
មន្ត្រីពេលពិនិត្យអនុផលព្រៃឈើកាលពីម្សិលមិញ។ ហុង មិនា
ភ្នំពេញៈ បណ្ដាញអនុផលព្រៃឈើ (Non-Timber Forest Products) និងសហគ្រាសសហគមន៍ (NTFP-EP) ជាង ៦០ ធ្វើការក្នុងខេត្តចំនួន ៦ នៅកម្ពុជាបានចាត់ទុកក្រុមផលិតករ និងសមាគមអនុផលព្រៃឈើថា ជាផ្នែកមួយជួយគាំពារសង្គម និងបរិស្ថាននៅកម្ពុជា។នេះបើតាមសេចក្ដីប្រកាសព័ត៌មានរបស់វេទិកាជាតិលើកទី២ ស្ដីពីអនុផលព្រៃឈើកាលពីម្សិលមិញ។
សេចក្ដីប្រកាសព័ត៌មានដដែលថា ក្រុមផលិតករ និងសមាគមអនុផលព្រៃឈើគឺជាអ្នកផ្ដល់កិច្ចគាំពារសង្គមដ៏សំខាន់ និងបានរួមចំណែកច្រើនដល់ការសម្រេចគោលដៅអភិរក្សព្រៃឈើ និងលុបបំបាត់ភាពក្រីក្រផងដែរ។ ជាក់ស្ដែង ៦៨ ភាគរយ នៃគ្រួសារជនបទនៅកម្ពុជាបាននិងកំពុងពឹងអាស្រ័យលើធនធានព្រៃឈើ។
សេចក្ដីប្រកាសបញ្ជាក់ថា៖ «ការការពារសិទ្ធិពឹងអាស្រ័យលើធនធានព្រៃឈើរបស់សហគមន៍មូលដ្ឋានជាពិសេសជនជាតិដើមភាគតិចមានសារៈសំខាន់ខ្លាំងណាស់ដើម្បីធានាការបែងចែកអត្ថប្រយោជន៍ ប្រកបដោយសមធម៌ និងអនុវត្ដលិខិតបទដ្ឋានគតិយុត្ដ»។
លោក ឯ វុឌ្ឍី អគ្គលេខាធិការរងក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនៃក្រសួងបរិស្ថានបានថ្លែងក្នុងវេទិកានេះថា តាមរយៈការប្រមូលផល និងការកែច្នៃអនុផលព្រៃឈើដោយប្រើប្រាស់វិធីសាស្ដ្រនិងបច្ចេកវិទ្យាប្រកបដោយប្រសិទ្ធផលបានជួយបង្កើនចង្វាក់តម្លៃដើម្បីជំរុញឱ្យមានការចួលរួមពីពលរដ្ឋនៅជនបទក្នុងសកម្មភាពសង្គមសេដ្ឋកិច្ចរបស់ខ្លួន។
លោកថា៖ «យើងសង្កេតឃើញថា មានសហគ្រាសសហគមន៍ជាច្រើនត្រូវបានបង្កើតឡើងដើម្បីបម្រើដល់វិស័យផ្ដៅ ឫស្សី និងទឹកឃ្មុំព្រៃ។ការទទួលបានផលមកវិញបានលើកទឹកចិត្ដឱ្យពួកគាត់ចូលរួមអភិរក្សព្រៃឈើ និងការពារសម្បត្ដិធម្មជាតិយូរអង្វែង»។
តាមសេចក្ដីប្រកាសព័ត៌មាននេះបានឱ្យដឹងថា ក្នុងការសហការជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអង្គការមិនមែនរដ្ឋាភិបាលអន្ដរជាតិ និងដៃគូមិនមែនរដ្ឋាភិបាលក្នុងមូលដ្ឋានដោយមានការគាំទ្រថវិកាពីគណៈកម្មាធិការ IUCN ប្រទេសហូឡង់ អង្គការ SDC និងធនាគារអភិវឌ្ឍន៍អាស៊ីគិតមកទល់ពេលនេះ NTFTEP បានផ្ដល់ការគាំទ្រយ៉ាងជោគជ័យ ដល់ការបង្កើតសហគ្រាសតាមសហគមន៍ជាង ៦០ នៅក្នុងខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី រតនគិរី ព្រះវិហារ កោះកុង និងសៀមរាប។
សេចក្ដីប្រកាសដដែលបានបញ្ជាក់ថា ក្នុងឆ្នាំ ២០១៨ សកម្មភាពសហគ្រាសបានគ្របដណ្ដប់លើផ្ទៃដីសរុប ៣៧៩ ៨៩៧,៧៥ ហិកតា ក្រោមការគ្រប់គ្រងរបស់សហគមន៍ព្រៃឈើ និងសហគមន៍ជលផលក្នុងខេត្ដខាងលើ។ រីឯចំណូលបានមកពីអនុផលព្រៃឈើបានប្រមាណ ៦៦ ៨៩៨ ដុល្លារផងដែរនៅឆ្នាំ ២០១៨។
លោកស្រី Femy Pinto នាយិកាប្រតិបត្ដិបណ្ដាញ NTFT-EP Asia បានថ្លែងក្នុងវេទិកានេះដែរថា ផលិតករនៅតាមសហគមន៍គឺជាផ្នែកមួយដ៏សំខាន់នៃវិស័យឯកជនទាក់ទងនឹងអនុផលព្រៃឈើ។
លោកស្រីថា៖ «ក្រុមសហគមន៍តែងតែព្យាយាមស្វែងរកការគាំទ្របន្ថែមទៀតពីតួអង្គសំខាន់ៗរួមមាន រដ្ឋាភិបាល វិស័យឯកជន និងអ្នកពាក់ព័ន្ធដទៃទៀត ដើម្បីអភិវឌ្ឍចង្វាក់តម្លៃអនុផលព្រៃឈើ»។
លោកស្រីថា ចង្វាក់ផលិតកម្មអនុផលព្រៃឈើអាស្រ័យខ្លាំងលើធនធានធម្មជាតិ។ ប៉ុន្ដែកម្ពុជាកំពុងត្រូវបានប្រើប្រាស់ព្រៃឈើដោយគ្មាននិរន្តរភាព។
ទាក់ទឹងនឹងបញ្ហាកាប់ទន្ទ្រានព្រៃឈើ លោកស្រី Diane Caroen ប្រធានក្រុមការងារគម្រោង LISDI នៃអង្គការ WWF កម្ពុជា បានថ្លែងថា ដើម្បីគ្រប់គ្រងព្រៃឈើឲ្យបានជោគជ័យត្រូវមានការរួមបញ្ចូលគ្នារវាងមនុស្ស សេដ្ឋកិច្ច និងការអភិរក្សធនធានធម្មជាតិដែលជាធាតុស្នូលនៃគ្រប់គោលនយោបាយព្រៃឈើទាំងអស់។
លោកស្រីថា៖ «សិទ្ធិដីធ្លីនិងដីព្រៃស្ថិតក្រោមការគ្រប់គ្រងរបស់សហគមន៍ចាំបាច់ត្រូវបានទទួលការការពារពីច្បាប់»។
លោក ស៊ឹម ប៊ុនធឿន ប្រធានកម្មវិធីប្រចាំកម្ពុជានៃបណ្ដាញ (Non-Timber Forest Products) បានបង្ហាញក្ដីសង្ឃឹមថា ក្រោយវេទិកានេះនឹងមានកិច្ចសហប្រតិបត្តិការល្អដែលជួយជ្រោមជ្រែងឲ្យផលអនុផលព្រៃឈើដំណើរការល្អ និងមានទីផ្សារបន្ថែមទៀត។
លោកថា៖ «បញ្ហាប្រឈមរបស់ពលរដ្ឋក្នុងសហគមន៍គឺបញ្ហាទីផ្សារ»។
លោក ឯក សុវណ្ណា តំណាងសហគមន៍ ទឹកឃ្មុំព្រៃប្រាសាទទឹកខ្មៅ ខេត្ដក្រចេះបានថ្លែងថា កាលពីឆ្នាំ ២០១៨ សហគមន៍ប្រមូលទិញទឹកឃ្មុំបានជាង ២ តោន មកលក់បន្ដ។
លោកថា៖ «បញ្ហាប៉ះពាល់អនុផលនៅតំបន់ពួកយើងមានតិចតួចដែរ ដោយសារក្រុមអ្នកចូលទៅលួចកាប់ព្រៃឈើដែលធ្វើឲ្យបារម្ភនាថ្ងៃអនាគត»៕