The Phnom Penh Post Search

Search form

ប្រមុខ​ការទូត​ ២ ​រូប​ពី​តំបន់​អាហ្វ្រិក ​​មក​ស្វែងរក​ការគាំទ្រ​របស់​កម្ពុជា​ សម្រាប់​បេក្ខភាព​ ជា​អគ្គលេខាធិការ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង

Content image - Phnom Penh Post
ជំនួប​រវាង​ប្រមុខ​ការទូត​លោក​ ប្រាក់ សុខុន និង​លោកស្រី​ ល្វីស មុស៊ីគីវ៉ាបូ ពី​ម្សិលមិញ​។ ហេង ជីវ័ន

ប្រមុខ​ការទូត​ ២ ​រូប​ពី​តំបន់​អាហ្វ្រិក ​​មក​ស្វែងរក​ការគាំទ្រ​របស់​កម្ពុជា​ សម្រាប់​បេក្ខភាព​ ជា​អគ្គលេខាធិការ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង

ភ្នំពេញៈ រដ្ឋមន្ត្រី​ការបរទេស​ ២ ​រូប​មកពី​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក គឺ​ប្រទេស​រ្វ៉ាន់ដា និង​ហ្គីណេ​បាន​មក​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ ខណៈ​ដែល​រដ្ឋាភិបាល​ថ្មី​របស់​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន សែន មិន​ទាន់​ត្រូវ​បាន​បង្កើត​នៅ​ឡើយ ហើយ​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើកដំបូង​ក្រោយ​ការបោះឆ្នោត​កាលពី​ថ្ងៃទី​ ២៩ ខែ​កក្កដា​ដែល​កំពុង​ត្រូវ​បាន​រិះគន់​ដោយ​ប្រទេស​លោក​ខាង​លិច​ថា​មិន​សេរី ត្រឹមត្រូវ និង​មិន​ស្រប​ច្បាប់​។

យោង​តាម​ខ្លឹមសារ​នៅ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការបរទេស កាលពី​ម្សិលមិញ​ឲ្យ​ដឹង​ថា​លោក​រដ្ឋមន្ត្រី​ ប្រាក់ សុខុន បាន​ជួប​ពិភាក្សា​ការងារ​ជាមួយ​លោកស្រី​ ល្វីស មុស៊ីគីវ៉ាបូ​ (Louise Mushikiwabo) ​រដ្ឋមន្ត្រី​ការបរទេស កិច្ចសហប្រតិបតិ្តការ និង​សហគមន៍​អាហ្វ្រិក​បូព៌ា​នៃ​សាធារណរដ្ឋ​រ្វ៉ាន់ដា និង​លោក ម៉ាម៉ាឌី ទូរ៉េ (Mamadi Toure) រដ្ឋមន្ត្រី​ការបរទេស​នៃ​សាធារណរដ្ឋ​ហ្គីណេ​នៅ​ទីស្ដីការ​ក្រសួង​ការបរទេស​។

សេចក្ដី​ប្រកាស​ព័ត៌មាន​នេះ​មាន​ខ្លឹមសារ​ថា​៖ «​កិច្ចប្រជុំ​នេះ​បាន​ផ្តោត​លើ​កិច្ចសហប្រតិបត្តិការ​ក្នុង​ក្របខ័ណ្ឌ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង និង​ការស្វែងរក​ការគាំទ្រ​របស់​កម្ពុជា ចំពោះ​បេក្ខភាព​លោក​ជំទាវ ល្វីស មុស៊ីគីវ៉ាបូ ជា​អគ្គលេខាធិការ​អង្គការ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​ដែល​ការបោះឆ្នោត​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​ ១១ ដល់ ទី​ ១២ ខែ​តុលា ឆ្នាំ​ ២០១៨ ខាង​មុខ​នេះ​នៅ​ប្រទេស​អាម៉េនី​»​។

នៅក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​ដោយ​ឡែក​មួយ​ផ្សេង​ទៀត​ឲ្យ​ដឹង​ថា លោកស្រី មុស៊ីគីវ៉ាបូ និង​លោក ទូរ៉េ ក្រៅពី​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ នៃ​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ទាំង​នេះ​ក៏​នឹង​បំពេញ​ទស្សនកិច្ច​ក្នុង​ប្រទេស​និយាយ​ភាសា​បារាំង​នៅ​ឥណ្ឌូចិន​ផ្សេង​ទៀត​ដូចជា​ប្រទេស​វៀតណាម និង​ឡាវ​ផង​ដែរ​ដើម្បី​ស្វែងរក​ការគាំទ្រ​សម្រាប់​បេក្ខភាព​ជា​អគ្គលេខាធិការ​នៃ​ក្រុម​ប្រទេស​និយាយ​ភាសា​បារាំង​។

លោក Paul Chambers សាស្ត្រាចារ្យ និង​ជា​ទីប្រឹក្សា​ពិសេស​កិច្ចការ​អន្តរជាតិ​នៃ​សាកលវិទ្យាល័យ Naresuan ថ្លែង​ថា ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ការបរទេស​ទាំង​ ២ ​មកពី​តំបន់​អាហ្វ្រិក​មក​កាន់​ប្រទេស​កម្ពុជា​បាន​ជួយ​ផ្ដល់​ភាពស្រប​ច្បាប់​ដល់​ការបោះឆ្នោត​ដែល​ទើប​តែ​បាន​ប្រព្រឹត្ត​ទៅ​ថ្មីៗ​របស់​កម្ពុជា ហើយ​ដើម្បី​ចង់​បង្ហាញ​ថា ប្រទេស​ហ្គីណេ និង​រ្វ៉ាន់ដា​ប្រហែល​ពួកគេ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​គំរូ​នៃ​ប្រជាធិបតេយ្យ​។

លោក Paul Chambers បាន​ថ្លែង​ថា​៖ «​តែ​តាមពិត​ទៅ​ប្រទេស​ទាំង​ ២ ​នេះ​មិនមែន​ជា​ប្រទេស​ប្រជាធិបតេយ្យ​គំរូ​នោះ​ទេ​»៕

អត្ថបទគួរចាប់អារម្មណ៍