ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន សម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​តាម​សំណើ​របស់​ស្ថាប័ន​អគ្គិសនី​ដែល​នឹង​អនុវត្ត​ចាប់ពី​ខែ​មករា ឆ្នាំ​ ២០២០ ​ខាងមុខ​ដោយសារ​ការបញ្ចូល​គ្នា​តែមួយ​ក្នុង​វិក្កយបត្រ​នេះ​បាន​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​។

ការសម្រេច​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​បាន​ធ្វើឡើង​នៅក្នុង​ថ្ងៃ​ដែល​លោក​ ហ៊ុន សែន សម្រេច​បញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ប្រមូល​សំរាម​ ស៊ិន ទ្រី ដែល​ជា​ក្រុមហ៊ុន​ផ្តាច់មុខ​មួយ​ក្នុងការ​ប្រមូល​សំរាម​ក្នុង​រាជធានី​ភ្នំពេញ​កាលពី​ថ្ងៃទី ២២ តុលា​។ ក្រោយពី​បញ្ចប់​កិច្ចសន្យា​ជាមួយ​គ្នា​ការគ្រប់គ្រង​លើ​ការងារ​ប្រមូល​សំរាម​នេះ​ត្រូវបាន​ប្រគល់​ទៅ​ឲ្យ​រដ្ឋ​ជា​អ្នក​កាន់កាប់​វិញ​រហូត​ឈានដល់​មាន​ការដាក់​ឱ្យ​ដេញថ្លៃ​ជាថ្មី​បាន​កើតឡើង​។

លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន បាន​សរសេរ​លើ​ហ្វេសប៊ុក​របស់​លោក​កាលពី​យប់​ថ្ងៃទី​ ២២ តុលា ថា​៖ «​ដោយ​ក្តាប់​បាន​នូវ​ការលំបាក​របស់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​រាជធានី​ភ្នំពេញ​អំពី​ការដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្រុមហ៊ុន ស៊ិន ទ្រី ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​កម្ពុជា​ល្ងាច​ថ្ងៃ​ (​អង្គារ​) ​នេះ​ខ្ញុំ​បាន​សម្រេច​តាម​សំណើ​របស់​អគ្គិសនី​កម្ពុជា​ដោយ​ដក​ថ្លៃ​សេវា​ប្រមូល​សំរាម​ចេញពី​វិក្កយបត្រ​ថ្មី​របស់​អគ្គិសនី​កម្ពុជា​ចាប់ពី​ថ្ងៃ​ទី​ ១ ខែ​ មករា ឆ្នាំ​ ២០២០ តទៅ​»​។

លោក​ក៏បាន​បញ្ជាក់​ដែរ​ថា​៖ «​យន្ត​ការយកថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃ​មុខ នឹង​ត្រូវ​ប្រើ​យន្តការ​ផ្សេង​ជំនួស​វិញ​ដែល​កិច្ចការ​នេះ​ខ្ញុំ​បានប្រគល់​ភារកិច្ច​ជូន​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ធ្វើការ​ប្រជុំ និង​ដោះស្រាយ​»​។

លោក​ មាស សុខសេនសាន អ្នកនាំពាក្យ​រង​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ពី​ម្សិលមិញ​ថា បន្ទាប់ពី​ទទួល​បាន​ការសម្រេច​នេះ ក្រសួង​នឹង​ពិភាក្សាគ្នា​នៅ​ថ្ងៃ​បន្ទាប់​ដើម្បី​ពិនិត្យ​លើ​បញ្ហា​នេះ​។ ប៉ុន្តែ​លោក​មិនទាន់​អាច​បញ្ជាក់​បាន​ទេ​ថា តើ​យន្ត​ការយកថ្លៃ​សេវា​ប្រមូល​សំរាម​ទៅ​ថ្ងៃមុខ​នឹង​ត្រូវ​ប្រើ​យន្តការ​អ្វី​ជំនួស​វិញ​នោះ​ទេ ដោយ​រង់ចាំ​ការជួបពិភាក្សា​ជាមុនសិន​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​ថ្ងៃនេះ​​ (​ម្សិលមិញ​) ​ថ្ងៃ​ឈប់​សម្រាក ដូច្នេះ​មិនទាន់​មាន​ព័ត៌មាន​ជាក់លាក់​ដែរ ដែល​ថ្ងៃ​ចូល​ធ្វើការ​វិញ យើង​នឹង​មាន​ការប្រជុំ​ពី​បញ្ហា​នេះ​»​។

លោក​ កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា​ (EDC) ​មិន​អាច​ទាក់ទង​បានទេ​ពី​ម្សិលមិញ​ព្រោះ​លោក​មិន​លើក​ទូរស័ព្ទ ចំណែក​អ្នកនាំពាក្យ​ក្រសួង​រ៉ែ និង​ថាមពល លោក​ យស មុនីរ៉ាត់ ក៏​មិនអាច​ទាក់ទង​បាន​ដែរ​កាលពី​ម្សិលមិញ​។

អ្នកស្រី អាណូន មាន​ទីលំនៅ​ក្នុង​រាជធានី​ភ្នំពេញ​ប្រាប់​ភ្នំពេញប៉ុស្តិ៍​ថា ​គ្រួសារ​អ្នកស្រី​បាន​បង់​សេវាកម្ម​នេះ​ជាប្រចាំ​ជាមួយ​នឹង​សេវា​អគ្គិសនី​តម្លៃ​ ១ ​ដុល្លារ បន្ទាប់ពី​ទទួល​បាន​វិក្កយបត្រ​របស់​អគ្គិសនី​ជា​រៀងរាល់​ខែ​។

អ្នកស្រី​និយាយថា​៖ «​សម្រាប់​ខ្ញុំ​ដូចជា​អត់​មាន​បញ្ហា​អ្វី​ទេ​។ ប៉ុន្តែ​បើសិន​គេ​មិន​ឲ្យ​បង់​តាម​វិក្កយបត្រ​ភ្លើង​នេះ​អ៊ីចឹង ក៏​ដូចជា​អត់​មាន​បញ្ហា​អ្វី​ដែរ គ្រាន់តែ​ខ្ញុំ​ឃើញ​មាន​បញ្ហា​ខ្លះ​ទាក់ទង​នឹង​សំរាម ហើយ​មាន​អ្នក​ខ្លះ​ប្រាប់​ថា​ផ្ទះ​គាត់​ទុកចោល​អត់​មាន​សំរាម​ទេ​តែ​ត្រូវ​បង់​ប្រចាំ​ខែ​ដែរ​។ តែ​បញ្ហា​ខ្លះ​យើង​បង់​ប្រចាំ​ហើយ​តែ​ខាង​សំរាម​នេះ​ច្រើន​ថ្ងៃ​បាន​មក​យក ហើយ​ប្រមូល​សំរាម​មិន​អស់​ក៏មាន​ដែរ​»​។

ទោះយ៉ាងណា​អ្នកស្រី​រំពឹង​ថា​វិធានការ​នេះ​នឹង​អាច​ធ្វើឲ្យ​ការប្រមូល​សំរាម​ក្នុង​ទីក្រុង​មាន​ភាពល្អប្រសើរ​ជាង​មុន​ទៅ​ថ្ងៃមុខ​។ ជាពិសេស​ការបង់​កម្រៃ​សេវាកម្ម​ក៏​ដូចគ្នា ដែល​អ្នកស្រី​បារម្ភ​ថា​ទៅ​ថ្ងៃមុខ​អាច​នឹង​មាន​បញ្ហា​ឡើងថ្លៃ​សំរាម ឬ​ក៏​អាចមាន​ភាពរញ៉េរញ៉ៃ​ពាក់ព័ន្ធ​នឹង​ការបង់​កម្រៃ​សេវា​សំរាម​នេះ បន្ទាប់ពី​មាន​ការបញ្ចប់​កិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​សំរាម​។

លោក​ ប៉ិច ពិសី នាយក​កម្មវិធី​ជាន់ខ្ពស់​នៃ​អង្គការ​តម្លាភាព​កម្ពុជា​បាន​លើកឡើង​ថា វិធានការ​នេះ​គឺជា​ការប្រសើរ​ដែល​រដ្ឋាភិបាល​គួរ​មាន​វិធានការ​ជា​យូរ​មកហើយ​។ ព្រោះ​ថា​ការដាក់​ថ្លៃ​សេវា​ប្រមូល​សំរាម​ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​នេះ​បាន​តម្រូវ​ឲ្យ​ប្រជាពលរដ្ឋ​ដែល​មិន​បានទទួល​សេវាកម្ម​នេះ​សោះ ត្រូវបំពេញ​កាតព្វកិច្ច​ដែរ​ទាំង​ដែល​សេវា​នេះ​មិនបាន​ផ្តល់​ដល់​ពួកគាត់​។ ម្យ៉ាងទៀត​ការដាក់បញ្ចូល​ក្នុង​វិក្កយបត្រ​របស់​អគ្គិសនី​នេះ​ក៏​បង្ក​ការលំបាក​ដល់​ប្រជាពលរដ្ឋ​រួមទាំង​អគ្គិសនី​ផ្ទាល់​ជាដើម​។

លោក​បញ្ជាក់ថា​៖ «​ការដក​នេះ​គឺជា​រឿង​ត្រឹមត្រូវ​ហើយ បើ​គិត​ថា​ក្រុមហ៊ុន​ប្រមូល​សំរាម​នេះ​បាន​ផ្តល់​សេវា​ប្រមូល​សំរាម​ឲ្យ​គាត់​មាន​នីតិវិធី​វិក្កយបត្រ​ទៅតាម​បច្ចេកទេស​របស់គេ​។ ព្រមទាំង​អាច​ឲ្យ​ប្រជាពលរដ្ឋ​គាត់​បាន​សួរដេញដោល និង​មាន​គណនេយ្យភាព ខណៈ​ពលរដ្ឋ​ខ្លះ​សួរដេញដោល​ទៅ​បែរ​ជា​មាន​រឿង​ដល់​ពួកគាត់​ទៀត​»​។

ជាមួយ​គ្នា​នេះ​លោក ប៉ិច ពិសី ក៏​រំពឹង​ថា​ការដាក់​ដេញ​ថ្លៃ​ក្នុងការ​ប្រមូល​សំរាម​ក្នុងពេល​ខាងមុខ​នេះ​ធ្វើ​ឡើង​ដោយ​បើកចំហ និង​តម្លាភាព ដើម្បី​ផ្តល់​ឲ្យ​ក្រុមហ៊ុន​ដែល​មាន​សមត្ថភាព​ពិតប្រាកដ​ទទួល​បាន​សិទ្ធិ​គ្រប់គ្រង និង​ប្រមូល​សំរាម​ដោយ​ចៀសវាង​ការ​មាន​បាតុភាព​មិនល្អ​បន្ត​កើតឡើង​ទៀត​ជុំវិញ​បញ្ហា​នេះ​៕