តាកែវៈ លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជាក់​ថា​ប្រាក់​ឧបត្ថម្ភ​សម្រាប់​គ្រួសារ​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុងអំឡុង​ជំងឺ​កូវីដ​១៩ នឹង​កើន​ដល់​ ២៨ ​លាន​ដុល្លារ​ ក្នុង​ខែ​កក្កដា​ នេះ បន្ទាប់ពី​ពលរដ្ឋ​ក្រីក្រ​ជាង​ ៥ ​ម៉ឺន​នាក់​បន្ថែម​ទៀត​ត្រូវបាន​កំណត់​។

លោក​ថ្លែង​ដូច្នេះ​ក្នុង​ពេល​លោក​ចុះ​ទៅ​ពិនិត្យ​ការបង្កបង្កើនផល​ស្រូវ​ និង​សំណេះសំណាល​ជាមួយ​ប្រជាកសិករ​ក្នុង​ស្រុក​ព្រៃកប្បាស ខេត្ត​តាកែវ​ពី​ម្សិលមិញ​។ លោក​មាន​ប្រសាសន៍​ថា​៖ «​ម្សិលមិញ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច បាន​ប្រកាស​ក្នុង​ខែ​ ៧ ​នេះ​យើង​កើន​ពី​ ៥៦ ​ម៉ឺន​គ្រួសារ​ជាង​ដែល​ចំណាយ​ ២៤ ​លាន​ទៅ​ដល់ ៦១ ​ម៉ឺន​គ្រួសារ និង​ត្រូវ​ចំណាយ​ ២៨ ​លាន​ដុល្លារ​ សម្រាប់​ខែ​ ៧ ​ព្រោះ​យើង​ស្វែង​រកឃើញ​គ្រួសារ​ក្រីក្រ​ថ្មីៗ​ប្រមាណ​ជា ៥ ម៉ឺន​គ្រួសារ​បន្ថែម​ទៀត​ ហើយ​យើង​នឹង​បន្ត​រុករក បើ​កូវីដ​មិនទាន់​ថមថយ​ទេ​យើង​ត្រូវ​នៅ​បន្ត​កម្មវិធី​សង្គមកិច្ច​ជំនួយ​សង្គម ប៉ុន្តែ​មិនមែន​បាន​សេចក្ដី​ថា រដ្ឋ​ចិញ្ចឹម​រហូត​ទេ ហើយ​នេះ​ក៏​មិនមែន​មាន​ន័យថា រដ្ឋ​ចិញ្ចឹម​ទាំងស្រុង​ទេ គឺជា​ការ​ប៉ះប៉ូវ​»​។

កាលពី​ខែ​មិថុនា​រាជរដ្ឋាភិបាល​បាន​ឧបត្ថម្ភ​សាច់ប្រាក់​ចំនួន​ ២៤ លាន​ដុល្លារ ដល់​គ្រួសារ​ក្រីក្រ​ចំនួន​ជាង ៥៦ ​ម៉ឺន​គ្រួសារ​នៅ​ទូទាំង​ប្រទេស​។ លោក ហ៊ុន សែន ថ្លែង​ថា​គ្រួសារ​ខ្លះ​អាច​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​រហូត​ដល់​ទៅ​ជាង ១០០ ​ដុល្លារ​ក្នុង​ ១ ​ខែ​អាស្រ័យ​លើ​ចំនួន​សមាជិក​គ្រួសារ​។ កម្ពុជា​មិន​ទុក​ឲ្យ​ប្រជាជន​ណា​ម្នាក់​ស្លាប់​ដោយ​អត់បាយ​ដែល​រដ្ឋាភិបាល​មិនបាន​ដឹង និង​ដោះស្រាយ​នោះទេ​។

លោក​មាន​ប្រសាសន៍​ដូច្នេះ​ថា​៖ «​អភិបាលស្រុក​ព្រៃកប្បាស​ត្រូវតែ​មើល​ឲ្យ​បាន​ច្បាស់​ចៅហ្វាយ​ខេត្ត​ទាំងអស់ ថ្ងៃនេះ​គ្រប់​ចៅហ្វាយ​ខេត្ត​ទាំងអស់​មើល​ឲ្យ​អស់ ក្រែងលោ​អ្នកក្រ​ពិតប្រាកដ​វា​អត់​បាន ទៅ​បាន​អ្នក​ដែល​មិនមែន​អ្នកក្រ​។ អាហ្នឹង​ហើយ​ដែល​គេ​ហៅថា អយុត្តិធម៌​នោះ​។ អ៊ីចឹង​ត្រូវ​មើល​ឲ្យ​អស់​កន្លែង​ហ្នឹង មើល​ឲ្យ​អស់​»​។

ក្រសួង​ផែនការ​កាលពី​ថ្ងៃទី​ ២០ ​ខែ​កក្កដា​បាន​ផ្សព្វផ្សាយ​នីតិវិធី​នៃ​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​​ក្រីក្រ ដើម្បី​ទទួល​បាន​ប្រាក់ឧបត្ថម្ភ​ពី​រាជរដ្ឋាភិបាល​ក្នុង​កម្មវិធី​ជួយ​ដល់​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​។

ក្រសួង​បញ្ជាក់ថា ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ធ្វើឡើង​រៀងរាល់​ ៣ ​ឆ្នាំ​ម្ដង​តាមរយៈ​ការសម្ភាស​ដោយ​ផ្អែកលើ​សូចនាករ​រួមមាន​ស្ថានភាព​ផ្ទះ ទំហំ​ដី លំនៅឋាន និង​ផលិតផល​កសិកម្ម ប្រភព​ចំណូល​ចម្បង​ពី​ការដាំដុះ នេសាទ ឬ​សកម្មភាព​ផ្សេងទៀត ការចិញ្ចឹម​សត្វ​។ លទ្ធភាព​ដោះស្រាយ​ស្បៀង​ចំនួន​សមាជិក​រក​ចំណូល​ធៀប​នឹង​សមាជិក​សរុប សម្ភារ និង​ឧបករណ៍​ប្រើប្រាស់ មធ្យោយបាយ​ធ្វើដំណើរ និង​ការវាយតម្លៃ​លើ​ស្ថានភាព​ពិសេស​នៃ​គ្រួសារ ក៏​ជា​សូចនាករ​សម្រាប់​កំណត់​ពី​ភាពក្រីក្រ​ដែរ​។

ក្រសួង​ផែនការ​បន្តថា ដើម្បី​ធានា​តម្លាភាព​ក្នុង​ការអនុវត្ត​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​នៅ​តាម​ភូមិ​នីមួយៗ ក្រសួង​បាន​បង្កើត​ក្រុមការងារ​តំណាង​ភូមិ ដែល​មាន​សមាជិក​ពី ៥ ​ទៅ​ ៧ ​នាក់ ជ្រើសរើស​ចេញ​ពី​ការបោះឆ្នោត​របស់​អ្នកភូមិ​។ ក្រុម​តំណាង​ភូមិ​នេះ​នឹង​ជ្រើសរើស​គ្រួសារ​ដែល​ត្រូវ​សម្ភាស សុំ​ការយល់ព្រម​ពី​អ្នកភូមិ និង​ការទទួល​ស្គាល់​ពី​ក្រុមប្រឹក្សាឃុំ​សង្កាត់​។ គ្រួសារ​ដែល​មាន​បណ្ណ​ក្រីក្រ​នឹង​ត្រូវ​ឆ្លងកាត់​នីតិវិធី​កំណត់​ម្ដងទៀត​បន្ទាប់ពី​រយៈពេល​ ៣ ​ឆ្នាំ​។

ដោយសារ​តែ​រយៈពេល ៣ ​ឆ្នាំ​ជា​រយៈពេល​មួយ​យូរ ធ្វើឲ្យ​ស្ថានភាព​គ្រួសា​ក្រីក្រ​មាន​ភាពប្រែប្រួល​ដោយ​កត្តា​មួយចំនួន​ដូចជា​ការធ្វើ​ចំណាកស្រុក ស្ថានភាព​គ្រួសារ​មាន​ភាពប្រសើរ​ឡើង ឬ​មាន​ចំនួន​សមាជិក​គ្រួសារ​មាន​ច្រើនជាង​មុន​ក៏ដូចជា​រៀប​អាពាហ៍ពិពាហ៍​។ ក្នុង​ករណី​នេះ​ក្រសួង​មាន​នីតិវិធី​ថ្មី គឺ​ឲ្យ​អ្នក​ដែល​មាន​ជីវភាព​ក្រីក្រ​ដាក់​ពាក្យ​ស្នើសុំ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​។

លោក ថេង បញ្ញាធន ប្រតិភូ​រាជរដ្ឋាភិបាល​ទទួល​បន្ទុក​អគ្គនាយក​ផែនការ​នៃ​ក្រសួង​ផែនការ​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា គិត​ត្រឹម​ថ្ងៃទី​ ១៥ ខែកក្កដា សរុប​ទាំង​ការកំណត់​ជុំ​មុន និង​ជុំ​ថ្មី ពលរដ្ឋ​ក្រីក្រ​ដែល​ត្រូវ​បាន​កំណត់​អត្តសញ្ញាណ​មាន​ចំនួន ៦១៣ ៥៦៤ ​គ្រួសារ​។ បើ​គិត​ជា​ចំនួន​មនុស្ស​គឺ​មាន​ជាង ២,៨ លាន​នាក់​ ដែល​នឹង​ទទួល​បាន​ការឧបត្ថម្ភ​សាច់ប្រាក់​នៅ​ថ្ងៃទី​ ២៥ ខែកក្កដា​នេះ​។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ ក្រសួង​ផែនការ​បាន​ដកហូត​បណ្ណ​ក្រីក្រ​ជាង ៦ ០០០ មក​វិញ បន្ទាប់ពី​ក្រសួង​រកឃើញ​ថា អ្នក​ទាំងនោះ​មាន​ជីវភាព​ប្រសើរ​ឡើង ឆ្លង​ផុត​កម្រិត​នៃ​ភាពក្រីក្រ​ដែល​ក្រសួង​កំណត់​។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ថេង បញ្ញាធន​៕