ភ្នំពេញ ថ្ងៃទី ១ ខែ កញ្ញា ឆ្នាំ ២០១៨
សេចក្តីប្រកាសព័ត៌មានរបស់ឌុយមិចកម្ពុជា
ផលិតផលឌុយមិចនៅកម្ពុជាមិនមានផលប៉ះពាល់ដោយការប្រមូលចូលផលិតផល Mamil Gold Infant Formula នៅប្រទេសសិង្ហបុរីទេ
ឌុយមិចកម្ពុជាបានដឹងថា អគ្គនាយកដ្ឋានកម្ពុជាត្រួតពិនិត្យទំនិញ នីហរ័ណ អាហរ័ណ និងបង្រ្កាបការក្លែងបន្លំកាំកុងត្រូលបានចេញសេចក្តីជូនដំណឹង កាលពីថ្ងៃទី ២៩ ខែសីហាក្នុងការទប់ស្កាត់មិនឲ្យនាំចូល និងចែកចាយនៅប្រទេសកម្ពុជាផលិតផល Dumex Mamil Gold Infant Formula-step1 ដែលមានលេខឡូត៍ 09117R1។ នេះយោងតាមការប្រមូលផលិតផលដែលជាការបង្ការទុកមុនក្នុងប្រទេសសិង្ហបុរីដោយផ្អែកលើរបាយការណ៍ដែលបានថ្លែងថា អាជ្ញាធរកសិម្ហូបអាហារ និងបសុពេទ្យនៃប្រទេសសិង្ហបុរី (AVA) បានរកឃើញបាក់តេរី Cronobacter sakazakii ពីលេខឡូត៍ផលិតផលជាក់លាក់មួយ។ ផលិតផលនេះ ត្រូវបានផលិត និងបានដាក់លក់នៅក្នុងទីផ្សារប្រទេសសិង្ហបុរីតែប៉ុណ្ណោះ ហើយមិនមានលក់ក្នុងទីផ្សារកម្ពុជាឡើយ។
នេះគឺជាករណីមួយដាច់ដោយឡែកពីគ្នា ហើយពុំមានករណីឆ្លងបាក់តេរី Cronobacter ណាមួយដោយសារការប្រើម្សៅទឹកដោះគោ ត្រូវបានរាយការណ៍ទៅក្រសួងសុខាភិបាលប្រទេសសិង្ហបុរីក្នុងឆ្នាំនេះទេ។ មកទល់នឹងពេលនេះយើងក៏អាចបញ្ជាក់បានដែរថា យើងមិនបានទទួលរបាយការណ៍ណាមួយពីអ្នកប្រើប្រាស់ ទាក់ទងនឹងផលិតផលរបស់យើងដែលបានចែកចាយនៅប្រទេសកម្ពុជាឡើយ។ ឌុយមិច ធ្វើការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការសហការជាមួយអគ្គនាយកដ្ឋាន កាំកុងត្រូលដើម្បីការពារសុចរិតភាពនៃផលិតផលរបស់យើងទាំងអស់ដែលមានលក់នៅក្នុងទីផ្សារកម្ពុជា។
សម្រាប់ ឌុយមិច គុណភាព និងសុវត្ថិភាពផលិតផល គឺជាអាទិភាពដ៏ចំបងបំផុតរបស់យើង។ គ្រប់ផលិតផលរបស់យើងទាំងអស់ ត្រូវបានឆ្លងកាត់ដំណើរការផលិតកម្មដ៏តឹងរ៉ឹង និងបានធ្វើតេស្តយ៉ាងម៉ត់ចត់ស្របតាមបទដ្ឋានអន្តរជាតិ។ យើងសូមធ្វើការបញ្ជាក់ថា អតិថិជនទាំងអស់ក្នុងប្រទេសកម្ពុជាអាចបន្តប្រើគ្រប់ផលិតផលរបស់ ឌុយម៉ិច។
សម្រាប់សំណួរផ្សេងៗ សូមទំនាក់ទំនងមកសេវាបម្រើអតិថិជនតាមរយៈលេខ 1-800-212 160/012 222 160/017 666 978 ឬ តាមអ៊ីម៉ែល dumex.kh@danone.com