ភ្នំពេញៈ ប្រៃសណីយ៍​កម្ពុជា​កាលពី​ថ្ងៃ​​ទី​ ១៨ ខែ​មេសា បាន​ជូនដំណឹង​ដល់​អតិថិជន​ស្ដីពី​ការផ្អាក​ទទួលបញ្ញើ​ផ្ញើ​ទៅគ្រប់​ប្រទេស​ទាំងអស់​ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​ ១៩ ដែលជា​ហេតុ​ធ្វើឱ្យ​មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​អាក់ខាន​ស្ទើរតែ​ទាំងស្រុង និង​មិនទាន់​បាន​កំណត់ពេល​ថា​នឹង​បើក​ទទួល​បញ្ញើ​ឡើងវិញ​នៅពេល​ណា​នោះទេ​។

សេចក្ដី​ជូនដំណឹង​បាន​ឲ្យ​ដឹងថា ការផ្អាក​ទទួលបញ្ញើ​នេះ​ដោយសារ​បញ្ហា​ជំងឺ​កូវីដ​​ ១៩ ដែល​បណ្តាល​ឱ្យ​មធ្យោបាយ​ដឹកជញ្ជូន​តាម​ផ្លូវ​អាកាស​អាក់ខាន​ស្ទើរតែ​ទាំងស្រុង ក៏ប៉ុន្តែ​បាន​បញ្ជាក់​ក្នុង​ខ្លឹមសារ​ថា ការបើក​ទទួល​ផ្ញើ​បញ្ញើ​ឡើងវិញ​នឹង​ជូន​ដំណឹង​នៅពេល​ខាងមុខ​។

បន្ថែម​ពីលើ​សេចក្ដី​ជូនដំណឹង​នេះ​លោក​ អោក បូរ៉ា អគ្គនាយក​ប្រៃសណីយ៍​កម្ពុជា​បាន​ថ្លែង​កាលពី​ម្សិលមិញ​ថា​៖ «​ដោយ​បញ្ហា​កូវីដ​បាន​ធ្វើឱ្យ​ជើង​ហោះហើរ​តាមរយៈ Thai airway, Dragon Air, Malay Air, ANA air ត្រូវ​បាន​ផ្អាក​ទាំងស្រុង​រហូត​ដល់​ថ្ងៃ​ ៣០ ​មេសា​ ទើប​គេ​ជូនដំណឹង​ជាថ្មី​ហើយ​មិនទាន់​ប្រាកដប្រជា​ថា​បើក​ដំណើរការ​ឡើងវិញ​ពេលណា​ទេ​។ ​បញ្ញើ​របស់​​ប្រៃសណីយ៍​កម្ពុជា​ទៅ​តាម​ជើង​ហោះហើរ​ទាំង​ ៤ ​ខាងលើ​»​។

លោក​បាន​បញ្ជាក់ថា​៖ «​ការផ្អាក​នេះ​ចំពោះ​តែ​បញ្ញើ​ទៅ​អន្តរជាតិ​តាម​ជើង​ហោះហើរ​ប៉ុណ្ណោះ​។ ចំណែក​សេវាកម្ម​ក្នុង​ប្រទេស​យើង​បន្ត​បើក​ធម្មតា ដូចជា​សេវា​ផ្ទេរប្រាក់​អី​ក៏​យើង​បើក​ធម្មតា​ដែរ​។ ការផ្អាក​នេះ​សម្រាប់តែ​បញ្ញើ​ទៅ​អន្តរជាតិ​ទេ​ដែល​យើង​អត់​មាន​ជើងហោះហើរ​ព្រោះ​គ្រប់​ជើងហោះហើរ​ទាំង​អស់​គេ​​បិទ​អស់ហើយ​យើង​មិន​អាច​ដាក់​បញ្ញើ​ទៅបាន​ទេ​»​។

បើ​តាម​ប្រៃសណីយ៍​កម្ពុជា បច្ចុប្បន្ន​នេះ​ខ្លួន​មាន​គោលដៅ និង​បេសកកម្ម​ផ្អែកលើ​ការអនុវត្ត​ការងារ​ដោយ​ស្វ័យភាព​លើ​រដ្ឋបាល​អាជីកម្ម និង​ហិរញ្ញវត្ថុ​ដោយ​មាន​ក្រុមប្រឹក្សាភិបាល​ជា​អ្នក​ដឹកនាំ​ស្រប​តាម​គោលនយោបាយ​របស់​រាជរដ្ឋាភិបាល​។ គោលបំណង​នេះ​គឺ​ជួយ​​ជំរុញ​កំណើន​សេដ្ឋកិច្ច​សង្គម​រួមចំណែក​កាត់បន្ថយ​ភាពក្រីក្រ និង​លើកកម្ពស់​ជីវភាព​និយោជិត​ដោយ​បាន​បន្ត​ការអនុវត្ត​កម្មវិធី​កំណែទម្រង់​ស៊ីជម្រៅ​ទាំង​ផ្នែក​រចនាសម្ព័ន្ធ​រដ្ឋបាល និង​ហិរញ្ញវត្ថុ​។

ក្រៅពី​នេះ​ប្រៃសណីយ៍​កម្ពុជា​មាន​គោលដៅ បម្រើ​សេវាកម្ម អាជីវកម្ម​ប្រៃសណីយ៍​ក្នុង និង​ក្រៅប្រទេស​ដោយ​មិន​ប្រកាន់​ពូជសាសន៍ ពណ៌​សម្បុរ និន្នាការ​នយោបាយ និង​សាសនា​ដោយ​មាន​បេសកកម្ម និង​ភារកិច្ច​បម្រើ​សេវា​ទទួល​ប្រមូល ដឹកជញ្ជូន និង​បែងចែក​រាល់​បញ្ញើ​សំបុត្រ​គ្រប់​ប្រភេទ​។ បញ្ញើ​ប្រៃសណីយ៍​ភណ្ឌ និង​បញ្ញើ​ឆាប់រហ័ស​ក្នុង និង​ក្រៅប្រទេស​។ បម្រើសេវា​ទទួល និង​បែងចែក​វិក្កយបត្រ​របស់​ស្ថាប័នរដ្ឋ ក្រុមហ៊ុន និង​អង្គការ​នានា​តាម​កិច្ចព្រមព្រៀង​។ លក់​តែមប្រិ៍​ប្រៃសណីយ៍​ក្នុង និង​ក្រៅប្រទេស​។ លក់​សម្ភារ​ផលិតផល​ផ្សេងៗ​សម្រាប់​បម្រើ​វិស័យ​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​។ បម្រើសេវា​ហិរញ្ញវត្ថុ​ប្រៃសណីយ៍​។

ទាក់ទិន​នឹង​ការហោះហើរ​តាម​យន្តហោះ​កាលពី​ថ្ងៃ​ ១៦ ​មេសា​ លោក ស៊ីន ចាន់សិរីវត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​ធ្លាប់​បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន​ស្ដីពី​ «​វឌ្ឍនភាព និង​ទិសដៅ​ការងារ​បន្ដ​របស់​រដ្ឋ​លេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល​» ​ថា​ចាប់ពី​ខែកុម្ភៈ​ដល់​ពាក់កណ្ដាល​ខែមេសា ភ្ញៀវទេចរ​ធ្វើដំណើរ​តាម​យន្តហោះ​បាន​ធ្លាក់ចុះ​ជាង​ ៩០ ​ភាគរយ ដោយសារ​តែ​បញ្ហា​ជំងឺ​កូវីដ​១៩​នេះ​។

លោក​ថា​៖ «​ចំពោះ​ស្ថានភាព​អាកាសចរណ៍​ក្នុងស្រុក​យើង​នៅ​មិនទាន់​បាន​វិភាគ​នោះ​ទេ​ព្រោះ​វា​កំពុងស្ថិត​ក្នុងពេល​អន្តរកាល​។ ​ខ្ញុំ​បាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​អាកាសចរណ៍​នានា​ហើយ​គាត់​ថា​មិនទាន់​មាន​ព័ត៌មាន​ជាក់លាក់​ទេ​។ ​ប៉ុន្ដែ​យើង​អាច​ប៉ាន់ស្មាន​បាន​នូវ​ទំហំ​នៃ​ការថយចុះ​ចំនួន​អ្នកដំណើរ​ចាប់ពី​ខែកុម្ភៈ​ដល់​ត្រឹម​ពាក់កណ្ដាល​ខែមេសា​»៕