The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - ផាកពិន័យ​ម្ចាស់​ឃ្លាំង​ស្ដុក​ឈើ​នៅ​សៀមរាប ឯ​នៅ​ព្រះវិហារ​បិទ​សិប្បកម្ម​ច្នៃ​ឈើ




ផាកពិន័យ​ម្ចាស់​ឃ្លាំង​ស្ដុក​ឈើ​នៅ​សៀមរាប ឯ​នៅ​ព្រះវិហារ​បិទ​សិប្បកម្ម​ច្នៃ​ឈើ

Content image - Phnom Penh Post
ទីតាំង​ស្ដុក​ឈើ​នៅ​សៀមរាប​ដែល​សមត្ថកិច្ច​រកឃើញ​ថ្មីៗ​នេះ​។ រូបថត ប៉ូលិស

ផាកពិន័យ​ម្ចាស់​ឃ្លាំង​ស្ដុក​ឈើ​នៅ​សៀមរាប ឯ​នៅ​ព្រះវិហារ​បិទ​សិប្បកម្ម​ច្នៃ​ឈើ

សៀមរាប/ព្រះវិហារ: មន្ត្រី​នៃ​មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​ខេត្ត​សៀមរាប ផាកពិន័យ​ម្ចាស់​ឃ្លាំង​ស្តុក​ឈើ​ ១ ​កន្លែង និង​រឹបអូស​ឈើ​ខុសច្បាប់​ជាង​ ២០ ​ម៉ែត្រគុប បន្ទាប់ពី​ចុះ​ឆែក​ឃើញ​កាល​ថ្ងៃទី​ ៩ ខែ មេសា នៅ​ក្រុង​សៀមរាប ប៉ុន្ដែ​មន្ត្រី​មិន​បញ្ជាក់​ពី​ចំនួន​ទឹកប្រាក់​ផាកពិន័យ​ទេ ខណៈ​អាជ្ញាធរខេត្ត​ព្រះវិហារ​បិទ​ទីតាំង​ច្នៃ​ឈើ​ចំនួន ៣ ​កន្លែង​។

លោក​ ទា គឹមសុទ្ធ ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តសៀមរាប​បាន​ថ្លែង​ពី​ម្សិលមិញ​ថា ម្ចាស់​ឃ្លាំង​ស្តុក​ឈើ​ឈ្មោះ សំបូរ ម៉ាន់ណា ភេទ​ស្រី អាយុ​ ៣៩ ​ឆ្នាំ រស់នៅ​ភូមិ​ត្រពាំងត្រែង សង្កាត់​សាលាកំរើក ក្រុង​សៀមរាប​ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​របស់​លោក​ផាកពិន័យ​អន្តរការណ៍​តាមច្បាប់​ព្រៃឈើ​កាលពី​ថ្ងៃ​ ១០ មេសា​។

លោក​បញ្ជាក់ថា​៖ «​យើង​បាន​ផាកពិន័យ​ម្ចាស់​ឃ្លាំង​លួចលាក់​ស្ដុក​ឈើ​ខុសច្បាប់​ហ្នឹងហើយ ប៉ុន្ដែ​ខ្ញុំ​អត់​ដឹង​ពី​ចំនួន​ទឹកប្រាក់​ដែល​សមត្ថកិច្ច​យើង​ផាក​ពិន័យ​ទេ​។ រីឯ​ឈើ​ទាំងអស់​ជាង​ ២០ ​ម៉ែត្រគុប​ត្រូវ​បាន​រឹបអូស​ផងដែរ​»​។

លោក ម៉ក់ ធារ៉ា ស្នងការរង​នគរបាល​ខេត្តសៀមរាប​បាន​ប្រាប់​កាលពី​ម្សិលមិញ​ថា ម្ចាស់​ទីតាំង​ឃ្លាំង​ស្ដុក​ឈើ​នេះ​មិន​បាន​រត់គេចខ្លួន​ទេ តែ​គាត់​បាន​សហការ​ជាមួយ​សមត្ថកិច្ច​។ ម្ចាស់​ឈើ​ឈ្មោះ សំបូរ ម៉ាន់ណា បាន​ទិញ​ឈើ​ទាំង​នេះ​ពី​ដេប៉ូ​លក់​ឈើ​ផ្សេងៗ​ខាង​ក្រៅពី​ខេត្តសៀមរាប​ដើម្បី​ស្ដុក​ទុក​ធ្វើ​ផ្ទះ ប៉ុន្ដែ​គាត់​មិនមាន​បំណង​ជួញដូរ​ទេ​។

លោក​បញ្ជាក់ថា​៖ «​ឈើ​ទាំងនេះ ជា​ប្រភេទ​ឈើ​លេខ​ ១ ​រួមមាន សុក្រំ និង​គគីរ ដែលមាន​សរុប​ ៨៧៩ ​ដុំ​ស្មើនឹង​ ២០,៩០៥ ម៉ែត្រគុប​។ យើង​បាន​រឹបអូស និង​ដឹកជញ្ជូន​យក​ឈើ​ដែល​គាត់​ទិញ​គ្មាន​ច្បាប់​នេះ​ទៅ​រក្សាទុក​នៅ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​នៅ​ស្រុក​បន្ទាយស្រី​រួចហើយ ហើយ​ម្ចាស់​ឈើ​ក៏បាន​ចូលខ្លួន​ទៅ​បង់ពិន័យ​អន្តរការណ៍​អនុលោម​តាមច្បាប់​ស្ដីពី​ព្រៃឈើ​ដែរ ប៉ុន្ដែ​ខ្ញុំ​អត់​ដឹងថា គាត់​បង់ប្រាក់​ចំនួន​ប៉ុន្មាន​ទេ​»​។

លោក​បន្ដថា ប្រតិបត្តិការ​នេះ​សមត្ថកិច្ច​នគរបាល​សេដ្ឋកិច្ច​លោក​បាន​ចូលរួម​សហការ​ជាមួយ​រដ្ឋបាល​ព្រៃឈើ និង​មន្ត្រី​អាជ្ញាធរ​មូលដ្ឋាន​ដើម្បី​ត្រួតពិនិត្យ និង​បង្ក្រាប​បទល្មើស​ព្រៃឈើ​នៅ​ទីតាំង​ឃ្លាំង​ស្តុក​ឈើ​នេះ​គឺ​មន្ត្រី​បាន​ពិនិត្យឃើញ​មាន​ឈើ​ច្រើន​ប្រភេទ តែ​ប្រភេទ​លេខ​ ១ ​សុក្រំ​ និង​គគីរ​មាន​ច្រើន​ជាងគេ ។

លោក ម៉ុង ប៊ុនលីម នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ​ខេត្តសៀមរាប​មិនអាច​ទាក់ទង​សុំ​ការបញ្ជាក់​បន្ថែម​ជុំវិញ​ករណីនេះ​បាន​ទេ​កាលពី​ម្សិលមិញ​ដោយ​ទូរស័ព្ទ​លោក​គ្មាន​អ្នកទទួល​។

ប៉ុន្ដែ​លោក​ធ្លាប់បាន​ប្រាប់​ភ្នំពេញ-ប៉ុស្ដិ៍​កាលពី​ថ្ងៃទី​ ៩ ខែមេសា ​ថា សមត្ថកិច្ច​ចម្រុះ​បាន​បង្ក្រាប​ទីតាំង​ស្ដុក​ឈើ​​ប្រភេទ​លេខ​ ១ ​សុក្រំ និង​ឈើ​លេខ​ ២ ​ខាងលើ​ដោយ​បាន​រើ​ឈើ​ទាំងនោះ​​ចេញពី​ឃ្លាំង​ដើម្បី​វាស់វែង និង​ត្រួតពិនិត្យ​អនុវត្ត​តាមច្បាប់​ស្ដីពី​ព្រៃឈើ​។

លោក​បន្តថា ទីតាំង​លួចលាក់​ស្ដុក​ឈើ​នេះ​មាន​លក្ខណៈ​ជាឃ្លាំង​ផ្ទុកទំនិញ ប៉ុន្ដែ​មិនមែន​ជា​កន្លែង​កែច្នៃ​ឈើ​ធ្វើ​ជា​គ្រឿងសង្ហារិម​ទេ​។ ក្នុង​អំឡុងពេល​ចុះ​ត្រួតពិនិត្យ​នោះ សមត្ថកិច្ច​បាន​ជួប​ជាមួយ​មេការ​ដែល​មើល​ការខុសត្រូវ​នៅ​ឃ្លាំង​នេះ ប៉ុន្ដែ​ម្ចាស់​ឃ្លាំង​មិនបាន​នៅ​កន្លែង​នោះទេ​។

ករណី​ស្រដៀង​គ្នា​នេះ​ហ្វេសប៊ុក​កងរាជ​អាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស​បាន​ឲ្យ​ដឹង​ពី​ថ្ងៃទី​ ១០ ខែមេសា ​ថា កម្លាំង​កងរាជ​អាវុធហត្ថ​ខេត្តព្រះវិហារ​កាលពី​ថ្ងៃទី​ ៩ ​ខែមេសា សហការ​ជាមួយ​ផ្នែក​រដ្ឋបាល​ព្រៃឈើ​ស្រុក​ត្បែងមានជ័យ​បាន​ចុះបង្ក្រាប​ទីតាំង​សិប្បកម្ម​កែច្នៃ​ឈើ​គ្មាន​ច្បាប់​ចំនួន​ ៣ ​កន្លែង​ផ្សេងៗ​គ្នា​នៅ​សង្កាត់​ប៉ាលហាល ក្រុង​ព្រះវិហារ​។ បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​បាន​តម្រូវ​ឲ្យ​ម្ចាស់​ទីតាំង​ធ្វើ​កិច្ចសន្យា និង​ត្រូវតែ​រុះរើ​កន្លែង​ធ្វើ​សិប្បកម្ម​នោះ​​ដោយ​ខ្លួនឯង​ផ្ទាល់​៕

អត្ថបទគួរចាប់អារម្មណ៍