ភ្នំពេញៈ ប្រមុខ​ការពារជាតិ​កម្ពុជា​លោក​ ទៀ បាញ់ រំឭក​ដល់​សិក្ខាកាម​យោធា​ទាំងអស់​ដែល​កំពុង​បន្ត​ការសិក្សា​នៅឯ​ក្រៅ​ប្រទេស​ឲ្យ​យកចិត្ត​ទុកដាក់​ថែរក្សា​សុខភាព ដើម្បី​ចៀស​ឆ្ងាយ​ពី​ជំងឺឆ្លង បន្ទាប់ពី​មាន​សេចក្តី​រាយការណ៍​មក​ថា សិក្ខាកាម​ខ្មែរ​ចំនួន​ ៣ ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ​១៩ នៅ​ប្រទេស​រុស្ស៊ី អំឡុង​ពេល​ពួកគេ​កំពុង​បំពេញ​ការសិក្សា​នៅ​ប្រទេស​នោះ​។

ឧបនាយករដ្ឋមន្ត្រី​ និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក​ ទៀ បាញ់ ថ្លែង​ក្នុង​ទំព័រ​ហ្វេសប៊ុក​របស់លោក​នៅ​ថ្ងៃ​ចន្ទ​ថា​៖ «​សូម​ក្មួយៗ សិស្ស និស្សិត ដែល​កំពុង​សិក្សា​នៅ​តាម​បណ្តា​ប្រទេស​នានា​ថែទាំ​សុខភាព អនាម័យ​ឱ្យបាន​ល្អ​និង​រក្សា​គម្លាត​សង្គម​ (Social Distancing)​។ ព្រមទាំង​អនុវត្ត​នូវ​វិធានការ​ការពារ​ឱ្យ​បាន​ខ្ជាប់ខ្ជួន​ក្នុង​គ្រា​ដែល​មាន​ការរីករាលដាល​នៃ​មេរោគ​ COVID-19»​។

លិខិត​ ១ ​ច្បាប់​របស់​ស្ថាន​ឯកអគ្គរាជទូត​កម្ពុជា​ប្រចាំ​ប្រទេស​រុស្ស៊ី​ផ្ញើ​មក​កាន់​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​នៃ​ក្រសួង​ការពារជាតិ​កាលពី​ថ្ងៃ​ ១៩ មេសា​ ឲ្យ​ដឹងថា កាលពី​ថ្ងៃទី​ ១៨ មេសា សិក្ខាកាម​យោធា​កម្ពុជា​ចំនួន​ ៣ ​នាក់​ បាន​ឆ្លង​ជំងឺ​កូវីដ​ ១៩ បន្ទាប់ពី​បាន​បញ្ជូន​ទៅ​ពិនិត្យ​សុខភាព​នៅ​មន្ទីរពេទ្យក្រុង​ក៏​បាន​រកឃើញ​លទ្ធផល​វិជ្ជមាន​។

លិខិត​បញ្ជាក់ថា​៖ «​មូលហេតុ​នៃ​ការឆ្លង​នេះ​គឺ​ដោយសារ​មាន​ការឆ្លង​ពី​បណ្តា​សិក្ខាកាម​យោធា​ជនបរទេស​ដទៃ​ទៀត​ដែល​សិក្សា​ឆ្នាំ​ជាមួយ​គ្នា និង​ស្នាក់នៅ​ជាន់​ជាមួយ​គ្នា​។ បច្ចុប្បន្ន​សិក្ខាកាម​យោធា​កម្ពុជា​ ៣ ​រូប​ ត្រូវ​បាន​ខាង​សាលា​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ព្យាបាល​ជំងឺ​កូវីដ​ ១៩ និង​កំពុង​តាមដាន​សុខភាព​បន្តទៀត​»​។

លោក​ ប៉ែន ពិសិដ្ឋ នាយការិយាល័យ​អនុព័ន្ធយោធា​ប្រចាំ​ស្ថានទូត​កម្ពុជា​នៅ​ទីក្រុង​ម៉ូស្គូ​បញ្ជាក់​ក្នុង​លិខិត​ថា សិក្ខាកាម​ចំនួន​ ៣ ​រូបនោះ​កំពុង​សិក្សា​ឆ្នាំ​ទី​ ៣ ជំនាញ​វេជ្ជសាស្ត្រ​ទូទៅ​នៅ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​យោធា​ប្រទេស​ រុស្ស៊ី​។

លោក​បញ្ជាក់​ថា​៖ «​យោងតាម​ការរាយការណ៍​ពី​ប្រធាន​ក្រុម​ប្រចាំ​សាលា​ផ្ទាល់ គឺ​ស្ថានភាព​ជំងឺ​របស់​សិក្ខាកាម​យោធា​ទាំង​ ៣ ​រូប​ នៅ​មិនទាន់​មាន​សភាព​ធ្ងន់ធ្ងរ​ទេ ដោយសារ​តែ​ពួកគាត់​បាន​រាយការណ៍​ពី​សុខភាព និង​ស្ថានភាព​ជំងឺ​របស់ខ្លួន​ទៅកាន់​ក្រុមគ្រូពេទ្យ ដើម្បី​ពិនិត្យ​រកមើល​ជំងឺ​កូវីដ​ ១៩​ បាន​ទាន់​ពេលវេលា​»​។

លោក​ ទោ ផាត ប្រធាន​នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ​បាន​បង្វែរ​សំណួរ​ឲ្យ​ទៅ​សួរ​អ្នក​នាំពាក្យ​ក្រសួង​ការពារជាតិ​ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាងខ្លី​ថា លោក​បានដាក់​របាយការណ៍​ជូន​រដ្ឋមន្ត្រី​​រួចរាល់​អស់ហើយ​ជុំវិញ​ករណីនេះ​។ លោក ​ឈុំ សុជាត អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ​មិន​អាច​ទាក់ទង​ដើម្បី​សុំ​អត្ថាធិប្បាយ​បាន​ទេ​ពី​ម្សិលមិញ​៕