ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីម្សិលមិញបានក្រើនរំឭកជាថ្មីឱ្យពលរដ្ឋបន្តប្រុងប្រយ័ត្នខ្ពស់ចំពោះការឆ្លងកូវីដ ១៩ ខណៈក្រសួងសុខាភិបាលព្រមានថា កម្ពុជាអាចមានករណីចម្លងលើអ្នកធ្វើដំណើរកម្សាន្តដោយមិនអនុវត្តវិធីការពារខ្លួន។
នៅថ្ងៃទី ៦ មិថុនា ក្រសួងសុខាភិបាលបានប្រកាសពីការរកឃើញបុរសខ្មែរ-បារាំងថ្មីម្នាក់ទៀត បានកើតជំងឺកូវីដ ១៩ ដែលបានធ្វើដំណើរពីអង់គ្លេសឆ្លងកាត់អាល្លឺម៉ង់ បារាំង និងកូរ៉េខាងត្បូងមុនមកដល់កម្ពុជាពីថ្ងៃទី ២៤ ខែឧសភា ដែលធ្វើឱ្យអ្នកឈឺជំងឺកូវីដ១៩នៅកម្ពុជាកើនដល់ ១២៦ នាក់ ។
ក្រសួងនេះបានបន្តថា ការរកឃើញករណីឆ្លងរប៉េះរប៉ោះនេះធ្វើឱ្យពិបាកស្មានទុកពីការចម្លង និងនៅតែជាហានិភ័យសម្រាប់សុខភាពសាធារណៈ ខណៈក្រសួងសង្កេតឃើញពលរដ្ឋមួយចំនួនធ្វើដំណើរពីកន្លែង ១ ទៅកន្លែង ១ និងជួបជុំគ្នាច្រើនដោយភ្លេចការពារខ្លួនដែលអាចនាំឱ្យមានរលកទី ២។
តាមក្រសួងថា៖ «ឥរិយាបថធ្វេសប្រហែស និងសន្ដិភាពនិយមជាមួយវីរុសកូវីដ ១៩ បែបនេះរបស់បងប្អូនប្រជាពលរដ្ឋមួយចំនួនជាហានិភ័យសុខភាពសាធារណៈ...»។
ក្រសួងសុខាភិបាលបានស្នើឱ្យពលរដ្ឋគ្រប់រូបត្រូវបន្តលាងសម្អាតដៃជាមួយសាប៊ូ អាល់កុល និងជែលឱ្យបានញឹកញាប់ ពាក់ម៉ាស់ ឬប្រើក្រមា និងកន្សែងនៅពេលកណ្ដាស់ ឬក្អក និងត្រូវរក្សាគម្លាតសុវត្ថិភាពបុគ្គលបន្តទៀតដែលត្រូវរក្សាចម្ងាយពីគ្នាយ៉ាងតិច ១,៥ ម៉ែត្រឡើងទៅ និងថាអ្នកដែលមានហានិភ័យឆ្លងខ្ពស់មានចាស់ជរា អ្នកមានជំងឺប្រចាំកាយ ស្ដ្រីមានផ្ទៃពោះ និងកុមារតូច ដែលមិនត្រូវឱ្យចូលរួមធ្វើដំណើរ ឬជួបជុំគ្នាឡើយ។
ជាមួយនេះដែរកាលពីម្សិលមិញលោក ហ៊ុន សែន ក៏បានសរសេរលើហ្វេសប៊ុក ក្រើនរំឭកពលរដ្ឋឱ្យចូលរួមទប់ស្កាត់ជំងឺកូវីដ ១៩ ផងដែរ ជាពិសេសអ្នកធ្វើដំណើរកម្សាន្តទៅតាមតំបន់រមណីយដ្ឋាននានា។
លោកបញ្ជាក់ថា៖ «កុំធ្វេសប្រហែសឲ្យសោះ ឬគិតលេងៗថា មិនអីទេ ប្រទេសយើងមិនឆ្លងទេ នោះគឺកំពុងប្រថុយនឹងគ្រោះថ្នាក់ធំហើយ។ ជំងឺកូវីដ១៩ដ៏កាចសាហាវនេះកំពុងឆ្លងរាតត្បាតនៅពាសពេញពិភពលោក ដែលមិនទាន់មានថ្នាំព្យាបាលនៅឡើយទេ។ ដូច្នេះគ្រប់គ្នាត្រូវប្រុងប្រយ័ត្នការពារសុខភាព»។
កាលពីថ្ងៃទី ២០ ឧសភា រដ្ឋាភិបាលបានប្រកាសថា រាល់អ្នកដំណើរដែលចូលកម្ពុជាដល់ព្រលានយន្តហោះភ្លាមត្រូវបញ្ជូនទៅកន្លែងរង់ចាំដើម្បីយកសំណាកធ្វើតេស្តនៅប៉ាស្ទ័រ មុនសម្រេចឱ្យធ្វើចត្តាឡីស័កតាមផ្ទះ ឬនៅកន្លែងដែលរៀបចំដោយអាជ្ញាធរ។
ការអនុវត្តវិធានការនេះ ខណៈច្រើនលើសលប់នៃអ្នកជំងឺទាំង ១២៦ គឺជាករណីនាំចូលពីក្រៅស្របពេលរដ្ឋាភិបាលកំពុងព្យាយាមកុំឱ្យមានការចម្លងមកពីអ្នកនៅក្រៅប្រទេស។
កាលពីថ្ងៃទី ៥ មិថុនា ក្រសួងសុខាភិបាលបានរៀបចំកន្លែងរង់ចាំយកសំណាក ១០ កន្លែងក្នុងព្រលានយន្តហោះ ភ្នំពេញដើម្បីកាត់បន្ថយការលំបាកដោយសារកន្លងមកអ្នកដំណើរត្រូវបានបញ្ជូនទៅនៅកន្លែងរង់ចាំខាងក្រៅព្រលានដូចជា នៅទ័ពអាកាសនៅមណ្ឌលសុខភាពចាក់អង្រែក្រោមនិងនៅវិទ្យាល័យហ៊ុនសែនជម្ពូវ័ន។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលលោកស្រី ឱ វណ្ណឌីន បានប្រាប់ភ្នំពេញប៉ុស្ដិ៍ម្សិលមិញថា ក្នុងចំណោមព្រលានយន្តហោះអន្តរជាតិទាំង ៣ គឺមានតែព្រលានយន្តហោះអន្តរជាតិភ្នំពេញទេ ដែលរៀបចំកន្លែងរង់ចាំ យកសំណាកទៅធ្វើតេស្ដ។
លោកស្រីថា៖ «នៅព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុនឹងត្រៀមរៀបចំនៅពេលខាងមុខនេះ ហើយព្រលានយន្តហោះអន្តរជាតិសៀមរាប មិនទាន់មានជើងហោះហើរចុះនៅឡើយទេ ប៉ុន្តែបើមានយើងគ្រោងនឹងរៀបចំឱ្យមានដូចគ្នា»។
លោក ខែក នរិន្ទដា ប្រធានផ្នែកទំនាក់ទំនងសាធារណៈនៅក្រុមហ៊ុន Cambodia Airport បានប្រាប់ភ្នំពេញប៉ុស្ដិ៍ដែរថា រយៈពេល ១ ខែឧសភា នៅព្រលានយន្តហោះអន្តរជាតិទាំង ៣ គឺមានអ្នកដំណើរចេញ-ចូលជាមធ្យម ៥៨៥ នាក់ក្នុង ១ ថ្ងៃដែលធ្លាក់ចុះ ៩៨ ភាគរយ បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
លោកបន្តថា អ្នកដំណើរទាំងនោះគឺមកពីទីក្រុងមួយចំនួនរបស់ចិន ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង និងអ្នកក្នុងស្រុកដែលធ្វើដំណើរពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅមកពីខេត្តព្រះសីហនុ និងខេត្តសៀមរាប។
លោកថា៖ «ជិត ១ សប្ដាហ៍នៃខែមិថុនានេះ មិនមានការផ្លាស់ប្ដូរជាវិជ្ជមានចំពោះការចរាចររបស់អ្នកដំណើរនៅអាកាសយានដ្ឋានទាំង ៣ នោះទេ ពោលគឺចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ២ ខែមិថុនា ចំនួនអ្នកដំណើរថយចុះ ៩៧ ភាគរយ បើប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០១៩»៕