ភ្នំពេញៈ លទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០១៥ មានភាពប្រសើរជាងឆ្នាំមុនខណៈដែលបេក្ខជនជាប់មានប្រមាណ ៥៥ ភាគរយហើយក្នុងនោះនិទ្ទេស A មានដល់ទៅ ១០៨ នាក់បើធៀបនឹងលទ្ធផលឆ្នាំ ២០១៤ ការប្រឡងលើកទី ១ ដែលបេក្ខជនជាប់មានប្រមាណតែ ២៥ ភាគរយហើយនិទ្ទេស A មានត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡាចេញផ្សាយថ្ងៃទី ១២ ខែកញ្ញា ឆ្នាំ ២០១៥ បេក្ខជនប្រឡងជាប់បាក់ឌុបមានចំនួន ៤៦ ៥៦០ នាក់ត្រូវជា ៥៥,៨៨ ភាគរយនៃបេក្ខជនវត្តមានសរុប ៨៣ ៣២៥ នាក់ហើយក្នុងនោះនិទ្ទេស A មាន ១០៨ នាក់ B មាន ១០៨៥ នាក់ C មាន ៣២៩២ នាក់ D មាន ៦០៩៣ និងនិទ្ទេស E មាន ៣៥ ៩៨២ នាក់។
រដ្ឋមន្ត្រីក្រសួងអប់រំលោក ហង់ ជួនណារ៉ុន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីម្សិលមិញថាលទ្ធផលប្រឡងបាក់ឌុបឆ្នាំ ២០១៥ នេះគឺបង្ហាញពីដំណើរវិវត្តន៍កាន់តែវិជ្ជមាននៃកំណែទម្រង់ប្រព័ន្ធអប់រំដោយតាមរយៈកិច្ចសហការប្រកបដោយតម្លាភាពរបស់គ្រូបង្រៀនអ្នកសង្កេតការណ៍ និងការខិតខំប្រឹងប្រែងរបស់សិស្សានុសិស្សផងដែរ។
លោកបានថ្លែងថា៖ «យើងឃើញថាដំណើរការសំណេរប្រព្រឹត្តទៅបានល្អសិស្សមានទំនុកចិត្តលើខ្លួនឯងហើយការធ្វើកំណែគឺឈរលើគោលការណ៍សម្ងាត់ដែលសូម្បីតែអ្នកកែក៏មិនដឹងថាកែសិស្សណាឡើយអ៊ីចឹងការងារនេះគឺមានតម្លាភាព និងច្បាស់លាស់»។
ចំណែកប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង ក៏បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ចំពោះដំណើរការរៀបចំ និងលទ្ធផលប្រឡងបាក់ឌុបឆ្នាំនេះ។
លោកគិតថា៖ «លទ្ធផលឆ្នាំនេះបញ្ជាក់យ៉ាងច្បាស់ពីការកែទម្រង់របស់ឯកឧត្តម ហង់ ជួនណារ៉ុន គឺពិតជាមានគុណភាពបើយើងធៀបឆ្នាំទៅគឺលទ្ធផលមួយទៅជាពីរសូម្បីតែសិស្សក៏ជឿជាក់លើការកែទម្រង់នេះលែងជឿលើអំណាចអ្នកណា លែងជឿលើលុយ ឬការផ្សងសំណាងដោយផ្អែកលើការប្រឹងប្រែងរៀនសូត្រវិញ»។
ក្នុងកំណែទម្រង់ប្រព័ន្ធអប់រំលើកដំបូងឆ្នាំ ២០១៤ ការរឹតបន្តឹងដំណើរការប្រឡងបាក់ឌុបបានធ្វើឲ្យបេក្ខជនប្រមាណ ៧៥ ភាគរយប្រឡងធ្លាក់ចំណែកការប្រឡងលើកទី ២ មានសិស្សចំនួន ១៧,៩៤ ភាគរយប៉ុណ្ណោះដែលបានប្រឡងជាប់ក្នុងចំណោមបេក្ខជនដែលប្រឡងសរុបជាង ៦ ម៉ឺន ៨ ពាន់នាក់។ ជាមួយគ្នានោះសិស្សនិទ្ទេស A ដែលមានចំនួនត្រឹមតែ ១១ រូបក៏បានទទួលនូវឱកាសចូលជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងទទួលបានកាដូលើកទឹកចិត្តដូចជា ម៉ូតូ កុំព្យូទ័រ និងប្រាក់ ព្រមទាំងការឧបត្តម្ភផ្សេងទៀតពីសប្បុរសជនផងដែរ។
យ៉ាងណាក្តីលោក ហង់ ជួនណារ៉ុន បានឲ្យដឹងថាសម្រាប់ឆ្នាំនេះដែរសិស្សនិទ្ទេស A មានដល់ទៅ ១០៨ រូបគឺមិនទាន់ដឹងថានឹងមានការលើកទឹកចិត្តពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឬសប្បុរជនយ៉ាងណានោះទេ។
បេក្ខជន ម៉ាន កូតា អាយុ ១៧ ឆ្នាំ ជាសិស្សវិទ្យាល័យបាក់ទូកដែលទទួលនិទ្ទេស A ពិន្ទុ ១០០ ពេញ និងខ្ពស់ជាងគេបានបង្ហាញនូវភាពរីករាយទន្ទឹមនឹងក្តីភ្ញាក់ផ្អើលចំពោះលទ្ធផលនេះ។
កូតា បាននិយាយថា៖ «វាជាលទ្ធផលដែលហួសពីការរំពឹងទុករបស់ខ្ញុំ ខ្ញុំបានទទួលដំណឹងពីអាហារូបករណ៍ខ្លះដែរ តែមិនទាន់ដឹងថាខ្ញុំនឹងទទួលបានអំណោយពិសេសអ្វីនៅឡើយទេ។ សាររបស់ខ្ញុំទៅអ្នកប្រឡងឆ្នាំក្រោយៗគឺត្រូវប្រឹងប្រែងរៀនពីថ្នាក់ទាបកុំចាំឲ្យហួសពេលព្រោះបើយើងប្រឹងតែថ្នាក់ទី ១២ សំណួរប្រែប្រួលបន្តិចគឺធ្វើមិនចេញនោះទេសំខាន់គឺត្រូវពង្រឹងពីថ្នាក់ក្រោមមក»។
សម្រាប់បេក្ខនារី ពេជ្រ សុវណ្ណរ័ត្ន អាយុ ១៩ ឆ្នាំ ជាសិស្សវិទ្យាល័យច្បារអំពៅដែលមិនបានប្រឡងជាប់បាននិយាយថានាងមានការតូចចិត្តនឹងខ្លួនឯងជាខ្លាំងដែលមិនមានសមត្ថភាពគ្រប់គ្រាន់ដើម្បីប្រឡងជាប់ដូចអ្នកដទៃ។ សុវណ្ណរ័ត្នថា៖ «ខ្ញុំអត់ទាន់ដឹងថាត្រូវធ្វើយ៉ាងណាទេខ្ញុំពិបាកចិត្តខ្ញុំខំរៀនច្រើនណាស់ដែរតែនៅតែប្រឡងមិនជាប់ខ្ញុំអស់សង្ឃឹមខ្ញុំមិនដឹងថាត្រូវរៀនបន្តទៀត ឬយ៉ាងណាទេតែបើរៀនទៀតខ្ញុំនឹងព្យាយាមឲ្យច្រើនជាងនេះ»។
ផ្ទុយពីការយល់ឃើញរបស់រដ្ឋមន្ត្រីក្រសួងអប់រំប្រធានស្តីទីសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យលោកស្រី ឆាយ យ៉ាវី បានវាយតម្លៃកំណែទម្រង់នៃលទ្ធផលប្រឡងឆ្នាំ ២០១៥ នេះគឺនៅតែមានកម្រិតទាបដោយហេតុថាសិស្សទទួលបាននិទ្ទេស E មានដល់ទៅជាង ៣ ម៉ឺន ៥ ពាន់នាក់។
លោកស្រីថា៖ «ដូចការប្រកាសរបស់ក្រសួងវិញ្ញគឺធូរជាងឆ្នាំមុនហើយជាក់ស្តែងក្រសួងបានចេញសំណួរខុសបច្ចេកទេសដែលត្រូវផ្តល់ពិន្ទុដល់សិស្សសម្រាប់មុខវិជ្ជានោះ។ ខ្ញុំគិតថាដូចការវាយតម្លៃរបស់ក្រសួងមុនដឹងលទ្ធផលគឺជាង ៥០ ភាគរយហើយលទ្ធផលចេញមកគឺជាង ៥០ ភាគរយអ៊ីចឹងដូចជាការកំណត់មុនទៅហើយ»។
លោកស្រី យ៉ាវី ក៏បានរិះគន់ចំពោះយន្តការរបស់រដ្ឋាភិបាលដែលបានឆ្លើយតបខុសគ្នាចំពោះម្ចាស់ជ័យលាភីមេដាយមាសកីឡាតេក្វាន់ដូ កញ្ញា ស៊ន សៀវម៉ី កាលពីឆ្នាំ ២០១៤ ដែលត្រូវបានកំណត់ឲ្យជាប់ដោយស្វ័យប្រវត្តិដោយឡែកតែបេក្ខជនដែលជាសមាជិកក្រុមកីឡាបាល់ទាត់ជម្រើសជាតិ ៥ នាក់ និងស្ត្រីឈឺពោះជិតឆ្លងទន្លេមិនត្រូវបានក្រសួងអនុញ្ញាតឲ្យប្រឡងឡើងវិញនោះទេ។
បញ្ហានេះ លោក ហង់ ជួនណារ៉ុន បានឲ្យដឹងថា រហូតមកទល់ពេលនេះលោកមិនទទួលបានការស្នើសុំណាមួយពីបេក្ខជនទាំងនោះទេហើយការស្នើនេះទៀតសោតគឺទាមទារការពិចារណាលម្អិតមុននឹងសម្រេចដោយសារតែដំណើរការប្រឡងឡើងវិញត្រូវចំណាយពេលគិតគូរច្រើន។
លោកថា៖ «នេះជាការប្រឡងថ្នាក់ជាតិអ៊ីចឹងទាល់តែរៀបចំចំណាយពេល។ ខ្ញុំមិនបានស្គាល់ឈ្មោះពួកគាត់ទេរហូតមកទល់ពេលនេះគឺគ្មានការស្នើសុំពីពួកគេឡើយករណីបែបនេះអ្នកទទួលបន្ទុករបស់ពួកគេគួរតែជាអ្នកទទួលខុសត្រូវ»។
សម្រាប់ស្ត្រីឈឺពោះឆ្លងទន្លេពេលប្រឡងបាក់ឌុបដែលមានស្វាមីជាសែស្រឡាយរាជវង្សគឺអ្នកអង្គម្ចាស់ ស៊ីសុវត្ថិ ឫទ្ធីរ៉ាវង្ស បានមានបន្ទូលថាភរិយាឈ្មោះ ពេជ្រ សំអាត បានប្រឡងធ្លាក់ហើយអ្នកអង្គម្ចាស់ក៏មិនមានការអាក់អន់ស្រពន់ចិត្តចំពោះលទ្ធផលនេះដែរ។
អ្នកអង្គម្ចាស់មានបន្ទូលថា៖ «នឹងបន្តឲ្យគាត់ប្រឡងម្តងទៀតយើងអត់មានខកចិត្តអីទេយើងត្រូវទទួលស្គាល់ខ្លួនឯងយើងមិនចង់បានការរៀបចំពិសេសអីទេត្រូវធ្វើតាមគោលការណ៍ និងច្បាប់កំណត់កុំផ្តោតលើហេតុផលអ៊ីចឹងអី»។
តាមការជូនដំណឹងរបស់ក្រសួងអប់រំបេក្ខជនមាតាបិតាអាណាព្យាបាលអ្នកពាក់ព័ន្ធដែលមិនពេញចិត្តនឹងលទ្ធផលនៃការប្រឡងមានសិទ្ធិប្តឹងតវ៉ាក្នុងរយៈពេល ៣០ ថ្ងៃចាប់ពីថ្ងៃប្រកាសលទ្ធផលប្រឡង។ អ្នកប្តឹងតវ៉ាត្រូវសរសេរជាលាយលក្ខណ៍អក្សរត្រឹមត្រូវមានភ័ស្តុតាងមានឈ្មោះ មុខរបរ មានអាស័យដ្ឋានច្បាស់លាស់ និងមានការទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។ ក្នុងករណីមានពាក្យបណ្តឹង និងពិនិត្យឃើញថាការប្រឡងមានភាពមិនប្រក្រតីលើកិច្ចការរបស់បេក្ខជន និងលើការអនុវត្តភារកិច្ចរបស់គណៈមេប្រយោគ និងគណៈកម្មការផ្សេងៗទៀតក្រសួងអប់រំត្រូវបង្កើតគណៈកម្មការកោសល្យវិច័យ៕