ភ្នំពេញៈ ការប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​បាក់ឌុប​ឆ្នាំ​ ២០១៩ ចាប់ផ្តើម​នៅ​ថ្ងៃទី​ ១៩ ខែ​សីហា​នេះ​រហូត​ដល់​ថ្ងៃស្អែក​ដោយ​បេក្ខជន​ដែល​ចូលរួម​ប្រឡង​ជាង ១១ ម៉ឺន​នាក់​ត្រូវតែ​គោរព​បទ្បបញ្ញត្តិ​ទូទៅ​ដែល​ក្រសួង​អប់រំ​បាន​ដាក់​ចេញ​ក្នុង​នោះ បើ​បេក្ខជន​ណា​ត្រូវបាន​រកឃើញ​មាន​សំណៅ​ឯកសារ​នៅក្នុង​បន្ទប់​ប្រឡង​នឹងត្រូវ​ឲ្យ​ធ្លាក់​ដោយ​ស្វ័យប្រវត្តិ​។

លោក​ រស់ សុវាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ​យុវជន និង​កីឡា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃអាទិត្យ​ម្សិលមិញ​ថា បេក្ខជន​ប្រឡង​ទាំងអស់​ត្រូវ​យក​ចិត្ត​ទុកដាក់​ទៅលើ​បទប្បញ្ញត្តិ​ទូទៅ​ដែល​ក្រសួង​បាន​ដាក់​ចេញ​ជា​ធរមាន ជាពិសេស​ចៀសវាង​ការយក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង ទូរស័ព្ទ និង​គ្រឿង​អេឡិចត្រូនិក​គ្រប់​ប្រភេទ​ចូល​ក្នុង​បន្ទប់​ប្រឡង​។ ប្រសិន​បើ​បេក្ខជន​ត្រូវបាន​រកឃើញ​ថា មាន​សំណៅ​ឯកសារ​នៅក្នុង​បន្ទប់​ប្រឡង ក្រោយពី​ប្រកាស​ចុងក្រោយ​របស់​អនុរក្ស​រួចហើយ បេក្ខជន​នឹង​ត្រូវ​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។

លោក រស់ សុវាចា ថ្លែងថា​៖ «​ប្រសិន​បើ​បេក្ខជន​ឱ្យគេ​ប្រឡង​ជំនួស​វិញ បេក្ខជន​នោះ​ក៏ត្រូវ​ទទួល​លទ្ធផល​ធ្លាក់​ជា​ស្វ័យប្រវត្តិ​។ ចំណែកឯ​អ្នក​ដែល​ទៅ​ប្រឡង​ជំនួស​គេ​នឹង​ទទួលទោស​ធ្ងន់​ជាង​បេក្ខជន​ទៀត​ដោយ​គាត់​មានទោស​ប្រឈមមុខ​ច្បាប់​ទាក់ទង​ទៅនឹង​ការក្លែង​អត្តសញ្ញាណកម្ម​បុគ្គល ដើម្បី​មាន​សិទ្ធិ​ប្រឡង​ជំនួស​គេ​»​។

លោក​ សុវាចា បន្ថែម​ថា​ក្រសួង​បាន​ត្រៀម​ទាំង​ទិដ្ឋភាព​បច្ចេកទេស ហើយ​អនុវត្ត​គោលការណ៍ ៤ ដែល​មាន​គោលការណ៍​ច្បាប់ យុត្តិធម៌ តម្លាភាព និង​លទ្ធផល​ទទួល​យក​បាន​។ ក្រៅ​ពី​នេះ​ក្រសួង​ទទួលបាន​កិច្ចសហការ​វិជ្ជមាន​ពី​គ្រប់ភាគី​ពាក់ព័ន្ធ ជាពិសេស​ពី​អង្គភាព​ប្រឆាំង​អំពើ​ពុករលួយ​ (ACU) ក្រសួង​មហាផ្ទៃ ក្រសួងទេសចរណ៍ ក្រសួងបរិស្ថាន ក្រសួងសុខាភិបាល​តាមរយៈ​មន្ទីរ​សុខាភិបាល​នៅ​ទូទាំង​ប្រទេស និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ (​សសយក​)​។

លោក សុវាចា បញ្ជាក់​ថា​៖ «​ក្រៅពី​នេះ​យើង​ក៏បាន​ទទួល​កិច្ចសហការ​ពី​សំណាក់​មជ្ឈដ្ឋាន​ទូទៅ​មាន​ដូចជា​ពី​សំណាក់​វត្ត​អារាម​នៅក្នុង​ការផ្តល់​ទី​កន្លែង​ស្នាក់នៅ​ជូន​បេក្ខជន​។ បន្ថែម​ពី​នោះ​ក៏​មាន​នៅ​តាម​កម្រិត​ខេត្ត​ដែល​មាន​ការចូលរួម​ពី​អភិបាល ហើយ​និង​កម្រិត​មូលដ្ឋាន​ដែល​ជួយ​សម្រួល​ដល់​ការ​ស្នាក់នៅ និង​ការធ្វើ​ដំណើរ​ផ្សេងៗ​ផងដែរ​»​។

លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រី​ក្រសួង​អប់រំ​បាន​ផ្ញើ​សារ​ជូនពរ​ដល់​បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​ ២០១៩ ​នេះ​ទាំងអស់​ឱ្យ​ទទួលបាន​ជោគជ័យ និង​ប្រឡង​ដោយមាន​ភាពរលូន​។

លោក​ថា​ការប្រឡង​នេះ​គឺ​ដំណើរការ​តាម​គោលការណ៍ «​អ្នកចេះ​គឺ​ជាប់​»​។

លោក​ថ្លែង​តាមរយៈ​វីដេអូ​ដែល​បាន​បង្ហោះ​ក្នុង​ហ្វេសប៊ុក​ក្រសួង​កាលពី​ថ្ងៃទី​ ១៥ ខែ​សីហា​ថា​៖ «​ដូច្នេះ​សូម​ប្អូនៗ​កុំ​យក​សំណៅ​ឯកសារ ទូរស័ព្ទដៃ ឬ​គ្រឿង​អេឡិចត្រូនិក​ចូល​ហើយ​សូម​គោរព​ទៅតាម​បទប្បញ្ញត្តិ​របស់​បេក្ខជន ដើម្បី​ថែរក្សា​នូវ​សណ្តាប់ធ្នាប់​ពេល​ប្រឡង ក៏​​ដូចជា​ថែរក្សា​នូវ​កិត្តិយស​របស់​ប្អូនៗ​ក៏​ដូចជា​របស់​ប្រព័ន្ធ​អប់រំ​របស់​យើង​»​។

យុវជន ស្រី ចាន់អ៊ិក រៀន​នៅ​វិទ្យាល័យ​ ហ៊ុន សែនបរិបូណ៌ ក្នុង​ខេត្ត​កំពង់ឆ្នាំង​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ប្អូន​បាន​ត្រៀម​ខ្លួន​ប្រឡង​តាំងពី​ចូលរៀន​ថ្នាក់​ទី​ ១២ មក និង​បាន​បែងចែក​កាលវិភាគ​រៀន​ច្បាស់លាស់ និង​សាកល្បង​ប្រឡង​ដោយ​ខ្លួនឯង​។

យុវជន​រូបនេះ​បញ្ជាក់​ថា​៖ «​យើង​យក​កម្រង​វិញ្ញាសា​ដែល​គេ​ធ្លាប់​ចេញមក (​ពី​) មុន យក​មក​តេស្ត​សមត្ថភាព​ខ្លួនឯង​។ ដូច​ថា គណិត (​វិទ្យា​) ពួក​ខ្ញុំ​អ៊ីចឹង រយៈពេល​ ១ ​ម៉ោង​កន្លះ​ហ្នឹង ថា​យើង​អាច​ធ្វើ​ទាន់​អត់​? អ៊ីចឹង​អនុវត្ត​រាល់ថ្ងៃ​ទៅ ខ្ញុំ​គិត​ថា​ទទួល​បាន​ជោគជ័យ​។ អត់​មាន​បញ្ហា​អ្វី​ទេ ហើយ​ចំពោះ​ការប្រឡង​ថ្ងៃស្អែក​នេះ​។ បើ​អ្នក​ខ្លះ គេ​ថា គេ​ភ័យ​។ ចំពោះ​ខ្ញុំ​អត់​ភ័យ​ទេ​។ វា​អត់​ពិបាក​ទេ​»​។

សិស្ស​ពិនិត្យ​ឈ្មោះ​ប្រឡង​បាក់ឌុប​ពី​ម្សិលមិញ​។ រូបថត ហ៊ាន រង្សី

ចាន់អ៊ិក ​គាំទ្រ​ការដែល​ក្រសួង​មិន​អនុញ្ញាត​ឱ្យ​យក​សំណៅ​ឯកសារ​ចូល​មណ្ឌល​ប្រឡង​ដោយ​ថ្លែងថា គឺជា​ការល្អ​បំផុត​ព្រោះ​ក្រសួង​អាច​ស្វែងរក​ធនធាន​មនុស្ស អាច​ដឹង​អំពី​ចំណេះដឹង​របស់​សិស្ស និង​អាចឱ្យ​សិស្ស​ស្វែងយល់​ថា តើ​ខ្លួន​មាន​ចំណេះដឹង​ប៉ុនណា​? យុវជន​រូប​នេះ​បញ្ជាក់ថា​៖ «​បើ​យើង​អាច​យក​ក្រដាស​ព្រុយយ៉ុង ឬ​ក្រដាស​អី​ផ្សេងៗ អ៊ីចឹង​យើង​អត់​ដឹង​សមត្ថភាព​ខ្លួន​ហើយ​ការរៀន​របស់​យើង​ក៏​មិន​ទទួល​ជោគជ័យ​ទៅ​ថ្ងៃមុខ​ដែរ​»​។

នៅ​ឆ្នាំនេះ ACU មិន​ដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ឃ្លាំមើល​ការប្រឡង​បាក់ឌុប​ដូច​ដែល​ធ្លាប់​បាន​ធ្វើ​រយៈពេល​ ៥ ​ឆ្នាំ​កន្លង​មក​ទេ តែ​ស្នើឱ្យ​ក្រសួង​ពង្រឹង​យន្តការ​របស់​ក្រសួង​គឺ​អប្បមាទ (​អ្នកត្រួតពិនិត្យ​តាម​បន្ទប់​ប្រឡង​)​។ អប្បមាទ​នេះ​ត្រូវ​បាន​ជ្រើសរើស​ចេញ​ពី​បុគ្គលិក​អប់រំ​ និង​គរុនិស្សិត​។ ប៉ុន្តែ​ទោះ​យ៉ាងណា ACU នៅតែ​សហការ​ជាមួយ​ក្រសួង​ក្នុង​ករណី​មាន​អំពើ​ពុករលួយ​កើតឡើង​។

លោកស្រី អ៊ុក ឆាយ៉ាវី ប្រធាន​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃ​អាទិត្យ​ថា ការរៀបចំ​ការប្រឡង​នេះ​មាន​ការប្រសើរ​ខ្លះ តែ​លោកស្រី​មិន​ពេញ​ចិត្ត​ការដែល​ក្រសួង​អប់រំ​ក៏​ដូចជា​រដ្ឋាភិបាល​ផ្លាស់ប្តូរ​រូបមន្ត​ពី​ការដាក់​ពង្រាយ​អ្នក​សង្កេតការណ៍​ប្រឡង​របស់ ACU ទៅ​ជា​ការដាក់​ពង្រាយ​អប្បមាទ​របស់​ក្រសួង​អប់រំ​នៅតាម​បន្ទប់​ប្រឡង​ជំនួស​វិញ​នោះ​។

លោកស្រី​បន្ថែម​ថា​៖ «​ការប្រឡង​សុក្រឹត យុត្តិធម៌​ប៉ុនណា អាហ្នឹង យើង​ឃើញ​ហើយ​ថា​កន្លង​មក​គឺ​មាន​ការខុស​បច្ចេកទេស​ថា​បន្ទោស​លើ​កុំព្យូទ័រ​។ បន្ទោស​លើ​អ៊ីចឹង​»​។ លោកស្រី​បាន​ចោទ​សួរថា​៖ «​តើ​យុវជន (​អប្បមាទ​) ហ្នឹង​ជា​របស់​ពី​ណា ជា​ស្ថាប័ន​ណា​។ អ៊ីចឹង អាហ្នឹង វា​ជា​រឿង​ដដែលៗ​»​។

ការប្រឡង​បាក់ឌុប​ឆ្នាំ​នេះ​មាន​បេក្ខជន​ប្រឡង​ចំនួន ១១៧០២៤ ​នាក់ (​ស្រី ៦០៤២១ នាក់​) ដែល​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន ៤៤៦៨៣ ​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ៧២៣៤១ ​នាក់​។ មណ្ឌល​ប្រឡង​មាន​​ ២០២ ​មណ្ឌល​ដែល​ថ្នាក់​វិទ្យាសាស្ត្រ​មាន ៧៥ ​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន ១២៧ ​មណ្ឌល ខណៈ​ដែល​បន្ទប់​ប្រឡង​មាន ៤៧២៥ ។ បេក្ខជន​ប្រឡង​ ៧ ​មុខវិជ្ជា ខណៈ​ដែល​ពួកគេ​រៀន ១០ ​មុខវិជ្ជា​៕