ភ្នំពេញៈ លោក សាយ ឈុំ ប្រមុខរដ្ឋស្ដីទី​ពី​ម្សិលមិញ​បាន​​ទូល​ព្រះមហាក្សត្រ​ពី​ការបញ្ចប់​គោរមងារ​ឧកញ៉ា​ពី​លោក ឌួង ឆាយ ដែលជា​អ្នកជំនួញ​វ័យក្មេង​ក្រោយពី​បាន​បង្ក​អំពើហិង្សា​ក្នុង​គ្រួសារ​។ ការទូលថ្វាយ​នេះ​បាន​ធ្វើឡើង​នៅ​ថ្ងៃទី​ ១៧ ខែ មីនា ឆ្នាំ​ ២០២១ តាម​​សំណើ​របស់​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន​។

យោងតាម​លិខិត​ប្រមុខរដ្ឋស្តីទី​បាន​ឱ្យ​ដឹងថា​៖ «​ទូលព្រះបង្គំ​ជាខ្ញុំ សូម​ព្រះរាជានុញ្ញាត​ទូលថ្វាយ​ព្រះករុណា​ជា​ទីគោរព​សក្ការៈ​ដ៏ខ្ពង់ខ្ពស់ ទ្រង់​ព្រះរាជ​មេត្តា​ជ្រាបថា សម្តេច​អគ្គមហាសេនាបតី​តេជោ​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​បាន​ធ្វើ​សំណើ​...​មក​ទូលព្រះបង្គំ​ជាខ្ញុំ ដើម្បី​ស្នើសុំ​បញ្ចប់​គោរមងារ ឧកញ៉ា​ពី​ឧកញ៉ា ឌួង ឆាយ​»​។

ប្រតិកម្ម​នេះ​បាន​កើតឡើង​ក្រោយ​យប់​ថ្ងៃទី​ ១៥ ខែ មីនា ឆ្នាំ ២០២១ អ្នកស្រី ដេត ម៉ាលីណា ជា​អតីត​ភរិយា​លោក ឌួង ឆាយ បាន​បង្ហោះ​សារ​ និង​ឃ្លីប​វីដេអូ ដែល​មាន​រយៈពេល​ជាង​ ១ ​ម៉ោង​បង្ហាញ​អំពី​សកម្មភាព​ប្រើ​អំពើហិង្សា​ក្នុង​គ្រួសារ ដែល​បង្កឡើង​ដោយ​លោក ឌួង ឆាយ មកលើ​រូបគាត់​នៅ​ចំពោះ​មុខ​កូនៗ​តាមរយៈ​ការទះតប់​ និង​យក​ជើង​ធាក់​ក្បាល​ស្ត្រី​ជា​ប្រពន្ធ​ដែល​បង្កឱ្យ​មាន​ការភ្ញាក់ផ្អើល និង​រិះគន់​យ៉ាងធ្ងន់ធ្ងរ​ពី​មហាជន ដែល​ធ្លាប់​​គាំទ្រ​លោក​កាលពី​មុន​។

តាមរយៈ​សារ និង​ឃ្លីប​វីដេអូ​នោះ​លោក ហ៊ុន សែន បាន​បញ្ចេញ​មតិ​ដោយ​បង្កប់​នូវ​ចម្ងល់​ចំពោះ​ទង្វើ​របស់​លោក​ ឌួង ឆាយ ដែល​ប្រើ​ហិង្សា​ទៅលើ​ស្ត្រី​ជា​ភរិយា​នោះ​ដោយ​បាន​លើក​ជា​សំណួរ​ថា​៖ «​ហេតុអ្វី​បាន​ជា ឌួង ឆាយ ឃោរឃៅ​ដល់​កម្រិត​នេះ​?»​។

ទន្ទឹម​គ្នា​នេះ ក្រសួង​កិច្ចការ​នារី​នៅ​ថ្ងៃ​ម្សិលមិញ​ក៏​បាន​ចេញ​សេចក្តី​ថ្លែងការណ៍​បន្ទាន់​មួយ ដោយ​បាន​ថ្កោលទោស ចំពោះ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បាន​កើតឡើង​លើ​អ្នកស្រី ដេត ម៉ាលីណា តាមរយៈ​ឃ្លីប​វីដេអូ ដែល​បាន​បង្ហោះ​តាម​បណ្ដាញ​ហ្វេសប៊ុក​កាលពី​យប់​ថ្ងៃទី​ ១៥ ខែមីនា ឆ្នាំ​ ២០២១ ​នោះ​ផងដែរ ដោយ​បាន​បញ្ជាក់ថា អំពើហិង្សា​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ណាក៏ដោយ ជា​អំពើ​ដែល​មិន​អាច​ទទួល​យក​បាន និង​មិនអាច​អត់ឱន​ឱ្យ​បានទេ ហើយ​ជនរងគ្រោះ កូន និង​អ្នកពាក់ព័ន្ធ​ត្រូវ​ទទួលបាន​កិច្ចការពារ​ដោយ​ច្បាប់ និង​សេវា​សង្គម ហើយ​ជន​ប្រព្រឹត្ត​ត្រូវ​ទទួល​ខុសត្រូវ​ចំពោះមុខ​ច្បាប់​ជា​ធរមាន​។

អំពើ​ហិង្សា​ក្នុង​គ្រួសារ​ដែល​បាន​កើតឡើង ចំពោះមុខ​កូនស្រី ប្រុស​ជា​កុមារ ដោយ​ផ្ទាល់ និង ឬ ដោយ​ប្រយោល​ក្តី​នឹង​បង្ក​ផលប៉ះពាល់​ជា​អវិជ្ជមាន​យ៉ាង​ខ្លាំង​លើ​សតិអារម្មណ៍ បញ្ញា​ស្មារតី ព្រមទាំង​ការលូតលាស់​ទាំង​សុខភាព រូបរាងកាយ និង​ផ្លូវចិត្ត​របស់​កុមារ ជាពិសេស​ការដិតដាម​នូវ​អំពើហិង្សា​ធ្ងន់ធ្ងរ​ជា​កត្តា​ជំរុញ​ឱ្យ​កុមារ​នឹង​អាច​ក្លាយ​ទៅ​ជា​អ្នកប្រើប្រាស់​អំពើហិង្សា​នៅពេល​ដែល​ពួកគេ​ធំ​ដឹងក្តី​។

ឪពុក ម្តាយ មាន​កាតព្វកិច្ច​ជួយ​សង្គ្រោះ​គ្នា ឧបត្ថម្ភ​គ្នា​ទៅវិញទៅមក និង​ធ្វើជា​គំរូ​ដល់​កូនៗ​ក្នុង​ការដោះស្រាយ​បញ្ហា​តាម​បែប​អហិង្សា ព្រមទាំង​មាន​កាតព្វកិច្ច​ចិញ្ចឹម​បីបាច់ ថែរក្សា និង​អប់រំ​កូនៗ​ឱ្យ​ក្លាយជា​ពលរដ្ឋ​ល្អ​សម្រាប់​សង្គមជាតិ​ដោយ​គោរព​តាម​ស្មារតី​នៃ​ច្បាប់ ប្រពៃណី និង​ទំនៀមទម្លាប់ ជាពិសេស​ត្រូវ​ចូលរួម​លើកកម្ពស់​ និង​ការពារ​សិទ្ធិ​ស្ត្រី និង​កុមារ​។

ក្រសួង​កិច្ចការនារី​ក៏​បាន​អំពាវនាវ​ដល់​ជនរងគ្រោះ​ដោយ​អំពើហិង្សា​ក្នុង​គ្រួសារ អំពើ​រំលោភ​សេពសន្ថវៈ អំពើ​ជួញដូរ​មនុស្ស និង​អំពើ​រំលោភបំពាន និង​បៀតបៀន​ផ្លូវភេទ​គ្រប់​ទម្រង់ និង​គ្រប់​រូបភាព​ផ្សេងៗ និង​អ្នក​បានដឹង​អំពី​បទល្មើស​អស់ទាំង​នេះ ជាពិសេស​ស្ត្រី និង​កុមារ​រងគ្រោះ​សូមកុំ​នៅ​ស្ងៀមស្ងាត់ និង​លាក់ទុក​បញ្ហា​ទាំងអស់​នេះ​។ ត្រូវ​បំបែក​ភាពស្ងៀមស្ងាត់ ត្រូវ​ស្វែងរក​ជំនួយ ការគាំទ្រ​ និង​កិច្ចអន្តរាគមន៍​ផ្សេងៗ តាមរយៈ​ការរាយការណ៍​ទៅ​អាជ្ញាធរ​មាន​សមត្ថកិច្ច​នៅ​មូលដ្ឋាន​ដែល​នៅ​ជិត​បំផុត ឬ​មន្ទីរ​កិច្ចការនារី​រាជធានី ខេត្ត​ទាំង​ ២៥​។ លោក​ ឌួងឆាយ បាន​សរសេរ​សារ​សូមទោស​នូវ​រាល់​កំហុសឆ្គង​របស់​ខ្លួន​ដល់​មហាជន និង​ទទួលស្គាល់​កំហុស​គ្រប់យ៉ាង​៕

វីដេអូ៖