The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ប្រាក់​ឈ្នួល​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​ ២០២១ ​ត្រូវ​បាន​សម្រេច​ដំឡើង​ $២ ​ពី​លើ​ប្រាក់​ឈ្នួល​ចាស់ $១៩០




ប្រាក់​ឈ្នួល​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​ ២០២១ ​ត្រូវ​បាន​សម្រេច​ដំឡើង​ $២ ​ពី​លើ​ប្រាក់​ឈ្នួល​ចាស់ $១៩០

Content image - Phnom Penh Post
កម្មករ-កម្មការិនី ពេលចេញ​សម្រាក​ពី​ធ្វើការ​នៅ​រោងចក្រ​មួយ​ស្ថិត​នៅក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានី​ភ្នំពេញ​ពី​ម្សិលមិញ​។ ហ៊ាន រង្សី

ប្រាក់​ឈ្នួល​កម្មករនិយោជិត​សម្រាប់​ឆ្នាំ​ ២០២១ ​ត្រូវ​បាន​សម្រេច​ដំឡើង​ $២ ​ពី​លើ​ប្រាក់​ឈ្នួល​ចាស់ $១៩០

ភ្នំពេញៈ ប្រាក់​ឈ្នួល​អប្បបរមា​សម្រាប់​កម្មករនិយោជិត​ផ្នែក​វាយនភណ្ឌ កាត់ដេរ និង​ផលិត​ស្បែកជើង​សម្រាប់​ឆ្នាំ​ ២០២១ ​ត្រូវ​បាន​កំណត់​ជា​ផ្លូវការ​ដំឡើង​បន្ថែម​ ២ ​ដុល្លារ ​ពី​លើ​ប្រាក់​ឈ្នួល​ចាស់​ចំនួន​ ១៩០ ​ដុល្លារ​ ដោយ​ភាគី​និយោជក និង​សហជីព​ហាក់​មិន​សូវ​ពេញចិត្ត​ក្នុង​ការផ្តល់​ជូន​ និង​ទទួលយក​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​ទេ ខណៈ​វិស័យនេះ​បាន​រង​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ពី​វិបត្តិ​ជំងឺ​កូវីដ​ ១៩​។

ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​អប្បបរមា​ដែល​ជា​យន្តការ​ត្រីភាគី​ និង​មាន​សមាជិក​ជា​តំណាង​ភាគី​កម្មករនិយោជិត​ចំនួន​ ១៧ ​រូប​ តំណាង​ភាគី​និយោជក​ចំនួន ១៧ ​រូប​ និង​តំណាង​ភាគី​រាជរដ្ឋាភិបាល​ចំនួន​ ១៧ ​រូប​ បាន​ឯកភាព​គ្នា​ជា​ឯកច្ឆន្ទ​គាំទ្រ​តួលេខ ១៩០ ​ដុល្លារ​អាមេរិក​ ជា​តួលេខ​ប្រាក់​ឈ្នួល​អប្បបរមា​ក្នុង​ ១ ​ខែ​ សម្រាប់​កម្មករនិយោជិត​ក្នុង​ឆ្នាំ​ ២០២១ ដូច​ក្នុង​ឆ្នាំ​ ២០២០ ​ដដែល​។ ក្រុមប្រឹក្សា​ជាតិ​បាន​ស្នើ​តួលេខ​នេះ​ទៅ​រដ្ឋមន្ត្រីក្រសួង​ការងារ​លោក អ៊ិត សំហេង ដើម្បី​ធ្វើការ​ពិនិត្យ​សម្រេច​។

លោក អ៊ិត សំហេង បាន​ថ្លែងប្រាប់​អ្នកសារព័ត៌មាន​នៅ​ថ្ងៃ​ម្សិលមិញ​នៅ​ក្រសួង​ការងារ ក្រោយ​កិច្ចពិភាក្សា​ថា ក្រុមប្រឹក្សា​ជាតិ​ប្រាក់​ឈ្នួល​បាន​សម្រេច​ជា​ឯកច្ឆន្ទ​លើ​តួលេខ​ ១៩០ ​ដុល្លារ​សម្រាប់​ឆ្នាំ​ ២០២១ ដែល​តួលេខ​នេះ​ជា​តួលេខ​ចាស់​ឆ្នាំ​ ២០២០​។ លោក​ថា ការអនុម័ត​នេះ​អនុលោម​ទៅតាម​ផលលំបាក និង​ផលប៉ះពាល់​ដ៏ធ្ងន់ធ្ងរ​នៃ​បញ្ហា​ជំងឺ​រាតត្បាត​ជា​សកល​កូវីដ​ ១៩ មកលើ​ខ្សែចង្វាក់​ផ្គត់ផ្គង់ ផលិតកម្ម និង​ការនាំចេញ​របស់​សហគ្រាស​រោងចក្រ​។

លោក​មាន​ប្រសាសន៍​ថា ភាគី​​នីមួយៗ​ពិតជា​មាន​ការយោគយល់​គ្នា​ខ្ពស់ នៅក្នុង​ការជជែក​ពិភាក្សា​ដោយ​មិនបាន​ធ្វើការ​បោះឆ្នោត​ជ្រើសរើស​តួលេខ​ទេ សម្រាប់​ឆ្នាំនេះ ដោយសារ​ភាគី​ទាំង​ ៣ បាន​ព្រមព្រៀង​គ្នា​យក​តួលេខ​ ១ ​នេះ​។

លោក​បញ្ជាក់ថា​៖ «​ជាមួយ​គ្នា​នេះ​ដែរ ខ្ញុំ​បាន​រាយការណ៍​ជូន​សម្តេច​តេជោ លោក​ក៏បាន​សម្រេច​ធ្វើការ​បន្ថែម​ ២ ​ដុល្លារ​ ទៅលើ​ប្រាក់​ឈ្នួល​អប្បបរមា ដែល​បាន​កំណត់ដោយ​ក្រុម​ប្រឹក្សាជាតិ​។ ដូចនេះ​ប្រាក់​ឈ្នួល​អប្បបរមា សម្រាប់​កម្មករ​នៅ​ឆ្នាំ​ ២០២១ គឺមាន​ចំនួន​ ១៩២ ​ដុល្លារ​ ក្នុង​ ១ ​ខែ​។ ទោះបី​ជា​យើង​មាន​ការលំបាក​តែ​ក៏​នៅមាន​ភាព​វិជ្ជមាន​»​។

លោក សំហេង សង្ឃឹម​ថា​ប្រាក់ឈ្នួល​អប្បបរមា​ថ្មី​នេះ​នឹង​ជួយ​ទៅ​ដល់​ជីវភាព​របស់​កម្មករ​និយោជិត និង​ជួយ​សម្រួល​ដល់​ការបង្កើន​នូវ​ផលិតភាព​ការងារ​របស់​កម្មករ ដើម្បី​ធ្វើយ៉ាងណា​ឱ្យ​រោងចក្រ សហគ្រាស​កាន់តែ​មាន​ភាពប្រកួតប្រជែង​ជាមួយ​នឹង​ប្រទេស​ដែល​ផលិត​ទំនិញ​នាំចេញ​ទៅកាន់​ទីផ្សារ​អន្តរជាតិ​។ ចំណុច​ ១ ​ទៀត​ការដំឡើង​នេះ​ក៏​ជា​សារ​មួយ​ក្នុង​ការទាក់ទាញ​បន្ថែម​លើ​ការវិនិយោគ ការបង្កើត​រោងចក្រ​ថ្មី​ក្នុង​ប្រទេស​កម្ពុជា​ផងដែរ​។

លោក​រដ្ឋមន្ត្រី​បាន​បញ្ជាក់ថា EBA មិនមែន​ជា​បញ្ហា​នៃ​ការរារាំង​ការដំឡើង​ប្រាក់​ឈ្នួល​នេះ​ទេ ដោយសារ​បញ្ហា​កូវីដ​ ១៩ គឺ​បាន​គ្របដណ្តប់​ទាំងអស់​ហើយ ហើយ​មកដល់​ពេល​នេះ​រោងចក្រ​ចន្លោះ​ពី​ ១០០ ​ទៅ​ ១៥០ ​បាន​ព្យួរ និង​បាន​ធ្វើឱ្យ​កម្មករ​ប្រមាណ​ពី​ ៤ ​ម៉ឺន​ទៅ​ ៥ ​ម៉ឺន​នាក់ ​ត្រូវ​បាត់បង់​ការងារ​។

តំណាង​និយោជក លោក ណាង សុធី បាន​ប្រាប់​ភ្នំពេញ-ប៉ុស្តិ៍​ម្សិលមិញ​ថា ការដំឡើង​ប្រាក់​ឈ្នួល​ចំនួន​ ២ ​ដុល្លារ​នេះ ​ជា​ការលំបាក​សម្រាប់​និយោជក ក៏ប៉ុន្តែ​ក្នុង​ស្មារតី​ភាតរៈ​នៃ​ការសាមគ្គី​គ្នា ទោះបី​ជា​បញ្ហា​កូវីដ​មាន​ការលំបាក​យ៉ាងណា​ក៏​ភាគី​ទាំង​ ៣ រដ្ឋាភិបាល និយោជក និង​និយោជិត​ជា​ចង្កោម​តែមួយ​។

លោក​បន្ថែមថា​៖ «​ការដំឡើង​អាច​ជា​ការពិបាក​សម្រាប់​ការទាក់ទាញ​អ្នកវិនិយោគទុន​មក​ក្នុង​ប្រទេស​យើង​ក្នុងដំណាក់កាល​កូវីដ​នេះ ដែល​អាច​នឹង​មានការ​អូសបន្លាយ​ទៅមុខ​ទៀត តែ​ខ្ញុំ​គិតថា តួលេខ​នេះ​មិនមែន​ជា​បញ្ហា​ធំ​អី​ទេ ដែល​ខាង​និយោជក​អាច​ទទួល​យក​បាន ហើយ​និយោជក​ក្រៅ​ប្រទេស​ដែល​គេ​ចង់​វិនិយោគ​ថ្មី​ក៏​មិនមាន​ទម្ងន់​ធំ​អី​ដែរ​»​។

ប្រធាន​សហភាព​ការងារ​កម្ពុជា​លោក​ អាត់ ធន់ បាន​ថ្លែងថា ការចរចា​ប្រាក់​ឈ្នួល​អប្បបរមា​នៅ​ឆ្នាំនេះ ជា​ការចរចា​មួយ​ដែលមាន​លក្ខណៈ​លំបាក​ជាង​ឆ្នាំមុនៗ ដោយសារ​បញ្ហា​កូវីដ EBA និង​ការវិវឌ្ឍ​នៃ​សេដ្ឋកិច្ច​ទូទៅ​។ លោក​ថា នៅក្នុង​ដំណាក់កាល​នៃ​ការចរចា ភាគី​សហជីព​បាន​ស្នើ​ដំឡើង​ជាង​ ១២ ​ដុល្លារ ប៉ុន្តែ​ភាគី​និយោជក​បាន​ស្នើ​បញ្ចុះ​ជាង​ ១៧ ​ដុល្លារ​ឯណោះ​។ ដោយ​ការជជែក​គ្នា​ចំនួន​ ២ ​ថ្ងៃ មិនមាន​ការចុះ​សម្រុង​គ្នា ក៏​ភាគី​ទាំងអស់​បាន​ឯកភាពគ្នា​ប្រគល់​ឱ្យ​រដ្ឋាភិបាល​ជា​អ្នកសម្រេច​តែម្តង​។

លោក​ អាត់ ធន់ បញ្ជាក់ថា៖ «​ចំនួន​នេះ​សម្រាប់​កម្មករ​គឺជា​ចំនួន​មួយ​ដែល​យើង​មិន​ពេញចិត្ត​ទេ​ដោយសារ​វា​តិចពេក ប៉ុន្តែ​យោង​ទៅ​លើ​ស្ថានភាព​នេះ យើង​ក៏​ពិបាក​ក្នុងការ​ទាមទារ​ដែរ ហើយ​បើសិន​ជា​យើង​ចង់​បាន​តាម​ការទាមទារ​របស់​យើង គឺអាច​ចំណាយ​ពេល​យូរ​ជាង​នេះ​ទៅ​ទៀត​»​។

កញ្ញា រត្ន នីតា អាយុ​ ២៥ ​ឆ្នាំ​ជា​កម្មករ​កាត់ដេរ​ ១ ​រូប​ នៅ​រោងចក្រ​មួយ​ក្នុង​ខេត្តកណ្តាល​ថ្លែងថា នាង​ពេញ​ចិត្តនឹង​ការដំឡើង​នេះ​ទោះបីជា​តិចតួច​ខ្លាំង​ក៏ដោយ ពីព្រោះ​វា​ប្រសើរ​ជាង​ការ​កាត់​ប្រាក់ខែ​របស់​កម្មករ ឬ​ប្រសើរ​ជាង​មិន​ទទួល​បាន​អ្វី​សោះ​។ កញ្ញា​បញ្ជាក់ថា រោងចក្រ​របស់​នាង​បាន​ព្យួរ​ជាង​ ១ ​ខែ​មកហើយ ដោយ​នាង​ទទួល​បានតែ​ប្រាក់​បន្តិចបន្តួច​ពី​ការឧបត្ថម្ភ​របស់​រាជរដ្ឋាភិបាល​ប៉ុណ្ណោះ​។

គួរបញ្ជាក់​ផងដែរ​ថា ប្រាក់​អត្ថប្រយោជន៍​ផ្សេងទៀត​ដែល​កម្មករ​ធ្លាប់​ទទួលបាន​កន្លងមក​ត្រូវបាន​រក្សាទុក​នៅ​ដដែល​ដូចជា ប្រាក់​សោហ៊ុយ​ធ្វើដំណើរ និង​ស្នាក់នៅ​ចំនួន​ ៧ ​ដុល្លារ​ក្នុង​ ១ ​ខែ ប្រាក់រង្វាន់​ធ្វើការ​ទៀងទាត់​ចំនួន​ ១០ ​ដុល្លារ​ ក្នុង​ ១ ​ខែ​ ប្រាក់​ថ្លៃ​បាយ​សម្រាប់ធ្វើ​ការងារ​បន្ថែម​ម៉ោង​ដោយ​ស្ម័គ្រចិត្ត​ចំនួន​ ២ ០០០ ​រៀល​ ក្នុង​ ១ ​ថ្ងៃ និង​ប្រាក់រង្វាន់​អតីតភាព​ការងារ​ពី​ ២ ​ដុល្លារ​ដល់​ ១១ ​ដុល្លារ ​ក្នុង​ ១ ​ខែ​ សម្រាប់​កម្មករ​ដែល​បាន​ធ្វើការ​ចាប់ពី​ឆ្នាំ​ទី​ ២ ​ដល់​ឆ្នាំ​ទី​ ១១​។ ដូចនេះ​ជា​មធ្យម​កម្មករ​ម្នាក់ៗ​នឹង​ត្រូវ​ទទួលបាន​ប្រាក់​ឈ្នួល​យ៉ាងតិច​​ចំនួន​ពី​ ២០៩ ​ដុល្លារ​ ទៅ​ដល់​ ២២០ ​ដុល្លារ​ ក្នុង​ ១ ​ខែ​៕

វីដេអូ៖

អត្ថបទគួរចាប់អារម្មណ៍

  • ភ្នំពេញ៖ រដ្ឋមន្ត្រី​ក្រសួង​យុត្តិធម៌​លោក​ កើត ​រិទ្ធ​ បាន​ប្រាប់​ឯកអគ្គ​រាជទូត​អូស្ត្រាលី​លោក ​Pablo​ Kang ​នៅ​ក្នុង​ជំនួប​កាល​ពី​ថ្ងៃ​អង្គារ នៅ​ក្រសួង​យុត្តិធម៌​ថា​ ការ​ចាប់​ខ្លួន​បុគ្គល​ណា​មួយ​ដោយ​សមត្ថកិច្ច គឺ​ធ្វើ​ទ្បើង​ដោយ​អនុលោម​តាម​ច្បាប់​​កម្ពុជា។​

  • ភ្នំពេញ៖ ដោយ​សង្កេត​ឃើញ​ពី​ការ​ប្រឈម​របស់​​ប្រជាកសិករ​កម្ពុជា​​មួយ​ចំនួន​ ជាពិសេស​អ្នក​នៅ​ទី​ដាច់​ស្រយាល​ ដែល​បាត់បង់​ទីផ្សារ​​​​ព្រោះ​តែ​វិបត្តិ​កូវីដ យុវជន ​១ ក្រុម ​បាន​រួមគ្នា​បង្កើត​គម្រោង​ COVID Farmer Hacker ដើម្បី​ជួយ​​អ្នក​ខិតខំ​ដាំដុះ​តែ​ត្រូវ​រងគ្រោះ​ពី​ការ​រំខាន​ដល់​​​សេដ្ឋកិច្ច​​បង្ក​ដោយ​វីរុស​កូរ៉ូណា។​

  • ភ្នំពេញ៖ គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ ប្រាសាក់ ​​ដែល​ចុះ​បញ្ជី​សញ្ញាប័ណ្ណ​សាជីវកម្ម​នៅ​ផ្សារ​មូលបត្រ​កម្ពុជា ​(CSX) បាន​រាយការណ៍​អំពី​ប្រតិបត្តិការ​អាជីវកម្ម​ដ៏​ល្អ​ប្រសើរ​នៅ​ត្រីមាស​ទី​២ ​ឆ្នាំ​នេះ ទោះបី​ជា​​ខ្លួន​ទទួល​រង​នូវ​សម្ពាធ​ខ្លះៗ​ពី​ការ​រីក​រាលដាល​ជំងឺ​កូវីដ ​១៩ ​ដែល​បណ្ដាល​ឱ្យ​សេដ្ឋកិច្ច​របស់​កម្ពុជា មាន​ការ​ធ្លាក់ចុះ​ក៏​ដោយ​។​

  • ភ្នំពេញ៖ ​លោកស្រី​ ​ភឿង​ សកុណា ​រដ្ឋមន្រ្តី​ក្រសួង​វប្បធម៌​ និង​វិចិត្រ​សិល្បៈ​បាន​ចេញ​សេចក្ដី​ណែនាំ​ដល់​គ្រប់​អង្គភាព​ពាក់ព័ន្ធ​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌ ​និង​គ្រប់​រដ្ឋបាល​ថ្នាក់​ក្រោម​ជាតិ ​អនុវត្ត​នីតិវិធី​ និង​ទម្រង់​បែបបទ​នៃ​ការ​គ្រប់គ្រង​អាជីវកម្ម​កាត់សក់​ ​អ៊ុត​សក់​ និង​លម្អ​ក្រចក

  • ភ្នំពេញ៖ ​រដ្ឋមន្រ្តី​ក្រសួង​សុខាភិបាល​លោក ​ម៉ម​ ប៊ុន​ហេង បាន​ជំរុញ​ឱ្យ​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំង​អស់​ ដែល​ធ្វើ​ការ​ផ្នែក​គាំពារ​មាតា​ និង​ទារក​ ត្រូវ​​បង្កើន​យុទ្ធនាការ​អប់រំ​ផ្សព្វផ្សាយ​អំពី​សារៈសំខាន់​នៃ​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​ម្តាយ​ និង​ហានិភ័យ​ពី​ការ​បំបៅ​កូន​ដោយ​ទឹក​ដោះ​គោ​ម្សៅ​ផ្សំ​តាម​រូបមន្ត​ទាំង​នៅ​ថ្នាក់​ជាតិ​ និង​ថ្នាក់​ក្រោម​ជាតិ។

  • មណ្ឌលគិរី៖ សាលា​ដំបូង​ខេត្ត​មណ្ឌលគិរី ពី​ម្សិលមិញ​បាន​សម្រេច​ឃុំ​ខ្លួន​ចាងហ្វាង​សារព័ត៌មាន​អនឡាញ​ម្នាក់​នៅ​ពន្ធនាគារ​​ខេត្ត​ក្រោម​បទ​ចោទ ​«ឈូស​ឆាយ​ដី​ព្រៃ​ដោយ​គ្មាន​ការ​អនុញ្ញាត​» បន្ទាប់​ពី​សមត្ថកិច្ច​ឃាត់​ខ្លួន​កាល​ពី​​ថ្ងៃទី ២២ កញ្ញា ​តាម​ដីកា​តុលាការ​ពាក់ព័ន្ធ​ការ​ឈូស​ឆាយ​ដី​ព្រៃ ​និង​ប្រើប្រាស់​សារធាតុ​ញៀន។