ភ្នំពេញៈ អ្នក​លេង​ហ្វេសប៊ុក​ល្បី​ឈ្មោះ​ លោក​ ផែង វណ្ណៈ ត្រូវ​បាន​បញ្ជូន​ទៅ​​ឃុំ​ខ្លួន​ នៅ​ពន្ធ​នាគារ​ព្រៃ​ស ក្រោយ​ពេល​ត្រូវ​បានចោទ​ប្រកាន់ជា​​ផ្លូវ​ការ​ ពី​បទ​ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជា​អាទិ៍ និង​បទ​បរិហា​​​រ​កេរ្តិ៍​ លោក​ ហ៊ុន សែន​ ពាក់​ព័ន្ធ​នឹង​ការ​ប្រៀប​ធៀប​ការ​យក​លុ​យ​​ចូល​បុណ្យ​សព​ ក្នុង​រឿង​គ្រោះ ថ្នាក់​ចរាចរណ៍​ និង​លុយ​​ចូល​បុណ្យ​សព លោក កែម ឡី។

យោង​តាម​ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន របស់​លោក កី ម៉ានេរ៉ា ចៅក្រម​ស៊ើប​សួរ ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ចុះ​ថ្ងៃទី​ ៣ ​ខែ ​មេសា ម្សិល​មិញ បាន​បង្គាប់​ឲ្យ​ភ្នាក់​ងារ​មាន​សមត្ថកិច្ច​ នៃ​កងកម្លាំង​សាធារណៈនាំ​ខ្លួន​ជនត្រូវ​​ចោទ​​ឈ្មោះ ផែង វណ្ណៈ ទៅ​ពន្ធនាគារ​ ឬ​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី១ (ម១) ​ផ្នែក​បុរស។

ដីកា​បន្ត​ថា៖ «ឲ្យ​ប្រធាន​ពន្ធនាគារ​​ ឬ​មណ្ឌល​អប់​រំ​កែ​ប្រែ​ទី​១​ (ម១) ទទួល​ និង​ឃុំ​ខ្លួន​ជន​នេះ​រហូត​ដល់​មាន​បទ​បញ្ជា​ថ្មី​ សម្រេច​ផ្សេង​ពី​នេះ។ ប្រគល់​ឲ្យ​គ្រប់​ភ្នាក់​ងារ​នៃ​កងកម្លាំង​សាធារណៈ​ទាំងអស់​ សហ​ការ​អនុវត្ត​ឲ្យ​ល្អ​ នៅ​ពេល​ដីកា​នេះ​ត្រូវ​បាន​បង្ហាញ​ក្នុង​ករណី​ចាំបាច់»។

ដីកា​បង្គាប់​ឲ្យ​ឃុំ​ខ្លួន​បញ្ជាក់​ថា​ លោក ផែង វណ្ណៈ ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​ «ញុះ​ញង់​ឲ្យ​ប្រព្រឹត្ត​បទ​ល្មើស​ជាអាទិ៍​ និងបរិហារកេរ្តិ៍​ជា​សាធារណៈ​ ប្រព្រឹត្ត​នៅរាជធានី​ភ្នំពេញ​ តាម​រយៈ​ទំព័រ​ហ្វេសប៊ុក ​ដែល​មាន​ឈ្មោះ​ថា Pheng Vannak News​ កាល​ពី​ថ្ងៃ​ទី​ ២៩ ខែ ​មីនា ដែល​បទ​ល្មើស​នេះ​ មាន​ចែង​ក្នុង​មាត្រា​ ៤៩៤ និង ​៤៩៥ និង​មាត្រា​ ៣០៥ នៃក្រម​​ព្រហ្មទណ្ឌ។

យោង​តាម​ពាក្យ​បណ្ដឹង​របស់​លោក គី តិច មេធាវី​តំណាង​ដោយ​អាណត្តិ​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន ចុះ​ថ្ងៃទី​ ១ មេសា លោក គី តិច​ បាន​ប្ដឹង​លោក វណ្ណៈ ដោ​​យ​សំអាង​លើ​ការ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុក​របស់​លោក​ ​វណ្ណៈ ​​កាល​ពី​ថ្ងៃទី​ ២៩ ខែ​ មីនា ដែល​បាន​ធ្វើការ​ប្រៀប​ធៀប​ការ​យក​ប្រាក់​ ៥ ពាន់​ដុល្លារ​ ពី​គ្រួសារ​ជន បង្កគ្រោះ​ថ្នាក់​ចរាចរណ៍​ ទៅ​ឲ្យ​គ្រួសារ​ជន​រង​គ្រោះ​ទៅ​នឹង​ការ​យក​ថវិកា​​របស់​លោក ហ៊ុន សែ​​ន ចំនួន ​៥​ ម៉ឺន​ដុល្លារ ទៅ​ចូល​បុណ្យ​ធ្វើ​ចេតិយ​​សព​លោក កែម ឡី។

តាម​សំណេរ​នៅ​លើ​ហ្វេស​ប៊ុ​ក​​នោះ លោក​ ផែង វណ្ណៈ បាន​លើក​ជា​សំណួរ​ថា ហេតុ​អ្វី​លោក ពេជ្រ ស្រស់​ មិន​ប្ដឹង​ទៅ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ លើ​លោក លឹម ជា​វុត្ថា អគ្គនា​យក​អង្គភាព ហ្រ្វេសញូវ ដែល​បាន​នាំ​យក​ថវិកា​របស់​លោក ហ៊ុន សែន ទៅ​ចូល​បុណ្យ​ជាមួ​យ​គ្រួសារ​ លោក កែម ឡី ដើម្បី​សាង​សង់​ចេតិយ។ លោក គី តិច ចាត់​ទុកការសរសេរ​បែប​នេះ​ថា​​ មាន​ចេតនា​​ទុច្ចរិតក្នុង​បំណង​ចោទ​ប្រកាន់​ និង​ទម្លាក់​កំហុស​លើ​លោក​ ហ៊ុន សែន ថា​ជា​ឃាតករ​សម្លាប់​លោក​ កែម ឡី។

តាម​មាត្រា​ ៤៩៥​ លោក​ វណ្ណៈ ប្រឈម​ជាប់​ពន្ធនា​គារ​ពី ​៦ ​ខែ​ទៅ ​២ ​ឆ្នាំ និង​ពិន័យ​ជា​ប្រាក់​ពី​ ១ ​លាន​ទៅ​ ៤ លាន​រៀល​​។ ប៉ុន្តែបទ​​បរិហារកេរ្តិ៍​ក្នុង​មាត្រា​ ៣០៥ គឺ​ជា​បទ​លហុ តម្រូវ​ឲ្យ​ជន​ជាប់​ចោទ​បង់​ប្រាក់​ផាកពិន័​​យ​ និង​សំណង​ជំងឺ​ចិត្ត​បើ​រក​ឃើញ​ថា​ មាន​ទោស។

លោក ផែង វណ្ណៈ ​គឺ​ជា​នាយទាហាន​រង់​ចាំ​​នៃ​ការិ​យាល័​យ​​បុគ្គលិក​នៃអគ្គបញ្ជាការ​កង យោធពលខេមរភូមិន្ទមាន​ឋានន្តរស័កិ្តជា​​វរសេនីយ៍​ទោ (ស័ក្កិ​ ៤​ កន្លះ​)។ ប៉ុន្តែលោក ឈុំ សុជាតិ​ បាន​បញ្ជាក់​កាល​ពី​ថ្ងៃ​ពុធ​ម្សិល​មិញ​ថា លោក​ផែង​ ​វណ្ណៈ ត្រូវ​បាន​ដក​ចេញ​ និង​​លុប​ឈ្មោះ​ពី​ក្រប​ខ័ណ្ឌ​ក្រសួង​​ហើយ តាំង​ពី​មុន​ពេល​បញ្ជូន​ទៅ​តុលាការ។

លោក​បាន​​ថ្លែង​ថា៖ «ធម្មតា​ ពេល​ដែល​មាន​រឿង​គឺ​គេ​ដក​ចេញ​ហើយ ពេល​បញ្ជូន​ទៅ​នោះ គេ​មាន​នីតិវិធី​ដក​រួច​ហើយ ទើប​បញ្ជូន​ទៅ​តុលាការ​ ធ្វើ​តាម​ច្បាប់​ជា​ក្រោយ»។

លោក​ ផែង វណ្ណៈ ក៏​នៅ​មាន​ជាប់​បណ្ដឹង​របស់​អង្គ​ភាព​ព័ត៌​មាន​ ហ្រ្វេសញូ​វដែល​​ប្ដឹង​ទាម​ទារ​ជំងឺ​ចិត្ត​ ៥០ ​ម៉ឺន​ដុល្លារ ពាក់​ព័ន្ធ​នឹង​ការ​លើក​ឡើង​ថា ហ្រ្វេសញូ​វ​ ផ្សាយ​តែ​ព័ត៌មាន​ដែល​បាន​លុយ។

លើស​ពី​នេះ​លោក​ក៏​ត្រូវ​លោក ពេជ្រ ស្រស់ ប្ដឹង​ទៅ​កាន់​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ផង​ដែរ។ តប​លើ​បណ្ដឹង​នេះ អង្គភាពប្រឆាំង​អំពើ​ពុក​រលួយ​កាល​ពីថ្ងៃ​​អង្គារ បាន​បញ្ជាក់​ថា អង្គភាព​នេះ ​សម្រេច​បើក​ការ​ស្រាវជ្រាវ​ប្រមូល​ព័ត៌មាន​បន្ថែម​ទៀត​មុន​នឹង​សម្រេច​បើក​ ឬ​មិន​បើក​ការ​ស៊ើប​​អង្កេត៕