ខេត្តតាកែវ: បុរស​ម្នាក់​បាន​ស្លាប់​ដោយសារ​ផ្ទុះ​កាំជ្រួច​បណ្តាល​ឲ្យ​ដាច់​ក្បាល​ចេញពី​ខ្លួន​ពី​ម្សិលមិញ​នៅ​ទីតាំង​ដីឡូត៍​ ១ ​កន្លែង​ជិត​ផ្ទះ​ស្នាក់​របស់​គាត់​ក្នុងភូមិ​ហនុមាន ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី ខេត្ត​តាកែវ ដោយ​សមត្ថកិច្ច​ជំនាញ​សន្និដ្ឋាន​ថា មកពី​គាត់​ផលិត កាំជ្រួច​លាយ​រំសេវ​ខុស​បច្ចេកទេស​។

លោក ឃុត ឡូ អធិការរង​នគរបាល​ស្រុក​បាទី​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្ដិ៍​ពី​ម្សិលមិញ​ថា ជនរងគ្រោះ​ឈ្មោះ កែវ ឈិន អាយុ​ ៥០ ​ឆ្នាំ​មាន​មុខរបរ​ជា​អ្នកធ្វើ​កាំជ្រួច​លក់​គ្រប់​ធុន សម្រាប់​បាញ់​ក្នុង​ពិធីបុណ្យ​ផ្សេងៗ​។ ជនរងគ្រោះ​មាន​លំនៅ​ក្នុង​ឃុំ​កណ្ដឹង ស្រុក​បាទី ប៉ុន្ដែ​បាន​មក​បើក​កន្លែង​ផលិត​កាំជ្រួច​នៅ​ឃុំ​ក្រាំងធ្នង់ ស្រុក​បាទី​ដែល​ជា​កន្លែង​កើតហេតុ​ខាងលើ​។

លោក​បន្តថា ជនរងគ្រោះ​ប្រកបមុខរបរ​នេះ​ច្រើន​ឆ្នាំ​មក​ហើយ​ដែល​ជា​មុខរបរ​តពី​ដូនតា​របស់គាត់​។ កាលពី​ប៉ុន្មាន​ឆ្នាំមុន​ក៏​ធ្លាប់មាន​ករណី​ផ្ទុះ​បែបនេះ​ដែរ ប៉ុន្ដែ​មិន​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ទេ ដោយ​គ្រាន់តែ​ផ្ទុះ​។ បន្ទាប់មក ជនរងគ្រោះ​បាន​មក​សាងសង់​រោង​នៅក្នុង​ដីឡូត៍​មួយ​ដាច់ដោយឡែក​ពី​ផ្ទះ សម្រាប់​ទុក​ធ្វើជា​កន្លែង​ផលិត​កាំជ្រួច​។

អធិការរង​និយាយថា នៅ​ថ្ងៃ​កើតហេតុ​នេះ​ភរិយា​ជនរងគ្រោះ​បាន​ទៅ​ផ្សារ និង​កូនៗ​បាន​ទៅ​សាលារៀន រីឯ​ជនរងគ្រោះ​បាន​សំងំ​ធ្វើ​កាំជ្រួច​នៅក្នុង​រោង​សិប្បកម្ម​ដូច​សព្វមួយដង​។ ប៉ុន្ដែ​ប្រមាណ​ម៉ោង​ ៩ ​ព្រឹក​ថ្ងៃទី​ ១៣ ​​ខែ​កុម្ភៈ ស្រាប់តែ​គេ​ឮ​សំឡេង​ចេញពី​រោង​សិប្បកម្ម​ផលិត​កាំជ្រួច​របស់​ជនរងគ្រោះ ដោយ​អ្នកភូមិ​បាន​នាំគ្នា​ទៅ​មើល ហើយ​ក៏​ឃើញ​ជនរងគ្រោះ​ស្លាប់​ដោយ​ដាច់​ក្បាល​ចេញពី​ខ្លួន​ទៅហើយ​លោក​បញ្ជាក់​ថា ៖ «​ក្រោយពេល​មាន​ការរាយការណ៍​ពី​អ្នកភូមិ សមត្ថកិច្ច​ជំនាញ​បាន​ចុះទៅ​ត្រួតពិនិត្យ​ជាក់ស្ដែង ដោយ​យើង​បាន​រកឃើញថា គឺ​ជនរងគ្រោះ​បាន​លាយ​រំសេវ​ខុស​បច្ចេកទេស ទើប​បណ្ដាល​ឲ្យ​ផ្ទុះ​តែម្ដង​។ ជនរងគ្រោះ​មាន​តែ​ម្នាក់​គាត់​ហ្នឹង​ទេ អត់​មាន​អ្នកផ្សេង​នៅក្បែរ​ហ្នឹង​ទេ គឺ​នៅ​ធ្វើ​កាំជ្រួច​តែម្នាក់ឯង​។ នៅ​ស្រុក​បាទី​យើង​នេះ មាន​កន្លែង​សិប្បកម្ម​ផលិត​កាំជ្រួច​ជា​លក្ខណៈ​គ្រួសារ​ប្រហែល​ ៣ ​កន្លែង តែ​ពួកគាត់​បាន​សុំច្បាប់​ហើយ​»​។

លោក​ ឃុត ឡូ បន្ថែម​ថា​អាជីវកម្ម​ផលិត​កាំជ្រួច​នេះ​មិន​មាន​ច្បាប់​ត្រឹមត្រូវ​ទេ ដោយ​វា​ជា​អាជីវកម្ម​លក្ខណៈ​គ្រួសារ​តូច​មួយ​ដែល​គាត់​បាន​ចេះ​ធ្វើ​បន្ត​ពី​ឪពុកម្ដាយ​។ កន្លងមក​នេះ​អាជ្ញាធរ​ធ្លាប់បាន​អប់រំ ណែនាំ​អំពី​សុវត្ថិភាព​ជា​ចម្បង និង​ហាម​មាន​មនុស្ស​ក្មេង ចាស់​ទៅ​ក្បែរ​រោង​សិប្បកម្ម​ផលិត​កាំជ្រួច​នោះ​។

លោក​ នុត ភួង នាយប៉ុស្ដិ៍​រដ្ឋបាល​ឃុំ​ក្រាំងធ្នង់​បាន​ថ្លែងថា ជនរងគ្រោះ​បាន​ស្លាប់​ដោយ​ការផ្ទុះ​កាំជ្រួច ក្រោយ​ដែល​រូបគាត់​បាន​លាយ​រំសេវ​ហើយ ញាត់​ចូលក្នុង​បំពង់​កាំជ្រួច​។ បន្ទាប់មក​ទៀត​គាត់​បាន​យក​វត្ថុ​រឹង​ទៅ​បុក​ញាត់​រំសេវ​ឲ្យ​ចូល​ក្នុង​បំពង់​នោះបាន​ណែន​ល្អ ប៉ុន្ដែ​អំឡុងពេល​បុក​រំសេវ​នោះ​ក៏​បណ្ដាល​ឲ្យ​ផ្ទុះ​តែម្ដង​។

លោក​បន្តថា ជនរងគ្រោះ​បាន​ប្រកបមុខរបរ​នេះ​ជា​យូរណាស់​មកហើយ ប៉ុន្ដែ​នៅ​ប៉ុន្មាន​ចុងក្រោយ​នេះ​លោក​បាន​ធ្វើ​ខុស​បច្ចេកទេស​ម្ដង បណ្ដាល​ឲ្យ​ឆេះ​ផ្ទះ ហើយ​ត្រូវ​បាន​មន្ត្រី​ជំនាញ​ខេត្តតាកែវ​ហៅ​ទៅ​អប់រំ​ណែនាំ​អំពី​ហានិភ័យ​សម្រាប់​ខ្លួន​គាត់ និង​អ្នក​ដែល​រស់នៅ​ជុំវិញ​គាត់ ព្រមទាំង​តម្រូវ​ឲ្យ​គាត់​សុំច្បាប់​ធ្វើ​អាជីវកម្ម​ផងដែរ​។

លោក​បញ្ជាក់ថា​៖ «​ជាការ​ពិត គាត់​រស់នៅ​ឃុំ​កណ្ដឹង ប៉ុន្ដែ​គាត់​មាន​ដីឡូត៍ គាត់​មួយ​នៅ​ឃុំ​ក្រាំងធ្នង់​ដែល​ជិត​ផ្ទះ​គាត់​ដែរ (​គ្មាន​អ្នកភូមិ​នៅក្បែរ​) រួច​ក៏បាន​សាងសង់​រោង​មួយ ដើម្បី​ផលិត​កាំជ្រួច​នេះ នៅពេល​មាន​គេ​ទិញ​កាំជ្រួច​ទៅ​បាញ់​តាម​ពិធី​បុណ្យសព ឬ​ពិធីបុណ្យ​នានា គាត់​ក៏​ទៅ​ធ្វើ​លក់​ឲ្យ​គេ​ដូច​សព្វមួយដង​។ ខ្ញុំ​អត់​ច្បាស់​ថា គាត់​ធ្វើ​ហ្នឹង​មានច្បាប់ ឬ​អត់​ទេ តែ​មន្ត្រី​ជំនាញ​ខេត្ត​ធ្លាប់​ហៅ​គាត់​ទៅ​ព្រមាន​ម្ដង​ដែរ​»៕