ភ្នំពេញៈ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​បាន​ដោះស្រាយ​ផលប៉ះពាល់​ក្នុង​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​ ២ ​សម្រេច​ស្ទើរតែ​ទាំងស្រុង​ហើយ​និង​ផ្លូវជាតិ​លេខ​ ២២ ​សម្រេចបាន​ ១០០ ​ភាគរយ​ហើយ​។ មន្ត្រី​ជាន់ខ្ពស់​ក្រសួង​ក៏បាន​ជំរុញ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ប្រញាប់​ដោះស្រាយ​បញ្ចប់ ដើម្បី​បង្ក​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន​សាងសង់​អនុវត្ត​គម្រោង​ឲ្យ​មាន​ប្រសិទ្ធភាព​ខ្ពស់​។

លោក តូច ចាន់កុសល រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​ថ្លែង​ក្នុង​កិច្ចប្រជុំ​ស្ដីពី​ «​ការពិនិត្យ និង​តាមដាន​អំពី​ដំណើរការ​ដោះស្រាយ​ផលប៉ះពាល់​ផ្លូវជាតិ​លេខ​ ២ និង​ផ្លូវជាតិ​លេខ​ ២២» ​កាលពី​ថ្ងៃទី​ ២៣ ​មិថុនា ថា​ផលប៉ះពាល់​ក្នុង​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​ ២២ ​ត្រូវ​បាន​ដោះស្រាយ ១០០ ​ភាគរយ​។ រីឯ​ផលប៉ះពាល់​ក្នុង​គម្រោង​ធ្វើឲ្យ​ប្រសើរ​ឡើងវិញ​ផ្លូវជាតិ​លេខ​ ២ ដោះស្រាយបាន​ ៩៨,៥ ​ភាគរយ​ហើយ​។

លោក​ថា ក្រុមហ៊ុន​សាងសង់​ក្រុមហ៊ុន​ត្រួតពិនិត្យ​បច្ចេកទេស និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្ត​ទុកដាក់​រៀបចំ​ប្រឡាយ​បង្ហូរទឹក​នៅ​សងខាង​ផ្លូវ​ដែល​កំពុង​សាងសង់​ឲ្យ​បាន​ត្រឹមត្រូវ និង​សមស្រប​តាម​គម្រោង ដើម្បី​ចៀសវាង​ការជន់​លិចលង់​ភូមិ និង​ទ្រព្យសម្បត្តិ​របស់​ប្រជាពលរដ្ឋ​។ ព្រោះថា រដូវភ្លៀង​បាន​មក​ដល់ ហើយ​ភ្លៀង​បាន​បន្ត​ធ្លាក់​ជា​បន្តបន្ទាប់​ជា​រៀងរាល់ថ្ងៃ​នៅ​តាម​តំបន់​មួយ​ចំនួន​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំងអស់​បាននិង​កំពុង​បន្ត​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​ឯកជន សហគ្រាស និង​អាជីវករ​នានា​ដែល​ប្រកបរបរ​លើ​បណ្ដាញទឹក​ស្អាត បង្គោល​អគ្គិសនី ខ្សែ​កាបិ៍្ល អុបទិក ដើម្បី​រុះរើ និង​ប្ដូរ​ទៅ​ទីតាំង​ថ្មី​ក្នុង​គោលបំណង​បង្ក​ភាពងាយស្រួល​ដល់​ក្រុមហ៊ុន​សាងសង់​អនុវត្ត​គម្រោង​ប្រកប​ដោយ​ប្រសិទ្ធភាព​បំផុត និង​អាច​បញ្ចប់​គម្រោង​តាម​ការគ្រោងទុក​»​។

លោក​ស្នើឲ្យ​ក្រុម​ការងារ​ពាក់ព័ន្ធ​ទាំងអស់ និង​អនុគណៈកម្មការ​ទាំង​ ២ គឺ​អនុគណៈកម្មការ​ខេត្តតាកែវ និង​ខេត្តកណ្ដាល សហការ​ជាមួយ​ភាគី​ពាក់ព័ន្ធ​ចុះ​ពិនិត្យ​ទីតាំង​រង​ផលប៉ះពាល់​តាម​បណ្ដោយ​ផ្លូវជាតិ​ទាំង​ ២ ដែល​ពិបាក​ក្នុងការ​ដោះស្រាយ ដើម្បី​ស្វែងរក​យន្តការ​ដោះស្រាយ​ឲ្យ​បាន​លឿន​បំផុត សំដៅ​ចៀសវាង​ការរាំងស្ទះ​ក្នុងការ​សាងសង់​។ ជាពិសេស​អ្នក​ដែល​ទទួលបាន​សំណង​លើ​ផលប៉ះពាល់​រួចហើយ សូម​អនុវត្ត​តាម​កិច្ចព្រមព្រៀង​ឲ្យ​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​កុំឲ្យ​មាន​ការរាំងស្ទះ​ដល់​ការសាងសង់ ក៏ដូចជា​ការធ្វើ​ដំណើរ និង​ការប្រកបរបរ​ចិញ្ចឹមជីវិត​របស់​ប្រជាពលរដ្ឋ​ដទៃទៀត​។

អ្នកស្រី​ វ៉ាន់ សុខរ៉ាត់ អាយុ​ ៤១ ​ឆ្នាំ​ ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ព្រែកកំពឹស ខណ្ឌដង្កោ និយាយ​ពី​ម្សិលមិញ​ថា អ្នកស្រី​មិន​បាន​ទទួល​សំណង​ពី​ផលប៉ះពាល់​គម្រោង​ផ្លូវជាតិ​លេខ​ ២ ​នេះ​ទេ​។ ព្រោះ​អ្នកស្រី​បាន​រុះរើ​ផ្ទះ​ដកថយ​ចេញ​ឆ្ងាយ​ពី​គម្រោង​ផ្លូវជាតិ​លេខ​ ២ មុនពេល​អាជ្ញាធរ​ចុះស្រង់​ស្ថិតិ​អ្នក​រង​ផលប៉ះពាល់​។

អ្នកស្រី​ប្រាប់ថា​៖ «​ខ្ញុំ​គ្រាន់តែ​ទទួល​ដំណឹង​ថា គេ​ធ្វើ​ផ្លូវជាតិ​លេខ​ ២ ​ហ្នឹង ខ្ញុំ​បាន​រំកិល​ផ្ទះ​ខ្ញុំ​ថយ​ទៅ​កន្ទុយ​ដី​ក្រោយ​ឯណោះ​។ បន្ទាប់មក​ទើប​មាន​អាជ្ញាធរ​ចុះស្រង់​ស្ថិតិ​អ្នក​ដែលមាន​ផលប៉ះពាល់​ផ្ទះ​ពី​គម្រោង​ហ្នឹង រីឯ​អ្នកភូមិ​ខ្ញុំគេ​បាន​គ្រប់ៗ​គ្នា​។ អ្នកខ្លះ​បាន​ ១ ​ពាន់​ដុល្លារ អ្នកខ្លះ​បាន​ជិត​ ២ ​ពាន់​ដុល្លារ ហើយ​ចំណែក​ខ្ញុំ​អត់​បាន​សំណង​ទេ​។ ព្រោះ​ផ្ទះ​ខ្ញុំ​អត់​មាន​ប៉ះពាល់ តែ​ប៉ះពាល់​ដី ហើយ​អាជ្ញាធរ​ថា បើ​ប៉ះពាល់​តែ​ដី គេ​អត់​ឲ្យ​សំណង​ទេ តែបើ​ប៉ះពាល់​ផ្ទះ​បាន​គេ​សង​យើង​»​។

ពលរដ្ឋ​ម្នាក់ទៀត​ឈ្មោះ​ កឹម សំអឿន អាយុ​ ៤០ ​ឆ្នាំ​រស់នៅ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ​ប្រាប់​ពី​ម្សិលមិញ​ថា ផ្ទះ​របស់​លោក​ទទួល​ផល​ប៉ះពាល់​ត្រង់​សំយាប​ខាងមុខផ្ទះ​ដោយ​លោក​យល់ព្រម​រុះ​រើចេញ​រួចហើយ​។ គ្រួសារ​លោក​ក៏​ទទួល​សំណង​ជិត​ ១ ​ពាន់​ដុល្លារ​ពី​អាជ្ញាធរ​ដែលជា​ថ្នូរ​នឹង​ផលប៉ះពាល់​ពី​គម្រោង​នេះ​។

លោក​ថា​៖ «​សំយាប​ដែល​តចេញ​ពី​ផ្ទះ​ទៅ​ខាងមុខ​នេះ ខ្ញុំ​បាន​ធ្វើ​វា​ជាច្រើន​ឆ្នាំ​ហើយ សម្រាប់​ដាក់​អីវ៉ាន់​លក់​ដូរ​ទំនិញ​តិចតួច ហើយ​អាជ្ញាធរ​មក​ស្រង់​ស្ថិតិ​អ្នក​ដែល​មាន​ផលប៉ះពាល់​ហ្នឹង អាជ្ញាធរ​មក​ពន្យល់​ពួកខ្ញុំ គាត់​ថា បើ​ប៉ះពាល់​តែ​ដី​គេ​អត់​សង​យើង​ទេ​តែ​បើ​ប៉ះពាល់​ផ្ទះ​ ឬ​សំណង់ រោង​លក់ដូរ​នៅខាងមុខ​ផ្ទះ គេ​សង​តាម​ស្ថានភាព​ជាក់ស្ដែង​»​។

គួររំឭក​ថា គម្រោង​សាងសង់​ជួសជុល​ធ្វើឲ្យ​ប្រសើរ​ឡើង​ផ្លូវជាតិ​លេខ​ ២ (​ប្រវែង​ ៦២,៥៦ ​គីឡូម៉ែត្រ​) ​និង​ផ្លូវ​លេខ​ ២២ (​ប្រវែង​ ៩,៦១ ​គីឡូម៉ែត្រ​) ​នឹងត្រូវ​សាងសង់​ដោយ​ក្រុមហ៊ុន Hanshin Engineering &Construction Co.,Ltd ក្រោម​ក្របខ័ណ្ឌ​ឥណទាន​ពី​សាធារណរដ្ឋ​កូរ៉េ​។ គម្រោង​នេះ គ្រោង​ចំណាយ​ថវិកា​ប្រមាណ​ ៥៦ ​លាន​ដុល្លារ​អាមេរិក​ក្រោម​កម្ចី​ឥណទាន​ពី​រដ្ឋាភិបាល​កូរ៉េ និង​ថវិកាបដិភាគ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ប្រមាណ​ ៨,៥ ​លាន​ដុល្លារ​អាមេរិក​ដែល​នឹង​ប្រើ​រយៈពេល​ ៣០ ​ខែ​ (​ប្រហែល​ ២ ​ឆ្នាំ​កន្លះ​)​ក្នុង​ការសាងសង់​៕