The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ប្លន់​ថៅកែ​ចិន​បាញ់​សម្លាប់​តៃកុង​យក​ប្រាក់​ជិត​$២​ម៉ឺន

ប្លន់​ថៅកែ​ចិន​បាញ់​សម្លាប់​តៃកុង​យក​ប្រាក់​ជិត​$២​ម៉ឺន

ប្លន់​ថៅកែ​ចិន​បាញ់​សម្លាប់​តៃកុង​យក​ប្រាក់​ជិត​$២​ម៉ឺន

ភ្នំពេញៈ អ្នក​បើក​រថយន្ត និង​បក​ប្រែ​ភាសា​ចិន​ម្នាក់ ត្រូវ​ក្រុម​ចោរ​ប្លន់​បាញ់​សម្លាប់​ក្នុង​រថយន្ត​ខណៈ​ជន​រងគ្រោះ​ដឹក​ថៅកែ​ចិន ចេញ​ពី​កាស៊ីណូ​ណាហ្គា នៅ​រាជធានី​ភ្នំពេញ ហើយ​ត្រូវ​ចោរ​ស្ទាក់​បាញ់​ប្លន់​យក​លុយ​អស់​១ម៉ឺន​៨ពាន់​ដុល្លារ កាលពី​វេលា​ទៀបភ្លឺ​ថ្ងៃ​ទី៩ ខែ​ធ្នូ នៅ​ក្បែរ​ផ្សារ​សំណង់​១២ ក្នុង​ខណ្ឌ​ទួលគោក។

លោក ហួត ចាន់យ៉ារ៉ាន់ អធិការ​នគរបាល​ខណ្ឌ​ទួលគោក​កាលពី​ម្សិលមិញ​បាន​ប្រាប់​ថា​ឃាតក​បាញ់​សម្លាប់​អ្នក​បើក​រថយន្ត​និង​អ្នក​បកប្រែ​ឲ្យ​ថៅកែ​ចិន កាលពី​ទៀបភ្លឺ​ថ្ងៃ​ទី៩​នោះ នៅ​មិន​ទាន់​ចាប់​ខ្លួន​បាន​នៅ​ឡើយ​ទេ។

លោក​ថ្លែង​ថា៖«កម្លាំង​សមត្ថកិច្ច​កំពុង​តែ​ស្រាវជ្រាវ​និង​ស្វែងរក​ចាប់​ខ្លួន​ជនល្មើស»។

លោក ស៊ុន ប៊ុនរី នាយ​នគរបាល​ប៉ុស្តិ៍​សង្កាត់​ទឹក​ល្អក់​៣ ពី​ម្សិលមិញ​ប្រាប់​ថា ហេតុការណ៍​ប្លន់​បាញ់​សម្លាប់​នេះ​បាន​កើត​ឡើង​ម៉ោង​ជាង​៣​ទៀបភ្លឺ ថ្ងៃ​ទី៩ ខែ​ធ្នូ ហើយ​បើ​តាម​ការ​បំភ្លឺ​ពី​សាក្សី​ថា ជន​រងគ្រោះ​បើក​រថយន្ត​ចេញពី​កាស៊ីណូ​ណាហ្គា។ លោក​ថា ជន​រងគ្រោះ និង​ថៅកែ​ជនជាតិ​ចិន បាន​បើក​រថយន្ត​ម៉ាក​ឡិចស៊ីស RX-300 ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ 2I-3658 ហើយ​មក​ដល់​មុខ​ផ្ទះ លេខ​៧B របស់​ជន​រងគ្រោះ​នៅ​ផ្លូវ​២៦៥ ភូមិ​១៣ សង្កាត់​ទឹក​ល្អក់​ទី៣ ខណ្ឌ​ទួលគោក ក្បែរ​ផ្សារ​សំណង់​១២​ក៏​ត្រូវ​ជន​សង្ស័យ​ធ្វើ​សកម្មភាព​ប្លន់​និង​បាញ់​សម្លាប់​តែ​ម្តង។

លោក​នាយ​ប៉ុស្តិ៍​បាន​ប្រាប់​ទៅ​តាម​ការ​រៀប​រាប់​របស់​សាក្សី​ថា​លោក ហ៊ូ ជិនចាំង ភេទ​ប្រុស អាយុ ២៧ឆ្នាំ មាន​មុខ​របរ ជា​អ្នក​បកប្រែ​ភាសា​ចិន និង​ជា​អ្នក​បើក​រថយន្ត​ផង បាន​បើក​រថយន្ត​ដឹក​ថៅកែ​របស់​ខ្លួន​ឈ្មោះ ឈិន ជីនពីង ភេទ​ប្រុស អាយុ​ជាង​៤០​ឆ្នាំ​ចេញ​ពី​កាស៊ីណូ​ណាហ្គា។ពេល​មក​ដល់​មុខ​ផ្ទះ​ស្រាប់​តែ​មាន​ជន​សង្ស័យ​២​នាក់ ជិះ​ម៉ូតូ ម៉ាក​សេ១២៥ ស៊េរី​២០០៩​មិន​ចាំ​ស្លាក​លេខ ដក​កាំភ្លើង​បាញ់​មួយ​គ្រាប់​សំដៅ​ជន​រងគ្រោះ​និង​ដណ្តើម​ប្លន់​យក​លុយ​ពី​ថៅកែ​ចំនួន​១៨ ០០០​ដុល្លារ និង​ជិះ​គេច​ខ្លួន​ដោយ​សុវត្ថិភាព។

លោក​ប្រាប់ថា ៖ «អ្នក​បក​ប្រែ​និង​ជា​អ្នក​បើក​រថយន្ត​នោះ​ត្រូវ​ចោរ​បាញ់​ចំ​បំពង់​ក១​គ្រាប់​ស្លាប់​ភ្លាមៗ​នៅ​កន្លែង​កើត​ហេតុ​តែ​ថៅ កែ​ចិន​មិន​រង​របួស​ទេ»៕

អត្ថបទគួរចាប់អារម្មណ៍