ភ្នំពេញៈ គណៈកម្មការប្រឹក្សាការងារនឹងសម្រេចប្រាក់ឈ្នួលអប្បបរមារបស់កម្មករនៅថ្ងៃនេះបន្ទាប់ពីក្រុមការងារបច្ចេកទេសត្រីភាគីដែលធ្វើការពាក់ព័ន្ធនឹងវិស័យកាត់ដេរសម្រេចយកតួលេខថ្មីនៃការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៧ បានដាក់សំណើជូនកាលពីម្សិលមិញបន្ទាប់ពីភាគីទាំងបីនោះមិនទាន់រកចំណុចរួមបាន។
ក្រោយពីបញ្ចប់កិច្ចប្រជុំជាង ៦ ម៉ោងរវាងក្រសួងការងារ និយោជក និងតំណាងសហជីពកាលពីម្សិលមិញភាគីទាំងបីមិនទាន់រកចំណុចរួមនោះទេបើទោះបីជាភាគីនិយោជកព្រមបន្ថែមលើតួលេខចាស់ខណៈភាគីតំណាងសហជីពព្រមបញ្ចុះតួលេខច្រើនក្តី។
ក្នុងកិច្ចប្រជុំនោះភាគីនិយោជកបានបន្ថែមលើតួលេខចាស់ពី ១៤៦,៣៧ ដល់ ១៤៧ ដុល្លារខណៈតំណាងសហជីពព្រមបញ្ចុះពី ១៧៧,៥៩ មកនៅត្រឹម ១៧១ ដុល្លារតែភាគីក្រសួងការងារនៅរក្សាតួលេខរបស់ខ្លួនដោយមិនមានការកែប្រែឡើយគឺ ១៤៨,២០ ដុល្លារ។
យ៉ាងណាក៏ដោយភាគីទាំងបីព្រមព្រៀងគ្នាដាក់ទៅគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចហើយនឹងប្រកាសលទ្ធផលនៅថ្ងៃនេះ។
ជារួមតួលេខប្រាក់ឈ្នួលគោលកម្មករដែលបានដាក់ទៅគណៈកម្មការប្រឹក្សាការងារដើម្បីសម្រេចចុងក្រោយរួមមានក្រសួងការងារស្នើ ១៤៨ ដុល្លារ និយោជកស្នើ ១៤៧ ដុល្លារ និងតំណាងសហជីពស្នើ ១៧១ ដុល្លារ។
អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុនៃក្រសួងការងារលោក ហេង សួរ ថ្លែងប្រាប់ក្រោយបញ្ចប់កិច្ចប្រជុំថាបើទោះជាមិនទាន់បានឯកភាពគ្នាជាឯកច្ឆន្ទក្នុងការកំណត់ប្រាក់ឈ្នួលតែទទួលបានផលវិជ្ជមានច្រើន។
លោកថា៖ «ប៉ុន្តែអ្វីដែលជាវឌ្ឍនភាពនៃការចរចាប្រាក់ឈ្នួលលើកនេះគឺថាទាំងភាគីសហជីព និយោជកមានការយល់គ្នាច្រើនហើយអ្វីដែលយើងសាទរគឺភាគីសហជីពឯកភាពគ្នានៅផ្ទៃក្នុងដើម្បីសម្រេចរើសយកតួលេខ ១៧១ ដុល្លាររីឯភាគីនិយោជកព្រមដំឡើងជាបន្តបន្ទាប់ពី ១៤០ ដុល្លាររហូតដល់ ១៤៧ ដុល្លារដើម្បីដាក់ជូនទៅគណៈកម្មការប្រឹក្សាការងារប្រជុំសម្រេចចុងក្រោយ»។
លោកបន្ថែមថានេះជាតួលេខវិជ្ជមានមួយដែលក្រសួងបានសម្របសម្រួលភាគីទាំងសងខាងឱ្យខិតជិតមករកតួលេខដែលអាចទទួលយកបាន។
បើតាមលោក ហេង សួរគណៈកម្មការប្រឹក្សាការងារនឹងពិនិត្យសម្រេចតួលេខចុងក្រោយនៅថ្ងៃនេះនៅវេលាម៉ោង ២ និង ៣០ នាទីរសៀល។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ថា ស៊ីខាវឌូ លោក អាត់ ធន់ ទទួលស្គាល់ថាកិច្ចប្រជុំលើកនេះមានលក្ខណៈយោគយល់គ្នាច្រើនតែតួលេខដែលផ្តល់ដោយភាគីនិយោជកចុងក្រោយមិនទាន់ស្របតាមការចង់បានរបស់សហជីពឡើយ។

លោកថា៖ «ក្រោយពីការពិភាក្សាគឺសំឡេងភាគច្រើនយើងចង់បាន ១៧៧ ដដែលតែក្រោយមកយើងបានជជែកទៀតថាតួលេខនេះនៅដដែលអ៊ីចឹងបានមានការបន្ថយមកនៅត្រឹម ១៧១ ដុល្លារដោយយោងទៅលើនិយោជកគេបានដំឡើងថែមទៀតតែនេះមិនទាន់សម្រេចយកទេព្រោះក្រុមប្រឹក្សាការងារនឹងមានតួលេខថ្មីទៀតហើយ»។
យ៉ាងណាក៏ដោយលោកសម្តែងការសប្បាយចិត្តនៅពេលដែលតំណាងសហជីពបានសម្រេចយកតួលេខតែមួយរួមគ្នាដែលផ្ទុយពីលើកមុនសហជីពផ្តល់តួលេខពីរដាក់ទៅថ្នាក់លើដើម្បីសម្រេច។
ចំណែកប្រធានសហព័ន្ធសហជីពខ្មែរលោក ជួន មុំថុល បង្ហាញសុទិដ្ឋិនិយមថាប្រាក់ឈ្នួលគោលរបស់កម្មករឆ្នាំ ២០១៧ នឹងអាចទទួលបានជិត ១៦០ ដុល្លារ។
លោកថា៖ «ខ្ញុំគិតថាបើគេ (គណៈកម្មការប្រឹក្សាការងារឡើងមិនហួសពី ១០ ភាគរយទេមានន័យថាដំឡើងដល់ជាង ១៥០ ដុល្លារប្រហែល ១៦០ ដុល្លារចុះក្រោម»។
ក្រោយបញ្ចប់កិច្ចប្រជុំភាគីនិយោជក និងតំណាងសហជីពបានសំណូមពររួមគ្នាដល់រដ្ឋាភិបាលជួយផ្តល់ការបណ្តុះបណ្តាលបង្កើនផលិតភាព និងជំនាញដល់កម្មករនិយោជិតពង្រឹងការអនុវត្តច្បាប់ស្តីពីការងារធ្វើឱ្យប្រសើរនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនសាធារណៈ និងធ្វើឱ្យប្រសើរឡើងនូវប្រព័ន្ធឡូជីស្ទីក និងកាត់បន្ថយតម្លៃអគ្គិសនី។
ភាគីនិយោជកក៏បានសំណូមពរដាច់ដោយឡែកដល់រដ្ឋាភិបាលឱ្យលុបបំបាត់ចោលកម្រៃគ្រប់គ្រងការនាំចេញលើកលែងពីការត្រួតពិនិត្យពីស្ថាប័នកាំកុងត្រូល និងប្រើប្រាស់ប្រាក់រៀលជាគោលនៅក្នុងទីផ្សារខណៈដែលភាគីសហជីពស្នើដល់រដ្ឋាភិបាលឱ្យគ្រប់គ្រងតម្លៃទំនិញប្រើប្រាស់ប្រចាំថ្ងៃមិនឱ្យឡើងថ្លៃខ្ពស់ពង្រីកការតបណ្តាញអគ្គិសនី និងទឹកស្អាតទៅដល់បណ្តាខេត្ត ក្រុង នៅទូទាំងប្រទេសដែលជាតំបន់មានផ្ទះជួលរបស់កម្មករនិយោជិត។
តាមរបាយការណ៍អង្គការពលកម្មអន្តរជាតិ (ILO) ដែលចេញផ្សាយកាលពីខែមីនា ឆ្នាំ ២០១៦ បានឱ្យដឹងថាកម្មករក្នុងវិស័យវាយនភ័ណ្ឌ និងស្បែកជើងនៅកម្ពុជាមានជិត ៧០ ម៉ឺននាក់គិតត្រឹមខែធ្នូឆ្នាំ ២០១៥ ហើយប្រាក់ខែគោលកម្មករបច្ចុប្បន្នទទួលបាន ១៤០ ដុល្លារក្នុងមួយខែ។
ទោះយ៉ាងណាតំណាងនិយោជកលោកEnjoy Hoបានសម្ដែងការ «ភ័យខ្លាច»ថារដ្ឋាភិបាលយកចិត្តទុកដាក់សំណើរបស់សហជីពហើយដំឡើងប្រាក់ឈ្នួលលើសពីការរំពឹងទុក។
លោក Ho ដែលជាសមាជិកគណៈកម្មាធិការប្រតិបត្តិសមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានថ្លែងថា៖ «នៅកម្ពុជាការដំឡើងប្រាក់ឈ្នួលអប្បបរមាគឺមានលក្ខណៈនយោបាយ»៕