ភ្នំពេញៈ សត្វ​ប្រើស​ ១ ​គូ​ដែល​ព្រានព្រៃ​បាន​បាញ់ប្រហារ​ក្នុង​ដែនជម្រក​សត្វព្រៃ​ព្រះ​រកា ខេត្តព្រះវិហារ ហើយ​បាន​រត់​មក​ងាប់​នៅក្នុង​ភូមិ​របស់​ប្រជាពលរដ្ឋ​នៅក្បែរ​នោះ​កាលពី​ឆ្នាំ ២០១៩ ឥឡូវ​នេះ​ត្រូវ​បាន​ដាក់​តាំងនៅ​ក្នុង​ទីស្ដីការក្រសួង​បរិស្ថាន បន្ទាប់ពី​ក្រុមមន្ត្រី​ជំនាញ​បាន​កែច្នៃ​ឲ្យ​ក្លាយ​ជា​រូបសំណាក​សត្វ​ប្រើស​ ១ ​គូ​ដែល​មើលទៅ​ដូចជា​សត្វ​ប្រើស​រស់​ពិតៗ​។

លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​ និង​ជា​អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា សំណាក​សត្វ​ប្រើស​ ១ ​គូ​នេះ​បាន​សាង​ឡើង​ក្រោម​កិច្ចសហការ​រួមគ្នា​រវាង​មន្ទីរ​បរិស្ថាន​ខេត្តព្រះវិហារ និង​សមាគម​មគ្គុទេ្ទសក៍​សត្វ​ស្លាប​កម្ពុជា​ក្នុង​គោលបំណង​ទុក​សម្រាប់​ប្រើប្រាស់​ក្នុង​ការអប់រំ ផ្សព្វផ្សាយ​អំពី​ការអភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា​ដល់​ក្មេងៗ​ជំនាន់​ក្រោយ ឲ្យ​បាន​ស្គាល់ និង​ចេះ​ស្រឡាញ់​សត្វព្រៃ​។

លោក​បន្តថា ដើម្បី​កែច្នៃ​សពសត្វ​ប្រើស​ ១ ​គូ​ដែល​មាន​ទម្ងន់​ជាង​ ២០០ ​គីឡូក្រាម​ក្នុង​ ១ ​ក្បាល​ឲ្យ​ក្លាយជា​សំណាក​សត្វ​ប្រើស​ដ៏គួរ​ឲ្យ​គយគន់​នេះ ក្រុមមន្ត្រី​ជំនាញ​បាន​ប្រើប្រាស់​ពេលវេលា​សរុប​ជាង​ ២ ​ខែ​ក្នុង​ការលាង​សម្អាត​ស្បែក ឆ្អឹង និង ការរៀបចំ​គ្រោងឆ្អឹង​ពី​ដែក​មួយ​ចំនួន​បន្ថែមទៀត​។

លោក​បញ្ជាក់ថា​៖ «​ដោយសារ​កង្វះខាត​សម្ភារ យើង​បាន​ប្រើ​គ្រោង​ដែក​ជំនួស ដោយ​ធ្វើ​ជា​រាង​ប្រើស​ឈរ តែ​កម្ពស់ និង​ប្រវែង​តួខ្លួន និង​ជើង​ត្រូវ​បាន​វាស់វែង​ត្រឹមត្រូវ​តាម​ទំហំ​ប្រើស​ជាក់ស្តែង​។ បន្ទាប់មក​យក​ស្បែក​របស់​វា​ដែល​ត្រូវបាន​លាង​សម្អាត​សម្លាប់​មេរោគ​ដោយ​ជាតិ​អំបិល​ និង​ទឹកខ្មេះ​រួចមក​ដាក់​លើ​គ្រោង​ដែក​រួច​ចាប់ផ្តើម​ដេរ​ភ្ជិត​តែម្តង ដោយ​មាន​ថែម​សំឡី​នៅ​ផ្នែក​ខ្លះ​ដើម្បី​ឲ្យ​ពេញ​រូបរាង​។ រួចមក​យើង​ដាក់​គ្រាប់ភ្នែក (​គ្រាប់ភ្នែក​បាន​ពី​ដៃគូ​នៅ​តៃវ៉ាន់​) ​និង​ពាក់ស្នែង​ និង​ទុក​ក្នុង​ម្លប់ មាន​ខ្យល់​ចេញចូល​រហូតដល់​ស្ងួត​ល្អ​»​។

គួរ​បញ្ជាក់ថា នៅពេល​អ្នកភូមិ​ និង​ព្រះសង្ឃ​បាន​ប្រទះឃើញ​សត្វ​ប្រើស​ ២ ​ក្បាល​នោះ​ងាប់​នៅក្បែរ​ភូមិ ក៏​នាំ​គ្នា​ធ្វើ​ពិធីបុណ្យ​ឲ្យ​សត្វ​ទាំង​ ២ ​ក្បាល​នោះ តាម​ជំនឿ​សាសនា​ដើម្បី​ឧទ្ទិស​កុសល​ដល់​សត្វ​ប្រើស​ទាំង​ ២ ​ក្បាល​នេះ​។ ប្រើស​ទាំង​ ២ ​ក្បាល​នោះ​ជា​ប្រើស​ស្បូវ ជា​ថនិកសត្វ​តិណាសី​ស្ថិត​ក្នុង​អម្បូរ​សត្វ​ប្រើស​ដែល​មាន​មាឌធំ​ជាងគេ​។

នៅលើ​ដងខ្លួន​របស់​វា មាន​រោម​ប្រផេះ​ស្ទើរ​ក្រមៅ និង​កមាន​រោម​ក្រាស់​វែង​។ កន្ទុយ​របស់​វា​ខ្លី​សំពោង​ពណ៌​ក្រមៅ និង​រស់​រវើក​ជានិច្ច​ពេល​រក​ចំណី​ហើយ​វា​មាន​ស្លឹកត្រចៀក​ធំ​។ ស្នែង ប្រើស​ឈ្មោល​ពេញវ័យ​មាន​ប្រវែង​ពី ​៥០-១០០ សង់ទីម៉ែត្រ​ដែលជា​ទូទៅ​មាន​ខ្នែង​ម្ខាងៗ​ចំនួន​ ៣ ​គឺ​ ១ ​នៅជាប់​គល់ និង​ ២ ​ទៀត​នៅ​ខាងចុង​។

បើតាម​ក្រសួងបរិស្ថាន​ប្រើស​ជា​សត្វ​ដែល​អាច​រស់នៅ​គ្រប់​ជម្រក​ទាំងអស់​រួមទាំង​ព្រៃស្រោង​ និង​ព្រៃរបោះ​។ វា​រក​ស៊ីពេល​ព្រលឹម និង​ពេល​ព្រលប់​ហើយ​សម្រាក​ពេល​ថ្ងៃ​នៅតាម​ព្រៃ​ក្រាស់ៗ​។ ចំណី​របស់​វា​មានដូចជា​ស្លឹកឈើ​ចុង​មែកឈើ​តូចៗ ផ្លែឈើ និង​ស្មៅ​។​ល​។

ជា​រៀងរាល់​ឆ្នាំ ប្រើស​តែង​ជម្រុះ ស្នែង​ចាស់​ចោល​នៅ​ចន្លោះ​ខែកក្កដា ដល់​ខែកញ្ញា​។ នៅ​រដូវ​បន្ត​ពូជ ប្រើស​ឈ្មោល​តែងតែ​ជល់​គ្នា​យកឈ្នះ​ដើម្បី​គ្រប់គ្រង​តំបន់ និង​ពាក់​ញី​នៅក្នុង​ហ្វូង​រហូតដល់ ៨ ​ក្បាល​។ ប្រើស​ញី​កើតកូន​ម្ដង​តែ​ ១ ​បន្ទាប់ពី​ពពោះ​រយៈពេល​ ៨ ​ខែ​។ វា​មាន​វត្តមាន​នៅ​ភូមិភាគ​ខាងជើង និរតី និង ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា​។ គេ​ក៏បាន​រកឃើញ​ផងដែរ​នៅ​ប្រទេស​ឥណ្ឌា ប្រទេស​ចិន និង​តំបន់​ភូមិភាគ​អាស៊ីអាគ្នេយ៍ រួមទាំង​កោះ​ស៊ូម៉ាត្រា កោះ​ចារ៉ា និង​បូនេអូរ​។

ប្រើស​ជា​ប្រភេទ​សត្វ​ដែល​ស្ថិតក្នុង​ក្រុម​ដែល​ងាយ​រងគ្រោះថ្នាក់​ដោយសារ​ការបរបាញ់​យក​សាច់​ស្នែង ស្បែក និង​ឆ្អឹង​ដើម្បី ធ្វើ​ពាណិជ្ជកម្ម​៕