The Phnom Penh Post Search

Search form

ផេក​ហ្វេស​ប៊ុក​ លោក ហ៊ុន ម៉ានី ត្រូវ​បាន​គេ​លួច​ចូល​

Content image - Phnom Penh Post
លោក ហ៊ុន ម៉ានី កូន​ប្រុស​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន។ រូប​ថត ឯកសារ​ភ្នំពេញ​ប៉ុស្តិ៍

ផេក​ហ្វេស​ប៊ុក​ លោក ហ៊ុន ម៉ានី ត្រូវ​បាន​គេ​លួច​ចូល​

ភ្នំពេញៈ​ យោង​តាម​សេចក្តី​ជូន​ដំណឹង​មួយ​ បាន​ឲ្យ​ដឹង​ថា​ គណនី​ហ្វេ​ស​ប៊ុ​ក​ និង​ទំព័រហ្វេ​ស​ប៊ុ​ក​ផ្ទាល់​ខ្លួន​របស់​លោក​ ហ៊ុន​ ម៉ា​នី​ ដែលជា​តំណាង​រាស្ត្រ​ និង​ជា​កូនប្រុស​របស់​លោក​នាយ​ក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ត្រូវ​បាន​គេ​លួច (Hack) យក​ទៅ​គ្រប់​គ្រង​កាលពី​ល្ងាចថ្ងៃ​ទី ១៤ ខែ​កុម្ភៈ។

បុគ្គលិក​ម្នាក់​ នៅក្នុង​ក្រុម​សហភាព​សហ​ព័ន្ធ​យុវជន​កម្ពុជា​ របស់លោក​ហ៊ុន ​ម៉ា​នី​បានបញ្ជាក់​អំពី​ព័ត៌​មាន​នេះ។ បុគ្គ​លិក​ដែល​សុំ​មិន​ឲ្យ​បញ្ចេញ​ឈ្មោះ​ បាន​ថ្លែង​ថា៖«យើង​កំពុង​ធ្វើ​ការ​លើ​រឿង​នេះ។​ ពេល​នេះ ​​យើង​នៅ​មិន​ទាន់​មាន​ព័ត៌មាន​លម្អិត​នៅ​ឡើយ​ទេ»។

យោងតាម​សេចក្តីជូន​ដំណឹង ​បាន​បញ្ជាក់​ថា​ ទំព័រ​ហ្វេ​ស​ប៊ុ​ក ​និង​គណនី​ហ្វេ​ស​ហ៊ុ​ក​ដែលមាន ​ឈ្មោះ​ថា «Hun Mani» និង «Hun Many» ត្រូវ​បាន​គេ​លួច (Hack) យក​ទៅ​កាន់កាប់​បន្ទាប់​ពី​មាន​ការ​ប៉ុន​ប៉ង​ជា​ច្រើន​លើក​ច្រើន​សា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​ចុង​ក្រោយ​នេះ។

សេច​ក្ដី​ជូន​ដំណឹង​នោះ បាន​បន្ត​ថា៖ «ក្រុម​ការងារ​ ក៏បាន​ជូន​ដំណឹង​ជា​ផ្លូវការ​រួច​ហើយ​ដែរ​ទៅ​កាន់​នាយក​ដ្ឋាន​ជំនាញ​របស់​ក្រសួង​មហា​ផ្ទៃ​ ដើម្បី​​បើក​ការ​ស៊ើប​អង្កេត​ជា​ផ្លូវ​ការ​លើ​ករណី​នេះ។​ ដំណឹង​នេះ​ ក៏​ចាត់​ទុក​ថា​ ជា​ការ​ជម្រាប​ជូន​ដល់​សាធា​រណ​ជន​ជា​ពិសេស​អ្នក​គាំទ្រ​ទាំង​អស់​ ឲ្យ​មានកា​រយក​ចិត្ត​ទុក​ដាក់​ និង​ពិចារណា​ ឲ្យ​បាន​ល្អិត​ល្អន់ ​ចំពោះ​ព័ត៌​មាន​មិន​ពិត​ណា​មួយ ​ដែល​អាច​ប្រឌិតឡើង ​ក្រោម​ឈ្មោះ ​គណនី​ ឬ​ទំព័រ ​ដូច​មាន​បញ្ជាក់ ​ជូន​ខាង​លើ​ជាយ​ថា​ហេតុ​ណា​មួយ»។

ទន្ទឹម​នឹង​នេះ​ដែរ​ អ្នក​នាំ​ពាក្យ​ក្រសួង​ការពា​រជាតិ​ លោក​ ឈុំ​ សុជាតិ​ បាន​ឲ្យ​ដឹង​ផង​ដែរ​ថា ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​មន្ត្រី​ជាន់​ខ្ពស់​យោធា​​ពីររូប ​ក៏ត្រូវ​បាន​គេ​លួច (Hack) ដែរ​ កាល​ពី​ដើម​ខែ​នេះ។

លោក ​សុជាតិ ​ថ្លែង​ថា ​ពួក​អ្នក​លួច (Hacker) បាន​ប្រើ​ប្រាស់​គណ​នីហ្វេ​ស​ប៊ុ​ក​របស់​មន្ត្រី​ទាំង​នោះ​ ដើម្បី​បង្ហោះ​សារ​រិះ​គន់​លើ​មេ​ដឹក​នាំ​យោធា។

លោក​ សុ​ជាតិ​ មាន​ប្រសា​សន៍​ថា៖ «យើង​បាន​ស្នើឱ្យ​ក្រសួង​មហា​ផ្ទៃ​ និង​ក្រសួង​ប្រៃ​សណីយ៍​ និង​ទូរ​គមនា​គមន៍​ ធ្វើ​ការ​ស៊ើប​អង្កេត​លើ​ករណី​នេះ»៕ NS

អត្ថបទគួរចាប់អារម្មណ៍