ភ្នំពេញៈ ប្រាក់ឈ្នួលអប្បបរមាកម្មកររោងចក្រផ្នែកវាយនភ័ណ្ឌកាត់ដេរ និងផលិតស្បែកជើងសម្រាប់ឆ្នាំ ២០១៧ ត្រូវបានកំណត់យកត្រឹម ១៥៣ ដុល្លារ បន្ទាប់ពីមានការបោះឆ្នោតជាសម្ងាត់កាលពីម្សិលមិញខណៈដែលសហជីពមួយចំនួនមិនទាន់ពេញចិត្តនឹងតួលេខនេះ។
គណៈកម្មការប្រឹក្សាការងារកាលពីរសៀលថ្ងៃម្សិលមិញបានបើកកិច្ចប្រជុំដើម្បីបន្តពិនិត្យ និងពិភាក្សាលើលទ្ធភាពរបស់ក្រុមការងារបច្ចេកទេសត្រីភាគី និងធ្វើការពិភាក្សាការកំណត់ប្រាក់ឈ្នួលសម្រាប់ឆ្នាំ ២០១៧ ប៉ុន្តែមិនទទួលបានការគាំទ្រជាឯកច្ឆន្ទលើតួលេខណាមួយឡើយ។
ដោយគោរពទៅតាមគោលការណ៍ និងយន្តការដែលបានឯកភាពដោយត្រីភាគីគណៈកម្មការប្រឹក្សាការងារបានធ្វើការបោះឆ្នោតជាសម្ងាត់លើតួលេខចំនួន ៣ រួមមានតួលេខ ១៧១ ដុល្លារទទួលបានសំឡេងឆ្នោត ២ លើ ២៤ សំឡេង ១៤៧ បាន ០០ លើ ២៤ និង តួលេខ ១៤៨ ទទួលបាន ២២ លើ ២៤ សំឡេង។ ជាលទ្ធផលគណៈកម្មការប្រឹក្សាការងារសម្រេចកំណត់យក ១៤៨ ដុល្លារតែរដ្ឋាភិបាលសម្រេចបន្ថែម ៥ ដុល្លារដែលសរុបមកគឺ ១៥៣ ដុល្លារ។
រដ្ឋមន្ត្រីក្រសួងការងារលោក អ៊ិត សំហេង ថ្លែងថាតួលេខនេះធ្វើឱ្យកម្មករទទួលយកបានខណៈលោកមើលឃើញថាឆ្នាំក្រោយនឹងបានទទួលប្រាក់ឈ្នួលច្រើនជាងនេះ។
លោកថា៖«បងប្អូនអញ្ជើញទៅស្រុកពេលនេះបានព័ត៌មានល្អជូនគ្រួសារនៅស្រុកកំណើតហើយពួកគាត់នឹងសប្បាយរីករាយក្នុងឱកាសភ្ជុំបិណ្ឌ។ ប៉ុណ្ណឹងខ្ញុំគិតថាទោះបីមិនឆ្លើយតបទៅនឹងសំណួរ ១០០ ភាគរយប៉ុន្តែប្រសើរជាងពីមុនហើយខ្ញុំសង្ឃឹមថាបងប្អូនកម្មករសូមទទួលយកព្រោះក្លាយទៅជាបទដ្ឋានហើយបើរោងចក្រមិនអនុវត្តតាមនឹងចាត់វិធានការតាមច្បាប់»។
លោកបន្ថែមថា៖ «លទ្ធផលនៃការបោះឆ្នោតលើកនេះភាគច្រើនលើសលប់បានអនុម័តយក ១៤៨ ដុល្លារហើយយើងខ្ញុំបានរាយការណ៍សុំគោលការណ៍ទៅប្រមុខរដ្ឋាភិបាលសម្តេច ហ៊ុន សែន បានសម្រេចបន្ថែម ៥ ដុល្លារទៀតអ៊ីចឹង ១៥៣ ដុល្លារសម្រាប់ប្រាក់ឈ្នួលអប្បបរមាកម្មករសម្រាប់ឆ្នាំ ២០១៧»។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជាហៅកាត់ ស៊ីខៅឌូ លោក អាត់ ធន់ ថ្លែងថាតួលេខ ១៥៣ ដុល្លារ មិនទាន់ឆ្លើយតបទៅនឹងការទាមទាររបស់សហជីពឡើយខណៈមានការរកឃើញថាប្រាក់ឈ្នួលអប្បបរមាយ៉ាងហោចណាស់ ១៧១ ដុល្លារ។
លោកថ្លែងថា៖ «បើឱ្យយើងពេញចិត្តនៃចំនួននេះគឺមិនទាន់ពេញចិត្តទេការតវ៉ាអាចកើតមានឬអត់អាស្រ័យលើការជជែកគ្នាជាមួយកម្មករបន្តទៀតប៉ុន្តែខ្ញុំមើលទៅលទ្ធភាពពេលនេះគឺពិបាកក្នុងការតវ៉ាព្រោះយើងមើលស្ថានភាពពួកខ្ញុំជាអ្នកចរចាសុទ្ធតែនៅក្រោមបណ្តឹងការត្រួតពិនិត្យរបស់តុលាការដែលយើងមានការពិបាក»។

លោក អាត់ ធន់ បានសម្តែងការសោកស្តាយដែលភាគីតំណាងសហជីពមួយចំនួនមិនបោះឆ្នោតគាំទ្រតួលេខ ១៧១ បែរទៅជាបោះឆ្នោតគាំទ្រ ១៤៨ ដុល្លារទៅវិញ។
លោកថា៖ «ខ្ញុំអាចនិយាយជាសាធារណៈ ខ្ញុំ និងសហជីពមួយទៀតបោះឆ្នោត ១៧១ ដុល្លារតែសហជីពផ្សេងទៀតបោះឆ្នោតគាំទ្រ ១៤៨ ដុល្លារខ្ញុំមានការសោកស្តាយដែរតែយ៉ាងហោចណាស់ភាគីសហជីពគួរបោះឆ្នោតតួលេខសហជីពហើយនិយោជកគួរបោះឆ្នោតគាំទ្រតួលេខរបស់ខ្លួនបើយើងតំណាងឱ្យកម្មករតែទៅគាំទ្រអ្នកផ្សេងអ៊ីចឹងជាតំណាងពិតប្រាកដអត់?»។
តំណាងនិយោជកលោក ណាង សុធី សម្តែងការគាំទ្រនឹងទទួលយកតួលេខនេះ។
លោកថា៖ «តួលេខរបស់រដ្ឋាភិបាល និងនិយោជកប្រហាក់ប្រហែលគ្នាចឹងក៏សប្បាយម្យ៉ាងទៀតដោយឃើញភាគីសហជីពបង្ហាញឆន្ទៈស្លូតបូតហើយសង្ឃឹមថាគាត់ទទួលយកការសម្រេចនេះដោយមិនមានការតវ៉ា»។
ប្រធានសហព័ន្ធសហជីពខ្មែរលោក ជួន មុំថុល គាំទ្រនឹងតួលេខនេះខណៈលោកគិតថាកម្មករក៏សប្បាយនឹងការកំណត់ប្រាក់ឈ្នួល ១៥៣ ដុល្លារដែរ។
លោកបន្តថា៖ «បងប្អូនកម្មករសង្ឃឹមឡើងតែ ១០ ដុល្លារទេពោលត្រឹម ១៥០ ដុល្លារប៉ុន្តែឡើងដល់ ១៥៣ កម្មករសប្បាយចិត្តងាប់ហើយ ហើយបូកលុយអត្ថប្រយោជន៍ផ្សេងទៀងជាង ១៧០ ដុល្លារហើយ»។
លោកបានឲ្យដឹងថាមូលហេតុដែលលោកមិនបោះឆ្នោតគាំទ្រតួលេខ ១៧១ ដុល្លារដោយសារលោកគិតថានឹងមិនអាចទៅរួចទេ។
លោកថា៖ «បើយើងដាក់ ១៧១ ដុល្លារថៅកែគេមិនព្រមទេពីព្រោះបើបូកប្រាក់ខែគោល និងប្រាក់អត្ថប្រយោជន៍ និងប្រាក់ថែមម៉ោងគឺច្រើនតែម្តង»។
កម្មករោងចក្រ MV ផលិតអាវនៅខេត្តកំពង់ឆ្នាំងកញ្ញា ជា ច័ន្ទសុកា បានសម្តែងការសប្បាយចិត្ត។
កញ្ញាថ្លែងថា៖ «បើប្រាក់ខែយើងឡើងចេះតែសប្បាយចិត្តទៅគ្រាន់តែក្នុងមតិរោងចក្រមានសហជីពមានតំណាងកម្មករភាគច្រើនបើគេគិតថា ១៥៣ ដុល្លារព្រមទទួលយកខ្ញុំទទួលយកដែរតែបើគេអត់យកខ្ញុំក៏អត់យកដែរព្រោះយើងនៅដំបូលផ្ទះតែមួយ»។
ប្រាក់ឈ្នួលអប្បបរមាបច្ចុប្បន្នទទួលបាន ១៤០ ដុល្លារ និងមានអត្ថប្រយោជន៍ផ្សេងៗទៀតរួមមានប្រាក់រង្វាន់ការងារទៀងទាត់ ១០ ដុល្លារប្រាក់ធ្វើដំណើរ ៧ ដុល្លារ និងប្រាក់អតីតភាពចាប់ពី ២ ដុល្លាររហូតដល់ ១១ ដុល្លារនៅរក្សាដដែល៕