ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថា ទិន្នផលត្រីដែលទទួលបាននៅក្នុងត្រីមាសទី១ ដើមឆ្នាំ ២០២១ នេះទាំងផលត្រីទឹកសាប និងសមុទ្រគឺមានចំនួនជាង ៩៦ ម៉ឺនតោន ដែលមានការថយចុះជាងឆ្នាំមុនបើធៀបនឹងរយៈពេលដូចគ្នា ខណៈការបង្ក្រាបបទល្មើសជលផលនៅទូទាំងប្រទេសមានជាង ៦០០ ករណី ដែលមានការកើនឡើង។
តាមរបាយការណ៍ស្តីពីសភាពការណ៍កសិកម្ម រុក្ខាប្រមាញ់ និងនេសាទប្រចាំត្រីមាសទី១ ឆ្នាំ ២០២១ និងទិសដៅអនុវត្តបន្តដែលចុះហត្ថលេខាដោយ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងនេះកាលពីថ្ងៃទី ៥ មេសា បានបញ្ជាក់ថា៖ «សំណុំរឿងបង្ក្រាបបទល្មើសជលផលគឺមានចំនួន ៦៤៨ ករណី ប្រៀបធៀបត្រីមាសទី១ ឆ្នាំ ២០២០ កើនឡើងចំនួន ៤៩ ករណី។ ក្នុងនោះបទល្មើសទឹកសាបមានចំនួន ៦៣២ ករណី និងបទល្មើសសមុទ្រចំនួន ១៦ ករណី»។
ដោយឡែកចំពោះការនេសាទទឹកសាបដោយដាយត្រីគឺទទួលបានទិន្នផល ១ ៣១០ តោន បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំមុនបានថយចុះចំនួន ១៩០ តោន។ ចំណែកការនេសាទបែបគ្រួសារនៅក្នុងទឹកសាបទទួលបានទិន្នផលចំនួន ៥៦ ៨០០ តោន បើប្រៀបធៀបត្រីមាសទី ១ ឆ្នាំមុនបានថយចុះ ១២ ៦០០ តោន រីឯការនេសាទលក្ខណៈគ្រួសារតាមវាលស្រែទទួលបានទិន្នផល ១២ ៨០០ តោនស្មើនឹង ៨,៨៣ ភាគរយនៃផែនការចំនួន ១៤៥ ០០០ តោន ប្រៀបធៀបនឹងត្រីមាសទី ១ ឆ្នាំមុនមានថយចុះចំនួន ៤ ៧០០ តោន។ នេះបើតាមរបាយការណ៍ដដែល។
របាយការណ៍នេះបានបញ្ជាក់ថា «អាជីវកម្មនេសាទត្រីសមុទ្រអនុវត្តបាន ២៥ ៧៨០ តោន ដែលស្មើនឹង ១៩,៨៣ ភាគរយនៃផែនការ ១៣០ ០០០ តោន បើប្រៀបធៀបនឹងត្រីមាសទី១ ឆ្នាំ ២០២០ បានថយចុះចំនួន ៨០ តោន»។
ក្រៅពីនេះរបាយការណ៍របស់ក្រសួងកសិកម្មក៏បានឱ្យដឹងដែរថា ចំពោះផ្នែកវារីវប្បកម្មនៃការចិញ្ចឹមត្រី និងបង្គាក្នុងត្រីមាសទី១ ឆ្នាំនេះ គឺទទួលបានទិន្នផល ៤៤ ៨០០ តោន បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុនគឺថយចុះ ៧ ០០០ តោន។
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងក្នុងរបាយការណ៍នេះថា ក្នុងរយៈពេល ៣ ខែនេះ ការចូលរួមទប់ស្កាត់បទល្មើសជលផល និងបទល្មើសខុសច្បាប់ដទៃទៀតត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពក្រោមកិច្ចសហការជាមួយគណៈកម្មការអន្តរក្រសួង។
ជាមួយគ្នានេះលោកក៏បានដាក់ចេញវិធានការចាំបាច់នានាដើម្បីជំរុញឱ្យអាជ្ញាធរពាក់ព័ន្ធបន្តពង្រឹងការអនុវត្តច្បាប់ស្តីពីជលផលឱ្យបានតឹងរ៉ឹង បំផុតផងដែរ។
លោកបានបញ្ជាក់ថា៖ «ពង្រឹងកិច្ចសហការជាប់ជាប្រចាំជាមួយអាជ្ញាធរដែនដី គណៈបញ្ជាការឯកភាព រដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌដើម្បីទប់ស្កាត់បទល្មើសជលផលជាពិសេសការយកចិត្តទុកដាក់អនុវត្តឱ្យបានហ្មត់ចត់នូវសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាលស្តីពីការបង្កើតគណៈកម្មការអន្តរក្រសួងដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទនៅបឹងទន្លេសាប»។
លោក ចក់ ជឿន ប្រធានសហគមន៍នេសាទដូនស្តើងនៅឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំបានថ្លែងថា ការធ្លាក់ចុះទិន្នផលត្រី ក៏ព្រោះតែកត្តាធម្មជាតិប្រែប្រួល ហើយឆ្នាំនេះក៏រងនូវគ្រោះរាំងស្ងួតដែលធ្វើឱ្យត្រីមិនសូវសម្បូរ។
លោកថា៖ «នៅពេលដែលប្រជានេសាទមិនអាចរកត្រីបានដូចមុន គឺនៅក្នុងសហគមន៍ខ្ញុំផ្ទាល់គឺមានការលំបាកណាស់ ព្រោះយើងមិនសម្បូរអាហារហូបចុករាល់ថ្ងៃ។ ពីមុនយើងធ្លាប់នេសាទបានច្រើន ៨ ទៅ ៨ គីឡូក្នុង ១ ថ្ងៃ តែពេលនេះចង់រកត្រីហូបមិនបានផង»។
ចំពោះបទល្មើសនេសាទវិញលោក ចក់ ជឿន ថ្លែងថា សមត្ថកិច្ចមានការចូលរួមទប់ស្កាត់បានយ៉ាងតឹងរ៉ឹង ប៉ុន្តែលោកនៅតែស្នើឱ្យមានវិធានការម៉ឺងម៉ាត់បន្ថែមទៀត ជាពិសេសគឺបទល្មើសនេសាទខុសច្បាប់ដើម្បីរក្សាធនធានត្រីឱ្យសម្បូរឡើងវិញ៕