ភ្នំពេញៈ ក្រសួងអប់រំ យុវជន និងកីឡាគ្រោងចំណាយថវិកាប្រមាណ ២,៨ លានដុល្លារសម្រាប់ដំណើរការរៀបចំការប្រឡងបាក់ឌុប ឆ្នាំ ២០១៥ តិចជាងឆ្នាំមុនដែលចំណាយអស់ជាង ៣ លានដុល្លារខណៈដែលបេក្ខជនចុះឈ្មោះប្រឡងក៏មានតិចជាងឆ្នាំមុនដែរ។
កញ្ចប់ថវិការបស់ក្រសួងអប់រំប្រមាណ ២ លាន ៨ សែនដុល្លារនេះនឹងត្រូវចំណាយទៅលើសម្ភាររដ្ឋបាលនានារួមមានឯកសារប្រឡងក្រដាសសរសេរ ប៊ិកប្រើប្រាស់ និងធុងសោដាក់វិញ្ញាសាសម្រាប់ដំណើរការប្រឡងរួមនឹងចំណាយលើមន្ត្រីបេសកកម្មអប់រំសម្រាប់មុនពេលអំឡុងពេល និងក្រោយថ្ងៃប្រឡង។ នេះបើតាមអ្នកនាំពាក្យក្រសួងអប់រំ លោក រស់ សាលីន ដោយផ្អែកលើលទ្ធផលកិច្ចប្រជុំរបស់ក្រសួងដែលទើបសម្រេចនៅដើមខែកក្កដានេះ។
លោក សាលីន ឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះដឹងទូទៅ និងបំពេញវិជ្ជាក្នុងឆ្នាំ ២០១៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី ២៤ ខែសីហា ឆ្នាំ ២០១៥ ខាងមុខមានបេក្ខជនចុះឈ្មោះប្រឡងសរុប ៨៨៤៨៨ នាក់ គិតទាំងបេក្ខជនប្រឡងធ្លាក់ឆ្នាំមុន ប៉ុន្តែតួលេខនេះនៅតែតិចជាងឆ្នាំ ២០១៤ ដែលមានដល់ទៅ ៩១៣៧៣ នាក់។
លោកបន្តថា៖ «ឆ្នាំនេះសិស្សឡើងពីថ្នាក់ទី ១១ មកទី ១២ មានតិចជាងឆ្នាំមុនហើយសម្រាប់សិស្សធ្លាក់ឆ្នាំទៅប្រមាណ ១ ម៉ឺន ៥ ពាន់នាក់ចូលរៀនបរិញ្ញាបត្ររង ១ ម៉ឺន ៧ ពាន់នាក់រៀនជំនាញវិជ្ជាជីវៈ ក្រៅពីនោះ ១ ម៉ឺន ១ ពាន់នាក់ចូលរៀនឡើងវិញតែក្នុងនោះមានតែ ៥ ពាន់នាក់ប៉ុណ្ណោះដែលបានចុះឈ្មោះប្រឡងម្តងទៀតអ្នកខ្លះទៀតប្រហែលជាគេរកបានការងារធ្វើ ឬមានជម្រើសផ្សេងទៀត»។
បើតាមលោក រស់ សាលីន សម្រាប់ឆ្នាំ ២០១៥ នេះទាំងថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម មណ្ឌលប្រឡងសរុបមាន ១៤៩ ចែកចេញជា ៣៥៧៦ បន្ទប់នៅរាជធានីខេត្តទាំង ២៥ ហើយតាមគម្រោងនៅថ្ងៃទី ៤ សីហាខាងមុខក្រសួងនឹងចាប់ផ្តើមរៀបចំប្រអប់វិញ្ញាសាថតចម្លងឈ្មោះមណ្ឌល ថ្ងៃទី ១៥ ដល់ទី ២០ រៀបចំវិញ្ញាសា និងណែនាំដល់អនុរក្ស និងអ្នកសង្កេតការណ៍ថ្ងៃទី ២១ ប្រជុំណែនាំដល់មណ្ឌលប្រឡង ថ្ងៃទី ២២ បិទត្រកូលបេក្ខជនប្រឡងតាមមណ្ឌល ថ្ងៃទី ២៣ បិទឈ្មោះតាមបន្ទប់ប្រឡង និងថ្ងៃទី ២៤ ចាប់ផ្តើមការប្រឡង។ ជាមួយគ្នានេះក្រសួងពុំមានគោលការណ៍រៀបចំការប្រឡងលើកទី ២ ដូចឆ្នាំមុនឡើយ។
ក្រោយពីការធ្វើកំណែទម្រង់ប្រព័ន្ធអប់រំដែលរៀបចំដោយលោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ ការប្រឡងបាក់ឌុបលើកទី ១ នៅឆ្នាំ ២០១៤ មានបេក្ខជនប្រឡងជាប់មានចំនួន ២៣១២៦ នាក់ ប៉ុណ្ណោះស្មើនឹងប្រមាណ ២៥ ភាគរយនៃបេក្ខជនចូលរួមហើយសិស្សជាប់និទ្ទេស A មានត្រឹមតែ ១១ នាក់ប៉ុណ្ណោះ។ ចំណែកការប្រឡងលើកទី ២ មានសិស្សជាប់ចំនួន ១៧,៩៤ ភាគរយក្នុងចំណោមបេក្ខជនដែលប្រឡងសរុបជាង ៦ ម៉ឺន ៨ ពាន់នាក់។
សម្រាប់ដំណើរការពង្រឹងវិស័យអប់រំតាមរយៈការរឹតបន្តឹងដំណើរការប្រឡងនេះមិនខុសពីឆ្នាំមុនទេដោយអង្គភាពប្រឆាំងអំពើពុករលួយក៏នឹងរួមចំណែកក្នុងការដាក់ពង្រាយអ្នកសង្កេតការណ៍ស្ម័គ្រចិត្តដើម្បីឃ្លាំមើលភាពមិនប្រក្រតីនៃដំណើរការប្រឡងផងដែរ។
ក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ជាមួយនឹងសហភាពសហព័ន្ធយុវជនកម្ពុជានៅថ្ងៃទី ១៥ ខែកក្កដា ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ថ្លែងថាសម្រាប់ឆ្នាំនេះអ្នកដែលចូលរួមសង្កេតការណ៍ប្រឡងបាក់ឌុបត្រូវតែបញ្ជាក់ពីភាពស្អាតស្អំចៀសវាងនូវទំនាស់ផលប្រយោជន៍ទើបអាចទទួលបានសិទ្ធិក្នុងការចូលរួមសង្កេតការណ៍បាន។ «អ្នកសង្កេតការណ៍ត្រូវបញ្ជាក់ពីទំនាស់ផលប្រយោជន៍ឧទាហរណ៍ខ្ញុំជាយុវជនខ្ញុំត្រូវសង្កេតការណ៍នៅសាលាទួលទំពូង ២ ត្រូវបញ្ជាក់ច្បាស់ថាសាលាទួលទំពូង ២ នោះគ្មានបងប្អូនខ្ញុំប្រឡងនៅទីហ្នឹងទេបើមានប្រឡងនៅហ្នឹងត្រូវតែដូរទៅសង្កេតការណ៍នៅមណ្ឌលផ្សេងៗ»។
លោក សន ជ័យ តំណាងបណ្តាញគណនេយ្យភាពសង្គមអាស៊ីបូព៌ា និងអាស៊ីប៉ាស៊ីហ្វិកប្រចាំកម្ពុជាដែលបានតាមដានដំណើរការប្រឡង និងតួនាទីអ្នកសង្កេតការណ៍មានសុទិដ្ឋិនិយមចំពោះវិធានការរដ្ឋបាល និងការរឹតបន្តឹងដំណើរការប្រឡងបាក់ឌុបដែលរៀបចំឡើងដោយក្រសួងអប់រំក្នុងកំណែទម្រង់ថ្មី។
«យើងគាំទ្រវិធានការរឹតបន្តឹងទាំងអស់តែការដាក់ទោសទណ្ឌហាក់ដូចជាជ្រុលពេក...ក្នុងដំណើរការប្រឡងនេះខ្ញុំគិតថាអង្គភាពប្រឆាំងអំពើពុករលួយគប្បីផ្តោតលើការដោះស្រាយបណ្តឹងអំពើពុករលួយផ្សេងៗជាច្រើនដែលខ្លួនទទួលបានមិនទាន់ដោះស្រាយចប់ជាជាងចំណាយពេលចាប់កំហុសខ្លាំងលើរឿងនេះ»៕