តីខ្មែរដែលទៅធ្វើការជាអ្នកបម្រើតាមផ្ទះដូចជាការបង្ខំឲ្យធ្វើការងារហួសកំណត់ ការបំពានលើរាងកាយការផ្តល់ប្រាក់បៀវត្សរ៍មិនបានត្រឹមត្រូវ និងទៀងទាត់តាមការកំណត់។ ជាមួយគ្នានេះនៅឥណ្ឌូនេស៊ីត្រូវបន្តជួយសង្គ្រោះពលរដ្ឋកម្ពុជាដែលទទួលរងគ្រោះទៅធ្វើជាកម្មករលើទូកនេសាទរបស់ថៃនៅលើដែនសមុទ្រម៉ាឡេស៊ី។
ក្រៅពីនោះលោក ហោ ណាំហុង ក៏បានបញ្ជាក់ផងដែរថារាល់ការចេញលិខិតបញ្ជាក់ផ្សេងៗ និងការផ្តល់សេវាកុងស៊ុលត្រូវធ្វើដោយឥតគិតថ្លៃ និងឆាប់រហ័សទាន់ពេលវេលា និងចៀសវាងការយកតម្លៃលើសការកំណត់របស់រដ្ឋ និងការងារមួយចំនួនទៀត។
លោក មឿន តុលា នាយកអង្គការសង់ត្រាល់បានថ្លែងថាលោករីករាយចំពោះការថ្លែងរបស់លោក ហោ ណាំហុង ពីព្រោះមានការត្អូញត្អែរពីពលករខ្មែរ និងពលរដ្ឋខ្មែរនៅក្រៅប្រទេសថាទូតខ្មែរខ្លះមិនសកម្មនឹងការងារជួយពលករដូចជាតម្រូវឲ្យមកជួបស្ថានទូតក្នុងម៉ោងការងារ និងការចេញសេវា passport និងលិខិតផ្សេងៗថ្លៃហួសពីការកំណត់របស់រដ្ឋ។
បើតាមរបាយការណ៍របស់ក្រសួងការបរទេសក្រសួងបានអន្តរាគមន៍ជួយពលករនៅក្រៅប្រទេសបានចំនួន ៥៧៣ នាក់ក្នុងឆ្នាំ ២០១៥ ខណៈឆ្នាំ ២០១៤ មាន ១៣៤ នាក់ដែលចំនួននេះកើនឡើងជាង ៣០០ ភាគរយក្នុងនោះមានពីប្រទេសឥណ្ឌូនេស៊ី ចិន ម៉ាឡេស៊ី អារ៉ាប់ប៊ី សាអ៊ូឌីត និងពីប្រទេសអាហ្វ្រិកខាងត្បូង៕