ភ្នំពេញៈ ដោយសារ​តែ​កម្ពុជា​ត្រូវ​បាន​ចាត់ទុកជា​ប្រទេសមួយ​ដែល​ងាយ​រងគ្រោះ ដោយសារ​ការប្រែប្រួល​អាកាសធាតុ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះ​មហន្តរាយ​បាន​ប្រកាស​ផ្សព្វផ្សាយ​ដាក់ឱ្យ​ប្រើប្រាស់​ជា​ផ្លូវការ​នូវ​ផែនការ​សកម្មភាព​ជាតិ សម្រាប់​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ​ឆ្នាំ​ ២០១៩-២០២៣​។

ពិធី​ប្រកាស​ផ្សព្វផ្សាយ​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ផែនការ​សកម្មភាព​ជាតិ​នេះ និង​លទ្ធផល​ការងារ​គ្រប់គ្រង​គ្រោះមហន្តរាយ​ឆ្នាំ​ ២០២០ ត្រូវបាន​ធ្វើឡើង​កាលថ្ងៃ​ទី​ ១៧ ខែ កុម្ភៈ ឆ្នាំ​ ២០២១ ​ដោយ​មាន​ការចូលរួម​ពី​ថ្នាក់ដឹកនាំ និង​មន្ត្រី​ជំនាញ​ពី​ស្ថាប័ន​ពាក់ព័ន្ធ​នានា​។

ផែនការ​សកម្មភាព​ជាតិ​នេះ​ដាក់​ចេញ ដើម្បី​កសាង​ភាពធន់​របស់​ប្រទេស​កម្ពុជា និង​ការពារ​ផលចំណេញ​ផ្នែក​សេដ្ឋកិច្ច និង​សង្គម​ពី​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​។ ផ្នែក​សំខាន់​នៃ​កិច្ចខិតខំ​ប្រឹងប្រែង​នេះ​គឺជា​ការអភិវឌ្ឍ​ផែនការ​សកម្មភាព​ជាតិ​ថ្មី​មួយ សម្រាប់​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះ​មហន្តរាយ សម្រាប់​រយៈពេល​ ៥ ​ឆ្នាំ​គឺ​ពី​ឆ្នាំ​ ២០១៩ ​ដល់​ឆ្នាំ​ ២០២៣​។

នៅក្នុង​ពិធី​នោះ​លោក​ គន់ គីម អនុប្រធាន​ទី​១ ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្លែងថា ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ដែល​បង្កឡើង​ពី​ធម្មជាតិ​រួមមាន​គ្រោះរាំងស្ងួត កង្វះខាត​ទឹក ភ្លៀង​ធ្លាក់​មិន​គ្រប់គ្រាន់ ទឹកជំនន់ ជំនន់​ទឹកភ្លៀង បាក់​ច្រាំងទន្លេ​ស្ទឹង និង​ជំងឺឆ្លង​នានា​គឺជា​ការងារ​ប្រទាក់ក្រឡា​គ្នា​ដែល​ទាមទារ​ឱ្យមាន​កិច្ចខិតខំ​ប្រឹងប្រែង​អនុវត្ត​រួមគ្នា​ពី​គ្រប់ភាគី​ពាក់ព័ន្ធ​ទាំងអស់​។

លោក​ថ្លែងថា​៖ «​ការកាត់បន្ថយ​ផលប៉ះពាល់​ពី​គ្រោះមហន្តរាយ​ដែល​មាន​ប្រសិទ្ធភាព​ជួយ​ធ្វើឱ្យ​សម្រេចបាន​នូវ​ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព និង​សម្រាប់​គ្រប់គ្នា​។ ដើម្បី​អនុវត្ត​ផែនការ​សកម្មភាព​ជាតិ សម្រាប់​កាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​ដ៏ប្រទាក់ក្រឡា​គ្នា​នេះ​ឱ្យ​បាន​ជោគជ័យ ចាំបាច់​ត្រូវមាន​កិច្ចសហការ​ល្អ​រួមគ្នា​ពី​គ្រប់​ក្រសួង ស្ថាប័ន រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ សង្គម​ស៊ីវិល និង​វិស័យ​ឯកជន​»​។

លោក យិន ឃុនផយ អនុរដ្ឋលេខាធិការ​នៃ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី និង​ជា​អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្លែងថា ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​មិន​អាច​បំបែក​ចេញពី​ការកាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះមហន្តរាយ​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​។ ដូច្នេះ​ការកាត់បន្ថយ​ហានិភ័យ និង​ការកសាង​ភាពធន់​នឹង​គ្រោះមហន្តរាយ​តម្រូវ​ឱ្យ​មាន​គោលនយោបាយ​រឹងមាំ​។

លោក​បញ្ជាក់ថា​៖ «​នៅពេល​មាន​ទឹកជំនន់ និង​គ្រោះមហន្តរាយ​ផ្សេងៗ​អ្នក​ដែល​រងគ្រោះ​ដំបូងបង្អស់​គឺ​កុមារ ជនពិការ មនុស្ស​ចាស់ និង​ស្ត្រី​។ គ្រោះមហន្តរាយ​រារាំង​ការអភិវឌ្ឍ​សង្គម និង​សេដ្ឋកិច្ច​របស់​យើង​។ វា​ជះឥទ្ធិពល​ដល់​ជីវភាព​រស់នៅ​របស់​ប្រជាជន​ងាយ​រងគ្រោះ​...​ភាពក្រីក្រ​មិនអាច​ត្រូវបាន​លុបចោល​ទេ​ហើយ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​មិនអាច​ដំណើរការ​ទៅបាន​ទេ បើ​គ្មាន​ការកាត់បន្ថយ​ហានិភ័យ​គ្រោះមហន្តរាយ​»៕