ព្រះសីហនុៈ លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អនុញ្ញាត​ឱ្យប្រើ​ថវិកាជាតិ​បម្រុង​ ១០០ ​លាន​ដុល្លារ​អាមេរិក​ដើម្បី​ជួស​ជុស​ផ្លូវ​ ២២ ​ខ្សែ ផ្លូវ​ក្រវាត់ក្រុង​មួយចំនួន និង​ស្ថាបនា​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ ខណៈ​រដ្ឋមន្ត្រី​ក្រសួង​សាធារណការ​បញ្ជាក់ថា ការដោះស្រាយ​បញ្ហា​ផ្លូវ និង​ទឹក​កខ្វក់​ក្នុង​ក្រុង​ព្រះសីហនុ ​គឺ​ត្រូវការ​លុយ​រាប់រយ​លាន​បន្ថែមទៀត​។

លោក​ ស៊ុន ចាន់ថុល រដ្ឋមន្ត្រី​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ប្រាប់​ក្រុម​អ្នក​សារព័ត៌មាន​កាលពី​ថ្ងៃ​ព្រហស្បតិ៍​សប្ដាហ៍​មុន​ថា ការប្រឹងប្រែង​អភិវឌ្ឍ​ទីក្រុង​សីហនុ​ឱ្យ​ក្លាយ​ជា​ទីក្រុង​គជ់​ដើម្បី​អាច​ទាក់ទាញ​ភ្ញៀវទេសចរ​បាន​ច្រើន​នោះ គឺ​ការចំណាយ​ថវិកា​ ១០០ ​លានដុល្លារ​ មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ​ទេ​។ ដើម្បី​ឆ្លើយតប​នឹង​តម្រូវ​ការស្ថាបនា​ផ្លូវ​ឱ្យបាន​ខ្វាត់ខ្វែង​ក្នុង​ក្រុង​ព្រះសីហនុ​​គឺ​កម្ពុជា​ត្រូវការ​ជំនួយ​អត់​សំណង​របស់​ភាគី​ចិន​រាប់រយ​លាន​ដុល្លារ​ផ្សេងទៀត​ជាពិសេស​ដើម្បី​ដោះស្រាយ​បញ្ហា​ទឹក​កខ្វក់​។

លោក​ថា​៖ «​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ឱ្យ​យក​ថវិកាបម្រុង​១០០ ​លាន​ដុល្លារ ​ឱ្យ​មក​ស្ដារ​ផ្លូវ ២២ ខ្សែ និង​ផ្លូវ​វាង​មួយ​ចំនួន​នៅ​ក្រុងព្រះសីហនុ​ដើម្បី​ធ្វើ​ម៉េច​ស្ដារ​មុខមាត់​ផ្លូវ​ឡើងវិញ​នៅ​ (​ក្រុង​) ​ព្រះសីហនុ ដោយសារ​ផ្លូវ​ខូចខាត​ច្រើន​។ ប៉ុន្តែ​ការ​ខូចខាត​នេះ ដោយសារ​យើង​ត្រូវ​ដឹកទំនិញ​កសាង​ច្រើន​នៅ​ក្រុង​ព្រះសីហនុ​ដូចជា អគារ​នេះឯង ព្រោះ​ការអភិវឌ្ឍ​នេះ​លឿន​ណាស់​ហើយ​មិន​អាច​គ្មាន​ការដឹកជញ្ជូន​ទំនិញ​នេះ​ទេ​»​។

លោក​បន្តថា​៖ «​ក្រៅពី​នោះ​ក៏​ត្រូវ​រៀបចំ​ស្នើសុំ​ថវិកា​ជា​ជំនួយ​អត់​សំណង​ពី​មិត្ត​ចិន​នៃ​យើង​ (​រាប់រយ​លាន​ដុល្លារ​) (​ដើម្បី​ចំណាយ​) ​ធ្វើ​ប្រព័ន្ធ​ចម្រោះ​ទឹក​កខ្វក់ ធ្វើ​ប្រព័ន្ធ​រំដោះ​ទឹកភ្លៀង​ និង​ការ​ដាក់លូ​បន្ថែម​ទៀត បើ​មិន​អ៊ីចឹង​នឹង​ធ្វើ​ឱ្យ​លិចលង់​ក្រុងព្រះសីហនុ​ថែមទៀត​»​។

កាលពី​ដើម​ខែ​សីហា​កន្លងមក​​នេះ នៅ​ទូទាំង​ក្រុងព្រះសីហនុ​បាន​រង​ការ​ជន់​លិច​យ៉ាងខ្លាំង​ដោយសារ​ជំនន់​ទឹកភ្លៀង និង​បាន​ធ្វើឱ្យ​ខូចខាត​ផ្លូវ​មួយ​ចំនួន​ព្រមទាំង​បណ្ដាលឱ្យ​កម្មករ​សំណង់​ ២ ​នាក់​ប្ដី​ប្រពន្ធ និង​មេការ​ជនជាតិ​ចិន​ម្នាក់​បាន​ស្លាប់​ដោយសារ​ទឹក​ហូរ​បាក់​រលំ​របង​ការដ្ឋាន​មួយកន្លែង​។

ការសម្រេច​ប្រើប្រាស់​ថវិកា​​ ១០០ ​លាន​ដុល្លារ​ របស់​លោក ហ៊ុន សែន គឺ​បាន​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​ពេញអង្គ​គណៈរដ្ឋមន្ត្រី​កាលពី​ថ្ងៃទី​ ៣០ ខែ ​សីហា​។

កាលពី​ថ្ងៃទី​ ៤ កញ្ញា លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថ​បាន​ដឹកនាំ​កិច្ចប្រជុំ​អន្តរក្រសួង​ស្ថាប័ន​មួយ​ចំនួន​ស្ដីពី​ «​ការធ្វើ​អាទិភាវូបនីយកម្ម​ក្នុង​ការជួសជុល និង​សាងសង់​ផ្លូវថ្នល់​ក្នុង​ខេត្ត​ព្រះសីហនុ​» ដើម្បី​រៀបចំ​យន្តការ​នៃ​ការងារ​ជួសជុល​ និង​ស្ថាបនា​ផ្លូវ​រួមទាំង​ប្រព័ន្ធ​រំដោះ​ទឹក និង​ប្រព័ន្ធ​ទឹក​កខ្វក់​ក្នុង​ខេត្ត​ព្រះសីហនុ​។

យ៉ាងណាក្ដី​លោក វ៉ាស៊ឹម សុរិយា មន្ត្រី​នាំពាក្យ​ក្រសួង​សាធារណការ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា លោក​មិនទាន់​ដឹង​អំពី​ការចាប់ផ្ដើម​ការជួសជុល​ផ្លូវ​ក្នុង​ខេត្ត​ព្រះសីហនុ​នៅ​ឡើយ​ទេ​។ រីឯ​លោក អ៊ឹង សុខឡេង អភិបាលក្រុង​ព្រះសីហនុ​ក៏​មិន​បាន​ដឹង​ច្បាស់​ដូចគ្នា​ដែរ ដោយ​លោក​ថា​ជា​គម្រោង​ចាត់ចែង​ដោយ​ថ្នាក់​ខេត្ត​។

ក៏ប៉ុន្តែ​លោក គួច ចំរើន អភិបាល​ខេត្ត​ព្រះសីហនុ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​យ៉ាងខ្លី​កាលពី​​ម្សិលមិញ​ថា គម្រោង​ជួសជុល​នេះ​នឹង​ចាប់ផ្ដើម​នៅក្រោយ​រដូវវស្សា​។ លោក​ថា​៖ «​នៅពេល​រាំង​ទឹកភ្លៀង​»​។

លោក សុខ សុខុម ប្រធាន​អង្គការ​ស្រាវជ្រាវ​ជាតិ​កម្ពុជា​ (CNRO) ​បាន​លើកឡើង​ថា បច្ចុប្បន្ន​ផ្លូវ​ស្ទើរ​ទាំងអស់​ក្នុង​ក្រុង​ព្រះសីហនុ​កំពុង​រងការខូចខាត​ដែល​បង្ក​ឡើង​ពី​រថយន្ត​ធំៗ​ដឹកទំនិញ និង​គ្រោះ​ធម្មជាតិ​។

លោក​ថា​៖ «​សង្ឃឹម​ថា ថវិកា​នេះ​នឹង​យក​មក​កសាង​តាម​គម្រោង​ដែល​បានកំណត់​ហើយ​​មាន​ទាំង​គុណភាព​ដែល​អាច​ទទួល​យក​បាន​»​។

អ្នក​រិះគន់​ជាច្រើន​តែង​លើកឡើង​ថា ការ​សម្រុក​វិនិយោគ​ខ្លាំង​ដោយ​ជនជាតិ​ចិន បាន​​ធ្វើឱ្យ​ក្រុង​ព្រះសីហនុ​ដែល​ធ្លាប់​មាន​ឆ្នេរ និង​ទឹកសមុទ្រ​ស្រស់ស្អាត​ក្លាយ​ជា​ទីក្រុង​សម្បូរ​សំរាម​មានទឹក​កខ្វក់​ហូរ​ចូល​សមុទ្រ និង​ជា​ទីក្រុង​បាត់បង់​សណ្ដាប់ធ្នាប់​ជាដើម​។

ប៉ុន្តែ​អាជ្ញាធរខេត្ត​ធ្លាប់​បាន​​បញ្ជាក់​ថា ការកកស្ទះ​ចរាចរណ៍​ និង​ជន់លិច​ទឹក​មួយ​ចំណែក​ក៏បង្ក​ឡើង​ពី​ពលរដ្ឋ​ខ្មែរ​ដែរ ​ដូចជា ការសង់​ខ្ទម​រស់នៅ​លើ​ចិញ្ចើមផ្លូវ និង​ការរំលោភ​ដី​ចំណី​អូរ​ធម្មជាតិ និង​ប្រឡាយ​ជាដើម​៕