ភ្នំពេញៈ បន្ទាប់ពីប្រាក់ឈ្នួលអប្បបរមាថ្មីសម្រាប់ ឆ្នាំ២០១៥ ត្រូវបានសម្រេចដោយដំឡើងពី ១០០ ដុល្លារដល់ ១២៨ ដុល្លារដែលធ្វើឲ្យកម្មករខ្លះពេញចិត្ត និងខ្លះទៀតមិនសប្បាយចិត្ត ស្របពេលដែលសហជីពឯករាជ្យមិនមែនជាសមាជិករបស់គណៈកម្មការប្រឹក្សាការងារកំពុងតែដំណើរការស្ទាបស្ទង់មតិសមាជិក និងកម្មករខ្លួនលើប្រាក់ឈ្នួលថ្មីនេះមុននឹងសម្រេចធ្វើយុទ្ធនាការបន្តឬក៏បញ្ឈប់។
កម្មការិនី សុខ សំណាង វ័យ ៣២ឆ្នាំ នៅរោងចក្រ Wing Star Shoes ក្នុង ខេត្តកំពង់ស្ពឺ បាននិយាយទាំងសប្បាយចិត្តថា អ្នកនាងសម្រេចទទួលយកការដំឡើងនេះដោយការពេញចិត្ត ព្រោះវាជាចំនួនមួយច្រើនសម្រាប់នាង បើធៀបនឹងប្រាក់ឈ្នួលឆ្នាំនេះបានត្រឹមតែ ១០០ ដុល្លារអាមេរិកនោះ។
សំណាង មិននឹកស្មានថា ប្រាក់ឈ្នួលអាចដំឡើងបាន ២៨ ដុល្លារទៀតសោះខណៈនាងធ្លាប់តែគិតថា ថែមបានយ៉ាងច្រើន ១០ ដុល្លារ។ អ្នកនាងគិតថា ប្រាក់ឈ្នួលថ្មីបូកផ្សំនឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗ អាចធ្វើឲ្យអ្នកនាងទទួលបានជិត ១៦០ ដុល្លារក្នុងមួយខែ។
សុខ សំណាង និយាយថា៖ «ខ្ញុំទើបតែដឹងក្នុងថ្ងៃនេះពីការដំឡើង ខ្ញុំនឹងប្រាប់ក្រុមគ្រួសារខ្ញុំពួកគាត់ច្បាស់ជាសប្បាយចិត្តជាមិនខាន ហើយខ្ញុំសង្ឃឹមថា ជីវភាពពួកយើងនឹងមានភាពល្អប្រសើរជាងមុន»។
សុខ សំណាង ថា នាងនឹងមិនចូលរួមការតវ៉ាឲ្យដំឡើងប្រាក់ឈ្នួលខ្ពស់ជាងនេះទេ ព្រោះថា ចំនួននេះល្មមអាចទទួលយកបាន ហើយការតវ៉ាក៏មិនរំពឹងថា បានដូចការទាមទារដែរ។
ចំណែកកម្មការិនីនៅរោងចក្រ Nishiku Enterprise factory ក្នុង ខេត្តតាកែវ អ្នកស្រី អឿ ពេជ្រ ដែលរងរបួសពីការបាក់រោងចក្រកាលពី ខែតុលា ក៏មិនខុសពី សុខ សំណាងដែរ ដោយអ្នកស្រីរីករាយក្នុងការទទួលយកប្រាក់ឈ្នួលថ្មីនេះដោយមិនមានអ្វីទាស់ចិត្តឡើយ។
អ្នកស្រីថា៖ «បើយើងធ្វើការទាមទារបន្ថែមទៀត មិនរំពឹងថា នឹងបានដូចការទាមទារនោះទេ តែអាចធ្វើឲ្យយើងបាត់បង់ការងារ និងអត្ថប្រយោជន៍ជាច្រើនទៀតក៏មិនដឹង»។
ផ្ទុយពីកម្មការិនីទាំងពីរ កញ្ញាសន សំណាង មកពីរោងចក្រ Global Fashion ក្នុង ខណ្ឌឫស្សីកែវ មិនពេញចិត្តនឹងចំនួនប្រាក់ឈ្នួលដែលសម្រេចផ្តល់ឲ្យកម្មករ ១២៨ ដុល្លារនេះទេ ហើយថា នាងនឹងចូលរួមធ្វើការតវ៉ាជាមួយកម្មករផ្សេងទៀត។
កញ្ញាថា៖ «ខ្ញុំត្រូវការយ៉ាងហោចក៏ ១៣០ ដុល្លារដែរ។ ហេតុអីក៏រដ្ឋាភិបាលកំណាញ់ ២ ដុល្លារនឹងម៉្លេះ? រដ្ឋាភិបាលមិនដឹងពីផលលំបាករបស់កម្មករសោះ»។
សន សំណាង បន្តថា កញ្ញាប្រាប់រឿងនេះទៅកម្មករធ្វើការជាមួយដែរ ប៉ុន្តែភាគច្រើនគេមិនចង់ចូលរួមតវ៉ាទេ ទោះពួកគេចង់បានច្រើនជាងនេះក៏ដោយ ដោយពួកគេខ្លាចមានករណីដូចនៅផ្លូវវេងស្រេង កាលពីចុងឆ្នាំមុន និងដើមឆ្នាំនេះដែលធ្វើឲ្យមានកម្មករស្លាប់ របួស និងចាប់ខ្លួនជាច្រើននាក់។
លោក ប៉ាវ ស៊ីណា ប្រធានសម្ព័ន្ធសហជីពចលនាកម្មករ បានឲ្យដឹងថា លោកមិនទាន់បានធ្វើការស្ទង់មតិជាមួយនឹងកម្មករនិងសមាជិកថា តើមានប៉ុន្មានភាគរយដែលអាចទទួលយកការដំឡើងនេះនៅឡើយ។
លោកបន្តថា៖ «ខ្ញុំបានទទួលព័ត៌មានពីតំណាងសហជីពតាមរោងចក្រខ្លះថា កម្មករភាគច្រើនទទួលយកការដំឡើងនេះ»។
លោក ប៉ាវ ស៊ីណា បញ្ជាក់បន្តថា លោកមិនទាន់អាចនិយាយមុនបានទេថា តើសហជីពនឹងបន្តធ្វើយុទ្ធនាការទាមទារប្រាក់ឈ្នួលច្រើនជាងនេះឬអត់? លុះត្រាតែទទួលបានតួលេខច្បាស់ពីចំនួនកម្មករដែលយល់ព្រមទទួលនិងមិនព្រមទទួល។
លោកថា៖ «នៅពេលខ្ញុំមានតួលេខច្បាស់ ខ្ញុំនឹងធ្វើការប្រជុំជាមួយនឹងសហជីពផ្សេងទៀត ដើម្បីពិភាក្សាគ្នានឹងសម្រេចថា តើយុទ្ធនាការទាមទារបន្ត ឬបញ្ឈប់ត្រឹមនេះ»។
អ្នកនាង កេន ឆេងឡាង ប្រធានស្តីទីសហព័ន្ធសហជីពជាតិឧស្សាហកម្មវាយនភ័ណ្ឌកាត់ដេរកម្ពុជា ឲ្យដឹងដែរថា ប្រសិនបើកម្មករភាគច្រើនព្រមទទួល នោះការតវ៉ាឬធ្វើយុទ្ធនាការនឹងមិនអាចកើតឡើងទេ។
សូមបញ្ជាក់ថា ប្រាក់ឈ្នួលថ្មីរបស់កម្មករកាត់ដេរនិងស្បែកជើងសម្រេចដំឡើងដល់ ១២៨ ដុល្លារក្នុង ១ ខែ ហើយចាប់អនុវត្តពី ខែមករា ឆ្នាំ២០១៥ ដោយរក្សាប្រាក់អត្ថប្រយោជន៍ផ្សេងៗពីមុនមកនៅដដែល៕