ព្រះ សីហនុៈ ផែនការកែលម្អការផ្គត់ផ្គង់ទឹកឲ្យបានពេញលេញនាពេលអនាគតក្នុងខេត្តព្រះសីហនុ កំពុងតែរៀបចំឡើងវិញបន្ទាប់ពីខេត្តដ៏មានសក្តានុពលទេសចរណ៍មួយនេះ ប្រឈមនឹងការខ្វះខាតទឹកធ្ងន់ធ្ងរកាលពីដើមខែនេះដែលបានកាត់ផ្តាច់ទឹកដល់ ៥០ ភាគរយ នៃតម្រូវការទឹកផ្គត់ផ្គង់ប្រជាជនទាំងអស់។ នេះបើតាមក្រុមមន្រ្តីដែលបាននិយាយកាលពីថ្ងៃអាទិត្យ។
លោក ប្រាក់ ប្រាកដ ប្រធានរដ្ឋាករទឹកខេត្តព្រះសីហនុបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា ការផ្គត់ផ្គង់ទឹកក្នុងខេត្តព្រះសីហនុបានស្តារឡើងពេញលេញវិញហើយដោយសារការចាប់ផ្តើមនៃរដូវភ្លៀងនិងការបន្តមានការផ្គត់ផ្គង់ឡើងវិញពីទឹកធ្លាក់ក្បាលឆាយដែលមានចម្ងាយប្រមាណ១៦ គីឡូម៉ែត្រពីក្រុងព្រះសីហនុ។
លោកបានមានប្រសាសន៍ថា៖ «បច្ចុប្បន្ន យើងមានបញ្ហាជាមួយនឹងការផ្គត់ផ្គង់ទឹកសាបហើយយើងបានភ្ជាប់បំពង់២ ពីក្បាលឆាយ មកក្រុងព្រះសីហនុ»។
លោក បន្ថែមថា អាជ្ញាធរ និងក្រុមហ៊ុនផ្គត់ផ្គង់ទឹកឯកជន Anco Water Supply Co. Ltd កំពុងធ្វើផែនការសាងសង់បំពង់ទុយោថ្មីពីរដែលមានទំហំធំជាងមុនដើម្បីផ្គត់ផ្គង់តម្រូវការនាពេលអនាគត។ លោកក៏បានប្រកាសផងដែរអំពីកិច្ចសហប្រតិបត្តិការរវាងក្រសួងឧស្សាហកម្ម រ៉ែ និងថាមពល និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ដើម្បីកសាងឡើងវិញនូវអាងស្តុកទឹកបឹងព្រែកទប់ ដែលនឹងបម្រើដល់ក្រុងព្រះសីហនុនៅឆ្នាំក្រោយ។
លោកបន្តថា អាងនេះនឹងត្រូវជីកឲ្យជ្រៅបន្ថែមទៀតពី ៤ ទៅ៥ ម៉ែត្រ ហើយនឹងពង្រីកការស្តុកទឹកសាបចំនួន ១,២ លានម៉ែត្រគុប។ លោកបន្ថែមថា៖ «ដូច្នេះយើងសង្ឃឹមថា យើងនឹងលែងមានបញ្ហាខ្វះទឹកសាបណាមួយទៀតហើយនាឆ្នាំខាងមុខៗ»។
ប៉ុន្តែ លោក សេង សូឡាឌីអ្នកនាំពាក្យអង្គការJICA បានប្រាប់ភ្នំពេញ ប៉ុស្តិ៍ កាលពីម្សិលមិញថាពួកគេមិនទាន់ព្រមព្រៀងជាផ្លូវការលើគម្រោងនេះនៅឡើយទេហើយនៅកំពុង«ពិចារណាលើលទ្ធភាព»នៅឡើយ បន្ទាប់ពីទទួលបានសំណួរមួយពីរដ្ឋាភិបាល។
ការប្រកាសរបស់អាជ្ញាធររដ្ឋាករទឹកខេត្តព្រះសីហនុ ធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃសុក្រថា ត្រូវតែចាត់វិធានការដោះស្រាយបញ្ហាខ្វះខាតទឹកដែលមានលក្ខណៈរ៉ាំរ៉ៃក្នុងខេត្តព្រះសីហនុដែលនាំឲ្យធ្លាក់ចុះចំនួនភ្ញៀវទេសចរទៅតំបន់នេះ។
អាជ្ញាធរបានចាប់ផ្តើមកាត់ទឹកនៅផ្នែកនានា ក្នុងទីក្រុង កាលពីចុងខែមីនាបន្ទាប់ពីអាងស្តុកទឹករីងស្ងួតដោយសារកំដៅថ្ងៃ។
អគ្គិភ័យមួយបានបំផ្លាញផ្ទះសំណាក់ បារ៍ និងភោជនីយដ្ឋានមួយចំនួននៅផ្លូវមួយក្នុងចំណោមកន្លែងដែលមានភ្លៀវទេសចរច្រើនក្នុងទីក្រុងកាលពីថ្ងៃទី៣១ មីនា ហើយក្រុមអ្នកពន្លត់អគ្គិភ័យមិនអាចជួយបានទាន់ពេលវេលាទេ ដោយសារក្បាលម៉ាស៊ីនបើកទឹកសម្រាប់ផ្តល់ទឹកដល់រថយន្តពន្លត់អគ្គិភ័យបានរីងស្ងួតខណៈខេត្តជាប់មាត់សមុទ្រមួយនេះមានបញ្ហាខ្វះទឹកយ៉ាងធ្ងន់ធ្ងរ៕ PS
រាយការណ៍បន្ថែមដោយសែន ដាវីត និង Kevin Ponniah